Opinion

អតីតមន្ត្រីគណបក្ស​​សង្គ្រោះ​​ជាតិនៅខេត្តកំពង់ធំម្នាក់ត្រូវបានជនមិនស្គាល់មុខវាយយ៉ាងដំណំ

អតីត​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​កំពង់ធំ​មក​ពី​គណបក្ស​សង្រ្គោះ​ជាតិ​ម្នាក់​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​វាយ​យ៉ាង​ដំណំ ​និង​ប្លន់​យក​ទូរស័ព្ទ​ថែម​ទៀត។ ​ ការ​វាយ​ដំ​នេះ​កើត​មាន​ឡើង​ក្រោយ​ពេល​មាន​ការ​ព្រមាន​ឱ្យ​អតីត​មន្ត្រី​រូប​នោះ ​បញ្ឈប់​សកម្ម​ភាព​នយោបាយ​ពាក់​ព័ន្ធ​គណបក្ស​សង្រ្គោះ​ជាតិ​ត​ទៅ​ទៀត​ និង​គំរាម​បណ្តេញ​ចេញ​ពី​ក្រប​ខណ្ឌ​រដ្ឋ​ ប្រសិន​បើពួក​គេ​នៅតែ​បន្ត​សកម្ម​ភាព​នយោបាយ​ជាមួយ​គណ​បក្ស​សង្រ្គោះ​ជាតិ​ត​ទៅ​ទៀត។​

អតីត​សមាជិក​គណៈ​កម្មការ​ប្រតិបត្តិ​ខេត្ត​កំពង់​ធំ​គណបក្ស​សង្រ្គោះ​ជាតិ​លោក​ថៃ ធីម ​បាន​ឱ្យ​ដឹង​នៅ​រសៀល​នេះ​ថា ​មិត្ត​រួម​ការ​ងារ​របស់​លោក​ម្នាក់​គឺ ​លោក​ស៊ុន ធន់​ដែល​ជា​អតីត​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​កំពង់ធំ​មក​ពី​បក្ស​សង្រ្គោះ​ជាតិ​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​បញ្ចោត​ឡើង​ឡាន ​និង​វាយ​ដំ​ព្រម​ទាំង​ដក​ហូត​យក​ទូរស័ព្ទ​ទៅ​បាត់​តែ​ម្តង។​

លោក​បន្ត​ថា ​ពួកគាត់​ទាំង​ពីរ​នាក់​បាន​សម្រេច​ធ្វើ​លិខិត​បញ្ឈប់​សកម្ម​ភាព​ពាក់ព័ន្ធ​នឹង​គណបក្ស​សង្រ្គោះ​ជាតិ​ ហើយ​លាលែង​ពី​ឆាក​នយោបាយ​តែ​ម្តង​ ក្រោយ​ពេល​មាន​ការ​គំរាម​ពី​មន្ត្រី​នៅ​មន្ទីរ​អប់រំ​យុវជន ​និង​កីឡា ​ខេត្ត​ថា ​នឹង​បណ្តេញ​ពួក​គាត់​ចេញ​ពី​ក្រប​ខណ្ឌ​ក្រសួង​អប់រំ​ ប្រសិន​បើ​ពួក​លោក​នៅតែ​បន្ត​សកម្ម​ភាព​នយោបាយ​ជាមួយ​គណបក្ស​សង្រ្គោះ​ជាតិ​បន្ត​ទៀត។​

បច្ចុប្បន្ន​លោក​ថៃ ធីម​ជា​មន្ត្រី​ការិយាល័យ​អប់រំ​ យុវជន​និង​កីឡា​ក្រុង​ស្ទឹងសែន​ និង​ជា​អតីត​គ្រូ​បង្រៀន​ឯកទេស​ភាសា​បារាំង​នៅ​វិទ្យាល័យ​កំពង់ធំ។​ ចំណែក​លោក​ស៊ុន ធន់​បច្ចុប្បន្ន​ជា​បុគ្គលិក​បម្រើ​ការងារ​នៅ​អនុវិទ្យាល័យ​ទួល​ដំណាក់​ក្នុង​ស្រុក​បារាយណ៍។​

គណនី​ហ្វេសប៊ុក​របស់​លោក​ថៃ ធីម​នៅ​ថ្ងៃ​នេះ ​បាន​ចេញ​លិខិត​មួយ​ប្រកាស​ថា​ លោក​សូម​ធ្វើ​ការ​លាឈប់​ពី​ជីវិត​អ្នក​នយោបាយ​ និង​ឈប់​ពាក់​ព័ន្ធ​ជាមួយ​គណបក្ស​សង្រ្គោះ​ជាតិ​បន្ត​ទៀត។​ លោក​បាន​សុំលា​ជន​រួម​ឈាម​និង​សុំទោស​ដែល​មិន​អាច​បន្ត​ដំណើរ​ទៅ​មុខ​ជាមួយ​គ្នា​បាន​ ប៉ុន្តែ​សម្រាប់​ការងារ​សង្គម​ដូច​ជាការ​ជួយ​ក្មេង ​ចាស់​ជរា​ ជន​ក្រីក្រ ​ដាំកូន​ឈើ​ក្នុង​សាលា ​ឬ​ក្នុង​វត្ត​អារាម​ព្រមទាំង​ការ​ចុះ​បង្រៀន​ក្មេង​ស្រុក​ស្រែ​ជាដើម​នោះ ​លោក​នឹង​នៅតែ​បន្ត​សកម្ម​ភាព​ទាំង​នេះ​ដដែល។​

លោក​ស៊ុន ធន់​និង​​លោក​ថៃ ធីម​ជា​មន្ត្រី​គណបក្ស​សង្រ្គោះ​ជាតិ​ដ៏​សកម្ម​ហើយ​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ ​ពួក​គេ​ក៏​សកម្ម​ក្នុង​ការ​ជួប​ជុំ​អតីត​សកម្ម​ជន​ និង​មន្ត្រី​បក្ស​ប្រឆាំង​មួយ​នេះ​នៅ​ខេត្ត​កំពង់ធំ​ដើម្បី​ធ្វើ​ពិធី​ហូប​នំ​បញ្ចុក​ស្នេហា​ជាតិ​ឥត​ឈប់​ឈរ​ផង​ដែរ៕​

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.