31 C
Phnom Penh

អតីតមន្ត្រីគណបក្សសង្រ្គោះជាតិ មួយរូបត្រូវបានជនមិនស្គាល់មុខមួយក្រុមយកដុំថ្មគប់ចំក្បាលបណ្តាលឱ្យរងរបួសធ្ងន់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីតសកម្មជនគណបក្សសង្រ្គោះជាតិដែលលោកំពុងគេចខ្លួននៅក្រៅប្រទេសលោក ស៊ុម សីហា បានលើកឡើងគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃច័ន្ទនេះ ដោយហៅរដ្ឋាភិបាលលោកហ៊ុន សែន ថា ជារដ្ឋាភិបាលគ្មានសមត្ថភាពវែកមុខជនដៃដល់លើអំពើឃាតកម្ម ឬអំពើហិង្សាទាំងឡាយ ដែលកើតមានចំពោះ សកម្មជនអតីតគណបក្សសង្រ្គោះជាតិកន្លងមកនោះទេ។

លោកអះអាងថា នៅវេលាម៉ោងជាង៩យប់ថ្ងៃទី ១៨ ខែតុលានៅម្តុំផ្សារចាក់អង្រែលើ លេខាធិការគណៈកម្មការប្រតិបត្តិ និងជាសមាជិកក្រុមប្រឹក្សាខណ្ឌមានជ័យរាជធានីភ្នំពេញ មកពីអតីតគណបក្សសង្រ្គោះជាតិ លោក ឌិន វ៉ារិន ត្រូវបានជនមិនស្គាល់មុខ គប់ដុំថ្មចំក្បាល បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ។ លោកថា បច្ចុប្បន្ន លោក ឌិន វ៉ារិន កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ។

នេះមិនមែនជាលើកទីមួយទេ ដែលអតីតមន្ត្រីគណបក្សសង្រ្គោះជាតិត្រូវបានជនមិនស្គាល់មុខវាយ និងធ្វើទុក្ខបុកម្នេញបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ ខណៈសំណុំរឿងទាំងនោះមិនត្រូវបានអាជ្ញាធរ ឬសមត្ថកិច្ចអាចស្វែងរកមុខ ជនដៃដល់នោះឡើយ។

ទិន្នន័យខាងសង្គមស៊ីវិលធ្លាប់ឱ្យដឹងថា ចាប់តាំងពីដើមឆ្នាំ២០១៩មក យ៉ាងហោចណាស់មានមន្រ្តី និងសកម្មជនអតីតគណបក្សសង្រ្គោះជាតិជាង ១០នាក់ហើយ ដែលត្រូវបានជនដៃដល់វាយប្រហារ ធ្វើឱ្យអ្នកខ្លះរងរបួសបែកក្បាលធ្ងន់ធ្ងរ អ្នកខ្លះបាក់ដៃ របួសជើង ដងខ្លួន ត្រចៀក និងកញ្ចឹងកជាដើម។ ដោយឡែកជាច្រើននាក់ផ្សេងទៀត រងការគំរាមកំហែងផងដែរ។

ជាក់ស្តែងអតីតប្រធានក្រុមអង្គរក្ស លោក សម រង្ស៊ី គឺលោក ពូក ចិន្ដា ត្រូវបានជនមិនស្គាល់មុខចំនួនពីរនាក់ជិះម៉ូតូយកដំបងដែក លបវាយពីក្រោយ កាលពីព្រឹក ថ្ងៃទី២២ ខែកញ្ញា ចម្ងាយប្រមាណ១០០ម៉ែត្រពីទីស្នាក់ការបក្សសង្គ្រោះជាតិ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បីថ្ងៃក្រោយមក គឺថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ អតីតចៅសង្កាត់កោះដាច់របស់គណបក្សសង្រ្គោះជាតិ លោក ស៊ិន បូណា ត្រូវបានជនមិនស្គាល់មុខ ២នាក់ ធាក់ផ្ដួលម៉ូតូ និងយកដំបងដែកដេញវាយសំពងរហូតដល់បាក់ដៃឆ្វេង នៅពេលលោកកំពុងជិះម៉ូតូតាមផ្លូវជាតិលេខ៦A ម្តុំវត្តគៀនឃ្លាំង ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

តាមរូបភាពដែលគេបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក បង្ហាញថា ជនដៃដល់មានពាក់មួកការពារសុវត្ថិភាពដោយមិនឱ្យគេស្គាល់មុខ និងមានកាំភ្លើងខ្លីនៅជាប់ចង្កេះទៀតផង ក្នុងពេលកំពុងដេញវាយលោក ស៊ិន បូណា ដោយដែកទីបស្វីតពេលនោះ។

ជាង១ខែក្រោយមកទៀត ពោលគឺនៅខែវិច្ឆិកា ឆ្នាំ២០១៩ អតីតសមាជិកក្រុមប្រឹក្សាសង្កាត់អូរឫស្សី២ អ្នកស្រី ហែម ស៊ីនួន ក៏ត្រូវបានជនមិនស្គាល់មុខ ២នាក់ ធាក់ម៉ូតូពីក្រោយឱ្យដួលបោកក្បាលរងរបួសដៃ ជើង និងដងខ្លួន បណ្តាលឱ្យអ្នកស្រីរងរបួសធ្ងន់ធ្ងរ។

ដោយឡែកហេតុការណ៍វាយប្រហារអតីតមន្ត្រីបក្សប្រឆាំងមួយករណីទៀត ក៏បានកើតឡើងកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២០។ ហេតុការណ៍នោះបានបណ្តាលឲ្យលោក ខៀវ ឌីន ដែលជាអតីតសមាជិកក្រុមប្រឹក្សាសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោកខៀវ ឌីន ត្រូវបានជនដៃដល់២នាក់ពាក់មួកការពារសុវត្ថិភាព ជិះម៉ូតូគ្មានស្លាកលេខតាមពីក្រោយ វាយលោកឱ្យរងរបួសក្បាលធ្ងន់ធ្ងរ។

យ៉ាងណា សំណុំរឿងទាំងនោះបើទោះបីជារឿងខ្លះមានទាំងវីដេអូនិងរូបភាពបង្ហាញភិនភាគជនដៃដល់ក៏ដោយ ប៉ុន្តែមកទល់ពេលបច្ចុប្បន្ន សមត្ថកិច្ចនៅតែមិនទាន់អាចវែកមុខជនប្រព្រឹត្តណាម្នាក់យកមកផ្តន្ទាទោសតាមច្បាប់នោះទេ ខណៈជនរងគ្រោះខ្លះក៏គ្មានសង្ឃឹមទទួលបានយុត្តិធម៌នោះដែរ ព្រោះពួកគេយល់ថាច្បាប់ស្រុកខ្មែរមានបក្ខមានពួក និងគ្មានឡើយយុត្តិធម៌សម្រាប់មនុស្សក្រុមអ្នកប្រឆាំង ដរាបណា រដ្ឋាភិបាលនៅតែដឹកនាំប្រទេសដោយលោក ហ៊ុន សែន។

ស្ថានប័នអន្តរជាតិមួយចំនួនកន្លងមក ពិសេសអតីតអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ លោក សូរិយា សូប៊ែឌី និងអង្គការឃ្លាំមើលសិទ្ធិមនុស្សHuman Rights Watch ជាដើម ធ្លាប់បានលើកឡើងថាប្រព័ន្ធតុលាការនៅកម្ពុជាគ្មានឯករាជ្យភាពនោះឡើយ ដោយសារស្ថាប័នមួយនេះ ត្រូវបានប្រើជាឧបករណ៍នយោបាយរបស់គណបក្សកាន់អំណាចប៉ុណ្ណោះ។ 

កាលពីខែមីនាឆ្នាំ ២០២០ អង្គការគម្រោងយុត្តិធម៌ពិភពលោក (World Justice Project) បានចេញរបាយការណ៍សន្ទស្សន៍នីតិរដ្ឋមួយបង្ហាញថា ប្រព័ន្ធយុត្តិធម៌នៅកម្ពុជាស្ទើរតែអាក្រក់ជាងគេបំផុតក្នុងលោក។  ចំណាត់ថ្នាក់នេះ ធ្វើឡើងក្នុងចំណោមប្រទេស និងដែនដីសរុប ១២៨ កម្ពុជាជាប់លេខ១២៧ ដោយល្អជាងប្រទេសវេណេហ្ស៊ុយអេឡាតែមួយប៉ុណ្ណោះ ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស