33 C
Phnom Penh

អង្គការ​សហ​ប្រជា​ជាតិ​​លើក​ឡើង​ថា អភិ​បាល​ខេត្ត​រតន​គិរី​មិន​សហការ​​ជុំវិញ​ ជន​ជាតិ​ដើម​ភាគតិច​ម៉ុងតាញ៉ា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​មន្ត្រី​អង្គការ​សហប្រជាជាតិ​ម្នាក់​បាន​​​និយាយ​កាលពី​ម្សិលមិញ​ថា អភិបាល​ខេត្ត​រតន​គិរី​​​​មិន​បាន​សហការ​ជាមួយ​ការខិត​ខំ​ប្រឹងប្រែង​របស់​អង្គការ​សហប្រជាជាតិ​ក្នុង​ការ​ចរចា​រក​ច្រក​សុវត្ថិភាព​សម្រាប់​អ្នក​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​​ជនជាតិ​ដើម​ភាគតិច​ម៉ុងតាញ៉ា​ប្រាំ​នាក់ ដែល​បាន​ឆ្លង​ព្រំដែន​ពី​ប្រទេស​វៀតណាម​​រយៈ​ពេល​ជិត​ពីរ​​សប្ដាហ៍​កន្លង​​មកនេះ។

លោកស្រី​ វ៉ានហ៊ី លី តំណាង​ប្រចាំ​ប្រទេស​នៃ​ការិយាល័យ​ឧត្ដម​ស្នង​ការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស ​បាន​​លើក​ឡើង​តាម​អុីម៉េល​ថា ការិយាល័យ​របស់​លោកស្រី​បាន​ព្យាយាម​ទាក់​ទង​ជាមួយ​អភិបាល​ខេត្ត​ គឺ​លោក ថោង សាវុន ដើម្បី​ពិភាក្សា​ជុំវិញ​ការ​​អនុញ្ញាត​ឲ្យ​ជនជាតិ​​ដើមភាគ​តិច​ម៉ុងតាញ៉ដាក់​ពាក្យ​សុំ​​សិទ្ធិ​ជ្រក​កោន​។

លោកស្រី លី​ បាន​មាន​ប្រសាសន៍​ថា ​”កាលពី​ថ្ងៃ​ម្សិលមិញ​ គាត់​​បាន​ឆ្លើយ​តប​ថា គាត់​មិន​អាច​ចូល​រួម​​ក្នុង​អ្វី​ដែល​គាត់​ចាត់​ទុក​ថា ជា​​កិច្ច​ប្រជុំ​ក្រៅ​ផ្លូវ​ការ​បាន​ឡើយ​”។ លោកស្រី​បាន​បន្ថែម​ថា លោក​ សាវុន បាន​សុំ​ឲ្យ​ឧត្ដម​ស្នង​ការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​សុំ​ការ​អនុញ្ញាត​ពី​ក្រសួង​មហាផ្ទៃ និង​ក្រសួង​ការ​បរទេស​មុន​ពេល​គា​ត់​យល់​ព្រម​​ចូល​រួម​ការ​ពិភាក្សា​នោះ​។

លោកស្រី លី បានមាន​ប្រសាសន៍​ថា “ឧត្ដម​ស្នង​ការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​មិន​ដឹង​ថា មាន​ច្បាប់​ ឬ​បទប្បញ្ញត្តិណា​ដែល​តម្រូវ​ឲ្យ​អង្គការ​អន្តរជាតិ​​សុំ​ការ​អនុញ្ញាត​ពី​រដ្ឋ​មន្ត្រី​ទាំង​នេះក្នុងការ​​ជួប​ប្រជុំ​ជាមួយ​អភិបាល​ខេត្តនេះ​ឡើយ​”។

នៅ​ពេល​ត្រូវ​បាន​ទាក់​ទង​កាលពី​ម្សិលមិញ លោក​ សាវុន បាន​បញ្ជាក់​ថា លោក​ទទួល​បាន​សំណើ​ពី​មន្ត្រី​​ឧត្ដម​ស្នង​ការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​​​សុំ​ការ​​សហការ​ក្នុង​ការ​​អនុញ្ញាត​ឲ្យ​ជនជាតិ​ដើម​ភាគតិច​ម៉ុង​តាញ៉ា ដែល​ជា​ជនជាតិ​ដើម​ភាគ​តិច​មកពី​ត​ំបន់​ខ្ពង់​រាប​កណ្ដាល​ប្រទេស​វៀតណាម ​​ក្នុងការ​​ដាក់​ពាក្យ​សុំ​សិទ្ធិ​ជ្រក​កោន​។

លោក សាវុន បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​បាន​ប្រាប់​គាត់​ថា ​ខ្ញុំ​មិន​អាច​ទទួល​​មន្ត្រី​ទាំង​នេះ​បាន​ទេ លុះ​ណា​តែ​ក្រសួង​មហាផ្ទៃ​ប្រាប់​ឲ្យ​ខ្ញុំ​ចូល​រួម​ក្នុង​ការ​ស្វែង​រកអ្នក​ទាំង​នោះ​”។ លោក​បាន​បន្ថែម​ថា “ខ្ញុំ​មិន​អនុញ្ញាត​ឲ្យ​អង្គការ​សហប្រជាជាតិ​ជួប​អ្នក​ទាំង​ប្រាំ​នាក់នេះ​​នៅ​​ក្នុង​ព្រៃ​​ទេ ប្រសិន​បើ​ពួកគេ​​មិន​ទទួល​បាន​ការ​អនុញ្ញាត​ពី​ថ្នាក់​លើ​នោះ”។

លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​បាន​មាន​ប្រសាសន៍​ថា លោក​បាន​​ត្រឡប់​មក​ពី​វិស្សមកាល​កាលពី​ម្សិលមិញ ហើយ​​​មិន​បាន​ដឹងព័ត៌មាន​ថ្មីៗ​ស្តី​​ពី​ស្ថាន​ភាព​របស់​ជនជាតិ​ដើម​ភាគ​តិច​ម៉ុងតាញ៉ា​ឡើយ​។

​អ្នកភូមិ​ជនជាតិ​ដើម​ភាគ​តិច​ចារ៉ាយ​ម្នាក់ ដែល​បាន​បិទ​បាំង​ក្រុម​នេះ​ចាប់​តាំង​ពី​ពួកគេ​មក​ដល់​ ហើយ​បាន​និយាយ​ក្នុង​ភាព​អនាមិក​ដោយ​ភ័យ​ខ្លាច​ការ​រក​រឿងពីអាជ្ញាធរ​បាន​និយាយ​ថា ជនជាតិ​ដើមភាគ​តិច​ម៉ុង​តាញ៉ា​កំពុង​លាក់​ខ្លួន​នៅ​ឡើយ ហើយ​កំពុង​រង់ចាំ​ការ​ទាក់​ទង​ពី​អង្គការ​សហប្រជាជាតិ​។

លោក​បាន​មាន​ប្រសាសន៍​ថា ​នគរ​បាល​ស្រុក​ដែល​បាន​​ចុះ​ទៅ​រក​តាម​ផ្ទះ​ជនជាតិ​ដើម​ភាគ​តិច​ចារ៉ាយ​កាលពី​ថ្ងៃទី​១០ ខែ​មករានោះ​ នៅតែ​​ស្វែង​រក​ក្រុម​នេះ​ដដែល។

ជន​ជាតិ​ដើមភាគ​តិច​ម៉ុង​តាញ៉ា​១៣​នាក់​ទៀត បាន​រត់​គេច​ខ្លួន​ពី​ប្រទេស​វៀតណាម​មក​ប្រទេស​កម្ពុជា​កាលពី​ខែ​តុលា ហើយ​បាន​លាក់​ខ្លួន​ក្នុង​ព្រៃ​រយៈ​ពេល​ជាង​ពីរ​ខែ​ រហូត​ដល់​អង្គការ​សហប្រជាជាតិ​បានទាក់ទង​​ពួកគេ​កាលពី​ចុង​ខែ​ធ្នូ។ បន្ទាប់មក​​ពួកគេ​​ត្រូវ​បាន​បញ្ជូន​មក​រាជធានី​ភ្នំពេញ ទីដែល​ពួកគេ​កំពុង​ដំណើរ​ការ​ស្វែង​រក​ឋានៈ​ជាជន​ភៀស​ខ្លួន​ពី​ក្រសួង​មហាផ្ទៃ​៕ សារុន​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស