41.3 C
Phnom Penh

អាជ្ញាធរ និង​​​អ្នក​ភូមិ​អាច​នឹង​​ប៉ះ​ទង្គិច​​​​​គ្នា​អំឡុងពេលចុះ​​​រុះរើផ្ទះ និង​​តូប​លក់​​ដូរ​​នៅ​​​​​ឧទ្យាន​បុរាណអង្គរ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជ្ញាធរបានបញ្ជាក់ថា ខ្លួនគ្រោងចាប់ផ្ដើមចុះរុះរើផ្ទះ និងតូបលក់ដូរជាង៥០០នៅថ្ងៃនេះ ដែលពួកគេនិយាយថាបានសាងសង់ដោយខុសច្បាប់នៅក្នុងឧទ្យានបុរាណអង្គរ ចំណែកឯមេភូមិដែលរងផលប៉ះពាល់និយាយថា ម្ចាស់ផ្ទះគ្មានគម្រោងរើចេញ។

លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរអប្សរា ជាស្ថាប័នមួយរបស់រដ្ឋាភិបាលទទួលបន្ទុកគ្រប់គ្រងឧទ្យានបុរាណអង្គរ បានមានប្រសាសន៍កាលពីម្សិលមិញថា “យើងនឹងចុះទៅរុះរើសំណង់ខុសច្បាប់នៅថ្ងៃស្អែក ហើយយើងនឹងមិនអត់ឱននរណាម្នាក់ទេ”។

អ្នកនាំពាក្យរូបនេះបានលើកឡើងបន្ថែមទៀតថា លោកមិនដឹងទេទាក់ទិនបទបញ្ជា ឬពេលវេលានៃការរុះរើដែលគ្រោងធ្វើនៅថ្ងៃនេះ។

លោក ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាបបានបញ្ជាក់ថា អង្គភាពរបស់លោកនឹងចូលរួមក្នុងប្រតិបត្តិការចុះរុះរើនៅថ្ងៃនេះ ប៉ុន្តែលោកមិនដឹងលម្អិតទេ។

លោកមានប្រសាសន៍ថា ”ខ្ញុំបានទទួលបញ្ជាពីលោកអភិបាលខេត្តឱ្យចូលរួមក្នុងប្រតិបត្តិការរុះរើនេះ”។ កងរាជអាវុធហត្ថត្រូវបានជ្រើសរើសឲ្យត្រៀមខ្លួនសម្រាប់ប្រតិបត្តិការចុះរុះរើនេះកាលពីដើមខែនេះ បន្ទាប់ពីមានសេចក្ដីរាយការណ៍ថា ក្រុមអ្នកភូមិត្រៀមដបសាំងដើម្បីដុតកម្ទេចរថយន្តរបស់អាជ្ញាធរអប្សរា។

លោកស្រី អាន ឡឺម៉េស (Anne Lemaistre) តំណាងប្រចាំប្រទេសនៃអង្គការយូណេស្កូធ្លាប់បានបង្ហាញការគាំទ្រឱ្យរុះរើសំណង់ទាំងនេះ។ កាលពីម្សិលមិញ លោកស្រីបានបញ្ជាក់ជាថ្មីពីការគាំទ្ររបស់អង្គការយូណេស្កូ ប៉ុន្តែលោកស្រីថ្លែងថា លោកស្រីមិនដឹងលម្អិតពីផែនការនេះទេ។

លោក ភាង ពៅ មេភូមិរហាល នៃសង្កាត់នគរធំមានប្រសាសន៍ថា លោកមិនទទួលបានដំណឹងពីអាជ្ញាធរទេក្នុងពេលប៉ុន្មានថ្ងៃនេះ ប៉ុន្តែលោកដឹងថា ការចាប់ផ្ដើមរុះរើគ្រោងធ្វើនៅថ្ងៃនេះ។

មេភូមិរូបនេះលើកឡើងទៀតថា “ខ្ញុំឮថា គណៈកម្មការនឹងចាប់ផ្ដើមរុះរើមុនគេនៅភូមិក្រវាន់ បន្ទាប់មកបន្តទៅភូមិស្រះស្រង់ខាងជើង និងភូមិស្រះស្រង់ខាងត្បូង” ហើយរហាលគឺជាភូមិចុងក្រោយគេដែលត្រូវចុះរុះរើ។

មេភូមិរូបនេះបានលើកឡើងទៀតថា អ្នកភូមិមានភាពស្ងប់ស្ងាត់នៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ហើយទោះបីជាអ្នកភូមិមិនព្រមចាកចេញពីផ្ទះសំបែងរបស់ខ្លួនក៏ដោយ តែលោកមិនដឹងពីគម្រោងតវ៉ាណាមួយទេ។

លោក ស៊ិន វុទ្ធី អ្នកភូមិរហាលដែលសាងសង់សំណង់មួយក្នុងចំណោមសំណង់ថ្មីៗ បានប្រាប់អ្នកយកព័ត៌មាននៅដើមខែនេះថា គាត់នឹងនៅតែតវ៉ា “ទោះបីជាអាជ្ញាធរបាញ់សម្លាប់ប្រជាពលរដ្ឋក៏ដោយ”។ លោក ស៊ិន វុទ្ធី មិនអាចទាក់ទងបានទេកាលពីម្សិលមិញ។

អាជ្ញាធរអប្សរាដែលជាស្ថាប័នរដ្ឋាភិបាលទទួលបន្ទុកគ្រប់គ្រងតំបន់ឧទ្យានបុរាណអង្គរ បានកំណត់ពេលត្រឹមថ្ងៃទី១០ ខែសីហាឱ្យរុះរើសំណង់ថ្មីៗទាំងនេះ នៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីដើមខែនេះ ហើយក្រោយពីពន្យារពេលប៉ុន្មានលើកដោយសារមានការតតាំងពីអ្នកភូមិនោះ លោកបានលើកឡើងថា ការកំណត់ពេលលើកនេះមិនមានការផ្លាស់ប្ដូរទេ។

សំណង់ថ្មីៗជាច្រើនត្រូវបានសាងសង់ឡើងប៉ុន្មានខែមុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ កាលពីថ្ងៃទី៤ ខែមិថុនា ហើយអ្នកភូមិអះអាងថា អាជ្ញាធរមិនបានបញ្ឈប់ការសាងសង់ទេ ដោយសារខ្លាចបាត់បង់សន្លឹកឆ្នោត។

លោក ស៊ុំ ម៉ាប់ ប្រធានអាជ្ញាធរអប្សរាបានទទួលស្គាល់អំឡុងសន្និសីទកាសែតមួយកាលពីខែមុនថា អាជ្ញាធរពិតជាមិនបានបញ្ឈប់ការសាងសង់មែន ដើម្បីចៀសវាងកើតមានអំពើហិង្សា និងធានាឱ្យបានថា ការបោះឆ្នោតមានដំណើរការដោយរលូន។

អាជ្ញាធរអប្សរាបានជួបបញ្ហាស្រដៀងនេះនៅមុនការបោះឆ្នោតជាតិឆ្នាំ២០១៣ ដែលអំឡុងពេលនោះសំណង់ថ្មីៗរាប់សិបត្រូវបានសាងសង់យ៉ាងឆាប់រហ័សនៅក្នុងតំបន់ឧទ្យានបុរាណអង្គរនេះ ហើយខណៈនោះអ្នកភូមិបានអះអាងស្រដៀងគ្នាថា អាជ្ញាធរមូលដ្ឋានបិទភ្នែកធ្វើមិនដឹងមិនឮដើម្បីចៀសវាងបាត់បង់សន្លឹកឆ្នោត៕ សុខុម និង ស៊ុយឈាង

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស