Opinion

សហរដ្ឋ​​​អាមេរិក​​​​​​​​ដាក់​​​ទណ្ឌកម្ម​​​​ទិដ្ឋាការ​​​លើប្រទេស​​​កម្ពុជា​​​ និង​​​ប្រទេស​​​ចំនួន​​​៣ផ្សេង​​​ទៀត​​​

យោងតាមមន្ត្រីសហរដ្ឋអាមេរិកមួយរូបបានឱ្យដឹងថា  សហរដ្ឋអាមេរិកចាប់ផ្តើមដាក់ការរឹតបន្តឹងទិដ្ឋាការលើប្រទេសចំនួន៤រួមទាំងកម្ពុជាផង ដោយអនុវត្តច្បាប់ដែលអនុញ្ញាតឱ្យដាក់ទណ្ឌកម្ម ពេលប្រទេស[បរទេស]បដិសេធមិនព្រមទទួលយកពលរដ្ឋខ្លួនឯងដែលត្រូវបានចាត់ទុកថា រស់នៅក្នុងទឹកដីសហរដ្ឋអាមេរិកដោយខុសច្បាប់។

អ្នកនាំពាក្យក្រសួងសន្តិសុខជាតិសហរដ្ឋអាមេរិកបានប្រាប់បណ្តាញសារព័ត៌មាន CNN ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកអំពីការផ្អាកទិដ្ឋាការនេះកាលពីព្រឹកម្សិលមិញ ហើយមន្ត្រីសហរដ្ឋអាមេរិកមួយរូបដែលនិយាយក្នុងលក្ខខណ្ឌអនាមិកបានបញ្ជាក់ពីព័ត៌មាននេះតាមក្រោយនៅថ្ងៃដដែលនោះ។

មន្ត្រីសហរដ្ឋអាមេរិករូបនេះបានលើកឡើងថា “ក្រសួងការបរទេស[សហរដ្ឋអាមេរិក] បានទទួលការជូនដំណឹងពីក្រសួងការពារជាតិឱ្យផ្អាកទិដ្ឋាការ”។

ចំណាត់ការេនះកើតមានឡើងបន្ទាប់ពីមានការចរចាគ្នារាប់ខែរវាងសហរដ្ឋអាមេរិក និងកម្ពុជាពាក់ព័ន្ធកិច្ចព្រមព្រៀងឆ្នាំ២០០២ដែលអនុញ្ញាតឱ្យសហរដ្ឋអាមេរិកនិរទេសជនជាតិខ្មែរដែលត្រូវបានកាត់ឱ្យជាប់ទោសពីបទឧក្រិដ្ឋ។

មន្ត្រីដដែលនេះបានលើកឡើងបន្តែមថា គេនៅមិនទាន់ច្បាស់នៅឡើយទេ ថាតើពលរដ្ឋខ្មែរទាំងអស់នឹងរងផលប៉ះពាល់ ឬយ៉ាងណានោះ ហើយព័ត៌មានលម្អិតអំពីការរឹតបន្តឹងនេះមិនទាន់ចេញនោះទេរហូតទាល់តែសហរដ្ឋអាមេរិកជូនដំណឹងដល់រដ្ឋាភិបាលពាក់ព័ន្ធចប់សព្វគ្រប់សិន។

មន្ត្រីនិយាយក្នុងលក្ខខណ្ឌអនាមិករូបនេះបានថ្លែងថា “ព័ត៌មានលម្អិតជាក់លាក់មិនទាន់ចេញទេ រហូតទាល់តែការពិភាក្សាជាមួយរដ្ឋាភិបាលដែលរងផលប៉ះពាល់ចប់សព្វគ្រប់សិន”។

នៅក្នុងអីុម៉េលមួយកាលពីយប់មិញ អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកមួយរូបបានបដិសេធមិនធ្វើអត្ថាធិប្បាយលើព័ត៌មានជាក់លាក់នោះឡើយ ប៉ុន្តែ បានលើកឡើងថា ការផ្អាកទិដ្ឋាការ “ប្រហែលរួមមានប្រភេទអ្នកដាក់ពាក្យសុំទិដ្ឋាការដែលកំណត់ដោយក្រសួងនេះតាមប្រទេសមួយៗ”។

អ្នកនាំពាក្យរូបនេះបានបន្ថែមថា “ការរឹតបន្តឹងទិដ្ឋាការទាំងនេះមិនប៉ះពាល់ដល់សេវាកុងសុ៊ុលផ្សេងៗទៀតដែលផ្តល់ឱ្យនោះឡើយ ដោយការវិនិច្ឆ័យពាក្យសុំរបស់បុគ្គលនីមួយៗមិនរាប់បញ្ចូលនៅក្នុងការរឹតបន្តឹងនេះទេ”។

ប្រទេសទាំង៤នេះដែលក៏រួមមានប្រទេស អេរីត្រេ ហ្គីណេ និង សៀរ៉ាឡេអូន ផងដែរគឺស្ថិតនៅក្នុងបញ្ជីនៃប្រទេសជាច្រើនដែលសហរដ្ឋអាមេរិកចាត់ទុកថា មិនសហការក្នុងការទទួលយកពលរដ្ឋខ្លួនឯងវិញ នេះបើយោងតាមសេចក្តីរាយការណ៍ព័ត៌មាន CNN ។ គេមិនច្បាស់ទេថា តើហេតុអ្វីបានជាសហរដ្ឋអាមេរិកជ្រើសរើសប្រទេសទាំងនេះជាគោលដៅរឹតបន្តឹង។

សេចក្តីរាយការណ៍ព័ត៌មាននេះថា “ខណៈសហរដ្ឋអាមេរិក ជាធម្មតាមានបញ្ជីនៃប្រទេសដែលចាត់ទុកថា មិនសហការនោះ មានតែប្រទេសពីរប៉ុណ្ណោះដែលទទួលរងទណ្ឌកម្មនាពេលកន្លងមកក្រោមច្បាប់នេះ គឺប្រទេស ហ្គីយ៉ាន នៅក្នុងឆ្នាំ២០០១ និងប្រទេស ហ្គំប៊ី នៅក្នុងឆ្នាំ ២០១៦”។ សេចក្តីរាយការណ៍នេះមានខ្លឹមសារបន្តថា “នៅក្នុងករណីទាំងពីរនេះទិដ្ឋាការរបស់សហរដ្ឋអាមេរិកគឺរឹតបន្តឹងលើមន្ត្រីទូត និងមន្ត្រីរដ្ឋាភិបាលជាក់លាក់តែម្តង”។

ប្រទេសកម្ពុជាឈប់ចេញឯកសារធ្វើដំណើរសម្រាប់ពលរដ្ឋដែលត្រូវនិរទេសពីសហរដ្ឋអាមេរិកកាលពីខែតុលា នេះបើយោងតាមលោក Bill Herod ស្ថាបនិកមជ្ឈមណ្ឌលគាំទ្រការធ្វើសមាហរណកម្មនិរទេសជន (Returnee Integration Support Center)ហៅកាត់ RISCដែលគាំទ្រនិរទេសជនកម្ពុជាតាំងពីឆ្នាំ២០០២មក។

មានពលរដ្ឋខ្មែរចំនួន៥៦៦នាក់ត្រូវបាននិរទេសពីសហរដ្ឋអាមេរិកមកវិញ ចាប់តាំងពីកម្ពុជាបានចុះអនុស្សរណៈនៃការយោគយល់គ្នា(MoU) ដោយអនុញ្ញាតឱ្យសហរដ្ឋអាមេរិកអាចនិរទេសជនជាតិខ្មែររស់នៅជាអចិន្ត្រៃយ៍ ដែលកាត់ឱ្យជាប់ទោសពីបទឧក្រិដ្ឋមក។ ពួកគេភាគច្រើនកើតនៅជំរំភៀសខ្លួនក្នុងប្រទេសថៃ បន្ទាប់ពីគ្រួសាររបស់ពួកគេគេចពីសង្គ្រាមនៅកម្ពុជា ហើយធ្វើអន្តោប្រវេសន៍ទៅសហរដ្ឋអាមេរិកពេលនៅជាកុមារ។

កាលពីសប្តាហ៍មុនលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានលើកឡើងថា កម្ពុជាកំពុងរង់ចាំការជួបគ្នាជាលើកទី២ជាមួយសហរដ្ឋអាមេរិកបន្ទាប់ពីស្នើសុំឱ្យមានការធ្វើវិសោធនកម្មលើកិច្ចព្រមព្រៀងនេះខណៈស្ថានទូតសហរដ្ឋអាមេរិកលើកឡើងថា ការពិភាក្សាកំពុងបន្ត។

លោកឧត្តមសេនីយ៍ ខៀវ សុភ័គ បានលើកឡើងនៅពេលនោះថា “យើងស្នើសុំថា អ្នកទាំងនោះគួរតែនិរទេសផ្អែកលើមូលដ្ឋានស្ម័គ្រចិត្ត”។ លោកមិនអាចទាក់ទងសុំការពន្យល់បានទេកាលពីម្សិលមិញ។

ទាំងលោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងលោក កែម សារិន ប្រធានរដ្ឋបាលនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃសុទ្ធតែមិនអាចទាក់ទងសុំការអត្ថាធិប្បាយបាន។ លោក កែវ វណ្ណថនអ្នកនាំពាក្យក្រសួងនេះបានចុចបិទទូរស័ព្ទពេលអ្នកយកព័ត៌មានទាក់ទងទៅ។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលបានលើកឡើងថា លោកទទួលបានដំណឹងអំពីសេចក្តីរាយការណ៍ព័ត៌មានទាក់ទិននឹងការផ្អាកនេះ ប៉ុន្តែ មិនទាន់ទទួលបានការបញ្ជាក់ជាផ្លូវការនៅឡើយទេ។

លោកបានលើកឡើងម្តងទៀតអំពីជំហរក្នុងពេលថ្មីៗរបស់រដ្ឋាភិបាលដែលថា ការនិរទេសនេះរំលោភសិទ្ធិមនុស្ស ហើយថា MoU គួរតែពិនិត្យឡើងវិញ។

សំដៅដល់ជនជាតិខ្មែរដែលត្រូវបាននិរទេសមកវិញ លោកបានមានប្រសាសន៍ថា “អ្នកទាំងនោះអនុវត្តទោសរបស់ខ្លួនរួចហើយ”។ លោកបានបន្ថែមថា “រដ្ឋាភិបាល[សហរដ្ឋអាមេរិក] បំបែកពួកគេពីក្រុមគ្រួសារ”។

លោក Bill Herod ស្ថាបនិក RISC បានលើកឡើងកាលពីម្សិលមិញថា ការរឹតបន្តឹងទិដ្ឋាការនេះស្ថិតក្នុងការ “ព្យាករ និងរំពឹងទុក”។

លោកបានលើកឡើងទៀតថា សហរដ្ឋអាមេរិកមិនមានបំណងចរចាអំពីកិច្ចព្រមព្រៀងនេះដូចកម្ពុជាទេ។

លោកបានមានប្រសាសន៍ថា “សហរដ្ឋអាមេរិកដាក់ការរឹតបន្តឹងទិដ្ឋាការគឺដើម្បីជាការឆ្លើយតបតទាមទារឱ្យ ‘ទទួលយក MoU បើពុំដូច្នោះទេយើងនឹងដាក់ការបន្តឹង”‘។

ស្ថាបនិក RISC រូបនេះក៏បានលើកឡើងផងដែរថា បញ្ហាេនះកើតចេញពី “ឥរិយាបថក្នុងពេលថ្មីៗចំពោះសហរដ្ឋអាមេរិក ការគំរាមលើកាសែត ខេមបូឌា ដេលី និងប្រព័ន្ធផ្សព្វផ្សាយបរទេស ព្រមទាំងអង្គការផ្សេងៗទៀត”។

ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងកម្ពុជាបានកើនឡើងកម្តៅក្នុងរយៈរយៈពេល១សប្តាហ៍មកនេះ។កាលពីថ្ងៃពុធ រដ្ឋាភិបាលបញ្ជាឱ្យបិទអង្គការឃ្លាំមើលប្រជាធិបតេយ្យដែលគាំទ្រដោយសហរដ្ឋអាមេរិក គឺវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) ហើយចេញបទបញ្ជាបណ្តេញបុគ្គលិករបស់អង្គការនេះចេញពីប្រទេស ខណៈប្រព័ន្ធផ្សព្វផ្សាយទទួលបានការគាំទ្រពីសហរដ្ឋអាមេរិកប្រឈមការគំរាមស្រដៀងគ្នានេះ។

លោក មាស នី អ្នកវិភាគនយោបាយបានព្យាករថា ស្ថានភាពនេះអាចកាន់តែអាក្រក់ទៅនៅប៉ុន្មានសប្តាហ៍ខាងមុខ។

លោកបានបន្ថែមថា “ខ្ញុំមានអារម្មណ៍ថា នឹងមានការសងសឹកបន្ថែមទៀតប្រសិនបើភាពតានតឹងផ្នែកនយោបាយនៅតែបន្ត”៕ ស៊ុយឈាង

© 2017, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.