37 C
Phnom Penh

សមយុទ្ធជើងទឹកអាមេរិក-អាស៊ាន ចាប់ផ្ដើម ខណៈចិនហាក់ស្ងប់ស្ងាត់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហរដ្ឋអាមេរិក និងប្រទេសក្នុងតំបន់អាស៊ីចំនួន១០ ចាប់ផ្តើមធ្វើសមយុទ្ធយោធាជាលើកដំបូងនៅឈូងសមុទ្រថៃដោយចាប់ផ្ដើមពីថ្ងៃច័ន្ទ ទី០២ ដល់ថ្ងៃទី៦កញ្ញា។

ព្រឹត្តិការណ៍នេះបានក្លាយទៅជាផ្នែកមួយនៃសមយុទ្ធរួមគ្នាដែលលាតសន្ធឹងទៅដល់សមុទ្រចិនខាងត្បូង។

បណ្ដាញផ្សាយព័ត៌មាន Channel News Asia សមយុទ្ធនេះ មាននាវាចម្បាំងចំនួន ៨គ្រឿង យន្តហោះចំនួន ៤គ្រឿង និងបុគ្គលិកជាងមួយពាន់នាក់។

សាព័ត៌មានដដែល បានឲ្យដឹងថា សមយុទ្ធជើងទឹក អាស៊ាន-អាមេរិកលើកដំបូង ចាប់ផ្តើមចេញពីមូលដ្ឋានកងទ័ពជើងទឹក Sattahip Naval Base ក្នុងប្រទេសថៃ។

សេចក្តីថ្លែងការណ៍របស់ស្ថានទូតអាមេរិកនៅទីក្រុងបាងកកបានឲ្យដឹងថា ការធ្វើសមយុទ្ធ នេះ មានការចូលរួមដឹកនាំរួមដោយកងទ័ពជើងទឹកសហរដ្ឋអាមេរិក និងកងទ័ពជើងទឹកថៃ លាតសន្ធឹងនៅលើដែនទឹកអន្តរជាតិនៅអាស៊ីអាគ្នេយ៍ ដែលក្នុងនោះរួមមានឈូងសមុទ្រថៃ និងសមុទ្រចិនខាងត្បូង បន្ទាប់មកនឹងបញ្ចាប់នៅក្នុងប្រទេសសិង្ហបុរី។

សមាជិកទាំង១០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ត្រូវចូលរួមនៅក្នុងសមយុទ្ធយោធានេះ ដោយមានការឡើងជិះនាវាទៅដល់គោលដៅ។ មេបញ្ជាការនៃប្រតិបត្តិការលេខ៧៣ដែលមើលការខុសត្រូវផ្នែកសហប្រតិបត្តិការណ៍សន្តិសុខអាស៊ាននៃកងនវាចរណ៍អាមេរិក Joey Tynch បានកត់សម្គាល់ថា សមយុទ្ធនេះ មានគោលដៅ បង្កើនសហប្រតិបត្តិការពហុសាសន៍ក្នុងតំបន់ នៅក្នុងការធ្វើនាវាចរណ៍ នៃតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ 

លោកJoey Tynch បញ្ជាក់ថា នាវាចរណ៍អាមេរិក រួមជាមួយប្រទេសដៃគូ ជាសម្ព័ន្ធមិត្តក្នុងតំបន់ បានស្គាល់អំពីតម្លៃនៃការរួមគ្នា ក្នុងការការពារសន្តិសុខសមុទ្រនៃតំបន់អាស៊ាន។

ដោយឡែកក្រុងប៉េកាំងមិនទាន់ឃើញប្រតិកម្មទៅនឹង ការធ្វើសមយុទ្ធនេះនៅឡើយទេ ប៉ុន្តែលោកនាយករដ្ឋមន្ត្រីមហាធា មហាម៉ាត់ ដែលមកធ្វើទស្សនកិច្ចនៅកម្ពុជា បានហៅព្រឹត្តិការណ៍នៃការធ្វើសមយុទ្ធនេះ គឺជាការចំណាយ ប្រាក់ឥតប្រយោជន៍ ។ តែយ៉ាងណា ប្រទេសរបស់លោកក៏ចូលរួមនឹងសមយុទ្ធនេះ ដែរ។ អ្នកសង្កេតការណ៍មើលឃើញថាសមយុទ្ធរវាងកងទ័ពជើងអាមេរិក និងសមាគម អាស៊ាន ១០ប្រទេស គឺជាសញ្ញាមួយប្រាប់ចិន អំពីការបង្កើនកម្លាំង និងឥទិ្ធពលយោធារួមគ្នាទប់ទល់នឹងមហិច្ឆិតារបស់ចិនដែលកំពុងវាតទី កាន់កាប់ប្រជុំកោះ និងដែនទឹកនៃសមុទ្រចិនខាងត្បូង។

សមុទ្រចិនខាងត្បូង បានក្លាយជាការដណ្ដើមកាន់ដោយប្រទេស វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី ព្រុយណេ និងកោះតៃវ៉ាន់។

សូមជម្រាបថាក្នុងសេចក្ដីថ្លែងការណ៍ ទៅកាន់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅប្រទេសថៃកាលពីខែមុន រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo បានជំរុញឱ្យប្រទេសនៅអាស៊ីអាគ្នេយ៍ប្រឆាំង នឹងការធ្វើទុក្ខបុកម្នេញរបស់ចិននៅក្នុងសមុទ្រចិនខាងត្បូង ដែលក្រោយមកមានការឯកភាពគ្នា បង្កើតព្រឹត្តិការណ៍នេះឡើង៕ 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស