Opinion

អ្នក​វិភាគ​ចាត់ទុក​ការ​តែង​តាំង​លោក​យន្ត មីន​ជា​នាយ​ឧត្តម​សេនីយ៍​ផ្កាយ​មាស​៤​ធ្វើ​ឱ្យ​សីល​ធម៌​និង​គុណ​ធម៌​ខ្មែរ​ធ្លាក់​ចុះ​

អ្នក​វិភាគ​នយោបាយ​លោក​បណ្ឌិត​ឡៅ ម៉ុងហៃ ​សម្តែង​ការ​សោក​ ស្តាយ​ជា​ខ្លាំង​ ក្រោយ​ពេល​រាជ​រដ្ឋាភិបាល​ប្រកាស​ផ្តល់​តំណែង​ធំ​ថ្មី​មួយ​ ក្នុង​ក្រសួង​ការ​ពារ​ជាតិ​ ដល់​អតីត​ចៅ​ហ្វាយ​ខេត្ត​ព្រះ​សីហនុ​លោក​យន្ត មីន​ដែល​ទើប​នឹង​លាលែង​បាន​ប៉ុន្មាន​ម៉ោង។​

លោក​លាលែង​ពី​តំណែង​អភិបាល​ខេត្ត​នោះ​ដោយ​លោក​ទទួល​ស្គាល់​កំហុស​និង​អសមត្ថ​ភាព​ក្នុង​ការ​គ្រប់គ្រង​របស់​​ ​បន្ទាប់​ពី​មាន​ហេតុ​ការណ៍​បាក់​រលំ​អគារ​កម្ពស់​៧​ជាន់​នៅ​ខេត្ត​ព្រះ​សីហនុ​បណ្តាល​ឱ្យ​ពល​រដ្ឋ​រាប់សិប​នាក់​ស្លាប់​និង​របួស។​

អ្នក​វិភាគ​ចាស់​វស្សា​រូប​នេះ​បាន​លើក​ឡើង​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​នេះ​ថា ​អនិច្ចា​ចំពោះ​សង្គម​ជាតិ​ខ្មែរ ​ដែល​សីសធម៌​ និង​គុណធម៌​កាន់​តែ​បន្ត​ធ្លាក់​ចុះ។​

លោក​ថា ​កន្លង​មក​ប្រមុខ​រដ្ឋាភិបាល​តែង​លើក​ឡើង​ថា​ មិន​ចូល​ចិត្ត​ទង្វើ​អគុណ​ធម៌​ និង​ធ្លាប់​បាន​ប្រកាស​ទុក​ឲ្យ​មាន​តែ​នាយ​ឧត្តម​សេនីយ៍​ផ្កាយ​មាស​៤​ តែ២​រូប​ក្នុង​ជួរ​កង​ទ័ព​ប៉ុណ្ណោះ ​ប៉ុន្តែ​បែរ​ជា​តែង​តាំង​អតីត​អភិបាល​ខេត្ត​ព្រះ​សីហនុ​លោក​យន្ត មីន​ជា​នាយ​ឧត្តម​សេនីយ៍ ​ឬ​ជា​មន្ត្រី​ផ្កាយ​មាស​៤ ​ទៅ​វិញ។​

លោក​បន្ត​ថា ​សពជន​រួម​ជាតិ​ចំនួន​២៨​នាក់​មិន​ទាន់​បាន​ធ្វើ​បុណ្យ​៧​ថ្ងៃ​ផង​ ស្រាប់​តែ​រដ្ឋាភិបាល​រហ័ស​រហន់​ដំឡើង​​ស័ក្តិយស​កាន់តែ​ខ្ពស់​ ដល់​មន្ត្រី​ដែល​នៅ​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​បាក់​រលំ​អគារ​កម្ពស់​៧​ជាន់​ សម្លាប់​ជន​រួម​ជាតិ​ទៅ​វិញ។​
លោក​បន្ត​ថា ​ការ​ធ្វើ​បែប​នេះ​ខូច​ឈ្មោះ  ​ខូច​ស័ក្តិ ​ខូច​មុខ​តំណែង ​ហើយ​ខូច​ទាំង​ឈ្មោះ​អ្នក​ស្នើ​និង​ខូច​កិត្តិយស​ទាំង​អ្នក​ផ្តល់​ឲ្យ​ថែម​ទៀត​ផង។​ មិន​តែ​ប៉ុណ្ណោះ ​ក៏​ធ្វើ​ឱ្យ​បាត់​បង់​ការ​គោរព ​និង​ការ​ជឿទុក​ចិត្ត​ពី​អ្នក​ដទៃ​ ហើយ​បាត់​បង់​ឫទ្ធានុភាព​ទៅ​លើ​អ្នក​ដទៃ ​ព្រម​ទាំង​ធ្វើ​ឱ្យ​ការ​គ្រប់គ្រង​ក្នុង​សង្គម​ជួប​ការ​លំបាក​មិន​ខាន។​

លោក​បណ្ឌិត​ឡៅ ម៉ុងហៃ​អះអាង​ថា​ ការ​ស៊ើប​អង្កេត​ស្វែង​រក​ការណ៍​ពិត​និង​ការ​ទទួល​ខុសត្រូវ​ចំពោះ​ការ​បាក់​រលំ​អគារ​ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​និង​របួស​ជាង​៥០​នាក់​នោះ​នឹង​ជួប​ការ​លំបាក​មិនខាន​ ដោយ​សារ​អ្នក​ពាក់​ព័ន្ធ​មាន​បុណ្យ​ស័ក្តិ​កាន់​តែ​ខ្ពស់​និង​កាន់​មុខ​តំណែង​កាន់​តែ​ធំ​ជាង​មុន។​

ការ​លើក​ឡើង​នេះ​ធ្វើ​ឡើង​ក្រោយ​ពេល​ព្រះ​មហា​ក្សត្រ​ខ្មែរ​បាន​ចេញ​ព្រះ​រាជ​ក្រឹត្យ​មួយ​ កាល​ពី​ថ្ងៃ​ម្សិល​មិញ​ត្រាស់​បង្គាប់​តែង​តាំង ​លោក​យន្ត មីន​ជា​រដ្ឋ​លេខាធិការ​ក្រសួង​ការ​ពារ​ជាតិ​ និង​តម្លើង​ឋានន្តរ​ស័ក្កិ​ពីឧត្តម​សេនីយ៍​ឯក​ផ្ដាយ​មាស​៣​ទៅជា​នាយ​ឧត្តម​សេនីយ៍​ផ្ដាយ​មាស​៤៕

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.