Opinion

ភាពតានតឹង​​​កើតឡើង​​​អំឡុង​​​សវនា​​​ការ​​​ឧទ្ធរណ៍របស់អ្នក​​​ស្រី ទេព វន្នី

អ្នកស្រី ទេព វន្នី សកម្មជនសិទ្ធិដីធ្លីដ៏ឆ្នើមមួយរូបនៅតែគឃ្លើនកាលពីម្សិលមិញ អំឡុងសវនាការសាលាឧទ្ធរណ៍ដោយជំទាស់នឹងការផ្ដន្ទាទោសអ្នកស្រីឱ្យជាប់ពន្ធនាគាររយៈពេលជាង២ឆ្នាំ ជុំវិញការចោទប្រកាន់ពាក់ព័ន្ធការតវ៉ាកាលពីឆ្នាំ២០១៣ នៅមុខភូមិគ្រឹះរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

នៅខាងក្រៅសាលាឧទ្ធរណ៍ សមាជិកមួយក្រុមមានគ្នាប្រហែល៣០នាក់ មកពីសហគមន៍បឹងកក់ដែលញាំញីដោយការបណ្ដេញចេញ បានទាមទារឱ្យដោះលែងអ្នកស្រី ដោយមានកាន់បដាដែលស្រែករួមគ្នាថា “ដោះលែងអ្នកស្រី ទេព វន្នី”។

អ្នកគាំទ្រអ្នកស្រី ទេព វន្នី តវ៉ានៅខាងក្រៅសាលាឧទ្ធរណ៍ដែលស្ថិតក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
អ្នកគាំទ្រអ្នកស្រី ទេព វន្នី តវ៉ានៅខាងក្រៅសាលាឧទ្ធរណ៍ដែលស្ថិតក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

យោងតាមអង្គការសិទ្ធិមនុស្សលីកាដូបានឱ្យដឹងថា អ្នកស្រី ទេព វន្នី ស្ថិតក្នុងចំណោមអ្នកទោសនយោបាយយ៉ាងតិច២០នាក់នៅក្នុងប្រទេស។ រឿងក្តីរបស់អ្នកស្រីត្រូវបានមជ្ឈដ្ឋានទូទៅចាត់ទុកថា ជាផ្នែកមួយនៃចំណាត់ការរបស់រដ្ឋាភិបាលទៅលើអ្នករិះគន់ចាប់ពីអ្នកការពារសិទ្ធិមនុស្សរហូតដល់អ្នកវិភាគនយោបាយ និងមន្ត្រីគណបក្សប្រឆាំងក្នុងបំណងបំបិទសំឡេងអ្នកប្រឆាំង។ ឥឡូវនេះអ្នកស្រីជាប់ពន្ធនាគារអស់រយៈពេល៣៤៨ថ្ងៃហើយ។

អ្នកស្រី ទេព វន្នី បានអះអាងដដែលៗថា អ្នកស្រីជាមនុស្សស្អាតស្អំនៅក្នុងតុលាការកាលពីម្សិលមិញ ដោយនិយាយការពារសកម្មភាពរបស់អ្នកស្រីក្រោមការសាកសួររបស់ព្រះរាជអាជ្ញា  ខណៈដែលពួកគាត់ទាំងពីរបាននិយាយកាត់គ្នាទៅវិញទៅមកអំឡុងសវនាការរយៈពេលពេញ២ម៉ោង។

លោកព្រះរាជអាជ្ញា សរ យសថាវរៈ បានមានប្រសាសន៍ថា អ្នកស្រី ទេព វន្នី គ្មានសិទ្ធិហែក្បួនទៅកាន់ភូមិគ្រឹះរបស់លោក ហ៊ុន សែន ឡើយ ពីព្រោះវាជាលំនៅដ្ឋានឯកជន ហើយអ្នកស្រីបានញុះញង់ឱ្យមានអំពើហិង្សា។

ដោយប្រើគោរមងារលោក ហ៊ុន សែន លោកបានមានប្រសាសន៍ថា “ហេតុអ្វីបានជាទៅលំនៅដ្ឋានឯកជនរបស់សម្ដេច?។ ម៉េចក៏មិនទៅស្ថាប័នរដ្ឋទៅ?”។

លោកបានបន្ថែមថា បើទោះជាក្រុមរបស់អ្នកមិនបានព្យាយាមទៅលំនៅដ្ឋាននោះក៏ដោយ ចំណុចគឺស្ថិតនៅត្រង់ថាអ្នកប្រឆាំងនឹងអាជ្ញាធរ”។

ប៉ុន្តែបើតាមអ្នកស្រី ទេព វន្នី ការទៅកាន់ភូមិគ្រឹះរបស់លោកនាយករដ្ឋមន្ត្រីស្ថិតនៅក្នុងរាជធានីភ្នំពេញដើម្បីដាក់ញត្តិនោះ គឺជាការព្យាយាមចុងក្រោយបង្អស់ដើម្បីសុំឱ្យមានការដោះលែងសកម្មជនរបស់ពួកគាត់គឺអ្នកស្រី យ៉ោម បុប្ផា។

អ្នកស្រីបានសួរទាក់ទងញត្តិនោះថា “ដោយសារស្ថាប័នថ្នាក់ក្រោមទាំងនោះមិនដែលទទួលយក តើមានអ្នកណាផ្សេងក្រៅពីសម្ដេចដែលយើងអាចសាកល្បងនោះ?។ ប្រសិនបើសម្ដេចបានប្រាប់ប្រជាពលរដ្ឋថា មានការហាមឃាត់មិនឱ្យដាក់ញត្តិទៅសម្ដេចនោះ ខ្ញុំស្បថថា ខ្ញុំនឹងមិនទៅទេ”។

នៅរសៀលថ្ងៃនោះ ក្រឡាបញ្ជីម្នាក់បានអានឮៗនូវរបាយការណ៍រៀបរាប់ហេតុការណ៍ដែលបានកត់ត្រានៅថ្ងៃតវ៉ាតាមដើមចោទនៅក្នុងរឿងក្ដីនេះ គឺលោក ហោ ហឿន សន្តិសុខខណ្ឌដូនពេញ។

អ្នកគាំទ្រអ្នកស្រី ទេព វន្នី តវ៉ានៅខាងក្រៅសាលាឧទ្ធរណ៍ដែលស្ថិតក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
អ្នកគាំទ្រអ្នកស្រី ទេព វន្នី តវ៉ានៅខាងក្រៅសាលាឧទ្ធរណ៍ដែលស្ថិតក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

របាយការណ៍របស់លោក ហោ ហឿន លើកឡើងថា អ្នកស្រី ទេព វន្នី អ្នកស្រី យ៉ោម បុប្ផា និងសមាជិកសហគមន៍ម្នាក់ទៀតគឺអ្នកស្រី បូវ ស្រីស្រស់ ពាក់ព័ន្ធនឹងការប៉ះទង្គិចគ្នាដោយហិង្សា។ ប៉ុន្តែអ្នកស្រី ទេព វន្នី បាននិយាយថា របាយការណ៍នោះពោរពេញទៅដោយគុណវិបត្តិ។

អ្នកស្រីបន្តថា “វាជារបាយការណ៍ប្រឌិត ពីព្រោះអ្នកស្រី យ៉ោម បុប្ផា ស្ថិតក្នុងពន្ធនាគារ ហើយអ្នកស្រី បូវ ស្រីស្រស់ មិនដែលចូលរួមការតវ៉ាឡើយបន្ទាប់ពីឆ្នាំ២០១១ ព្រោះអ្នកស្រីរលូតកូន”។

កាលពីថ្ងៃពុធ អង្គការសង្គមស៊ីវិលចំនួន២៧ រួមទាំងអង្គការលីកាដូផងបានទាមទារសេរីភាពសម្រាប់អ្នកស្រី ទេព វន្នី ដោយលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍មួយថាករណីក្នុងពេលបច្ចុប្បន្ននេះគឺ “ផ្នែកលើសកម្មភាពអហិង្សារបស់អ្នកស្រីនៅការតវ៉ាកាលពីឆ្នាំ២០១៣ ដែលក្នុងនោះអ្នកស្រីត្រូវបានផ្ដន្ទាទោសយ៉ាងធ្ងន់ធ្ងរឱ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ និង៦ខែ”។

នៅពេលបញ្ចប់សវនាការ អ្នកស្រី ទេព វន្នី ដែលមានទឹកភ្នែករលីងរលោងបានឱបកូនអ្នកស្រីទាំងពីរនាក់ ខណៈអ្នកស្រីត្រូវបាននាំចេញមកក្រៅតុលាការ។ អ្នកគាំទ្រអ្នកស្រីបានបន្តស្រែកនៅខាងក្រៅ។

មុនពេលរុញចូលទៅក្នុងរថយន្តដឹកទៅកាន់ពន្ធនាគារវិញ អ្នកស្រីបាននិយាយថា “ការសម្រេចថាតើនឹងមានយុត្តិធម៌ឬអត់នោះ អាស្រ័យលើសម្ដេចនាយករដ្ឋមន្ត្រី”។

សេចក្ដីសម្រេចរបស់តុលាការលើបណ្ដឹងឧទ្ធរណ៍របស់អ្នកស្រីពីការផ្ដន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំកន្លះពាក់ព័ន្ធហិង្សាដោយចេតនានោះ គ្រោងនឹងប្រកាសនៅថ្ងៃទី៨ ខែសីហា៕ សារុន

 

© 2017, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.