Opinion

ខណៈគូប្រជែងបែក​​​ខ្ញែកគ្នា​​​ លោក ​​​ហ៊ុន សែន ​​​ចុះទៅ​​​​​​មូលដ្ឋាន​​​យ៉ាង​​​សកម្ម​​​ទូទាំង​​​ប្រទេស​​​ដើម្បី​​​ស្វែងរក​​​ការទ្រ

លោកគឺជាអធិរាជហ្វេសប៊ុកដែលមិនអាចប្រកែកបាន។ ពេលលោកមិនលេងអីុនធឺណិត គឺលោកកំពុងតែធ្វើដំណើរចុះទៅតាមទីផ្សារនានាតាមបណ្តាខេត្តដោយបានឈប់ឱបអាជីវករ ឬថតរូបសែលហ្វីជាក្រុម ដែលជារូបភាពមួយបង្ហាញថា “បុគ្គលបឡូកក្នុងឆាកនយោបាយដ៏សាមញ្ញមួយរូបដែលមានពលរដ្ឋស្រឡាញ់ចូលចិត្ត”។

cam-photo-hun-sen-1លោកបានព្រមាននៅក្នុងសារដែលមានការសញ្ជឹងគិតយ៉ាងខ្លាំងមុនបង្ហោះតាមអីុនធឺណិតជាបន្តបន្ទាប់ថា វៀតណាមដាច់ខាតកំុលូកដៃចូលនៅក្នុងកិច្ចការរបស់កម្ពុជាហើយឈប់សំដែងឬកជាប្រទេសជិតខាងដែលជាចៅហ្វាយនាយរបស់កម្ពុជាទៀត។

នៅក្នុងការកែប្រែថ្មីបំផុតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យប្លែកពីមុន លោកមើលទៅស្ទើរតែដូចនឹងលោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងដែរ។

ចាប់តាំងពីលោក សម រង្ស៊ី បានភៀសខ្លួនទៅទីក្រុងប៉ារីសកាលពីចុងឆ្នាំមុន ហើយលោក កឹម សុខា ដែលជាអនុប្រធានរបស់លោកត្រូវបានគេបង្ខំឲ្យរត់ទៅពួនសម្ងំលាក់ខ្លួននៅក្នុងទីស្នាក់ការកណ្តាលរបស់គណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី២៦ ខែឧសភាដើម្បីគេចពីការជាប់ពន្ធនាគារមកលោកហ៊ុន សែន បានរកឃើញវិធីទាក់ទាញចំណាប់អារម្មណ៍ភ្លាមៗនៅក្នុងការដេញជើងការចុះទៅជួបប្រជាពលរដ្ឋមូលដ្ឋានយ៉ាងញឹកញាប់របស់មេដឹកនាំគណបក្សប្រឆាំងទាំងពីររូបនេះ។

ដោយបានធ្វើដំណើរទៅខេត្តចំនួន១៨ ក្នុងចំណោមខេត្តចំនួន២៤នៅទូទាំងប្រទេសចាប់តាំងពីដំណើរចុះតាមខេត្តរបស់លោកបានចាប់ផ្តើមកាលពីខែមុនមក ការចូលចិត្តខុសពីធម្មតារបស់លោក ហ៊ុន សែន នៅក្នុងការថតរូបជាមួយអាជីវករនៅតាមផ្សារនានាទូទាំងប្រទេស កន្លែងដែលលោក សម រង្ស៊ី ធ្លាប់ចុះទៅ ពេលចាប់ផ្តើមប្រឡូកក្នុងអាជីពនយោបាយនៅក្នុងទសវត្សរ៍ឆ្នាំ១៩៩០នោះ មិនមែនថាគ្មានគេចាប់អារម្មណ៍នោះទេ។

ព្រះតេជគុណ ប៊ុត ប៊ុនតិញ ព្រះសង្ឃប្រកាន់ជំហរប្រឆាំង និងជាប្រធានបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គមបានមានសង្ឃដីកាថា “លោក ហ៊ុន សែន ចាក់សោ ទ្វារ ហើយឥឡូវនេះកំពុងតែប្រឌិតរឿងដោយខ្លួនឯង។ គាត់ព្យាយាមស្តារប្រជាប្រិយភាពដែលបាត់បង់ ហើយទាក់ទាញសំឡេងឆ្លោតមកវិញ”។

ព្រះតេជគុណបានមានសង្ឃដីកាបន្តថា”គាត់ចាក់សោ លោក សម រង្ស៊ី និង លោក កឹម សុខា នៅខាងក្នុង ហើយគាត់យកតុលាការ និងយោធាមកគំរាមគេឯង។លោក ហ៊ុន សែន កំពុងតែលេងល្បែងនយោបាយដែលគ្មានការចូលរួមដោយស្មើភាព គាត់ធ្វើអ្វីៗតាមតែចិត្តចង់ ប៉ុន្តែ គណបក្សប្រឆាំងគ្មានឱកាសនោះឡើយ”។

ដោយការបោះឆ្នោតឃុំសង្កាត់ដែលនឹងធ្វើឡើងនៅខែមិថុនា ឆ្នាំ២០១៧ នៅសល់រយៈពេលមិនដល់១ឆ្នាំផងនោះ ឥឡូវនេះវេទិកាដែលជារឿយៗធ្លាប់តែចុះតាមបណ្តាខេត្តរបស់គណបក្សសង្គ្រោះជាតិ បានចុះខ្សោយម្តងបន្តិចៗហើយ ដោយសារតែគ្មានមេដឹកនាំទាំងពីររូបរបស់ខ្លួន រីឯលោកនាយករដ្ឋមន្ត្រីវិញ ហាក់បីដូចជាចងចាំត្រង់ចំណុចមួយដែលលោកធ្លាប់ជួបប្រទះ។

និន្នាការថ្មីរបស់លោក ហ៊ុន សែន ដែលតែងតែចុះទៅតាមផ្សារនីមួយៗមានភាពលេចធ្លោខ្លាំង។ អំឡុងភាពតានតឹងក្រោយការបោះឆ្នោតឆ្នាំ២០១៣ លោកនាយករដ្ឋមន្ត្រីបានចំអកខ្លាំងៗឲ្យលោក សម រង្ស៊ី ចំពោះកិត្តិសព្ទ និងបុព្វហេតុនយោបាយរបស់លោក។

cam-photo-hun-sen_2ដោយធ្វើសំឡេងដូចស្រីដើម្បីចំអកឲ្យលោក សម រង្ស៊ី នោះ លោកបានមានប្រសាសន៍អំឡុងពេលថ្លែងសុន្ទរកថាកាលពីខែមីនាឆ្នាំ ២០១៤ថា ពួកគេទៅតាមផ្សារ ហើយសួរ ថា ‘អង្ករមួយគីឡូក្រាមថ្លៃប៉ុន្មាន?”‘។

ដោយនៅតែធ្វើសំឡេងដូចស្រីដើម្បីបន្តចំអកចំពោះអ្វីដែលលោកបានលើកឡើងថា ជាការមិនគោរពសន្យារបស់គណបក្សសង្គ្រោះជាតិនោះ លោកបានបន្តថា “ពួកគេនិយាយថា ‘អ៊ូយ! អីក៏ថ្លៃម៉េស ប្រជាពលរដ្ឋចាស់ៗរបស់យើងប្រាកដជានឹងស្លាប់ហើយ ?”‘។

លោក ហ៊ុន សែន ក៏បានលេងសើចទាក់ទិននឹងលោក សម រង្ស៊ី ផងដែរចំពោះយុទ្ធនាការតាមហ្វេសប៊ុករបស់លោកដែលលោកនាយករដ្ឋមន្ត្រីមិនព្រមទទួលស្គាល់រហូតដល់ឆ្នាំមុន ទោះបីជាមេដឹកនាំគណបក្សប្រឆាំងរូបនេះបានជួយធ្វើឲ្យគណបក្សសង្គ្រោះជាតិទទួលបានជោគជ័យយ៉ាងខ្លាំងក្នុងការបោះឆ្នោតកាលពីខែកក្កដា ឆ្នាំ២០១៣ដោយសារតែយុទ្ធនាការតាមបណ្តាញទំនាក់ទំនងសង្គមនេះក៏ដោយ។

លោក ហ៊ុន សែន បានមានប្រសាសន៍កាលពីខែមិថុនា ឆ្នាំ២០១៣ បន្ទាប់ពីលោក សម រង្ស៊ី អួតថា មានការចុចចូលចិត្ត(like) ច្រើននៅលើបណ្តាញទំនាក់ទំនងសង្គមនេះនោះថា ” លោកឯងឈ្នះដោយសារតែប្រើប្រាស់វាតែម្នាក់ឯង ខ្ញុំគ្មានហ្វេសប៊ុកណាមួយឡើយ”។

លោក ហ៊ុន សែន បានបន្តថា “ខ្ញុំសូមផ្ញើសារដល់យុវជនទាំងអស់ដែលចូលរួមក្នុងវេទិកាហ្វេសប៊ុកទាំងនេះថា គឺលោក [សម រង្ស៊ី] កំពុងតែបោកប្រាស់ដើម្បីទទួលបាន Likeរបស់ក្មួយៗ។ខ្ញុំគ្មានហ្វេសប៊ុកដើម្បីប្រកួតប្រជែងជាមួយនរណាម្នាក់ឡើយ”។

ប៉ុន្តែចាប់តាំងពីការប្រកាសទទួលស្គាល់មួយឆ្នាំកន្លងមកនេះ លោក ហ៊ុន សែន បានបង្កើតទំព័រមួយដែលឥឡូវមានក្រុមផ្សព្វផ្សាយព័ត៌មានផ្ទាល់ខ្លួន ហើយក៏មានការផ្សាយផ្ទាល់អំពីកម្មវិធីទូរទស្សន៍ល្បីៗផងដែរ។ អំឡុងពេលចុះទៅតាមបណ្តាខេត្ត ការផ្តល់ព័ត៌មានថ្មីស្តីពីដំណើររបស់លោក ត្រូវបានបង្ហោះជាច្រើនលើកច្រើនសាក្នុងមួយថ្ងៃ។

ទោះជាយ៉ាងណា ការដែលយល់ឃើញថា លោក ហ៊ុន សែន ប្រហែលជាយកគំរូតាមយុទ្ធសាស្ត្ររបស់មេដឹកនាំគណបក្សប្រឆាំងនោះ គឺមិនពិតទេ នេះបើយោងតាមលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី។

លោក ផៃ ស៊ីផាន បានមានប្រសាសន៍ថា “គណបក្សប្រជាជនកម្ពុជាមិនដែលយកគំរូតាមលោក សម រង្ស៊ី ឬ គណបក្សសង្គ្រោះជាតិឡើយ យើងមានរបៀបវារៈផ្ទាល់ខ្លួន”។

លោកបានពន្យល់ថា លោកនាយករដ្ឋមន្ត្រី ដែលជាកូនគ្រួសារអ្នកជនបទធម្មតា តាមពិតទៅស័ក្តិសមនឹងជីវិតអ្នកផ្សារជាងលោក សម រង្ស៊ី ដែលជាកូនគ្រួសារអ្នកនយោបាយដ៏លេចធ្លោមុនរបបខ្មែរក្រហម។

លោក ផៃ ស៊ីផាន បានថ្លែងថា “សម្តេច ហ៊ុន សែន សាមញ្ញណាស់។ សម្តេចមិនមែនជាគ្រួសារអភិជនដូចលោក សម រង្ស៊ី ទេ។ សម្តេច ហ៊ុន សែន ទៅគ្រប់ទីកន្លែងលោក សាមញ្ញណាស់។ លោក សម រង្ស៊ី ពាក់កម្រងផ្កា ហើយដើរតែសន្យា ប៉ុន្តែសម្តេច ហ៊ុន សែន ធ្វើអ្វីៗឱ្យកើតឡើងតាមបំណងរបស់អាជីវករ”។

លោក សម រង្ស៊ី បានលើកឡើងនៅក្នុងអីុម៉េលថា លោកនាយករដ្ឋមន្ត្រីកំពុងលុបបំបាត់លទ្ធិ ប្រជាធិបតេយ្យដោយកម្ចាត់សត្រូវរបស់ខ្លួន។

លោក សម រង្ស៊ី បានថ្លែងថា “លោក ហ៊ុន សែនមិនបានបង្ហាញការលេងដោយយុត្តិ ធម៌ឬភាពជាអ្នកកីឡាទេ។ គាត់ដូចជាអ្នក កីឡាប្រដាល់ ដែលនៅការប្រកួតទាំងអស់ ចង់វ៉ៃតែម្នាក់ឯង ហើយយកឈ្នះដោយស្រួលពីព្រោះមិនមានគូប្រកួតដែលប្រឈមមុខជាមួយគាត់”។

លោកបានបន្តថា “ការប្រើប្រាស់ទាហាន នគរបាល តុលាការ និងពន្ធនាគារដែលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា គាត់រារាំងខ្ញុំ ពីព្រោះខ្ញុំជាអ្នកប្រកួតប្រជែងពិតប្រាដកតែម្នាក់គត់របស់គាត់ មិនឱ្យឡើងសង្វៀន មានន័យថាប្រកួតប្រជែងក្នុងការបោះឆ្នោត”។

ដោយលើកឡើងថាការធ្វើយុទ្ធនាការរបស់លោក ហ៊ុន សែន មិនត្រូវបានប្រជាពលរដ្ឋយកចិត្តទុកដាក់នោះ លោកបាន បន្ថែមថា អវត្តមានថ្នាក់ដឹកនាំអាចធ្វើឱ្យគណបក្សសង្គ្រោះជាតិចុះខ្សោយច្រើន ។

13988275_1069151826466647_5074299686977225590_oលោកបានលើកឡើងទៀតថា “នៅពេលឆាប់ៗនេះ លោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជានឹងដឹងច្បាស់ថា ហ្វេសប៊ុកពិតជាប្រឆាំងពួកគេ ពីព្រោះឥឡូវនេះប្រជាពលរដ្ឋកាន់តែទទួលបានព័ត៌មាន កាន់តែរិះគន់ និងកាន់តែឆ្លាតវៃ ជាពិសេសយុវជនជំនាន់ក្រោយ”។

ប៉ុន្តែមិនត្រឹមតែលោក សម រង្ស៊ី និងលោក កឹម សុខា ទេ ដែលត្រូវបានបង្ខំមិនឲ្យចូលរួមនៅក្នុងយុទ្ធនាការឃោសនានោះតំណាងរាស្ត្រម្នាក់ និងសមាជិកព្រឹទ្ធសភាគណបក្សប្រឆាំងមួយរូបក៏បានជាប់ពន្ធនាគាររួចហើយដែរ ហើយមួយចំនួនប្រឈមនឹងវិធានការផ្លូវច្បាប់ ដោយករណីមួយចំនួនបញ្ជាដោយលោកនាយករដ្ឋមន្ត្រី។

លោក កែវ ភិរម្យ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា ភាគច្រើននៃតំណាងរាស្ត្រគណបក្សប្រឆាំង៥៣រូបដែលនៅមានសេរីភាព ឥឡូវនេះមានការប្រយ័ត្នប្រយែងក្នុងការរិះគន់លោករដ្ឋាភិបាលដោយបារម្ភថាលោក ហ៊ុន សែន អាចមានឥទ្ធិពលលើប្រព័ន្ធតុលាការ។

លោក កែវ ភិរម្យ បានមានប្រសាសន៍ថា “តាមការយល់ឃើញ យើងគិតថា យើងត្រូវប្រុងប្រយ័ត្នបន្ថែមទៀតអំពីអ្វីដែលយើងកំពុងនិយាយ និងអ្វីដែលយើងកំពុងធ្វើដោយសាររឿងក្តីតុលាការទាំងអស់ ហើយតំណាងរាស្ត្ររបស់យើងមួយចំនួននៅក្នុងពន្ធនាគារនៅឡើយ”។

លោកបានថ្លែងថា “វាធ្វើឱ្យយើងទាំងអស់គ្នាមានកង្វល់។ប៉ុន្តែយើងនៅតែចុះទៅតាមខេត្ត។ ការងារប្រចាំថ្ងៃគឺនៅដដែល ប៉ុន្តែយើងបាត់បង់ប្រសិទ្ធភាពមួយចំនួន នៅពេលមេដឹកនាំទាំងពីររូបមិនអាចដើរហើរដោយសេរីបាន។គេបានដាក់យើងក្នុងតួនាទីដ៏លំបាកក្នុងការប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជា”។

ទោះយ៉ាងណា ព្រះតេជគុណ ប៊ុត ប៊ុនតិញ បានមានសង្ឃដីកាថា លោក ហ៊ុន សែន បង្ហាញឱ្យឃើញថា លោកមិនមានទំនុកចិត្តក្នុងការប្រកួតប្រជែងជាមួយលោក សម រង្ស៊ី និងលោក កឹម សុខា ដោយស្មើភាពឡើយ។

ព្រះតេជគុណបានមានសង្ឃដីកាបន្តថា   “ប្រសិនបើគាត់បើកឱកាស ហើយផ្តល់ឱកាសស្មើភាពដល់គណបក្សប្រឆាំង… គណបក្សប្រជាជនកម្ពុជានឹងដួលរលំ។ អាត្មាមិននិយាយថាចាញ់ឆ្នោតទេ។ ពួកគេនឹងដួលរលំតែម្តង។ ដូច្នេះ ពួកគេចាក់សោទ្វារ ហើយដើរឥតគោលដៅ”៕ ស៊ុយឈាង និង សារុន

© 2016, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.