31 C
Phnom Penh

របាយការណ៍​​​ធនាគារ​​​ពិភព​​​លោក​​​បង្ហាញ​​​ថា ​​​វិស័យ​​​កាត់​​​ដេរ​​​​​​​​​នៅ​​​តែ​​​បន្ត​​​ជំរុញ​​​​​​កំណើន​​​សេដ្ឋកិច្ច​​​កម្ពុជា​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

របាយការណ៍មួយរបស់ធនាគារពិភពលោកដែលបានចេញផ្សាយកាលពីម្សិលមិញលើកឡើងថា ទោះបីជាមានការចាប់ផ្តើមប្រឈមហានិភ័យនានាដូចជាភាពមិនប្រាកដប្រជានៃការបោះឆ្នោតក្នុងពេលដ៏ឆាប់ខាងមុខ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលទំនងជាកើតឡើងក្នុងពេលឆាប់ៗរវាងសហភាពអឺរ៉ុបនិងវៀតណាម cam-photo-ilo-foxនិងការឡើងថ្លៃរូបិយប័ណ្ណដុល្លារក្តី ក៏ទស្សនវិស័យភ្លាមៗយល់ឃើញថា សេដ្ឋកិច្ចរបស់កម្ពុជានៅតែទទួលបានជោគជ័យ។

ប៉ុន្តែពេលនេះប្រទេសកម្ពុជានឹងត្រូវដោះស្រាយបញ្ហាប្រឈមដែលទំនងជាកើតឡើងក្នុងពេលឆាប់ៗដើម្បីរក្សាការប្រកួតប្រជែងក្នុងពេលអនាគត នេះបើយោងតាមការលើកឡើងរបស់ក្រុមសេដ្ឋវិទូដែលធ្វើបទបង្ហាញរបាយការណ៍នេះ។

ក្នុងពិធីបញ្ចេញរបាយការណ៍ឆមាសទី២របស់ធនាគារនេះដែលមានឈ្មោះ “ការធ្វើបច្ចុប្បន្នភាពសេដ្ឋកិច្ចអាស៊ីបូពា៌ និងប៉ាស៊ីហ្វិក” (East Asia and Pacific Economic Update) លោក លី សុដែត សេដ្ឋវិទូជាន់ខ្ពស់របស់ធនាគារពិភពលោកបានមានប្រសាសន៍ថា “វិស័យកាត់ដេរគឺជាកម្លាំងចលកររឹងមាំបំផុតក្នុងការជំរុញកំណើន”។

លោកបានលើកឡើងអំពីរោងចក្របរទេសថា “ប៉ុន្តែ កាត់ដេរគឺជាឧស្សាហកម្មសេរី និងឥតខ្វល់ ពួកគេអាចប្តូរទីតាំងភ្លាមៗពីប្រទេសមួយទៅប្រទេសមួយទៀត។ ការប្រឈមហានិភ័យគឺធំធេង”។

យោងតាមរបាយការណ៍នេះបង្ហាញថា ប្រទេសចិន និងបុត្រសម្ព័ន្ធដូចជាតៃវ៉ាន់ហុងកុង និងម៉ាកាវ មានចំណែកជាង៩០ភាគរយនៃការវិនិយោគក្នុងឧស្សាហកម្មកាត់ដេរ។បើធ្វើការប្រៀបធៀប ការវិនិយោគក្នុងស្រុកមានត្រឹមតែ១,៤ភាគរយប៉ុណ្ណោះនៃតួលេខសរុប។

ទោះជាយ៉ាងណា ដោយកាន់តែមានទំនុកចិត្តលើការកើនឡើងការនាំចេញទៅកាន់អឺរ៉ុប មានការរំពឹងទុកថា វិស័យនេះនឹងរួមចំណែក២ភាគរយដល់កំណើននៅក្នុងផលិតផលក្នុងស្រុកសរុប (GDP)នៅឆ្នាំនេះ ដោយទប់កំណើនរឹងមាំ៧ភាគរយសម្រាប់ប្រទេស។

ការព្យាករណ៍នោះប្រសើរឡើងបន្តិចពីរបាយការណ៍ខែមេសា ដែលបានព្យាករកំណើន៦,៩ភាគរយនៅឆ្នាំក្រោយ។ ធនាគារពិភពលោកក៏បានព្យាករកំណើន៦,៩ភាគរយផងដែរសម្រាប់ពីរឆ្នាំបន្ទាប់។

លោក មីហ្គូអែល សែនចេស ម៉ាទីន (Miguel Sanchez Martin) សេដ្ឋវិទូជាន់ខ្ពស់ប្រចាំប្រទេសនៃធនាគារពិភពលោកបានមានប្រសាសន៍ថា “ប្រទេសកម្ពុជាធ្វើបានយ៉ាងល្អ ហើយវាមានស្ថិរភាពខ្លាំងពីទស្សនៈម៉ាក្រូសេដ្ឋកិច្ច។ ប៉ុន្តែ ចាំបាច់ត្រូវតែបន្តធ្វើឲ្យប្រសើរឡើង”។

របាយការណ៍ដដែលលើកឡើងថា វិស័យកសិកម្មដែលទទួលរងគ្រោះដោយសារតម្លៃ ទំនិញកសិកម្មចុះថោកនៅទូទាំងពិភពលោក មិនរួមចំណែកទាល់តែសោះដល់កំណើន GDP ហើយចំនួនភ្ញៀវទេសចរកំពុងធ្លាក់ចុះដោយកម្រិតនៃភ្ញៀវទេសចរដែលមកកម្សាន្ត ដដែលៗទាបខ្លាំងបើប្រៀបធៀបទៅនឹងប្រទេសជិតខាងដូចជាប្រទេសថៃជាដើម។

លោក មីហ្គូអែល សែនចេស ម៉ាទីន ថ្លែងថា “នេះក៏ជាការអំពាវនាវមួយឲ្យកម្ពុជាបង្កើនចំនួនភ្ញៀវទេសចរ ដោយធ្វើពិពិធភាវូបនីយកម្មទៅជាអេកូទេសចរណ៍ និងប្រភេទទេសចរណ៍ផ្សេងៗទៀតក្រៅពីអង្គរវត្ត”។

លោក ស៊ូឌៀ សេតទី (Sudhir Shetty) ប្រធានសេដ្ឋវិទូរបស់ធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូពា៌ និងប៉ាស៊ីហ្វិក ដែលបានបង្ហាញវត្តមានក្នុងសន្និសីទកាលពីម្សិលមិញ តាមរយៈវីដេអូលីងពីរដ្ឋធានីវ៉ាស៊ីនតោន បានមានប្រសាសន៍ថា នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ស្ថិតក្នុងចំណោមតំបន់ដែលមានកំណើនលឿនបំផុតរបស់ពិភពលោកជាតំបន់ជោគជ័យដ៏កម្រមួយស្របពេលបណ្តាសេដ្ឋកិច្ចជឿនលឿនកំពុងបង្អង់ល្បឿន។

លោកបានមានប្រសាសន៍សំដៅដល់អត្រាការប្រាក់ទាបនៅក្នុងប្រទេសអ្នកមានជាច្រើនដែលមានបំណងជំរុញការខ្ចីប្រាក់ និងការវិនិយោគថា “ដំណឹងល្អគឺថា សម្រាប់ប្រទេសភាគច្រើនមានឱកាសទទួលយកបរិយាកាសហិរញ្ញវត្ថុនៅក្នុងបណ្តាសេដ្ឋកិច្ចជឿនលឿន។ ដំណឹងអាក្រក់គឺថា ឱកាសនោះប្រហែលជាបិទ ដូច្នេះចាំបាច់ត្រូវចាត់វិធានការពីពេលនេះតទៅ”។

លោក លី សុដែត បានមានប្រសាសន៍ថា សម្រាប់វិស័យកាត់ដេររបស់កម្ពុជាដែលផ្តល់ការងារដល់កម្មករជាង៦០០.០០០នាក់ និងស្មើប្រមាណ៦.០០០លានដុល្លារនៅក្នុងការនាំចេញកាលពីឆ្នាំមុន នេះមានន័យថា ត្រូវពង្រឹងការប្រកួតប្រជែងស្របពេលមានឧបសគ្គរាំងស្ទះមួយចំនួន។

លោកបានលើកឡើងទៀតថា “យើងបានមើលឃើញប្រាក់ឈ្នួលកើនឡើងយ៉ាងរហ័ស ហើយយើងបានមើលឃើញថា ដុល្លារ ក៏បន្តឡើងថ្លៃដែរ។ កាលពីមុនសហរដ្ឋអាមេរិកគឺជាទីផ្សារធំបំផុត [សម្រាប់ការនាំចេញសម្លៀកបំពាក់] ដូច្នេះវាមិនអីទេ។ ពេលនេះគឺអឺរ៉ុប ហើយអត្រាប្តូរប្រាក់ក្លាយជាកត្តាមួយ”។

លោកបានគូសបញ្ជាក់ថា ដោយថ្លៃដើមកើនឡើង រោងចក្រផលិតសម្លៀកបំពាក់និងស្បែកជើងនានានឹងត្រូវងាកទៅផលិតទំនិញមានតម្លៃខ្ពស់ ឬធ្វើពិពិធភាវូបនីយកម្មទៅជាទំនិញផ្សេងៗទៀត។

លោក មីហ្គូអែល សែនចេស ម៉ាទីន ថ្លែងថា កត្តានេះកំពុងកើតឡើងទៅហើយនៅរោងចក្រមួយចំនួន ដោយប្តូរពីការផលិតអាវធម្មតាងាកទៅផលិតសម្លៀកបំពាក់ដែលមានតម្លៃបន្ថែមដូចជាសម្លៀកបំពាក់ប៉ាក់ជាដើម។ លោកបានធ្វើការកត់សម្គាល់ថា “ផលិតផលចុងក្រោយនេះមានច្រើនជាងមុនបន្តិច។ នោះជាហេតុផលដែលធ្វើឲ្យកម្ពុជានៅតែមានការប្រកួតប្រជែង”។

លោកបានលើកឡើងទៀតថា ហានិភ័យធំៗចំពោះសេដ្ឋកិច្ចរួមមានភាពមិនប្រាកដប្រជាជុំវិញការបោះឆ្នោតក្នុងពេលដ៏ខ្លីខាងមុខដែលធ្វើឲ្យការវិនិយោគរបស់បរទេសធ្លាក់ចុះជាបន្តបន្ទាប់។

អ្វីដែលអាចបន្ទុចបង្អាក់ដែរនោះគឺកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុប និងវៀតណាម ដែលបានព្រមព្រៀងគ្នាកាលពីខែធ្នូ ប៉ុន្តែ មិនទាន់មានការផ្តល់សច្ចានុមតិនោះទេ។ លោក លី សុដែត មានប្រសាសន៍ថា មួយភាគធំនៃអត្ថប្រយោជន៍ប្រកួតប្រជែងរបស់កម្ពុជានៅក្នុងការនាំចេញទៅកាន់អឺរ៉ុប នឹងត្រូវបាត់បង់ដោយសារតែកិច្ចព្រមព្រៀងនេះ។

ទោះជាយ៉ាងណា ដោយប្រៀបធៀបស្ថាន ភាពនេះទៅនឹងការព្យាយាមរត់ឲ្យលឿនជាងខ្លា លោកបានធ្វើការកត់សម្គាល់ថា កម្ពុជា មានសមត្ថភាពអាចរក្សាចំណែកទីផ្សារនៅក្នុងសហរដ្ឋអាមេរិកបាន ថ្វីបើការប្រកួតប្រជែងជាមួយវៀតណាមកើតមានឡើងបន្ទាប់ពីខ្លួនបាត់បង់ការអនុគ្រោះក្នុងការនាំចេញទៅកាន់ទីនោះក្តី។

លោកមានប្រសាសន៍ទៀតថា “យើងមិនចាំបាច់រត់ឲ្យលឿនជាងខ្លាទេ ឲ្យតែរត់លឿនជាងគេទៅបានហើយ។ យើងមិនចាំបាច់ប្រកួតប្រជែងជាមួយវៀតណាមទេក្រៅពីក្រុមហ៊ុនផលិតដែលអសមត្ថភាព”។

នៅក្នុងការកែសម្រួលពីរបាយការណ៍មុនៗ ធនាគារពិភពលោកបានព្យាករណ៍ពីការបង្អន់ល្បឿនបន្តិចម្តងៗសម្រាប់សេដ្ឋកិច្ចប្រទេសចិន ដោយនិយាយសម្រាលហានិភ័យចំពោះបណ្តាប្រទេសជិតខាង ព្រមទាំងសម្រាប់វិស័យសំណង់របស់កម្ពុជាដែលរឹងមាំខ្លាំងនៅឆ្នាំនេះទៀតផង។

ទោះបីជាអ្នកមួយចំនួនបានព្រមានអំពីបង្កឲ្យមានពពុះឥណទានស្របពេលកំណើនយ៉ាងចាប់រហ័សក្នុងវិស័យសំណង់ក្តី ក៏លោក មីហ្គូអែល សែនចេស ម៉ាទីន មានប្រសាសន៍ថា វាមិនមែនជាក្តីបារម្ភធំនោះទេ ពីព្រោះវិស័យ នេះត្រូវបានសាងសង់ស្ទើរតែទាំងស្រុងដោយផ្អែកលើការវិនិយោគរបស់បរទេស។

លោកថ្លែងថា “នៅក្នុងករណីផ្ទុះពពុះដែលទំនងជាមិនអាចទៅរួច យើងមើលមិនឃើញផលប៉ះពាល់មកលើកម្ពុជាដូចដែលយើងមើលឃើញនៅក្នុងបណ្តាប្រទេសនានានោះទេ។ ដោយសារតែវាភាគច្រើនជាវិនិយោគិនបរទេស ពួកគេនឹងរងផលប៉ះពាល់ភាគច្រើន”៕សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស