34 C
Phnom Penh

សេរហ្គេ ប៉ូឡុនស្គី ប្រារព្វ​ខួប​គម្រប់​៤២​ឆ្នាំ​លើ​កោះ​​ដាច់ស្រយាល​មួយ​ដែល​លោក​គ្រោង​ប្រែក្លាយ​ឲ្យ​ទៅជាឋានសួគ៌​ទេសចរណ៍

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កោះ​ដំឡូង, ឈូង​សមុទ្រ​ថៃ-សំឡេង​ជជែក​សប្បាយ​រីករាយ​ខ្ញៀវខ្ញារ​ជា​ភាសា​រុស្ស៊ី​បាន​រសាត់​កាត់​ផ្ទៃ​សមុទ្រ​ខៀវ​ស្រងាត់ និង​ស្រូប​បាត់​ទៅ​ក្នុង​ព្រៃ​កោងកាង​ដែល​ដុះ​ហ៊ុម​ព័ទ្ធ​កោះ​ខ្មែរ​ដាច់​ស្រយាល​នេះ។

សេរហ្គេ ប៉ូឡុនស្គី និងមិត្ត​ភក្តិកំពុងធ្វើដំណើរទៅកាន់កោះដំឡូងឈូងសមុទ្រថៃ។
​សេរហ្គេ ប៉ូឡុនស្គី និងមិត្ត​ភក្តិកំពុងធ្វើដំណើរទៅកាន់កោះដំឡូងឈូងសមុទ្រថៃ។ Ben Woods

បន្ទាប់មក​ទូក​បាន​មុជងើប​បាស់បើក​កាត់​ផ្ទៃ​ទឹក​សំដៅ​ទៅ​ផែ​ថ្ម ហើយ​បុរស​ស្ត្រី​ជាច្រើន​នាក់​ដែល​កម្តៅ​ខ្លួន​ដោយ​ស្រា​វ៉ូដកា និង​កម្តៅ​ថ្ងៃ បានលោត​ចេញ​ពី​ទូក​ហើយ​​ដើរ​ទៅ​ផែ​មាត់​ឆ្នេរ។

បុរសៗ​មាន​រាង​មាំ​និង​​ដុះ​ពោះ​ស៊្អុយៗ​ដោយសារ​ស្រាបៀរ ប៉ុន្តែ​សុទ្ធសឹង​តែ​មាន​ដុះ​រោម​និង​សាក់​លើ​ខ្លួន។ ចំណែក​ស្រីៗ​វិញ​ពាក់​គ្រឿង​អលង្ការ ពាក់​វ៉ែនតា​ធំៗ និង​ស្លៀកពាក់​ខោអាវ​ងូតទឹក​រឹបរាង​យ៉ាងណែន​ក្តន់។

ពួកគេ​មក​ទីនេះ​ដើម្បី​ចូលរួម​អបអរ​​ក្នុង​ពិធី​គម្រប់​ខួប​៤២​ឆ្នាំ​របស់​លោក សេរហ្គេ ប៉ូឡុនស្គី (Sergei Polonsky)។ ជនជាតិ​រុស្ស៊ី អ៊ុយក្រែន ម៉ូដូវ៉ាន ឡាធ្វា និង តួកគី ដែល​សុទ្ធ​តែ​ជា​បុគ្គលិក មិត្ត​ភក្តិ និង សហការី​ជំនួញ បាន​មក​ចូលរួម​ពិធី​នៅ​ទីនេះ។

លោក ប៉ូឡុនស្គី ដែល​មិន​ដែល​ដើរ​តាម​ពួកគេ​ ហើយ​ដឹក​ឆ្កែ​ម៉ិកស៊ីកូ​ឥត​រោម​ដែល​គាត់​បាន​យក​មក​ជាមួយ​ពេល​ជិះ​ទូក​រយៈ​ពេល​ពីរ​ម៉ោង​ពី​ឆ្នេរ បានលោត​ដាំដូង​ពី​កន្សៃ​ទូក​ចូល​ទឹក​សមុទ្រ។ ពីរ​បី​​នាទី​ក្រោយ​មក មិត្ត​ស្រី​រុស្ស៊ី​ដែល​មាន​សក់​ទង់ដែង​ស​​របស់​លោក ឈ្មោះ អូលហ្គា ដេរីប៉ាស្កូ (Olga Deripasko) បាន​លោត​ទឹក​ទៅ​តាម​គាត់ ហើយ​អ្នក​ទាំងពីរ​បាន​ហែល​ត្រសង​ទៅ​កន្លែង​សមគួរ​មួយ ដែល​សឹងតែ​បំភ្លេច​ភ្ញៀវ​របស់​ពួកគេចោល​ទៅ​ហើយ។

កម្មករ​បាន​យក​កេស​ស្រាបៀរ​និង​ស្រា កៅអី​ផ្តៅ ឧបករណ៍ថត និង​ប្រដាប់​ពាក់​មុជ​ទឹក​ចេញ​ពី​ទូក។

ភ្ញៀវ​ក្នុង​ពិធី​សប្បាយ​អ៊ឹកធឹក​នេះ​ត្រូវ​បាន​ឈរមើល​ដោយ​បុគ្គលិក​សាងសង់​ជាច្រើន​នាក់ ដែល​បាន​គ្រវី​ក្បាល​ដោយ​ហួស​ចិត្ត​និង​ត្រឡប់​ទៅ​ធ្វើការ​វិញ​ ដើម្បី​ប្រែក្លាយ​កោះ​នេះ​ទៅជា​ឋានសួគ៌​ទស្សនីយ​ភាព​របស់​លោក​ ប៉ូឡុនស្គី។

មនុស្ស​ម្នាក់​បាន​និយាយ​ថា “មេ​ធំ​មក​ហើយ តោះ​ត្រឡប់​ទៅ​ធ្វើការ​វិញ។

កោះ​ដំឡូង ឬ​ហៅ​តាម​ភាសា​អង់គ្លេស​ថា Potato Island ​មាន​ផ្ទៃ​ដី​ទំហំ៥០​ហិកតា ស្ថិត​នៅ​ចម្ងាយ​៥៥​គីឡូម៉ែត្រ​ភាគ​និរតី​ក្រុង​ព្រះសីហនុ មាន​សភាព​មមាញឹក​អំឡុង​មាន​ភ្ញៀវ​មក​លេង​កាលពី​ដើម​ខែ​នេះ ចំពេល​កម្មករ​ឥត​ពាក់​អាវ​អង្គុយ​ច្រហោង​លើ​ក្តារ​ដែល​ដឹក​ចេញពី​ដី​គោក ដោយ​ច្នៃ​ឈើ​ទាំង​នោះ​ជាមួយ​នឹង​រណារ​វិល​ហើយ​និង​ម៉ាស៊ីន​ខាត់។ អ្នក​ផ្សេងទៀត​កាយ​ពង្រាប​ផ្លូវ​ក្រាល​ថ្ម។

កម្មករ​មួយ​ក្រុម​អង្គុយ​នៅ​កណ្តាល​ក្រដាស​កាតុង​និង​កញ្ចប់​ស្នោ តម្លើង​កង្ហារ​ពិដាន​ដែល​ទើប​ទិញ​ថ្មីៗ។ គំនរ​ពូក​ត្រូវ​គេ​រៀបចំ​ក្នុង​ដី​ព្រៃ​កាប់ឆ្ការ​ហើយ។ ក្លិន​ទឹក​សមុទ្រ អាចម៍​រណារ និង​ក្លិន​កញ្ឆា​អណ្តែត​វិលវល់​លាយ​ឡំ​គ្នា​ក្នុង​ខ្យល់​អាកាស។ ពេល​នេះ ភ្ញៀវ​របស់​លោក​ ប៉ូឡុនស្គី ប្រលែង​គ្នា​លេង​ពពាក់​ពពូន​ក្នុង​ពពុះ​ទឹក​ដេរដាស។

ភ្ញៀវ​បួន​នាក់​បាន​លុយ​ទឹក​រាក់ៗ ​រើស​ខ្យង​គូទ​ស្រួច ឈប់​យូរ​ម្តងៗ​ដើម្បី​វាយ​បំបែក​លើ​ថ្ម។ បុរស​ម្នាក់​ញញឹម​ស្ញាញ​និយាយ​ថា “វា​ជា​ថ្នាំ​សម្រើប​ល្អ​ណាស់។ គាត់​បាន​ហុត​ខ្យង​គ្រូកៗ​មួយ​ហើយ​មួយ​ទៀត។

កោះ​ដំឡូង​គឺ​ជា​កោះ​មួយ​ក្នុង​ចំណោម​កោះ​ចំនួន​៧​(មិន​រាប់​កោះ​ឯកជន​ គឺ​កោះ​ដែក​គោល​របស់​គាត់​ទេ) ដែល​លោក ប៉ូឡុនស្គី ទទួល​បាន​ឯនាយ​ឆ្នេរ​សមុទ្រ​កម្ពុជា ក្នុង​គោល​បំណង​ប្រែក្លាយ​ក្រុមកោះ​នោះ​ទាំងមូល​ទៅជា​គោលដៅ​អេកូ​ទេសចរណ៍​ក្នុង​ទំហំ​ទឹក​ប្រាក់​មួយ​ពាន់​លាន​ដុល្លារ។

ដោយ​ដេក​សន្ធឹង​ដង​ខ្លួន​ប្រវែង​១,៩៤​ម៉ែត្រ​នៅ​លើ​ក្បាល​ទូក លោក ប៉ូឡុនស្គី បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ពេល​ជិះ​ទូក​ចេញ​ពី​ឆ្នេរ​ថា “គ្រែ​មួយ​ពាន់ យ៉ាងយូរ​១០​ខែ​ប៉ុណ្ណោះ”។

យោងតាម​ជាងឈើ​តួកគី​ដែល​ចេះ​ដោយ​ខ្លួន​ឯង ឈ្មោះ សាគីប ហ្គាតាល បាន​ឲ្យ​ដឹង​ថា គោលបំណង​បន្ទាន់ ​គឺ​ត្រូវ​សង់​ផ្ទះ​ឈើ​តូចៗ (bungalow) ​ចំនួន​ ២៥​ខ្នង​លើ​កោះ​ដំឡូង​នៅ​ត្រឹម​ចុង​ឆ្នាំ​នេះ​យ៉ាង​យូរ។

លោក ហ្គាតាល បាន​និយាយ​ពី​កន្លែង​សម្រាក​របស់​គាត់​លើ​បង្កាន់​ដៃ​មួយ​ព័ទ្ធ​ជុំវិញ​រោងបាយ​ ដោយ​ចង្អុល​បង្ហាញ​ព្រៃគុម្ពោត​មួយ​កន្លៃង​តាម​បណ្តោយ​មាត់ទឹក​នៅ​ខាង​ឆ្វេង​ដៃ​គាត់​ថា “បាំងហ្គាឡូ​ចំនួន​១៥​ដូច​នោះ បាំងហ្គាឡូ​១០​ទៀត ប៉ូឡុនស្គី​ចង់​បាន​នៅ​ពីខាង​ក្រោយ​កោះ​នេះ ប៉ុន្តែ​ខ្ញុំ​ចង់​ធ្វើ​វា​នៅ​ទី​នេះ”។ នៅ​ពេល​សួរថា តើ​គាត់​គិត​ថា បាំងហ្គាឡូ​សល់​ពី​នោះ​នឹង​សង់​នៅ​កន្លែង​ណា គាត់​បាន​សើច។ “ខ្ញុំ​គិត​ថា​នៅ​ពី​ក្រោយ គឺ​គាត់​ចង់​បាន​អ៊ីចឹង។ កន្លែង​ដែល​គាត់”។

ជាង​ឈើ​រូប​នេះ​បាន​បន្ថែម​ទាំង​ទឹកមុខ​មាំ​ថា “គាត់​ចង់​បាន​ច្រើន​ណាស់ ប៉ុន្តែ​ខ្ញុំ​មិន​ដឹង​ទេ”។

ការ​និយាយ​ស្មាន​និង​ការ​តម្រូវ​ចិត្ត​ទុកជា​មុន​នូវ​​ចំណង់​របស់​លោក​ ប៉ូឡុនស្គី ដែល​មាន​មុខ​សុទ្ធ​តែ​សាច់​ទ្រលុកៗ ជាប់​ឈ្មោះ​ក្នុង​បញ្ជី “និវេទន៍​ក្រហម” របស់​អាំងទែប៉ូល ជា​បញ្ជី​ឧក្រិដ្ឋជន​ដែល​គេ​តាម​ចាប់​បំផុត ចាប់តាំងពី​គាត់​ជាប់​ចោទ​កាលពី​ឆ្នាំ​មុន​ពីបទ​កេង​បន្លំ​យក​ប្រាក់​រាប់​លាន​ដុល្លារ​ពី​អ្នក​វិនិយោគ​ក្នុង​គម្រោង​សំណង់​នៅ​ក្រុង​មូស្គូ ទំនងជា​ធ្វើ​ឲ្យ​អ្នក​ហែហម​របស់​គាត់​រវល់​មមាញឹក​ គឺ​ការ​ប្រមែ​ប្រមូល​ស្រី​ស្អាតៗ​និង​បុរស​រឹង​មាំ។

ក្នុង​ចំណោម​បុរស​ទាំងនោះ ដែល​សប្បាយ​ជាង​ភ្ញៀវ​របស់​ លោក ប៉ូឡុនស្គី គឺ​អ្នក​មុជ​ទឹក​ជនជាតិ​ខ្មែរ​អាយុ​៣៤​ឆ្នាំ ឈ្មោះ ភា កាន់ ដែល​កំពុង​មើល​ការ​ខុសត្រូវ​ការ​អភិវឌ្ឍ​កោះ​ដំឡូង។

ក្នុង​បទ​សម្ភាស​មួយ​លើ​កោះ​នេះ លោក កាន់ បាន​និយាយ​ថា លោក​ស្គាល់​លោក​ ប៉ូឡុនស្គី រយៈ​ពេល​ប្រហែល​មួយ​ឆ្នាំ​ហើយ។ លោក​បាន​និយាយ​ថា “មុន​ពេល​ខ្ញុំ​បាន​ជួប​គាត់ ខ្ញុំ​បាន​ឮ​ច្រើន​អំពី​គាត់ ថា​គាត់​ជា​ម៉ាហ្វីយ៉ា គាត់អី​ចេះ គាត់អីចុះ។ ប៉ុន្តែ​បើយើង​អង្គុយ​ជជែក​នឹង​គាត់​អំពី​ការ​អភិវឌ្ឍ​កោះ និង​ស្តាប់​គំនិត​របស់​គាត់​វិញ ពេល​នោះ​អ្នក​នឹង​យល់​ថា មនុស្ស​នេះ ពិត​ជា​ស្រឡាញ់​ធម្មជាតិ”។

នោះ​ជា​ទស្សន​វិស័យ​របស់​លោក កាន់ ដែរ ដែលចាប់​អារម្មណ៍​ខ្លាំង​អំពី​ប្រជុំ​កោះ​នៅ​ដាច់​ឆ្ងាយ​ពី​គេ​របស់់​មហា​សេដ្ឋី​ប្លែក​គេ​រូប​នេះ។

គាត់​បាន​និយាយ​ថា “សារមន្ទីរ​សង្គ្រាម​ក្រោម​ទឹក​ជា​សុបិន​ចុង​ក្រោយ​របស់​ខ្ញុំ។ បើ​ធ្វើ​វា​បាន ខ្ញុំ​អាច​ធូរ​ចិត្ត”។

លោក​បាន​ពន្យល់​ថា ក្រោម​ការ​ឧបត្ថម្ភ​ប្រាក់កាស​ដោយ​លោក ប៉ូឡុនស្គី សារមន្ទីរ​សង្គ្រាម​ក្រោម​ទឹក​គឺជា​ថ្ម​ប៉ប្រះ​ទឹក​សិប្បនិម្មិត បង្កើត​ឡើង​ពី​សព្វាវុធ​ខ្មែរ​ចាស់ៗ រថក្រោះ ឬ​ឧទ្ធម្ភាគចក្រ ដែល​អាច​ទាក់​ទាញ​សត្វ​ក្រោម​សមុទ្រ និង​អប់រំ​ណែនាំ​អ្នក​មុជ​ទឹក​ទាំងឡាយ​អំពី​អតីត​កាល​ហិង្សា​របស់​ប្រទេស​នេះ។

លោក​បាន​និយាយ​ថា “យើង​មាន​ប្រវត្តិ​សង្គ្រាម។ គ្មាន​នរណា​មាន​ប្រវត្តិ​សង្គ្រាម​[ស្រដៀង​គ្នា​ទេ] ហើយ​ពួកគេ​មិន​ចង់​បង្កើត​សង្គ្រាម​ឡើង​សម្រាប់​ប្រទេស​របស់​ពួកគេ ដើម្បី​បង្កើត​ថ្ម​ប៉ប្រះ​ទឹក​សិប្បនិម្មិត ដែល​ហៅថា​សារមន្ទីរ​សង្គ្រាម​ក្រោម​ទឹក​ដូច​យើង​នោះ​ទេ”។

គម្រោង ដែល​លោក កាន់ កាលពី​សប្តាហ៍​កន្លង​ទៅ​នេះ​បាន​ដាក់​ទៅ​ស្ថាប័ន​រដ្ឋាភិបាល​មួយ​ចំនួន​ក្នុង​ក្រុង​ភ្នំពេញ ហើយ​ដែល​សំណើ​របស់​គាត់​ត្រូវ​បាន​បញ្ជូន​ជា​ផ្លូវការ​កាលពី​ថ្ងៃ​សុក្រ​ទៅ​គណៈ​កម្មាធិការ​អន្តរ​ក្រសួង​ដែល​មើល​ខុសត្រូវ​ការ​អភិវឌ្ឍ​ឆ្នេរ​សមុទ្រ គឺ​មាន​បំណង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ដែល​ចូល​ចិត្ត​ទឹក​មក​​ប្រទេស​កម្ពុជា។

លោក​បាន​និយាយ​ថា “ជា​ស្វ័យ​ប្រវត្តិ វា​នឹង​ស្រូប​បាន​ភ្ញៀវ​អ្នក​មុជ​ទឹក​ច្រើន ហើយ​អ្នក​ដឹង​ទេ​ថា ទេសចរ​អ្នក​មុជ​ទឹក​ជា​ក្រុម​វណ្ណៈ​ខ្ពស់។ ពួកគេ​មិនមែន​ជា​ទេសចរ​សម្ពាយ​ឡើយ ពួកគេ​ចាយ​លុយ​ច្រើន​ណាស់”។

ជំហាន​ដំបូង​នៃ​សារមន្ទីរ​សង្គ្រាម​ក្រោម​ទឹក​ចាំបាច់​ត្រូវ​មាន​របស់​សំណល់​សង្គ្រាម​៨​យ៉ាង “គឺ​​រថក្រោះ​តេ-៥៤ តេ-៥៥ កាំភ្លើង​យន្ត យន្តហោះ ឧទ្ធម្ភាគចក្រ និង​រថយន្ត​យោធា” ដែល​លោក កាន់ នឹង​ពន្លិច​ក្នុង​សមុទ្រ​កោះតាង ដែល​មាន​ផ្ទៃ​ក្រឡា​៥០០​ហិកតា​កាន់កាប់​ដោយ​កងទ័ព។

លោក កាន់ បាន​និយាយ​ថា គាត់​បម្រុង​នឹង​ទទួល​យក​យុទ្ធោបករណ៍​ពី​មូលដ្ឋាន​ទ័ព​ជុំវិញ​ប្រទេស​នេះ។ លោក​បាន​និយាយ​ថា “អ្នក​ទៅ​មូលដ្ឋាន​យោធា។ ប្រសិនបើ​រដ្ឋាភិបាល​យល់ព្រម យក​រថក្រោះ​យោធា​របស់​ពួកគេ​មក”។

លោក​បាន​បន្ថែម​ថា ៉ដូច្នេះ​ហើយ​ខ្ញុំ​ត្រូវការ​រដ្ឋាភិបាល​ផ្តល់​ការ​យល់ព្រម​ចំពោះ​សំណើ​នេះ ដើម្បី​ឲ្យ​ខ្ញុំ​អាច​មាន​លិខិត​ស្នាម​បង្ហាញ…​ហើយ​ឥឡូវ​ខ្ញុំ​ចង់​សុំ​យក​រថក្រោះ​ខូច​ទាំង​នេះ ដែល​អ្នក​មិន​អាច​ប្រើ​​បាន​តទៀត។ សូម​ផ្តល់​ឲ្យ​ខ្ញុំ​នូវ​ប្រវត្តិ​និង​អ្វី​គ្រប់យ៉ាង។ តើ​រថក្រោះ​នេះ​ប្រើ​នៅ​ទីណា? សង្គ្រាម​ណា នៅ​ពេលណា តើ​មាន​ប្រវត្តិ​ទាក់ទង​យ៉ាង​ម៉េច?”។

ដោយ​មាន​សក្តានុពល​ផ្នែក​ពាណិជ្ជកម្ម ចំពោះ​រដ្ឋាភិបាល លោក ប៉ូឡុនស្គី និង​ខ្លួន​គាត់ នោះ លោក កាន់ បាន​លើក​ឡើង​នូវ​ផល​ប្រយោជន៍​បរិស្ថាន​របស់​គម្រោង​នេះ។

ដោយ​ចង្អុល​បង្ហាញ​ទៅ​ក្រុម​ទូក​នេសាទ​ដែល​កំពុង​អណ្តែត​មុជងើបៗ​នៅ​ជិតៗ​ខាង​មុខ ដែល​លោក​អះអាង​ថា​បើក​ដោយ​ជនជាតិ​ថៃ​និង​វៀតណាម​ល្បី​ខាង​ប្រើ​គ្រឿង​ផ្ទុះ សារធាតុ​គីមី​ពុល​ស្យាណីត​ និង​អួន​ក្រឡា​ញឹក​បំផ្លាញ​ប្រព័ន្ធ​អេកូ​ក្នុង​ទឹក លោក​បាន​និយាយ​ថា “គម្រោង​នេះ​នឹង​បញ្ឈប់​ពួក​អ្នក​នេសាទ​ខុសច្បាប់​ដ៏​ច្រើន​ដែល​តែងតែ​មក​នេសាទ​នៅ​ទីនេះ និង…​អនុញ្ញាត​ដោយ​យោធា [កម្ពុជា]”។

នៅ​ពេល​សួរ​អំពី​ផល​ប៉ះពាល់​​ដែល​អាច​មាន​ដោយសារ​សារមន្ទីរ​សង្គ្រាម​ក្រោម​ទឹក​នេះ លោក កាន់ បាន​ចង្អុល​ទៅ​អ្នក​ជីវ​សាស្ត្រ​ខាង​សមុទ្រ​បី​នាក់​ដែល​គាត់​ជួល ផ្តល់​ប្រាក់​ខែ​ដោយ​លោក ប៉ូឡុនស្គី ដែល​កំពុង​រៀបចំ​ពន្លិច​ផ្កា​ឈូក​អាលុយមីញ៉ូម​ប៉ុន​រថក្រោះ​ឯនាយ​កោះ​ដំឡូង ដែល​នឹង​ប្រើ​ជា​ក្បាល​ផ្កា​ថ្ម​សិប្បនិម្មិត។ ការ​រៀបចំ ដែល​ស្ថិត​នៅ​លើ​ផែ​ជា​ច្រើន​បំណែក​ពីរ​សប្តាហ៍​កន្លង​មក​ហើយ ដើម្បី​ធ្វើ​ជា​អំណោយ​ថ្ងៃ​កំណើត​របស់​លោក ប៉ូឡុនស្គី ប៉ុន្តែ​មិន​ទាន់​ពេល​ដោយសារ​មាន​”បញ្ហា​ការ​ផ្សារ​ភ្ជាប់​គ្នា”។

អ្នក​ជីវសាស្ត្រ​អាល្លឺម៉ង់ អារីស ថូម៉ាស្បើហ្គឺ បាន​និយាយ​ថា “មិន​យូរ​ទេ វា​នឹង​ដាក់​ចូល​ទៅ​ក្នុង​ទឹក​ហើយ”។

លោក​បាន​និយាយ​ថា “តាម​គិត​គឺ​ថា​…វា​មាន​អគ្គិសនី​កម្លាំងវ៉ុល​ទាប វា​នឹង​បង្កើត​ដែន​អគ្គិសនី​ជុំវិញ​សំណង់​នេះ”។ លោក​បាន​ពន្យល់​ថា ចរន្តទឹក​នឹង​ស្រូប​យក​កាលស្យូម​និង​ម៉ាញ៉េស្យូម​ពី​សមុទ្រ ​បង្កើត​ជា​ថ្ម​កំបោរ​ស្រោប​លើ​លោហៈ។ ពេលណា​ថ្ម​កំបោរ​នៅ​ទី​នោះ ផ្កាថ្ម​នឹង​កកើត​ឡើង​ដោយ​ស្វ័យ​ប្រវត្តិ និង​ដុះ​មាន​រាង​ស្អាតៗ​ត្រកាល”។

អ្នក​ជីវសាស្ត្រ​អីុតាលី អានតូណែលឡា ឡាវ៉ូរ៉ាតូ បាន​បន្ថែម​ថា “ប្រសិនបើ​ធ្វើ​បាន​សម្រេច ពិតជា​មិន​មាន​​គ្រោះ​ថ្នាក់​អ្វី​ទេ”។ អ្នក​ស្រាវជ្រាវ​ទី​៣ មីហ្គេល សួរេស មកពី​ប្រទេស អេក្វាឌ័រ បាន​ងក់​ក្បាល​បង្ហាញ​ការ​យល់​ស្រប​ទាំង​មិន​ចេញ​ស្តី។

នៅ​ពេល​ព្រះ​អាទិត្យ​វេលា​រសៀល​បាន​បន្ទាប​ខ្លួន​ប្រប​ជើង​មេឃ ចំណែកឯ​ភ្ញៀវ​បាន​ចាប់​ផ្តើម​នាំ​គ្នា​ដើរ​ឆ្ពោះ​ទៅ​តាម​ក្លិន​សាច់​អាំង​និង​ស្រា​ល្ងាច​នោះ លោក កាន់ បាន​ដើរលំហែ​តាម​បណ្តោយ​ឆ្នេរ​សមុទ្រ រឹតតែ​អណ្តែត​អណ្តូង ដោយសារ​ការ​គាំទ្រ​របស់​លោក ប៉ូឡុនស្គី ចំពោះ​សារមន្ទីរ​សង្គ្រាម​ក្រោម​ទឹក។

លោក​បាន​និយាយ​ថា “នៅ​ពេល​គាត់​ឮ​គំនិត​នេះ គាត់​គ្មាន​សួរ​ដេញដោល​អ្វី​ទេ​ គ្រាន់តែ​និយាយ​ថា ត្រូវការ​លុយ​ប៉ុន្មាន​​ដើម្បី​ឲ្យ​គម្រោង​នេះ​ដើរ? ចំជា​ឥត​ទាស់​មែន”។

លោក កាន់ បន្ទាប់​មក​បាន​បែរ​ទៅ​រក​ភ្ញៀវ​ម្នាក់​ដែល​បាន​ដើរ​មក​ជិត ទាំង​មាន​ខ្លួន​ស្រក់​ទឹក មាន​ទាំង​ប្រដាប់​ដក​ដង្ហើម​ក្នុង​ទឹក​រយីងរយោង​ជាប់​ខ្លួន​ផង។

បុរស​នោះ​បន្ទាប់មក​បាន​ណែនាំ​ខ្លួន​ឲ្យ​គេ​ស្គាល់​ថា​ជា​ជំនួយ​ការ​ម្នាក់​របស់​លោក​ ប៉ូឡុនស្គី និង​បាន​និយាយ​ថា “ខ្ញុំ​រំពឹង​ថា​មាន​របស់​របរ​ច្រើន​ទៀត​ពេល​ដែល​ខ្ញុំ​ចុះ​ហែលទឹក។ ខ្ញុំ​សង្ឃឹម​ថា​មាន​ច្រើន​ថែម​ទៀត”។

លោក កាន់ ឆ្លើយតប​ទាំង​ភ្ញាក់​ថា “អូ អ្នក​ត្រូវ​ទៅ​កន្លែង​ម្ខាង​ទៀត”។

ពេល​ដែល​អស់​ពន្លឺ​ព្រះ​អាទិត្យ កោះ​នេះគ្រប​ដណ្តប់​ទៅ​ដោយ​ស្បៃ​ងងឹត លើកលែង​តែ​ពន្លឺ​នៅ​តាម​អគារ និង​ភ្លើង​ភ្លឹបភ្លែតៗ​របស់​ទូក​នេសាទ​ដែល​រក​ត្រី​ក្នុង​ទឹកជ្រៅ ភ្ញៀវ​ក៏ដូចជា​កម្មករ​បាន​មក​ផ្តុំ​គ្នា​នៅ​កន្លែង​ហូបបាយ​ ដើម្បី​បញ្ចប់​ភាព​សប្បាយ​អ៊ឹកធឹក​នៅ​ថ្ងៃ​កំណើត ដែល​បាន​ចាប់​ផ្តើម​តាំងតែ​ពីពេល​ថ្ងៃ ដោយ​មាន​នំ​ថ្ងៃ​កំណើត​និង​ស្រា​សំប៉ាញ​លើ​កោះ​ដែកគោល។

កម្មករ​មួយ​ក្រុម​បាន​មក​ជុំ​គ្នា​ជុំ​វិញ​ចង្អើរ​អាំង​សាច់​ ចាំវេន​ដួស​អាហារ​បរិភោគ​ មាន​ជើង​និង​ត្រគាក​គោ ដែល​ទិញ​ពី​ទាហាន​លើ​កោះ​តាង ដែល​បាន​សម្លាប់​យក​សាច់​កាលពី​ពេល​ថ្ងៃ ហើយ​ដាក់​ចូល​ធុង​ទឹកកក​ពណ៌​លឿង​ធំ​មួយ​ដែល​ពេញ​ទៅ​ដោយ​ស្រាបៀរ​អង្គរ។ កម្មករ​ម្នាក់​បាន​លាន់​មាត់​ឡើង​ថា “យើង​មិន​ដែល​បាន​ហូប​ដូច​នេះ​ទេ។ តោះ​ជល់កែវ​មួយ!”។

នៅ​លើ​រានហាល លោក ហ្គាតាល ដែល​ជា​ជាង​ឈើ សើចដាក់​ជាង​ឈើ​ជនជាតិ​ខ្មែរ​មួយ​ក្រុម ដោយ​លើក​កែវ​ជល់​មួយ​ហើយ​មួយ​ទៀត។

លោក ប៉ូឡុនស្គី និង​មិត្ត​ភក្តិ​ជិតស្និទ្ធ​របស់​គាត់​បាន​ដើរ​ចេញ​ទៅ​កាន់​កន្លែង​ស្ងាត់ និង​និយាយ​គ្នា​លែង​យ៉ាង​សប្បាយ​ល្អូកល្អើន។ ជនជាតិ​រុស្ស៊ី​ឥត​ពាក់​អាវ​ពីរ​នាក់ ខ្លួន​ស្រក់​ញើស បាន​លើក​ខ្ទះ​ស៊ុប​សាច់គោ​និង​ការ៉ុតដាក់​លើ​តុ ខណៈ​ដែល​អ្នក​ផ្សេងទៀត​អង្គុយ​នៅ​តុ​ឈើ​វែង​មួយ​ មាន​រៀប​ចាន​គោម​និង​កាំបិតសម។ ចាន​ទាប​ធំៗ​ដាក់​សាច់​អាំង បន្លែ និង​នំប៉័ង ពេញ​ត្រៀបត្រា​លើ​តុ។

នៅ​ទី​បំផុត ពេល​ដែល​គ្រប់គ្នា​បាន​រៀបចំ​អាហារ​ហើយ​សម្រាប់​ពិធី​ជប់លៀង​ដ៏​ធំ​នេះ លោក ប៉ូឡុនស្គី បាន​ក្រោក​ឈរឡើង​ហើយ​លើក​កែវ​ស្រា​វ៉ូដកា​ស្វាគមន៍​គ្រប់​គ្នា។ “ឋានសួគ៌​ទេសចរណ៍ សូម​ស្វាគមន៍”៕ មានិត​(រាយការណ៍​បន្ថែម​ដោយ ឃួន ណារីម)

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស