38 C
Phnom Penh

រឿង​អាស្រូវ​លោក កឹម សុខា រាល​ដាល​​ធំ​​​ ដោយ​តំណាង​​​​រាស្ត្រ ​​មួយ​​រូប​ទៀត​​​របស់ CNRP រង​ការ​គំរាម​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាង​រាស្ត្រ​​ជាន់​ខ្ពស់​មួយ​រូប​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​​បាន​មាន​ប្រសាសន៍​​កាលពី​ម្សិលមិញ​ថា ​លោក​បាន​រង​ការ​គំរាម​​ហែក​កេរ្តិ៍​ទាក់​ទិន​រឿង​អាស្រូវ​ផ្លូវ​ភេទ​​ ​ពោល​គឺ​មួយ​​​​សប្ដាហ៍​បន្ទាប់ពី​​បែក​ធ្លាយ​​​ខ្សែអាត់​សំឡេង​ជា​បន្តបន្ទាប់​​​ដែល​គេ​អះអាង​ថា ​ជា​ការ​សន្ទនា​​​​គ្នា​រវាង​លោក​ កឹម សុខា អនុប្រធាន​គណបក្ស​ប្រឆាំង និង​​ស្រី​កំណាន់​របស់​លោក​។

លោក អេង ឆៃអ៊ាង ​អតីត​​អគ្គ​លេខា​ធិការ​​​​​នៃ​​គណបក្ស​ សម​ រង្ស៊ី ​បាន​មាន​ប្រសាសន៍​ថា ​លោក​ទទួល​ការ​គំរាម​នេះ​​តាម​រយៈ​កញ្ចប់​មួយ​​​​ដែល​គេ​យក​ទៅ​ប្រគល់​​ឲ្យ​ដល់​ផ្ទះ​របស់​លោក​​​​នៅ​ជិត​ពហុកីឡាដ្ឋាន​អូឡាំពិក​ ក្នុង​រាជធានី​ភ្នំពេញ កាលពី​យប់​ថ្ងៃ​ច័ន្ទ​។

cnrp-phonesលោក​បាន​លើក​ឡើង​ថា “​ខ្ញុំ​បាន​សួរ​សមា​ជិក​គ្រួសារ​​ខ្ញុំ​ថា​តើ​​មានរឿង​អី​កើត​ឡើង ​ហើយ​គេ​ប្រាប់​ខ្ញុំ​ថា ​មាន​ក្មេង​ជំទង់​ម្នាក់​​​យក​ស្រោម​សំបុត្រ​បិទ​ជិត​​មួយ​​មក​ដល់​​គេហដ្ឋាន​របស់​ខ្ញុំ​នៅ​ម៉ោង​​៧យប់ ហើយ​ប្រគល់​វា​ឲ្យ​ទៅ​​​ម្ដាយ​ក្មេក​ខ្ញុំ​ដែល​គេ​ប្រាប់​ថា ស្រោម​សំបុត្រ​នេះ​សំខាន់​ណាស់​ ហើយ​ត្រូវ​តែ​ប្រគល់​ឲ្យ​ខ្ញុំ​​ភ្លាម​ពេល​ខ្ញុំ​មក​ដល់​ផ្ទះ​។ ខ្ញុំ​​មិន​ដឹង​ថា មាន​​រឿង​​​​អី​​កើត​ឡើង​ទេ ដូច្នេះ​​ហើយ​ខ្ញុំ​ក៏​បើក​កញ្ចប់​នោះ ​ពេល​នោះ​ខ្ញុំ​ឃើញ​ស៊ីឌី​មួយ​​ និង​លិខិត​ពីរ​ច្បាប់​ ដោយ​លិខិត​មួយ​​​ច្បាប់​ជា​ការ​ព្រមាន​​​​ខ្ញុំ​ដែល​ខ្ញុំ​បង្ហោះ​សារ​តាម​​ទំព័រ​ហ្វេស​ប៊ុក​ ហើយ​​​លិខិត​ទី២​​ជា​បញ្ជី​រាយ​នាម​ពី​អ្វី​ដែល​គេ​ចោទ​ថា​​ខ្ញុំ​បាន​និយាយ​ជាមួយ​ស្រី​កំណាន់”។

លិខិត​ទី​១ ​ដែលតំណាង​រាស្ត្រ​​​​​រូប​នេះ​​​បាន​​បង្ហោះ​​លើ​​​ទំព័រ​ហ្វេស​ប៊ុក​​របស់​​ខ្លួន​​​​កាល​​ពី​​​យប់​​​ថ្ងៃ​​ច័ន្ទ​​​​ ​បាន​​ទាម​ទារ​​​​លក្ខ​ខណ្ឌ​​មួយ​​ចំនួន​ពី​ លោក អេង ឆៃអ៊ាង ហើយ​លក្ខខណ្ឌ​ទាំង​នោះ​សុទ្ធ​តែ​​​ពាក់​​ព័ន្ធ​​​ខ្សែ​​អាត់​សំឡេង​​​​លោក​ កឹម សុខា។

លិខិត​​នេះ​មាន​​ខ្លឹម​​សារ​​ដូច្នេះ​​ថា “ជូន​​ឯកឧត្តម អេង ឆៃអ៊ាង៖ ១- សូម​អាន និង​ស្តាប់​រឿងអាស្រូវ​របស់​លោក​ផ្ទាល់ ២- សូម​កុំ​ព្រហើន និង​ត្រូវ​ឈប់​ព្រហើន​តទៅ​ទៀត​ក្នុង​ការ​និយាយ​ជា​សាធារណៈ និង​ជាមួយ​អ្នក​កាសែត​ ៣- ត្រូវ​ដក​ខ្លួន​ឲ្យ​ផុត​ពី​ កឹម សុខា ក្នុង​រឿង​អាស្រូវ​ដ៏​ច្រើន​លើសលប់​នេះ​ ៤- ត្រូវ​ឈប់​​​​​ជាបន្ទាន់ក្នុង​ការ​ចេញ​មុខ​​និយាយ​ការ​ពារ និង​បិទ​​​បាំង​រឿងអាស្រូវរបស់​ កឹម សុខា ជាពិសេស​​ការនិយាយ​បង្វែរ​រឿងអាស្រូវ​ពិត​ប្រាកដ​របស់​ កឹម សុខា ទៅ​រឿង​ផ្សេង ដោយ​ទុក​ឲ្យ ​កឹម សុខា ទទួលខុសត្រូវ​ម្នាក់ឯង​ចុះ​”។

លិខិត​នេះ​​បាន​បញ្ចប់​ដោយ​ការ​បញ្ជាក់​ថា ​ប្រសិន​បើ​លោក អេង ឆៃអ៊ាង មិន​ព្រម​ធ្វើ​​តាម​ទេ​នោះ លោក​នឹង​ប្រឈម​ជោគ​វាសនា​​​​ដូច​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ​​។​លិខិត​នេះ​បញ្ជាក់​​ថា “​បើ​មិន​ស្តាប់ និង​ធ្វើ​តាម​អ្វី​ដែល​ខ្ញុំ​ប្រាប់​ទាំង ​៤​ ចំណុច​ខាងលើ​ទេ រឿងអាស្រូវ​ផ្ទាល់​របស់​លោកក៏​នឹង​ត្រូវ​ផ្សព្វផ្សាយ​ឲ្យគេ​ដឹង​ពេញ​ស្រុក​ខ្មែរ និង​ពេញ​ពិភពលោក​តាមហ្វេសប៊ុក និង​ វិបផេករបស​់​ខ្ញុំដូច​រឿង​របស់ ​កឹម សុខា ​ដែរ”។​

​ពេល​​សាកសួរ​អំពី​ខ្លឹមសារ​​​នៅ​ក្នុង​ស៊ីឌី​ លោក អេង ឆៃអ៊ាង បាន​ឆ្លើយ​ថា លោក​គ្មាន​​​​​គម្រោង​ស្ដាប់​​វា​ទេ។ លោក​​មាន​ប្រសាសន៍​ថា “​ខ្ញុំ​មិន​ចាប់​អារម្មណ៍​លើ​រឿង​នេះ​ទេ ប៉ុន្តែ​ខ្ញុំ​ចង់​ប្រាប់​សាធារណជន​ថា ​មាន​អ្នក​​បញ្ជូន​លិខិត​​​មក​ឲ្យ​ខ្ញុំ និង​ព្រមាន​ខ្ញុំ​”។

ឈ្មោះ​ “​រឿង​​ពិត​ Cnrp” ​ក៏​ជា​​ឈ្មោះ​​​គណនី​​​ហ្វេស​ប៊ុក​ដែល​បាន​ទម្លាយ​​ខ្សែ​អាត់​សំឡេង​​លោក កឹម សុខា ភាគ​​​ច្រើន​ដែរ​។ រយៈ​ពេល​ពេញ​មួយ​សប្ដាហ៍​កន្លង​មក​ គណនី​នេះ​តែង​តែ​​បញ្ចេញ​​ខ្សែអាត់​សំឡេង​ជា​ប្រចាំដែល​ខ្លួន​ និយាយ​ថា ជា​ខ្សែអាត់​សំឡេង​លោក កឹម សុខា និយាយ​ជាមួយ​ “​ប្រពន្ធចុង​” របស់​លោក​​​​អំពី​ប្រធាន​បទ​ខុសៗ​គ្នា​ ហើយ​​ក្នុង​នោះ​​ក៏​រួម​មាន​ទាំង​​ ប្រធានបទ​រួម​ភេទ ការ​​​ធ្វេស​ប្រហែស​​​​បណ្ដាល​ឲ្យ​មាន​ផ្ទៃពោះ​ និង​ការ​ទិញ​ផ្ទះ​​ល្វែង​​​ផង​ដែរ​។

កាលពី​ថ្ងៃ​ព្រហស្បតិ៍ អ្នក​ប្រើ​ប្រាស់​ (User) ​​ដែល​ស្ថិត​នៅ​​ពី​ក្រោយ​ទំព័រ​នេះ បាន​គំរាម​មន្ត្រី​គណបក្ស​​សង្គ្រោះជាតិ​ឲ្យ​ស្ងាត់​ស្ងៀម​ និង​ចៀសវាង​ការ​ចេញ​មុខ​ការ​ពារ​មេរបស់​ខ្លួន​។ អ្នក​ប្រើ​ប្រាស់​ទំព័រ​នេះ​បាន​​​សរសេរ​ក្នុង​​សារ​មួយ​​​បង្ហោះ​​តាម​​ហ្វេស​ប៊ុក​ថា “​គួរ​គប្បី​រក្សាភាព​ស្ងៀម​ស្ងាត់ និង​ទុកឲ្យ​លោក កឹម សុខា ទទួល​ខុស​ត្រូវ​ម្នាក់ឯង​វាប្រសើរ​ជាង ពីព្រោះ​ថ្នាក់ដឹ​កនាំជាន់ខ្ពស់ផ្សេងៗទៀត​ក្នុង​គណបក្សសង្គ្រោះជាតិ ក៏មានសំណុំរឿង​អាស្រូវច្រើនដែរ ដែលខ្ញុំ ( រឿងពិត CNRP ) មិនទាន់ចង់បញ្ចេញ!”។

រហូត​មក​ទល់​ពេល​នេះ​ក្រុម​មន្ត្រី​គណបក្ស​​​សង្គ្រោះជាតិ​មិន​ទាន់​បាន​​ចេញ​មុខ​ច្រាន​ចោល​​​​​ភាព​ពិត​នៃ​ខ្សៃអាត់​សំឡេង​ទាំង​នេះ​​ដោយ​​ផ្ទាល់​នៅ​ឡើយ​ទេ។ លោក សម រង្ស៊ី ប្រធាន​​​គណបក្ស​ប្រឆាំង​​បាន​មាន​ប្រសាសន៍​នៅ​សប្ដាហ៍​នេះ​ថា លោក​មិន​ខ្វល់​ថា ​ខ្សែអាត់​សំឡេង​​ទាំង​នោះ​​ជា​ការ​ពិត​​​ឬ​យ៉ាង​ណា​ឡើយ ​​ដោយ​បាន​​លើក​ឡើង​ថា គណបក្ស​ប្រជាជន​កម្ពុជា​​​កំពុង​ប្រើ​ប្រាស់​ “មធ្យោបាយ​ថោក​ទាប​ ​និង​ខុស​ច្បាប់​” ពីព្រោះ​ខ្លួន​គ្មាន​សមត្ថភាព​ប្រកួត​ប្រជែង​​​នឹង​កម្មវិធី​នយោបាយ​របស់​គណបក្ស​សង្គ្រោះជាតិ​បាន។

លោក សុន ឆ័យ តំណាង​រាស្ត្រ​​​ជាន់​ខ្ពស់​មួយ​ទៀត​​របស់​គណបក្ស​ប្រឆាំង​​បាន​មាន​​ប្រសាសន៍​ថា ដើម្បី​ចៀសវាង​ការ​លួច​ស្ដាប់​គួរ​ឲ្យ​សង្ស័យ​បែប​នេះ សមាជិក​គណបក្ស​ប្រឆាំង​បាន​ប្រើ​ប្រាស់​ស៊ីមកាត​លើសពីមួយ​ដើម្បី​​ទំនាក់​ទំនង​គ្នា​ជា​លក្ខណៈ​ឯកជន។ លោក​ថ្លែង​ថា “​យើង​មាន​លេខ​ទូរស័ព្ទ​ខុសៗ​គ្នា។ មួយ​ប្រើ​ជា​ប្រចាំ គឺ​លេខ​ផ្លូវ​ការ ហើយ​​លេខ​​មួយ​ទៀត​សម្រាប់​ការ​សន្ទនា​ជា​លក្ខណៈ​​ឯកជន”។ ពេល​​​សួរ​​​ថា តើ​​​លោក​​​ជឿថា ​​​ខ្លួន​​​កំពុង​​​ត្រូវ​​​​បាន​​​គេ​​​ថត​​​សំឡេង​​​​ដែរ​ឬទេ​ពេល​​​ធ្វើ​​​ការ​​​សន្ទនា​​​​​ជា​​​ប្រចាំ​​​​នោះ​​​​ លោក សុន ឆ័យ​​​ បាន​​​​​​ ឆ្លើយ​​​​ថា ​លោក​​​ជឿ។

លោក​​​​​​មាន​​​ប្រសាសន៍​​​ថា ​”ប្រាកដ​ណាស់​​​​ ​​​ឥឡូវ​​​នេះ​​​អ្នក​​​កំពុង​​​និយាយ​​​ជា​​​មួយ​​​ខ្ញុំ​​​។ ខ្ញុំ​​​ជឿ​​​ថា មាន​​​គេ​​​កំពុង​​​ថតការ​​​សន្ទនា​​​នេះ​​​។ ​ក្រុម​​​របស់​រដ្ឋាភិបាល​​​ដែល​​​កំពុង​​​តែ​​​ថត​​​សំឡេង​​​​​​របស់​​​យើង​​​តាម​​​ទូរស័ព្ទ​​​គ្រាន់​​​តែ​​​ចង់​​​ដឹង​​​អំពី​​​សកម្ម​​​ភាព​​​របស់​​​យើង​​​ ហើយ​​​ចង់​​​ដឹង​​​អំពី​​​ជីវិត​​​ឯកជន​​​របស់​​​យើងប៉ុណ្ណោះ​​​​ ​ដើម្បី​ឲ្យ​​​​ពួក​​​គេ​អាច​​​ប្រើ​​​ប្រាស់​​​ [ខ្សែអាត់សំឡេង​​​​នេះ​​​] ​ដូច​​​​​​ករណី​​​របស់​​​លោក កឹម សុខា ដែរ​​​”។

ច្បាប់​​​ដែល​​​ទើប​​​តែ​​​អនុម័ត​​​ក្នុង​​​ពេល​​​ថ្មី​​​ៗ​​​ស្តី​​​​អំពី​​​ទូរគមនាគមន៍​​​ហាម​​​មិន​​​ឲ្យ​​​​​​​អ្នក​ដែល​​​​​មិន​​​មែន​​​ជា​​​ “ដៃ​​​គូ​​​សន្ទនា​​​” ​លួច​ថត​​ការ​​​​សន្ទនា​​ពាក់​​​​ព័ន្ធ​​​​​​ប្រព័ន្ធ​​​ទំនាក់​​​ទំនង​​​ផ្ទាល់​​​ខ្លួន​ឡើយ​ ​​​​​​ប៉ុន្តែ​ករណី​​​លើកលែង​​​​ដែល​​​មិនមាន​ចែង​​​​ច្បាស់​​​លាស់​​​​​​​​​​​ ធ្វើ​​​​ឲ្យ​​​ការ​​​លួច​​​ស្តាប់​​​​បែបនេះ​​​ស្រប​​​ច្បាប់​​​ ​បើ​​​មាន ​​​”ការយល់​​​ព្រម​​​ពី​​​អាជ្ញាធរ​​​មាន​សមត្ថ​កិច្ច​”។ ​​​បទ​​​ល្មើស​​​នេះ​​​អាច​​​មាន​​​ទោស​​​ជាប់​​​ពន្ធនាគារ​​​ពី​​​មួយ​​​ខែ​​​ដល់​​​មួយ​​​ឆ្នាំ។

ក្នុង​​​ពេល​​​ថ្មី​​​ៗ​​​នេះ​​​រដ្ឋាភិបាល​​​បាន​​​ចាត់​​​វិធានការ​​​ដើម្បី​​​ពង្រឹង​​​​សមត្ថភាព​​​​របស់​​​ខ្លួន​​​ក្នុង​​​ការ​​​លួច​​​ស្តាប់​យកការណ៍​។

កាល​​​ពី​​​ខែ​​​ធ្នូ​​​ ឆ្នាំ​​​២០១៤ លោក ឆៃ ​ស៊ីណារិទ្ធ​​​ ​​អគ្គស្នង​​​ការរង​​​នគរ​​​បាល​​​ជាតិ​​​ទទួល​​​បន្ទុក​​​សន្តិ​សុខ​​​ផ្ទៃ​​​ក្នុង ​​​បាន​​​ប្រាប់​​​​​​អ្នកយក​​​ព័ត៌មាន​​​អំពី​​​​​គម្រោង​​​របស់​​​រដ្ឋាភិបាល​​​ក្នុង​​​ការ​​​ដំឡើង ​”ឧប​ករណ៍​​​ស្តាប់​​​សំឡេង” លើ​​​បណ្តាញ​​​ក្រុម​ហ៊ុន​​​​​​​​​ផ្តល់​​​សេវា​​​ទូរស័ព្ទ​​​ចល័ត ​​​និង​​​ក្រុម​​​ហ៊ុន​​​​​ផ្តល់​​​សេវា​​​​អីុនធឺណិត​​​នៅ​​​កម្ពុជា​​​។​ឧត្តម​​​សេនីយ៍ ​ឆៃ​​​ស៊ីណារិទ្ធ បាន​​​មានប្រសាសន៍​​​ថា “ជា​ដំបូង​សមត្ថកិច្ច​ត្រូវ​​​មាន​​​ការយល់​​​ព្រម​​​ពី​​​តុលា​ការ​​​​​ ដើម្បី​​​អនុវត្ត​​​ការ​​​លួច​​​ស្តាប់​”។

លោក​​​ ប៉ោ ភក្តិ អ្នក​​​នាំ​​​ពាក្យ​​​អគ្គ​លេខា​ធិការដ្ឋាន​​​ក្រសួង​​​មហាផ្ទៃ​​​បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា លោក​​​មិន​​​បាន​​​ដឹង​​​អំពី​​​ការ​​​លួច​​ស្តាប់​ណា​​​មួយ​​​ ឬ​​​​​​ថា តើ​មាន​ករណី​​​​លួច​​ស្តាប់​ផ្សេង​ទៀត​កើត​​​ឡើង​​​ឡើយ ខណៈ​​​ឧត្តម​​​សេនីយ៍ ឆៃ ស៊ីណារិទ្ធ​​​ លើក​​​ឡើង​​​ថា ​លោក​​​មិន​​​ដឹង​​​អំពី​​​ការ​​​ពាក់​​​ព័ន្ធ​​​ណា​​​មួយ​​​របស់​​​រដ្ឋាភិបាល​​​នៅ​​​ក្នុង​​​ករណី​​​របស់​​​លោក កឹម ​សុខា ​និង​​​លោក អេង ឆៃអា៊ង នោះ​ទេ​​។

នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ បាន​​​មាន​ប្រសាសន៍ថា “​​​ពួក​​​គេ​​​ចេះ​​​​តែ​​​លើក​​​ឡើង​​​អំពី​​​ការ​​​ចោទ​​​ប្រកាន់​​​​​​ទាំង​​​នេះ​​​ប៉ុណ្ណោះ​​​ ប៉ុន្តែ ខ្ញុំ​​​មិន​​​​​ដឹង​​​អំពី​​​បញ្ហា​​​នេះ​​​ទេ​​​។ ខ្ញុំ​​​មិន​​​បាន​​​ចាប់​​​អារម្មណ៍​​​​​លើ​​​រឿង​​​នេះ​​​ឡើយ​​​”។

លោក ផៃ ស៊ីផាន អ្នក​​​នាំ​​​ពាក្យ​​​រដ្ឋាភិបាល​​​មិន​​​បាន​​​បដិសេធ​​​ការដែល​ថា រដ្ឋាភិបាល​​​​​​​​​បាន​​​​​​លួច​​​ស្តាប់​​​​បុគ្គល​​​សំខាន់​​​ៗ​​​នៅ​​​ក្នុង​​​គណបក្ស​​​ប្រឆាំង​​​ឡើយ​​​ ប៉ុន្តែ ថា វា​​​ស្រេច​​​តែ​​​គណបក្ស​​​សង្គ្រោះ​​​​​​ជាតិ​​​ទេ​​​​​​ក្នុង​​​ការ​​​អះ​​​អាង​​​ថា ​សកម្ម​ភាព​​​​​បែប​​​នេះ​​​​​​កើត​​​មាន​​​ឡើង​​​​ឬ​ក៏​អត់​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “នេះ​​​គ្រាន់​​​តែ​​​ជា​​​ការ​​​ចោទ​​​ប្រកាន់​​​ប៉ុណ្ណោះ​​​…ពួកគេ​​​គួរ​​​តែ​​​លើក​​​ឡើង​​​ពីបញ្ហា​​​ថា តើ​​​លោក​​​ កឹម ​សុខា ​មាន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នឹង​​​អំពើ​​​ផិត​​​ក្បត់​​​បែប​​​នេះ​​​មែន​​​ ឬ​​​ក៏អត់​​​ ជា​​​ជាង​​​ថា តើ​​​គេ​​​លួច​​​ថត​​​សំឡេង​​​​​ដោយ​​​របៀប​​​ណា​​​”។

លោក​​​បាន​​​បន្ថែម​​​ថា “ពួកគេ​​​គួរ​​​តែ​​​សំដៅ​​​ដល់​ថា តើ​​​នរណា​​​ធ្វើ​​​ឲ្យ​​​​បែក​​​​​ធ្លាយ​​​ព័ត៌មាន​​​នេះ​​​ជា​​​ជាង​​​មក​​​ចង្អុល​​​ដាក់​​​រដ្ឋាភិបាល​​​។ ខ្ញុំ​​​​​​មិន​​​បដិសេធ​​​អ្វី​​​ទេ​​​​ ប៉ុន្តែយើង​​​ចង់​​​ឃើញ​​​ភ័ស្តុ​តាង​​។​មុនពេល​និយាយ​ទៅ​​​កាន់​​​សាធារណ​ជន​​​ ពួក​​​គេ​​​​ត្រូវ​​​គិត​​​ពី​ ​ការ​​គួរ​ឲ្យ​ជឿ​​ទុក​ចិត្ត​របស់​ខ្លួន​”៕​ សុខុម និង ស៊ុយឈាង​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស