33 C
Phnom Penh

អង្គការ​ក្រៅ​រដ្ឋាភិបាល៖ ស្ត្រី​អាច​ជួយ​បញ្ចប់​​ភាព​ជាប់​​គាំង​ផ្នែក​នយោបាយ​បច្ចុប្បន្ន​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សម្ព័ន្ធ​អង្គការ​​ក្រៅ​រដ្ឋាភិបាល​​ការពារ​សិទ្ធិ​​​​ស្ត្រី​​បានលើក​ឡើង​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​មួយ​​កាល​ពី​ម្សិលមិញ​នេះ​​​ថា ​​ការ​​ចរចា​​កម្រិត​​កំពូល​​ណា​មួយ​នៅ​ពេល​អនាគត​រវាង​គណ​បក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​​​​​​​​​នៅ​​​ក្នុង​​​បំណង​​​ទម្លាយ​​​​ភាព​ជាប់គាំង​​​ផ្នែក​នយោបាយ​​​បច្ចុប្បន្ន​​​នេះ​​​ គួរ​​​មាន​​​ការ​​​ចូលរួម​​​ពី​​​ស្ត្រី​​​ឲ្យ​​​បាន​​​ច្រើន​​​ជាងមុន​​​​។

តាមរយៈ​​​​សេចក្ដី​ថ្លែង​ការណ៍​រួម​គ្នា​​​មួយ​​​សម្ព័ន្ធ​អង្គការ​ក្រៅ​រដ្ឋាភិបាល​​​ដែល​​​មាន​​​ការ​​​ចូលរួម​​​ពី​​​​​​អង្គការ​​​ជាង​​​២០​​​​​​​​​នេះ​​​ បាន​​​ធ្វើការ​​​រិះគន់​​​​​​​​​​​​អវត្តមាន​របស់​​អ្នក​នយោបាយ​​​​​ជា​ស្ត្រី​អំឡុង​ការ​ចរចា​​​​រវាង​គណបក្ស​​ទាំង​ពីរ​ ដែល​បាន​​​បរាជ័យកាល​ពី​ថ្ងៃ​ទី​១៧ និង​​​​​១៨​​​កញ្ញា​​ ​។ ក្រុម​​​​​​អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល​​​នេះ​​​​​​​​​​​​​លើក​ឡើ​ង​​​​ថា “ការ​​​មិន​​បញ្ចូល​​​​ស្ត្រី​ទៅ​​​​ក្នុង​ក្រុម​​​​​ចរចា​​​​ ​​​នេះ​​​គឺ​​​ធ្វើ​​​ឲ្យ​​​ប៉ះពាល់​យ៉ាង​ខ្លាំង​​​​ដល់​​​​ការ​អនុវត្ត​ន៍​លទ្ធិ​ប្រជាធិបតេយ្យ​ ដែល​​តម្រូវ​ឲ្យ​​​​​មាន​​​ការ​​​​​​​ចូល​រួម​​​​ពី​​​ស្រ្តី​​​​​​ និង​​​ការ​​​​លើក​​កម្ពស់​​យេន​​​​ឌ័រ​​​​ ដែល​គណបក្ស​ទាំង​ពីរ​​ធ្លាប់​បាន​ប្រកាស​ថា ខ្លួន​​​​​គាំទ្រ​នោះ​”។

សេចក្ដី​ថ្លែងការណ៍​រួម​​​​​​នេះ​​​​មាន​​​ខ្លឹមសារ​​​​​​​ថា “យើង​​សូម​អំពាវនាវ​ឲ្យ​គណបក្ស​នយោ​​​បាយ​​ទាំង​ពីរ​ទុក​​ឱកាស​ឲ្យ​ស្ត្រី​ចូល​រួម​​នៅ​ក្នុង​​ការ​​ចរចា​​ថ្នាក់​កំពូល​ណាមួយ​​​​​​​​នៅ​​​​​​​ក្នុង​​​ពេល​​អនាគត​ និង​​​នៅ​​​​​​​ក្នុង​​​​​​កិច្ច​ប្រជុំ​​​នយោបាយ​​​សំខាន់​ៗ​​​​​​របស់​​​បក្ស​​​​​ដើម្បី​ធានា​ឲ្យ​បាន​ថា ​កា​រ​ទាមទាររបស់​​បុរស​និ​ង​ស្ត្រី​​​​​ ទទួលបាន​​​​ការ​​​ឆ្លើយ​តប​​”។

អ្នក​​​ស្រី ធីតា ឃឹះ​ ​​​នាយិកា​​​​​​អង្គការ​​​​ការពារ​​​​​​សិទ្ធិស្ត្រី​​​ សីលកា​ (Silaka)​​ ដែល​​​​​​​​គាំទ្រ​​សេចក្ដី​ថ្លែង​ការណ៍​នេះ​​​​បាន​​​លើកឡើង​​​​ថា​ ​​​ គណ​​​បក្ស​​​​​ទាំង​ពីរ​​​មិន​បាន​ចាប់​​អារម្មណ៍​​នឹង​​​សំណើ​​លើក​មុន​​របស់​​អង្គការ​​​​​អ្នក​​​​ស្រី​​​ ដែលបាន​​​​ស្នើ​ឲ្យបញ្ចូល​​​​​ស្ត្រី​​​​​​​​​​​​​​​ក្នុង​កិច្ច​ប្រជុំ​​​​និង​​​​​​កិច្ច​​​ចរចា​​​ទាំង​​​នោះ​​​​ឡើយ​​​។ អ្នកស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “វាគឺ​​​​​ជា​រឿង​​​​​​សំខាន់​ណាស់​​​ក្នុង​​​ការ​​​អនុញ្ញាត​​​ឲ្យ​​​​​​​មាន​​​ការ​​​ចូលរួម​​​ពី​​​ស្ត្រី​​​​​ ពីព្រោះ​​ស្ត្រី​ងាយ​​​យល់​​​អំ​​​ពី​​​​អារម្មណ៍​​របស់​​​អ្នក​​​ដទៃ​​​ជាង​​​​​​​​ ហើយ​​កិច្ច​ចរចា​​ នឹង​​ឈាន​​​ដល់​​​​​ការ​យោគ​យល់​គ្នា​ច្រើន​​​​ជាង​​​ហើយ​​​​​ពួក​​​គេ​​​​អាច​​​មាន​​​លទ្ធភាពចរចា​​​​​​​​ស្វែង​រក​​ដំណោះស្រាយ​​បាន​​​ប្រសើ​រ​​​ជាង​​​​សម្រាប់​​​​ភាគី​​​​ទាំង​អស់​​​។វា​​ក៏​​​​​​​​​តំណាង​​​ឲ្យ​​​​​​​ការ​​​បញ្ចេញ​​​​​​​ទស្សន​​​របស់​​​ស្ត្រី​​​​ផង​ដែរ​”។

ជា​​​ការ​​​សម្តែង​​​នូវ​​​ការ​​​ជំទាស់​​​នឹង​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ជាតិ​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា គណ​បក្ស​សង្គ្រោះ​ជាតិ​​​បាន​​ធ្វើ​​មហា​​​បាតុកម្ម​ ​​​​​​​​​​​​​ទាមទារ​ឲ្យ​មាន​ការ​ស៊ើប​អង្កេ​ត​ឯក​​​-រាជ្យ​​​​​​ពី​​​​ភាព​​​​មិន​ប្រក្រតី​​​​​​​​​​​ក្នុង​​​​​​​​ការ​​​​​​បោះឆ្នោត​​​​​​​​​​​។​​​ កិច្ច​​​​​​ចរចា​​​រវាង​​គណបក្ស​ទាំង​ពីរ​​​​​​​ ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន និង​​លោក​ សម រង្ស៊ី កាល​ពី​ខែ​កញ្ញា​ បាន​បរាជ័យ​ ហើយ​ក្រោយ​មក​មិន​យូរ​ប៉ុន្មាន​​ រដ្ឋ​សភា​​បាន​បើ​ក​សម័យ​ប្រជុំ​ដំបូង​ ដែល​មាន​​​ការ​​​​​​​ចូលរួម​​​តែ​ពី​​​សមាជិក​សភា​​​មកពី​​​គណបក្ស​ប្រជាជន​​​​​​​​​​កម្ពុជា​​​ប៉ុណ្ណោះ​​​។

អ្នក​​​ស្រី មូរ សុខហួរ​​ តំណាង​រាស្ត្រ​ជាប់​​ឆ្នោត​​មក​ពី​គណបក្ស​សង្គ្រោះជាតិ​​​​ បាន​ថ្លែង​​​ការពារ​​​​អវត្តមាន​របស់​អ្នក​​​​ស្រី​​​ពី​កិច្ច​ចរចា​​ កាល​ពី​ខែ​កញ្ញា ដោយបាន​​​មាន​​​ប្រសាសន៍​​​​​​​ថា​​​ អ្នក​​​ស្រី​បាន​ចូល​រួម​យ៉ាង​​​សកម្ម​​​​​​​​​ក្នុង​​កិច្ច​ចរចា​​​​​មួយ​ចំនួន​​​ ទោះ​បី​ជាអ្នក​​​​ស្រី​​មិន​បាន​​ចូល​រួម​​ក្នុង​កិច្ច​​​​ចរចា​​​​​​ ដែល​​​បាន​​​បរាជ័យ​​​កាល​ពី​ខែ​កញ្ញា​​​​​ក៏​​​​ពិត​​​មែន​​​​។

អ្នក​​​ស្រី​​បាន​​មាន​ប្រសាសន៍​ថា “មាន​ស្ត្រី​បី​រូប​​​​​​​​​នៅ​​​ក្នុង​​​ជួរ​​​​គណៈ​កម្មាធិការអចិន្ត្រៃយ៍​​ដូច​ជា​រូប​ខ្ញុំ​ជា​ដើម។ ខ្ញុំ​សកម្ម​ណាស់​ ហើយ​​​​​ក៏ជា​​ផ្នែក​មួយ​នៃគណៈកម្មាធិ​ការ​អចិន្ត្រៃយ៍​ និង​​ក្នុង​​ដំណើរការ​​​​ចរចាដែរ​​​​​”។ អ្នក​​​​​​​ស្រី​​បាន​​​បន្ត​​​ថា ខណៈ​​​​សមាជិក​សភា​​​ជា​ស្ត្រី​​​​គួរ​​​តែ​​​មាន​​​ចំនួន​​​ច្រើន​​​ជាងមុន​​​​នោះ​ វា​នៅ​តែ​​​​មាន​​​ការ​​​លំបាក​​​នៅ​​​​​ក្នុង​ការ​បញ្ចុះ​បញ្ចូល​ស្ត្រី​ឲ្យ​ឈរ​ឈ្មោះ​​​​ជា​បេក្ខជន​តំណាង​រាស្ត្រ​។​

អ្នក​​​​ស្រី​ មូរ សុខហួរ បាន​មានប្រសា​សន៍​បន្ត​ទៀត​ថា “ស្ត្រី​​​មាន​​ភាព​សកម្ម​ខ្លាំង​ណាស់​​ក្នុង​សង្គម​ស៊ីវិល​​ និង​​នៅ​ក្នុង​ឆាក​នយោបាយ​ ប៉ុន្តែ​​ពួក​គាត់​​មិន​ចង់​​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាង​រាស្ត្រ​ឡើយ​។ យើងកំពុង​​​​​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​​​មួយ​​​​ដែល​ត្រូវ​​​​​​​តែ​​​មាន​​​ការ​​​លះបង់​​​​​​​ច្រើន​​​ណាស់​​​ ​ដូច​ជាប្រាក់​​​​កាស​​​​ និង​ពេល​វេលា​​ជាដើម​។ វា​​​ជា​​​​​​កាងារ​​​មួយ​​​ដែល​​​​​​ត្រូវ​​​ប្រឡូក​​​ឲ្យ​​​បាន​​​ពេញ​​​ទំហឹង​​​​”។

លោក​ ជាម យៀប​ អ្នក​នាំពាក្យ​ និង​ជា​សមាជិក​សភា​ជាន់​ខ្ពស់​មក​ពី​គណបក្ស​ប្រជា​ជន​កម្ពុជា​​​​​កំពុង​​​កាន់​​​អំណាច​​​ បាន​​​ធ្វើ​​​ការ​​​រិះគន់​​​​ចំពោះ​​​ការ​លើក​ឡើង​​របស់​សម្ព័ន្ធ​អង្គការ​ក្រៅរដ្ឋា​​​ភិបាល​​​​​​ការពារ​​​សិទ្ធិស្ត្រី​​​​​​​​​​​​​ពាក់ព័ន្ធ​​​​​​​​​​​​នឹង​​​ស្ថាន​ភាព​​នយោ​​​បាយ​​​​​បច្ចុ​​​ប្បន្ន​​​នេះ​​​​។ លោក​បានមានប្រសាសន៍​ថា “គ្មាន​ភាព​ជាប់​គាំង​​ផ្នែក​នយោបាយ​​​​​​​ក្រោយ​​​ការ​បោះ​​​ឆ្នោត​​​​ជាតិ​កាល​ពីខែ​កក្កដា​​​​​​ឡើយ​​​​​​។ កិច្ច​​​​ចរចា​​​​ណា​មួយ​​​​​​​​ក្នុង​ពេល​ឆាប់​ៗ​​​​ខាង​​​មុខ​​​នេះ​​​អាច​​​​​​ប្រព្រឹត្ត​​​ទៅ​​​បាន​​​ ​​​​​លុះត្រា​តែ​សមាជិក​សភា​​ជាប់​​ឆ្នោត​​មក​​​ពី​គណបក្ស​សង្គ្រោះ​ជាតិ​​​​​​​​ធ្វើ​​​សច្ចា​​​ប្រណិធាន​​​​​នៅ​ក្នុង​ព្រះ​បរម​រាជវាំង​ជា​មុន​សិន”​។

លោក​​ ជាម យៀប ​បាន​​​មាន​​​ប្រសាសន៍​​​​​បន្ថែម​​​​​​​​​ទៀត​​​​ថា “គណបក្ស​ប្រជាជន​កម្ពុជា​​បាន​​អនុម័ត​គោល​នយោបាយ​​​​តម្រូវ​​​​ឲ្យ​​​​មាន​​​ស្ត្រី​​​​​​​​កាន់​​​​តំណែង​ជាន់​ខ្ពស់​​ ​​​៣០​ភាគរយ​​​​​នៅ​​​​​តាម​ក្រសួង​នានា​​​រួច​​​ទៅ​​​ហើយ​​​​”។ លោក​បាន​​​​មាន​​​ប្រសាសន៍​​​បន្ថែមទៀត​ថា ​​​​ក្នុង​ចំណោម​សមា​ជិក​សភា​​ទាំង​៦៨​រូប​របស់​​​​គណបក្ស​ប្រជា​ជន​កម្ពុជា​​​ក្នុង​រដ្ឋ​សភា​​​​​​​​ជាតិ​​​ ​​​មាន​​​​​​​​​១៨​​​​​​រូប​​​ជា​​​ស្ត្រី​​​៕ (ស៊ុយឈាង)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស