34 C
Phnom Penh

រដ្ឋាភិបាល​​ថា​​​ ការ​​​រិះ​​​គន់​​​របស់​​​អាមេរិក​និង EUពាក់​​​ព័ន្ធ​​​​​​មន្ត្រីអាដហុក​​​ទជារឿង​​​នយោបាយ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាលបានទិតៀនសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប(EU) ចំពោះការរិះគន់របស់ពួកគេពាក់ព័ន្ធមន្ត្រីសិទ្ធិមនុស្សចំនួន៤រូប និងអតីតមន្ត្រីសិទ្ធិមនុស្សមួយរូប ដែលសុទ្ធតែត្រូវបានឃុំខ្លួននៅកម្ពុជាជាងមួយឆ្នាំមកហើយ ដោយចាត់ទុកសេចក្តីថ្លែងការណ៍របស់ពួកគេថា “មានជាប់ពាក់ព័ន្ធរឿងនយោបាយ”។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានមានប្រសាសន៍ថា “គេគ្មានសិទ្ធិដាក់សម្ពាធមកលើរដ្ឋាភិបាល ឬតុលាការ ឲ្យដោះលែងអ្នកទាំងនោះឡើយ”។ លោកបានបន្ថែមថា “ខ្ញុំគិតថា វាមានជាប់ពាក់ព័ន្ធរឿងនយោបាយ”។

cam-graphic-adhoc-shallowពេលសួរថាហេតុអ្វីបានជាលោកគិតថា សេចក្តីថ្លែងការណ៍របស់សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបមានជាប់ពាក់ព័ន្ធរឿងនយោបាយ លោក ផៃ ស៊ីផាន បានលើកឡើងថា សមាគមសិទ្ធិមនុស្សអាដហុក និងអង្គការសិទ្ធិមនុស្សផ្សេងៗទៀតទទួលបានមូលនិធិពីអាមេរិក និងសហភាពអឺរ៉ុប។

លោក ផៃ ស៊ីផាន បានថ្លែងថា “ពួកគេគាំទ្រគ្នាទៅវិញទៅមក…ប៉ុន្តែពួកគេមិនខ្វល់ពីនីតិរដ្ឋទេ”។ លោកបន្ថែមថា “យើងជារដ្ឋអធិបតេយ្យ និងជារដ្ឋឯករាជ្យ ហើយយើងគោរពតុលាការ”។លោកបានបន្ថែមទៀតថា”ពួកគេមិនដឹងថា អ្វីជាដំណើរការនីតិវិធីនោះទេ”។

កាលពីថ្ងៃសុក្រ សហរដ្ឋអាមេរិកបានចាត់ទុកនីតិវិធីច្បាប់កំពុងបន្តដោយគ្មានការបើកសវនាការថា “ជាការបន្តពេលមិនសមហេតុសមផល” រីឯសហភាពអឺរុ៉បកាលពីថ្ងៃព្រហស្បតិ៍បានសង្កត់ធ្ងន់ពីភាពចាំបាច់ដែលសិទ្ធិរបស់អ្នកទាំង៥នាក់ត្រូវបាន”គោរពពេញលេញ” ។

មន្ត្រីជាន់ខ្ពស់៤រូបមកពីសមាគមសិទ្ធិមនុស្សអាដហុក និងអតីតមន្ត្រីនៅសមាគមនេះមួយរូប គឺលោក នី ចរិយា ដែលជាមន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.) ត្រូវបានឃុំខ្លួនចាប់តាំងពីខែមេសាឆ្នាំមុនមក ដោយសារជាប់ពាក់ព័ន្ធនឹងករណីចោទប្រកាន់ពីបទសូកប៉ាន់។

លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសជួបពិភាក្សាជាមួយលោក ចន ខេលី រដ្ឋមន្ត្រីក្រសួងសន្តិសុខជាតិសហរដ្ឋអាមេរិកក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីសប្តាហ៍មុន ក្នុងរូបភាពបង្ហោះលើទំព័រហ្វេសប៊ុករបស់ក្រសួងការបរទេស។ ហ្វេសប៊ុក
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសជួបពិភាក្សាជាមួយលោក ចន ខេលី រដ្ឋមន្ត្រីក្រសួងសន្តិសុខជាតិសហរដ្ឋអាមេរិកក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីសប្តាហ៍មុន ក្នុងរូបភាពបង្ហោះលើទំព័រហ្វេសប៊ុករបស់ក្រសួងការបរទេស។ ហ្វេសប៊ុក

ការវិភាគផ្លូវច្បាប់លើសុំណុំរឿងនេះដែលចេញកាលពីខែវិច្ឆិកា ដោយអង្គការចំនួន១២រួមទាំងសមាគមសិទ្ធិមនុស្សអាដហុកផងដែរនោះ បានលើកឡើងថា នៅក្នុងតុលាការគ្មានបង្ហាញភ័ស្តុតាងដែលបញ្ជាក់ថា ការឃុំខ្លួនពួកគាត់ជារឿងត្រឹមត្រូវនោះឡើយ។ សកម្មភាពរបស់តុលាការធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់អង្គការសិទ្ធិមនុស្ស ហើយកាលពីឆ្នាំមុនបានធ្វើឲ្យលោក កឹម សុខា ដែលជាអនុប្រធានគណបក្សសង្គ្រោះជាតិនៅពេលនោះរត់ទៅសម្ងំលាក់ខ្លួននៅទីស្នាក់ការកណ្តាលគណបក្សរបស់លោកអស់រយៈពេល៦ខែដើម្បីគេចពីដីកាកោះរបស់តុលាការ និងការផ្តន្ទាទោសដែលកើតមានតាមក្រោយ។

កាលពីថ្ងៃព្រហស្បតិ៍ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសបានជួបជាមួយមន្ត្រីសហរដ្ឋអាមេរិក និងរដ្ឋមន្ត្រីក្រសួងការបរទេសអាស៊ាននៅក្នុងទីក្រុងវ៉ាស៊ីនតោន ស្របពេលក្រសួងការបរទេសបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកនាំពាក្យរបស់ខ្លួនមានការ “អាក់អន់ចិត្ត” ដោយសារសេចក្តីថ្លែងការណ៍របស់សហភាពអឺរ៉ុបដោយចាត់ទុកសេចក្តីថ្លែងការណ៍នេះថា រំលោភបំពានលើកិច្ចព្រមព្រៀងទំនាក់ទំនងការទូត ហើយជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។

សេចក្តីថ្លែងការណ៍របស់ក្រសួងមានខ្លឹមសារដូច្នេះថា “សេចក្តីសម្រេចរបស់តុលាការអនុលោមតាម”ច្បាប់កម្ពុជា។ សេចក្តីថ្លែងការណ៍នេះបានគូសបញ្ជាក់ថា ចៅក្រមសើុបសួរមានឆន្ទានុសិទ្ធិក្នុងការឃុំខ្លួនបណ្តោះអាសន្នរហូតដល់១៨ខែ។

អ្នកនាំពាក្យក្រសួងការបរទេស និងក្រសួងយុត្តិធម៌មិនអាចទាក់ទងបានទេកាលពីម្សិលមិញ។លោក អីុ រិន អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញស្នើសុំនិយាយជាមួយអ្នកយកព័ត៌មានខ្មែរ ហើយក្រោយមកមិនអាចទាក់ទងបានឡើយ៕ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស