Opinion

ចំពោះមេដឹកនាំគណបក្សប្រជាជនកម្ពុជាមានទ្រព្យធន កំណែទម្រង់មិនមានសារៈសំខាន់ទេ

ប្រព័ន្ធថែទាំសុខភាពមិនគួរឲ្យជឿទុកចិត្តទេ ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ដូចជាជនកម្ពុជាដទៃទៀត ធ្វើដំណើរតាមយន្តហោះទៅក្រៅប្រទេសដើម្បីពិនិត្យសុខភាព។ ប្រព័ន្ធអប់រំរបស់ប្រទេសទន់ខ្សោយដែលមានផលធៀបសិស្សនិងគ្រូខ្ពស់ ពោលគឺ៥០នាក់ក្នុងគ្រូម្នាក់នៅតាមសាលាបឋមសិក្សាខេត្តមួយចំនួន។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពេលពិនិត្យសុខភាពក្នុងប្រទេសសិង្ហបុរីកាលពីចុងខែមុន នៅក្នុងរូបថតបង្ហោះលើទំព័រហ្វេសប៊ុករបស់លោក
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពេលពិនិត្យសុខភាពក្នុងប្រទេសសិង្ហបុរីកាលពីចុងខែមុន នៅក្នុងរូបថតបង្ហោះលើទំព័រហ្វេសប៊ុករបស់លោក

សាកលវិទ្យាល័យនានាមិនល្អប្រសើរទេ ដោយមាននិយោជកនិយាយថា និស្សិតបញ្ចប់ការសិក្សានាពេលថ្មីៗនេះមានការអប់រំខ្សោយណាស់ដែលពួកគេត្រូវបណ្តុះបណ្តាលគេតាំងពីចំណុចចាប់ផ្តើម។ និស្សិតដែលមានការងារគឺជានិស្សិតមានសំណាង ដោយមានយុវជនរាប់រយរាប់ពាន់អ្នកដែលមិនអាចរកការងារធ្វើបានទេ។

យ៉ាងហោចណាស់មានពលរដ្ឋកម្ពុជាប្រហែល១លាននាក់បានឆ្លងដែនទៅរកការងារធ្វើជាកម្មករនៅក្នុងប្រទេសថៃ ទោះបីមានរបាយការណ៍ជារឿយៗថា មានការធ្វើបាបក៏ដោយ ព្រោះថា ការងារតូចតាចនៅក្នុងប្រទេសយ៉ាងហោចណាស់ផ្តល់ឲ្យពួកគេនូវវិធីដើម្បីទ្រទ្រង់គ្រួសារពួកគេ។

ក្រុងភ្នំពេញជាមជ្ឈមណ្ឌលពាណិជ្ជកម្មរបស់ប្រទេស ក្លាយទៅជាតំបន់លិចទឹករាប់ម៉ោងនៅពេលដែលមានភ្លៀងធ្លាក់ខ្លាំង។ ផ្លូវធំៗកំពុងជួសជុលឡើងវិញជារឿយៗ នៅពេលដែលផ្លូវមួយត្រូវជួសជុលរួច ផ្លូវមួយទៀតក៏ធ្វើដំណើរមិនកើតដែរ ដោយសារតែការកាត់បន្ថយតម្លៃសាងសង់។

មិនថាលោកអ្នកក្រឡេកមើលទៅទីណាទេ សេវាជាមូលដ្ឋានរញ៉េរញ៉ៃ។ ប៉ុន្តែ រដ្ឋាភិបាលលោក ហ៊ុន សែន ដែលមានមោទនភាពលើខ្លួនឯងក្នុងកិច្ចអភិវឌ្ឍ ដែលខ្លួនបានផ្តល់ឲ្យជាង៣៧ឆ្នាំពេលកំពុងកាន់អំណាច គឺបានចំណាយពេលយ៉ាងច្រើននៅឆ្នាំនេះដោយប្រើប្រាស់ធនធានរបស់ខ្លួន ដើម្បីរំខានឥតឈប់ឈរ និងចាប់ខ្លួនមន្ត្រីបក្សប្រឆាំងនិងអ្នករិះគន់។

ចាប់តាំងពីមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី បានភៀសខ្លួនចេញពីប្រទេសកាលពីឆ្នាំមុនដោយសារភ័យខ្លាចការចាប់ខ្លួន ហើយអនុប្រធានរបស់លោក គឺលោក កឹម សុខា សម្ងំស្នាក់នៅក្នុងទីស្នាក់ការគណបក្សសង្គ្រោះជាតិ ដោយសារហេតុផលដូចគ្នាដែរនោះ គណបក្សកាន់អំណាចទំនងជាសម្រេចថា វានឹងងាយស្រួលក្នុងការបំផ្លាញសត្រូវរបស់ខ្លួនជាងដោះស្រាយបញ្ហារ៉ាំរ៉ៃ។

លោក អ៊ូ វីរៈ នាយកវេទិកាអនាគតបាននិយាយថា “វាមិនមែនដោយសារតែដៃរបស់គេត្រូវបានចងនោះទេ។ គេមានអំណាចច្រើន គេមានប្រាក់កាសច្រើន ហើយគេមានធនធានមនុស្សល្អច្រើនជាងគណបក្សប្រឆាំង។ ប៉ុន្តែ បញ្ហាត្រង់ថា គេមិនអាចរៀបចំយុទ្ធសាស្ត្រកំណែទម្រង់ដ៏ទូលំទូលាយបានទេ”។

លោកបាននិយាយថា “តាមមធ្យោបាយជាច្រើន វាចង្អុលទៅរកគណបក្សប្រជាជនកម្ពុជាដែលអន់ចិត្តនិងច្រឡំវិលវល់ ពីព្រោះគេទំនងជាមិនដឹងថាត្រូវធ្វើយ៉ាងម៉េចទេ”។

ប៉ុន្តែ វាមិនគួរឲ្យភ្ញាក់ផ្អើលទេថា បញ្ហាដែលប្រឈមមុខកម្ពុជា ដែលបន្តជំរុញប្រទេសនេះនៅពីក្រោយដាច់ឆ្ងាយពីប្រទេសជិតខាងរបស់ខ្លួន គឺទំនងជាមិនអាចដោះស្រាយបាននោះទេ ដោយមេដឹកនាំគណបក្សប្រជាជនកម្ពុជាជារឿយៗបដិសេធថា មិនមានបញ្ហាអ៊ីចឹងកើតឡើងទេ។

លោក ហ៊ុន សែន ដែលកាលពីសប្តាហ៍មុនបានធ្វើដំណើរទៅប្រទេសសិង្ហបុរី ដើម្បីពិនិត្យសុខភាព បានវាយបកយ៉ាងខ្លាំងតបនឹងការរិះគន់នៃវិស័យថែទាំសុខភាព ដោយការពារវេជ្ជបណ្ឌិតក្នុងស្រុកនៅដើមឆ្នាំនេះ ក្រោយពីអ្នកជំនាញវេជ្ជសាស្ត្របាននិយាយថា គ្មានអ្វីក្រៅតែពីបដិវត្តនោះទេ។

លោក ហ៊ុន សែន បានមានប្រសាសន៍អំពីអ្នករិះគន់ក្នុងសុន្ទរកថាមួយកាលពីខែមីនាថា “ពួកគេបានមើលស្រាលចំពោះមន្ត្រីសុខាភិបាលនិងគ្រូពេទ្យរបស់យើងប្រហែល២០.០០០នាក់រហូតមានអ្នកខ្លះអំពាវនាវឲ្យធ្វើបដិវត្តន៍នៅក្នុងគ្រូពេទ្យ។ ភាគច្រើននៃគ្រូពេទ្យរបស់យើងមានក្រមសីលធម៌ ទទួលខុសត្រូវដោយវិជ្ជាជីវៈ និងលះបង់ជួយជីវិតប្រជាជន”។

សុន្ទរកថានេះមិនបានធ្វើឲ្យជឿដល់អ្នកដែលអំពាវនាវសុំឲ្យមានកំណែទម្រង់ថែទាំសុខភាពនោះទេ។

លោក គួច ម៉េងលី ជាវេជ្ជបណ្ឌិតដ៏លេចធ្លោដែលសិក្សានៅសហរដ្ឋអាមេរិក និងជាពាណិជ្ជករបាននិយាយក្រោយពីសុន្ទរកថាថា “ក្នុងពេលដែលលោកនិយាយថា មាន[វេជ្ជបណ្ឌិតអាក្រក់] មួយចំនួនតូចប៉ុណ្ណោះ ចំណែកឯអ្នកដែលឆ្លងកាត់រឿងនេះនិយាយថា មានច្រើនណាស់”។

ឆាំ ប៊ុនថេត មន្ត្រីបក្សប្រជាធិបតេយ្យមូលដ្ឋាន បាននិយាយថា ទស្សនពិតប្រាកដរបស់លោក ហ៊ុន សែន ទៅលើប្រព័ន្ធថៃទាំសុខភាពរបស់ប្រទេស បានបង្ហាញយ៉ាងច្បាស់ដោយជម្រើសរបស់លោកមិនប្រើប្រាស់ប្រព័ន្ធសុខភាពនេះ។

លោក ប៊ុនថេត បាននិយាយថា “នាយករដ្ឋមន្ត្រីរបស់យើងទុកចិត្តលើសេវាសុខភាពរបស់សិង្ហបុរីថា ល្អជាង។ អ្នកមានទ្រព្យ និងឋានៈមធ្យមរបស់យើងទុកចិត្តលើសេវាថែទាំសុខភាពថៃថាប្រសើរជាង។ មនុស្សឋានៈទាបទុកចិត្តលើសេវាថែទាំសុខភាពវៀតណាមថាល្អជាង”។

លោកបាននិយាយថា “មានតែអ្នកក្រីក្រពិតប្រាកដប៉ុណ្ណោះ ជឿទុកចិត្តលើសេវាសុខភាពកម្ពុជា”។

ប្រព័ន្ធអប់រំកម្ពុជាមានបញ្ហាខ្លះៗនៅក្នុងការប៉ាន់ប្រមាណរបស់លោក ហ៊ុន សែន។ នៅពេលលោក រង្ស៊ី បាននិយាយកាលពីឆ្នាំមុនថា សញ្ញាប័ត្រសាកលវិទ្យាល័យក្នុងស្រុកគ្មានតម្លៃទេ ដោយមាននិស្សិតរៀនចប់មួយចំនួនធ្វើជាអ្នករត់ម៉ូតូឌុប ស្រាប់តែលោកនាយករដ្ឋមន្ត្រីបានវាយបក។

លោក ហ៊ុន សែន បានមានប្រសាសន៍ក្នុងពិធីចែកសញ្ញាប័ត្រក្នុងខែតុលា ដោយចោទលោក រង្ស៊ី ថា ជាវរជននិយមថា “ទោះបីសញ្ញាប័ត្រទាំងនេះ ត្រូវគេមើលស្រាលថា ជាសញ្ញាប័ត្រគ្មានតម្លៃក៏ដោយ ក៏នៅក្នុងភ្នែកខ្ញុំ សញ្ញាប័ត្រដែលខ្ញុំចែកថ្ងៃនេះនិងបានចែកពីមុន គឺមានតម្លៃសម្រាប់កូនខ្មែរ”។

លោក ហ៊ុន សែន បានមានប្រសាសន៍ថា “កុំលើកលែងអ្នកដែលមើលស្រាលដែលនិយាយថា សញ្ញប័ត្រអត់តម្លៃ”។

ទោះជាយ៉ាងនេះក្តី លោក ហ៊ុន សែន មិនអាចរាប់បញ្ជូនកូនរបស់លោកទៅក្នុងចំណាមអ្នកដែលត្រូវគេមើលស្រាលនោះទេ ដែលពួកគេសុទ្ធតែទទួលបានសិទ្ធិទៅរៀននៅបរទេស។ កូនប្រុសច្បងរបស់លោកគឺលោក ហ៊ុន ម៉ាណែត បានទៅសិក្សានៅសាកលវិទ្យាល័យសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ចំណែកឯកូនប្រុសពៅរបស់លោកគឺលោក ហ៊ុន ម៉ានី ជាតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា បានទៅសិក្សានៅសាកលវិទ្យាល័យសហរដ្ឋអាមេរិកនិងអូស្ត្រាលី។

រឿងដូចគ្នានេះអាចត្រូវគេនិយាយអំពីមេដឹកនាំគណបក្សប្រជាជនទាំងអស់ ឬចំពោះអ្នកដែលមានទ្រព្យធនគ្រប់គ្រាន់ក្នុងការរាប់បញ្ចូលពួកគេទៅក្នុងបណ្តាក្រុមអភិជន ដោយមានជម្រើសអាចបង់ថ្លៃសាលាបឋមសិក្សានិងមធ្យមសិក្សាឯកជនដែលធ្វើឲ្យកូនរបស់ពួកគេមិនសិក្សានៅសាលារដ្ឋ។

លោក ហង់ ជួនណារុ៉ន រដ្ឋមន្ត្រីក្រសួងអប់រំ ដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីកំណែទម្រង់ថ្មី ក្រោយពីការបោះឆ្នោតជាតិនាឆ្នាំ២០១៣ ត្រូវមជ្ឈដ្ឋាននានាសរសើរចំពោះកំណែទម្រង់របស់លោកទៅលើការប្រឡងមធ្យមសិក្សាទុតិយភូមិ ហើយដំឡើងប្រាក់ខែឲ្យគ្រូសាលារដ្ឋ។

ទោះជាយ៉ាងនេះក្តី អ្នកខ្លះត្អូញត្អែរថា ការងារលំបាកៗដែលត្រូវធ្វើដើម្បីលើកកម្ពស់គុណភាពទាំងស្រុងក្នុងការអប់រំសាធារណៈនៅតែខ្វះខាតដដែល។

លោក មីហ្គេល ចាន់កូ ជាអ្នកវិភាគថ្នាក់តំបន់នៅឯអង្គភាព  The Economist’s Intelligence Unitបាននិយាយថា “នៅទីបញ្ចប់ និយាយឲ្យចំទៅគឺខ្វះធនធានតែម្តង”។

លោកបាននិយាយនៅក្នុងសារអីុម៉ែលថា “ជាឧទាហរណ៍ មានសិស្ស៤៥នាក់បង្រៀនដោយគ្រូបឋមសិក្សាម្នាក់នៅកម្ពុជា នៅលើប្រទេសហ្វីលីពីន (៣១នាក់ដែលខ្ពស់បំផុតទី២នៅអាស៊ាន) និងភូមា (២៨នាក់ ដែលខ្ពស់បំផុតទី៣)។ តួលេខនៅតាមបណ្តាខេត្តខ្លះកាន់តែអាក្រក់ជាងនេះ ដោយមានការទទួលស្គាល់ផ្ទាល់របស់រដ្ឋាភិបាល។

លោក ចាន់កូ បាននិយាយថា ចំណាយសាធារណៈទៅលើការអប់រំបានកើនឡើងនៅក្រោមការដឹកនាំរបស់លោក ជួនណារ៉ុន  ប៉ុន្តែ នៅតែដាច់ឆ្ងាយពីក្រោយប្រទេសអាស៊ានដទៃទៀត ដែលជាសមាមាត្រនៃចំណាយសាធារណៈសរុប។ លោកបាននិយាយថា ហើយមានការចង្អុលបញ្ជាក់មួយចំនួនដែលថា អ្វីៗនឹងផ្លាស់ប្តូរក្នុងពេលខាងមុខ ដោយមានអាទិភាពរបស់គណបក្សប្រជាជនកម្ពុជានៅកន្លែងផ្សេងទៀត។

លោកបាននិយាយបន្ថែមថា “ដោយរដ្ឋាភិបាលពិតជាផ្តោតលើការរក្សាអំណាចនៅក្នុងការបោះឆ្នោតជាតិក្នុងឆ្នាំ២០១៧-១៨ ខ្ញុំព្រួយបារម្ភថា តម្រូវការរយៈពេលវែងរបស់កម្ពុជា (ដូចជាការអប់រំ) នឹងបន្តស្ថិតនៅទាបនៅក្នុងបញ្ជីអាទិភាពរបស់អ្នកធ្វើគោលនយោបាយ”។

លោកបាននិយាយបន្តថា “សរុបទៅ ហានិភ័យនៃការមិនខ្វល់ខ្វាយរបស់រដ្ឋាភិបាលគឺថា កម្ពុជាមិនអាចធ្វើទៅកើតទេ”។

ដោយការបោះឆ្នោតកាន់តែចូលមកកៀក  ការកាន់តែកើតឡើងនូវការអាក់អន់ស្រពន់ចិត្តនឹងសេវាមូលដ្ឋានដែលត្រូវគេលើកឡើងនៅតាមហាងកាហ្វេនានា និងតាមបណ្តាញសង្គម គួរធ្វើឲ្យគណបក្សកាន់អំណាចពិចារណាឡើងវិញចំពោះបញ្ហានេះ ទោះបីជាខ្លួនកំពុងធ្វើឲ្យគណបក្សសង្គ្រោះជាតិចុះខ្សោយ ដោយធ្វើការចាប់ខ្លួន និងការគំរាមកំហែងប្តឹងទៅតុលាការនៅពេលខាងមុខក៏ដោយ។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានទាត់ចោលការលើកឡើងថា ការរស់នៅដោយមានសិទ្ធិពិសេសរបស់មេដឹកនាំរដ្ឋាភិបាលបានធ្វើឲ្យពួកគេនៅដាច់ដោយឡែកពីបញ្ហាទាំងឡាយដែលប្រឈមដោយជនក្រីក្រ។

លោក ស៊ីផាន បានសួរថា “តើលោកគិតថា ត្រឹមត្រូវទេថា ខ្ញុំបើករថយន្តឡង់គ្រិស័រ ហើយមនុស្សម្នាក់ទៀតបើកម៉ូតូ? តើអ្នកជាមនុស្សកុម្មុយនីស្ត ឬយ៉ាងម៉េច? កម្ពុជាមិនអាចរកវេជ្ជបណ្ឌិតល្អៗបានទេ ពីព្រោះគេត្រូវបានសម្លាប់ដោយខ្មែរក្រហម។ អ៊ីចឹង អ្វីដែលលោកឃើញគឺជាអ្វីដែលលោកមាន”។

អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីនេះបាននិយាយថា មេដឹកនាំគណបក្សប្រជាជនកម្ពុជាដែលមានលុយកាក់មានសិទ្ធិប្រើតាមដែលគេពេញចិត្ត។

លោកបាននិយាយ “យើងមានមនុស្សឋានៈខ្ពស់មួយចំនួន ឋានៈទាប ហើយឋានៈកណ្តាលដែលកំពុងតែកើនឡើង ហើយឋានៈកណ្តាលជាប្រភពនៃពន្ធភាគច្រើន អ៊ីចឹងយើងស៊ូទ្រាំ។ យើងកំពុងរង់ចាំឲ្យមានផលិតផលក្នុងស្រុកសរុបកើនឡើង ហើយបន្ទាប់មកខ្ញុំគិតថា ប្រព័ន្ធថែទាំសុខភាពក៏នឹងល្អប្រសើរដែរ”។

លោក វីរៈ ប្រធានវេទិកាអនាគតបាននិយាយថា ចំពោះមជ្ឈដ្ឋានភាគច្រើន ការអត់ធ្មត់ក៏កាន់លែងមានហើយ។

លោក វីរៈ បាននិយាយថា “ខ្ញុំមិនគិតថា ហ៊ុន សែន ប្រើអ្វីដែលមានដើម្បីនាំកម្ពុជាទៅកាន់កម្រិតបន្ទាប់នោះទេ។ លោកបានធ្វើការងារបានសម្រេចមិនគួរឲ្យជឿកាលពីអតីតកាល គឺការបញ្ចប់ខ្មែរក្រហម ហើយប្រភេទនៃនយោបាយដែលបានបម្រើគេបានល្អ ប៉ុន្តែ វាមិនទំនងជាបម្រើពួកគេបានតទៅទៀតទេ”។

លោកបាននិយាយថា ដំណាក់កាលបន្ទាប់នៃវឌ្ឍនភាពតម្រូវឲ្យមានរបៀបវារៈច្បាស់លាស់ ដើម្បីដោះស្រាយបញ្ហាត្រាំត្រែងដែលធ្វើឲ្យប្រទេសជាតិដើរថយក្រោយ ជាអ្វីដែលលោក ហ៊ុន សែន មិនបានផ្តល់ឲ្យ។

លោកបាននិយាយថា “គ្មានសង្គ្រាម ឬជម្លោះផ្សេងៗទេ ហើយលោកក៏មិនទំនងជាអាចដោះស្រាយបញ្ហាសព្វថ្ងៃនេះបានដែរ”៕

 

 

© 2016, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.