ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសុខាភិបាលបានឲ្យដឹងកាលពីម្សិលមិញថា ខ្លួនរំពឹងថា នឹងមានការដំឡើងចំនួន១៨ភាគរយ និង១៥ភាគរយលើថវិការបស់ក្រសួងទាំងពីរនៅក្នុងសេចក្ដីព្រាងថវិកាជាតិឆ្នាំ២០១៥ ដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃសុក្រ។
យោងតាមសេចក្ដីថ្លែងការណ៍មួយចេញដោយទីស្ដីគណៈរដ្ឋមន្ត្រីកាលពីថ្ងៃសុក្រ បានឲ្យដឹងថា លោក ហ៊ុន សែន បានអនុម័តសេចក្ដីព្រាងថវិកានេះកាលពីថ្ងៃសុក្រ ដោយស្នើសុំថវិកាចំនួន៤ពាន់លានដុល្លារសម្រាប់រដ្ឋាភិបាលចំណាយនៅឆ្នាំក្រោយ។
សេចក្ដីថ្លែងការណ៍នេះបានឲ្យដឹងបន្តថា ថវិកាដែលស្នើឡើងនេះគឺមានការកើនឡើងចំនួន១០,៨ភាគរយលើថវិកាចំនួន៣,៥៦ពាន់លានដុល្លារសម្រាប់ឆ្នាំ២០១៤ដែលស្មើនឹង២១,០៩ភាគរយនៃផលិតសរុបក្នុងស្រុក (GDP)។
យោងតាមសេចក្ដីថ្លែងការណ៍នេះបានឲ្យដឹងបន្ថែមទៀតថា ថវិកានេះនឹងអនុញ្ញាតឲ្យមានការដំឡើងប្រាក់ខែដល់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ហើយទន្ទឹមនឹងនោះក៏នឹងមានថវិកាបន្ថែមដែលគេលៃលកទុកសម្រាប់ប្រើក្នុងវិស័យអប់រំ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ វិស័យសុខាភិបាល កសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធផងដែរ។ សេចក្ដីថ្លែងការណ៍នេះមិនបានប្រាប់ឲ្យដឹងអំពីព័ត៌មានលម្អិតថាតើថវិកានេះនឹងត្រូវចំណាយតាមរបៀបណានោះទេ។
លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងកាលពីម្សិលមិញថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានប្រាប់លោកថា ថវិការបស់ក្រសួងលោកនឹងទទួលបានការដំឡើងចំនួន១៨ភាគរយបន្ថែម។
លោកបានមានប្រសាសន៍ថា ” ខ្ញុំគិតថា វាគឺជាការបោះជំហានទៅមុខសម្រាប់វិស័យអប់រំ”។ លោកបានបន្ថែមថា ក្រសួងនឹងប្រើប្រាស់ថវិកាបន្ថែមនេះដើម្បីដំឡើងប្រាក់ខែគ្រូបង្រៀន និងធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធសាលាកាន់តែប្រសើរឡើង។
ចំណែកលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានឲ្យដឹងថា ដោយផ្អែកលើសំណើរបស់លោកទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោករំពឹងថា នឹងទទួលបានការដំឡើង១៥ភាគរយបន្ថែមបើធៀបទៅនឹងថវិកាសម្រាប់ឆ្នាំមុន។
លោក ប៊ុនហេង បានមានប្រសាសន៍ថា “ថវិកានេះនឹងត្រូវយកទៅប្រើប្រាស់ដើម្បីទប់ស្កាត់ជំងឺឆ្លង ដើម្បីធ្វើឲ្យប្រព័ន្ធគាំពារសុខភាពកាន់តែប្រសើរឡើង និងដំឡើងប្រាក់ខែបុគ្គលិក”។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីបានលើកឡើងកាលពីម្សិលមិញថា សេចក្ដីព្រាងថវិកានេះនឹងត្រូវដាក់ជូនរដ្ឋសភាអនុម័តនៅសប្ដាហ៍នេះ។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានលើកឡើងថា នៅមិនទាន់មាននរណាម្នាក់នៅក្នុងគណបក្សប្រឆាំងបានឃើញសេចក្ដីព្រាងថវិកានេះនៅឡើយទេ។ លោកបានមានប្រសាសន៍ថា ” គ្មាននរណាម្នាក់អាចបញ្ជាក់ [ពីអ្វីដែលត្រូវបានលើកឡើងនេះនោះទេ] រហូតទាល់តែសេចក្ដីព្រាងថវិកានេះត្រូវរដ្ឋសភាអនុម័តជាមុនសិន”៕ ស៊ុយឈាង