29.3 C
Phnom Penh

UN ទាមទារ​​ការ​បក​ស្រាយចំពោះ​ការ​និរទេស​របស់​​លោក សម រង្ស៊ី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីគណបក្សសង្គ្រោះជាតិនិយាយថា មេបក្សរបស់ខ្លួនបានលេសមិនចូលស្រុក

កាលពីម្សិលមិញ ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបាននិយាយថា រដ្ឋាភិបាលចាំបាច់ត្រូវបកស្រាយជាបន្ទាន់ចំពោះសេចក្ដីសម្រេចរបស់ខ្លួនហាមលោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងមិនឱ្យចូលប្រទេស ប៉ុន្តែបានព្យាករទុកមុនថា ការបកស្រាយនឹងមិនគួរឱ្យពេញចិត្តនោះទេ។

cam-photo-rainsy-channa-WEB-ONLY-800x533លោក សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃបានចេញសារាចរណែនាំមួយកាលពីថ្ងៃទី១៨ ខែតុលា បញ្ជាឱ្យមន្ត្រីរបស់លោកប្រើគ្រប់មធ្យោបាយដែលចាំបាច់ដើម្បីរារាំងលោក សម រង្ស៊ី កុំឱ្យចូលស្រុកវិញបាននៅតាមអាកាសយានដ្ឋានអន្តរជាតិ ឬច្រកព្រំដែននានា។

លោកស្រី វ៉ាន ហៀលី តំណាងប្រចាំប្រទេសនៃការិយាល័យឧត្ដមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បានលើកឡើងតាមរយៈសារអេឡិចត្រូនិកថា “សេចក្ដីសម្រេចបិទច្រកមិនឱ្យលោក សម រង្ស៊ី ចូលប្រទេសកម្ពុជា វិញដែលត្រូវបានប្រកាសជាសាធារណៈ គ្មានធាតុផ្សំណាមួយដែលអាចឱ្យវាយតម្លៃបានថាវាសមហេតុផលឡើយ ពោលគឺវាបង្ហាញថា សេចក្ដីសម្រេចនេះគ្មានហេតុផល និងធ្វើឡើងតាមអំពើចិត្ត”។

លោកស្រីមានប្រសាសន៍បន្ថែមទៀតថា “សេចក្ដីសម្រេចនេះចាំបាច់ត្រូវមានការបកស្រាយជាបន្ទាន់ ទោះបីជាឱកាសសម្រាប់ការបកស្រាយណាមួយដែលគណៈកម្មាធិការសិទ្ធិមនុស្សសហប្រជាជាតិមានតិចតួច ឬក៏ត្រូវបានបដិសេធក្ដី”។

នៅក្នុងការអត្ថាធិប្បាយដោយឡែកដែលអ្នកនាំពាក្យមួយរូបបានធ្វើឡើងតាមរយៈសារអេឡិចត្រូនិក គណៈកម្មាធិការសិទ្ធិមនុស្សបានកត់សម្គាល់ថា សារាចរណែនាំខាងលើបានបំពានបទប្បញ្ញត្តិនានាក្នុងកិច្ចព្រមព្រៀងអន្តរជាតិស្ដីពីសិទ្ធិស៊ីវិល និងនយោបាយដែលកម្ពុជា ក៏ជាម្ចាស់ហត្ថលេខីមួយដែរនោះ។

សារអេឡិចត្រូនិកនោះមានខ្លឹមសារដូច្នេះថា  ”គ្មានករណីណាមួយដែលអាចដកហូតសិទ្ធិរបស់បុគ្គលក្នុងការចូលប្រទេសរបស់ខ្លួនបានឡើយ។ ទោះជាយ៉ាងណា ការរឹតបន្តឹងមួយចំនួនអាចធ្វើទៅបាន ប៉ុន្តែវាគួរតែសមហេតុផលក្នុងកាលៈទេសៈណាមួយ ហើយមិនត្រូវដាក់ការរឹតបន្តឹងទាំងនោះតាមអំពើចិត្តនោះទេ។ គណៈកម្មាធិការយល់ថា មានកាលៈទេសៈតិចតួចប្រសិនបើមាន ដែលការដកហូតសិទ្ធិរបស់បុគ្គលណាម្នាក់មិនឱ្យចូលប្រទេសរបស់ខ្លួន អាចសមហេតុផល”។

រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក៏ការពារសិទ្ធិរបស់ពលរដ្ឋក្នុងការវិលត្រឡប់ចូលស្រុកវិញដែរ។ រដ្ឋធម្មនុញ្ញបានចែងថា “ពលរដ្ឋមានសេរីភាពធ្វើដំណើរឆ្ងាយជិត ហើយការតាំងលំនៅស្របច្បាប់ត្រូវបានគោរព។ ពលរដ្ឋខ្មែរត្រូវមានសិទ្ធិធ្វើដំណើរ និងតាំងលំនៅឯបរទេស និងវិលត្រឡប់មកប្រទេសវិញ”។

កាលពីម្សិលមិញ ទាំងលោក ផៃ ស៊ីផាន ដែលជាអ្នកនាំពាក្យរដ្ឋាភិបាល និងលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃសុទ្ធតែមិនអាចទាក់ទងសុំការបំភ្លឺបាន។ ចំណែកឯលោក សុខ ផល បានបដិសេធមិនធ្វើអត្ថាធិប្បាយនោះទេ។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាចបានមានប្រសាសន៍កាលពីថ្ងៃអាទិត្យថា លោក សម រង្ស៊ី ត្រូវបាននិរទេសដោយសារតែការវិលត្រឡប់របស់លោកគំរាមកំហែងដល់សន្តិភាព ស្ថិរភាព និងសុវត្ថិភាព ហើយទំនងជាបង្កឱ្យមានការបង្ហូរឈាម និងការបំផ្លិចបំផ្លាញទៀតផង។

ចំណែកឯលោក សម រង្ស៊ី បានប្ដេជ្ញាវិលចូលស្រុកវិញឱ្យបានមុនការបោះឆ្នោតក្នុងឆ្នាំ២០១៨ ថ្វីបើមានបម្រាមនេះក្ដី។ ប៉ុន្តែជាសញ្ញាបង្ហាញពីការមិនឯកភាពគ្នាក្នុងជួរគណបក្សរបស់លោក មន្ត្រីបក្សប្រឆាំងជាន់ខ្ពស់មួយរូបបានលើកឡើងថា សារាចរណែនាំនេះធ្វើឱ្យមេបក្សរបស់ខ្លួនមានលេសនៅបរទេសជាបន្តទៀត ហើយគេចវេះការចាប់ខ្លួននៅក្នុងប្រទេសដូចដែលលោកធ្លាប់បានធ្វើរយៈពេលជិត១ឆ្នាំរួចមកហើយ។

កញ្ញា កឹម មនោវិទ្យា ដែលជាសមាជិកមួយរូបនៃគណៈកម្មាធិការអចិន្ត្រៃយ៍របស់គណបក្សសង្គ្រោះជាតិ  និងជាអនុប្រធានកិច្ចការសាធារណៈនៃគណបក្សនេះ  បានបង្ហោះសាររិះគន់មេបក្សប្រឆាំងរូបនេះខ្លាំងៗតាមបណ្ដាញទំនាក់ទំនងសង្គមទ្វីតធើក្នុងរយៈពេលមួយសប្ដាហ៍កន្លងមកនេះ។

លោក សម រង្ស៊ី បានសម្រេចមិនវិលត្រឡប់មកប្រទេសកម្ពុជា វិញទេ ខណៈលោកកំពុងបំពេញទស្សនកិច្ចនៅក្រៅប្រទេសកាលពីខែវិច្ឆិកា ឆ្នាំមុន ជាពេលដែលតុលាការបានចេញដីកាចាប់ខ្លួនលោកដើម្បីដាក់ពន្ធនាគាររយៈពេល២ឆ្នាំពាក់ព័ន្ធសំណុំរឿងបរិហារកេរ្តិ៍ដែលអូសបន្លាយរាប់ឆ្នាំ។

កញ្ញា កឹម មនោវិទ្យា បានសរសេរនៅលើទ្វីតធើថា “វាមានរយៈពេល១ឆ្នាំហើយ ហើយពេលនេះគាត់អាចអះអាងនិរទេសខ្លួនជាផ្លូវការបានហើយ និងមានហេតុផលស្របច្បាប់ដើម្បីនៅបរទេសបន្តទៀត។ រដ្ឋាភិបាលនឹងហៅស្ថានភាពបែបនេះថាឈ្នះឈ្នះ គឺគណបក្សប្រជាជនកម្ពុជាក៏ឈ្នះ លោក សម រង្ស៊ី ក៏ឈ្នះ។ រដ្ឋាភិបាលឃាត់លោក សម រង្ស៊ី ឱ្យនៅបរទេសបានដោយជោគជ័យតាមរយៈការផ្ដល់លេសមួយ។ លោក សម រង្ស៊ី មានពេល១ឆ្នាំមុននឹងមាន ‘បម្រាមនេះ’”។

នៅមុននេះ កញ្ញារួមជាមួយលោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងដែលត្រូវជាឪពុករបស់ខ្លួន ធ្លាប់បានតស៊ូមតិទាមទារឱ្យលោក សម រង្ស៊ី វិលចូលប្រទេសវិញដើម្បីបង្ខំឱ្យរដ្ឋាភិបាលប្រឈមប្រតិកម្មយ៉ាងខ្លាំងចំពោះការចាប់ខ្លួនលោក ឬក៏ឈប់គំរាមចាប់ខ្លួនលោកតែម្តង។

លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានច្រានចោលការអត្ថាធិប្បាយលើកចុងក្រោយរបស់កញ្ញា កឹម មនោវិទ្យា។ លោកថ្លែងថា ”យើងមិនចាប់អារម្មណ៍ពីអ្វីដែលគាត់និយាយទេ។ ខ្ញុំត្រូវបានតែងតាំងជាផ្លូវការឱ្យធ្វើជាអ្នកនាំពាក្យគណបក្ស ហើយខ្ញុំជាអ្នកដែលត្រូវនិយាយជាមួយប្រព័ន្ធផ្សព្វផ្សាយ”៕ សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស