Opinion

ក្រសួង​អប់រំ​ យុវជន និង​កីឡា​រំពឹង​ថា ​នឹង​មាន​ការ​ដំឡើង​បន្ថែម​លើ​​ថវិកា​របស់​ខ្លួន​

ក្រសួងអប់រំ​​ យុវជន និង​កីឡា និង​ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ខ្លួន​រំពឹង​ថា នឹង​មាន​ការ​ដំឡើង​ចំនួន​១៨​ភាគរយ និង​១៥​ភាគរយ​លើ​ថវិកា​របស់​ក្រសួង​ទាំង​ពីរ​នៅ​ក្នុង​សេចក្ដី​ព្រាង​ថវិកា​ជាតិ​ឆ្នាំ​២០១៥ ដែល​ចុះ​ហត្ថលេខា​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន កាលពី​ថ្ងៃសុក្រ​។

យោង​តាម​សេចក្ដី​ថ្លែង​ការណ៍​មួយ​ចេញ​ដោយ​ទីស្ដី​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃ​សុក្រ បាន​ឲ្យ​ដឹង​ថា លោក ហ៊ុន សែន បាន​អនុម័ត​​សេចក្ដី​​ព្រាង​ថវិកា​នេះ​កាលពី​ថ្ងៃ​សុក្រ ដោយ​ស្នើ​សុំ​​ថវិកា​ចំនួន​៤ពាន់​លាន​ដុល្លារ​សម្រាប់​រដ្ឋាភិបាល​ចំណាយ​នៅ​ឆ្នាំ​ក្រោយ​។

សេចក្ដី​ថ្លែង​ការណ៍​នេះ​​​បាន​ឲ្យ​ដឹង​បន្ត​ថា ថវិកា​ដែល​ស្នើ​ឡើង​នេះ​គឺ​មាន​ការ​កើន​ឡើង​ចំនួន​១០,៨ភាគរយ​លើ​​ថវិកា​ចំនួន​៣,៥៦​ពាន់​លាន​ដុល្លារ​សម្រាប់​ឆ្នាំ​២០១៤​​ដែល​ស្មើ​នឹង​២១,០៩ភាគរយ​នៃ​ផលិត​សរុប​ក្នុង​ស្រុក​ (GDP)។

យោង​តាម​សេចក្ដី​ថ្លែង​ការណ៍នេះ​បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ថវិកា​នេះ​នឹង​អនុញ្ញាត​ឲ្យ​មាន​ការ​ដំឡើង​ប្រាក់​ខែ​ដល់​មន្ត្រី​រាជការ និង​កង​កម្លាំង​ប្រដាប់​អាវុធ​ ហើយ​ទន្ទឹម​នឹង​នោះ​ក៏នឹង​មាន​ថវិកា​បន្ថែម​ដែល​គេ​លៃលក​ទុក​សម្រាប់​ប្រើ​ក្នុង​វិស័យអប់រំ ការ​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ វិស័យ​សុខាភិបាល កសិកម្ម និង​ហេដ្ឋារចនាសម្ព័ន្ធ​ផង​ដែរ​។ សេចក្ដីថ្លែង​ការណ៍​នេះ​មិន​បាន​ប្រាប់​ឲ្យ​ដឹង​អំពី​ព័ត៌មាន​លម្អិត​ថាតើ​ថវិកា​នេះ​នឹង​ត្រូវ​ចំណាយ​តាម​របៀបណា​នោះ​ទេ។

លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ យុវជន និង​កីឡា បាន​​ឲ្យ​ដឹង​កាលពី​ម្សិល​មិញ​ថា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ប្រាប់​លោក​ថា ថវិកា​របស់​ក្រសួង​លោក​នឹង​ទទួល​បាន​ការ​ដំឡើង​ចំនួន​១៨​ភាគរយ​បន្ថែម​។

លោក​បាន​មាន​ប្រសាសន៍​ថា ” ខ្ញុំ​គិត​ថា វា​គឺ​ជា​ការបោះ​​​ជំហាន​​​ទៅ​មុខ​សម្រាប់​វិស័យ​អប់រំ”។ លោក​បាន​បន្ថែម​ថា ក្រសួង​នឹង​ប្រើ​ប្រាស់​ថវិកា​បន្ថែម​នេះ​ដើម្បី​​ដំឡើង​ប្រាក់​ខែ​គ្រូបង្រៀន និង​​​ធ្វើ​ឲ្យ​ហេដ្ឋារចនា​សម្ព័ន្ធ​សាលា​កាន់​តែ​ប្រសើរ​ឡើង​។

ចំណែក​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​​បាន​ឲ្យ​ដឹង​ថា ​ដោយ​ផ្អែក​លើ​សំណើរបស់​លោក​ទៅ​ក្រសួង​​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក​រំពឹង​ថា នឹង​ទទួល​បាន​ការ​ដំឡើង​១៥ភាគរយ​បន្ថែម​បើធៀប​ទៅ​នឹង​ថវិកា​សម្រាប់​ឆ្នាំមុន។

លោក ប៊ុនហេង បាន​មាន​ប្រសាសន៍​ថា “ថវិកា​នេះ​នឹង​ត្រូវ​យក​ទៅ​ប្រើ​ប្រាស់​ដើម្បី​ទប់​ស្កាត់​ជំងឺ​ឆ្លង​ ដើម្បី​ធ្វើ​ឲ្យ​ប្រព័ន្ធ​គាំពារ​សុខភាព​កាន់​តែ​ប្រសើរ​ឡើង​ និង​ដំឡើង​ប្រាក់​ខែ​បុគ្គលិក​”។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បាន​លើក​ឡើង​កាលពី​ម្សិលមិញ​ថា សេចក្ដី​ព្រាង​ថវិកា​នេះ​នឹង​ត្រូវ​ដាក់​ជូន​រដ្ឋសភា​​អនុម័ត​នៅ​សប្ដាហ៍​នេះ​។

លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្ស​សង្គ្រោះ​ជាតិ​បានលើក​ឡើង​ថា នៅ​មិន​ទាន់​មាន​​នរណា​ម្នាក់​នៅ​ក្នុង​គណបក្ស​ប្រឆាំង​បាន​ឃើញ​សេចក្ដីព្រាង​ថវិកា​នេះ​នៅ​ឡើយ​​ទេ​។ លោក​បាន​មាន​ប្រសាសន៍​ថា ​” គ្មាន​នរណា​ម្នាក់​អាច​បញ្ជាក់​ [ពីអ្វី​ដែល​ត្រូវ​បាន​លើក​ឡើង​នេះ​នោះ​ទេ] រហូត​ទាល់​តែ​សេចក្ដីព្រាងថវិកា​នេះ​​ត្រូវ​រដ្ឋសភា​អនុម័ត​​ជាមុន​សិន​”៕ ស៊ុយឈាង​​​​​​​​​

 

© 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.