Opinion

CNRP បញ្ចេញ​​​​​សេចក្ដី​ព្រាង​គោល​​​​​ការណ៍​នយោ​​​​​​បាយ​​ ​​និង​​​​​ផែន​ការ​​​​បង្កើត​​​គណៈ​​​​រដ្ឋ​មន្ត្រី​ស្រមោល

គណបក្សសង្គ្រោះជាតិបាននិយាយកាលពីម្សិលមិញថា ខ្លួនមានផែនការបង្កើតគណៈរដ្ឋមន្ត្រីស្រមោលចេញពីសមាសភាពតំណាងរាស្ត្រដែលនឹងធ្វើជារដ្ឋមន្ត្រីស្រមោល ដោយលោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងមួយនេះ ក៏បានបញ្ចេញសេចក្ដីព្រាងគោលការណ៍នយោបាយមួយកម្រាស់៦៧ទំព័រដែលនឹងនាំផ្លូវគោលនយោបាយនានារបស់គណបក្សផងដែរ ប្រសិនបើខ្លួនឈ្នះការបោះឆ្នោតនៅឆ្នាំ២០១៨។

cam-photo-cnrp-jump-hawkinsលោក សម រង្ស៊ី បានបញ្ចេញគោលការណ៍នយោបាយនេះកាលពីយប់ថ្ងៃច័ន្ទ អមដោយលិខិតមួយច្បាប់បន្ទោសអត្ថបទចុះផ្សាយរបស់កាសែត ខេមបូឌា ដេលី អំពីការមិនបញ្ចេញគោលនយោបាយរបស់គណបក្សសង្គ្រោះជាតិ ហើយបង្កើតគណៈរដ្ឋមន្ត្រីស្រមោល។

លោក សុន ឆ័យ តំណាងរាស្ត្រជាន់ខ្ពស់បានលាតត្រដាងផែនការគណៈរដ្ឋមន្ត្រីស្រមោលនេះទៅដល់បណ្តាអ្នកយកព័ត៌មានកាលពីម្សិលមិញ នៅទីស្នាក់ការកណ្ដាលរបស់គណបក្សសង្គ្រោះជាតិក្នុងរាជធានីភ្នំពេញ។

ពន្យល់ថាគណៈកម្មការចំនួន១០នៅក្នុងក្រុមនេះនឹងតែងតាំងរដ្ឋមន្ត្រីស្រមោលនៅដំណាច់ឆ្នាំនេះ លោក សុន ឆ័យ បានមានប្រសាសន៍ថា ”សន្និសីទសារព័ត៌មាននេះគឺដើម្បីប្រកាសថា គណបក្សសង្គ្រោះជាតិបានបង្កើតក្រុមសភារបស់គណបក្សសង្គ្រោះជាតិ។ គណៈរដ្ឋមន្ត្រីស្រមោលមាននៅគ្រប់ប្រទេសប្រជាធិបតេយ្យ ឧទាហរណ៍នៅអង់គ្លេស ជាដើម ដូច្នេះកម្ពុជា ក៏អាចមានគណៈរដ្ឋមន្ត្រីស្រមោលមួយដែរដើម្បីត្រៀមលក្ខណៈទុក មិនថាតើយើងចាញ់ ឬឈ្នះការបោះឆ្នោតនោះទេ”។

លោកមានប្រសាសន៍បន្ថែមតាមទូរស័ព្ទថា គណៈកម្មការទាំង១០ត្រូវបានបង្កើតឡើងកាលពីខែមីនា ប៉ុន្តែថា ប្រធានបច្ចុប្បន្នរបស់គណៈកម្មការទាំង១០នឹងមិនចាំបាច់ក្លាយជារដ្ឋមន្ត្រីស្រមោលឡើយ។ លោកគូសបញ្ជាក់ថា គណៈរដ្ឋមន្ត្រីស្រមោលពិតប្រាកដនឹងត្រូវតែងតាំងដោយគណៈកម្មការទាំងនេះនៅចុងឆ្នាំនេះ។

លោកមានប្រសាសន៍បន្តថា “អស់លោកអាចហៅពួកគាត់ថាជាក្រុមស្រាវជ្រាវ ឬក្រុមជំនាញបាន។ នៅមុនដំណាច់ឆ្នាំនេះ យើងចង់បង្ហាញសមាសភាពអ្នកនាំពាក្យ១០រូប  តំណាងរាស្ត្រទាំងអស់ដែលនឹងតំណាងឱ្យគណៈកម្មការនីមួយៗក្នុងចំណោមគណៈកម្មការទាំង១០។ យើងនឹងតែងតាំងមនុស្សឱ្យធ្វើជារដ្ឋមន្ត្រីស្រមោលពិតប្រាកដ”។

ក្នុងចំណោមតំណាងរាស្ត្រដែលទទួលបន្ទុកគណៈកម្មការនានា លោក ឡុង ប៊ុននី នឹងទទួលបន្ទុកផ្នែកហិរញ្ញវត្ថុ លោក អ៊ុច សេរីយុទ្ធ នឹងទទួលបន្ទុកផ្នែកវិនិយោគ និងកសិកម្ម លោក ជាម ចន្នី នឹងទទួលបន្ទុកផ្នែកមហាផ្ទៃ និងការពារជាតិ ហើយលោក គីម សួរភិរិទ្ធ នឹងដឹកនាំគណៈកម្មការយុត្តិធម៌។

លោក ឡុង បូតា អតីតរដ្ឋលេខាធិការក្រសួងអប់រំក្នុងរបប លន់ នល់ នឹងដឹកនាំគណៈកម្មការអប់រំ លោក ម៉ែន ថាវរិន្ទ នឹងដឹកនាំកិច្ចការសុខាភិបាល និងការងារ លោក ទួត ឃឿត នឹងដឹកនាំសាធារណការ និងដឹកជញ្ជូន ហើយលោក វណ្ណ ណារិទ្ធ នឹងដឹកនាំគណៈកម្មការប្រឆាំងអំពើពុករលួយ។

មេធាវី កើត ឃី ដែលតំណាងឱ្យឥស្សរជនគណបក្សសង្គ្រោះជាតិជាប្រចាំ នឹងទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស។

កាលពីខែកក្កដា ឆ្នាំ២០១៤ លោក សុន ឆ័យ និងលោក សម រង្ស៊ី បានបង្កើនក្ដីរំពឹងបង្កើតគណៈរដ្ឋមន្ត្រីស្រមោលមួយដែលអាចប្រៀបធៀបបានទៅនឹង ”គណបក្សប្រឆាំងរបស់ម្ចាស់ក្សត្រិយានីនៅចក្រភពអង់គ្លេស” ប៉ុន្តែបានធ្វើតិចតួចណាស់ក្នុងរយៈពេល២ឆ្នាំ ចាប់តាំងពីគណបក្សសង្គ្រោះជាតិចូលសភាដើម្បីជំរុញគំនិតនេះទៅមុខ។

លើកចុងក្រោយដែលគណបក្សប្រឆាំងបានបង្កើតគណៈរដ្ឋមន្ត្រីស្រមោលនៅក្នុងឆ្នាំ២០០៥ លោក ជាម ចន្នី ក៏ត្រូវបានដាក់ឱ្យទទួលបន្ទុកកិច្ចការពារជាតិដែរ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឆ្លើយតបតាមរយៈការចោទប្រកាន់លោកជាសាធារណៈពីបទបង្កើត “កងទ័ពស្រមោល” ផ្ទាល់ខ្លួន ហើយបានដាក់ពន្ធនាគារលោកពីបទបះបោរ។

ទាំងលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី និងលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃសុទ្ធតែមិនអាចទាក់ទងសុំការបំភ្លឺបានកាលពីម្សិលមិញ អំពីភាពស្របច្បាប់នៃផែនការបង្កើតគណៈរដ្ឋមន្ត្រីស្រមោលចុងក្រោយនេះ។

លោក ជាម ចន្នី បានមានប្រសាសន៍កាលពីម្សិលមិញថា លោកមិនភ័យខ្លាចការចាប់ខ្លួនទៀតឡើយ ពីព្រោះមុខតំណែងរបស់គណៈកម្មការលោកត្រូវបានចែងយ៉ាងច្បាស់នៅក្នុងគោលការណ៍នយោបាយនេះដែលលោក សម រង្ស៊ី បានបញ្ចេញកាលពីយប់ថ្ងៃច័ន្ទ។

លោកលើកឡើងទៀតថា “ខ្ញុំគ្មានការបារម្ភខ្លាចវាកើតឡើងទៀតទេ។ យើងមានតែមួយឬពីរទំព័រប៉ុណ្ណោះសម្រាប់សិក្សាថា អ្វីជាគណៈកម្មការការពារជាតិ”។

គោលការណ៍នយោបាយដែលរៀបរៀងដោយគណបក្សសង្គ្រោះជាតិ ក្រោមជំនួយពីអង្គការមូលនិធិ ខុនរ៉ាដ អាដិនណូអ៊ែរ ស្ទីហ្វទុង (Konrad-Adenauer-Stiftung Foundation) របស់អាល្លឺម៉ង់ និងមូលនិធិហ្វ្រីឌ្រិច ណូមែន(Friedrich Naumann Foundation) ខាងលើនេះ ត្រូវបានលោក សម រង្ស៊ី ផ្ញើទៅឲ្យក្រុមអ្នកយកព័ត៌មានកាលពីថ្ងៃច័ន្ទ ហើយវារៀបរាប់ត្រួសៗអំពីបញ្ហាគោលនយោបាយក្នុងស្រុក និងគោលនយោបាយការបរទេស។

ដោយមិនផ្ដល់សេចក្ដីលម្អិតអំពីអ្វីដែលគណបក្សសង្គ្រោះជាតិនឹងត្រូវធ្វើ គោលការណ៍នយោបាយនេះលើកឡើងថា ”ការបង្កើតការងារគឺជាមូលដ្ឋានសំខាន់បំផុតសម្រាប់កាត់បន្ថយភាពក្រីក្រក្នុងចំណោមប្រជាពលរដ្ឋរាប់លានគ្រួសារដែលប្រឈមនឹងវា។ រដ្ឋាភិបាលរបស់គណបក្សសង្គ្រោះជាតិនឹងចាត់ទុកការបង្កើតការងារជាអាទិភាពទី១នៅក្នុងគោលដៅយោបាយរបស់ខ្លួនតាមរយៈការធានាថា មនុស្សគ្រប់រូបដែលមានសមត្ថភាព និងឆន្ទៈធ្វើការ មានឱកាសដូចគ្នាក្នុងការស្វែងរកការងារដែលផ្ដល់ប្រាក់ខែខ្ពស់។ វិធានការនេះនឹងកាត់បន្ថយភាពក្រីក្រ”។

ស្ដីពីសេវាថែទាំសុខភាពសាធារណៈ គោលការណ៍នយោបាយនេះបញ្ជាក់ថា  គណបក្សសង្គ្រោះជាតិនឹងដាក់ចេញសេវាថែទាំសុខភាពតម្លៃថោក ឬមិនគិតថ្លៃសម្រាប់ប្រជាពលរដ្ឋក្រីក្រ ហើយក៏ធានាដែរថា ពលរដ្ឋទាំងអស់ទទួលបានការថែទាំសុខភាពប្រកបដោយគុណភាពតាមរយៈប្រព័ន្ធសន្តិសុខសង្គម។

គោលការណ៍នយោបាយនេះមានខ្លឹមសារដូច្នេះថា “រដ្ឋាភិបាលរបស់គណបក្សសង្គ្រោះជាតិនឹងធានាថា មានប្រព័ន្ធសន្តិសុខសង្គមសម្រាប់ការថែទាំងសុខភាពសាធារណៈដែលដំណើរការបានល្អ និងមាននិរន្តរភាពដើម្បីធានាថា ពលរដ្ឋទាំងអស់អាចទទួលបានការថែទាំពេញលេញផ្នែកវេជ្ជសាស្ត្រតាមរយៈកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជន និងវិស័យសាធារណៈ។ ដាច់ដោយឡែកពីនេះ សម្រាប់ទារក កុមារ ជនពិការ ជនចាស់ជរា និងជនក្រីក្រ រដ្ឋនឹងត្រៀមប័ណ្ណសុខភាពសាធារណៈដើម្បីទទួលបានការថែទាំនៅតាមមន្ទីរពេទ្យរដ្ឋ និងសាធារណៈក្នុងតម្លៃថោក ឬមិនគិតថ្លៃ”។

សូចនាករមួយក្នុងចំណោមសូចនាករជាក់លាក់បំផុតបង្ហាញពីអ្វីដែលគណបក្សសង្គ្រោះជាតិនឹងត្រូវធ្វើនៅក្នុងជួររដ្ឋាភិបាល គឺលើបញ្ហាមីក្រូហិរញ្ញវត្ថុដែលគោលការណ៍នយោបាយនេះគូសបញ្ជាក់ថាបានធ្វើឲ្យប្រជាពលរដ្ឋជាច្រើនជំពាក់បំណុល  ចំណែកឯប្រជាពលរដ្ឋជាច្រើនទៀតមានការលំបាកក្នុងការទទួលបានឥណទានការប្រាក់ទាបសម្រាប់ការវិនិយោគលើអាជីវកម្ម។

គោលការណ៍នយោបាយនេះបន្ថែមទៀតថា “រដ្ឋាភិបាលរបស់គណបក្សសង្គ្រោះជាតិនឹងត្រៀមធ្វើកំណែទម្រង់ប្រព័ន្ធមីក្រូហិរញ្ញវត្ថុតាមរយៈការបង្កើតក្របខ័ណ្ឌច្បាប់ដែលកំណត់អត្រាការប្រាក់មីក្រូហិរញ្ញវត្ថុមិនឲ្យលើសពី១%ក្នុងមួយខែ និងធ្វើឲ្យការផ្តល់ និងការទទួលបានឥណទានពីស្ថាប័នមីក្រូហិរញ្ញវត្ថុមានភាពងាយស្រួល និងឆាប់រហ័ស”។

គណបក្សសង្គ្រោះជាតិនិយាយថា ខ្លួននឹងចាត់វិធានការផ្លូវច្បាប់លើអ្នកផ្ដល់ឥណទានដែលផ្តល់ឥណទានមីក្រូហិរញ្ញវត្ថុប្រកបដោយហានិភ័យនៅក្រៅប្រព័ន្ធច្បាប់ផងដែរ ប៉ុន្តែក៏ “បែងចែកឥណទានបានពីមូលនិធិរបស់ស្ថាប័នអន្តរជាតិ និងធនាគារនានាទៅដល់ប្រជាពលរដ្ឋដែលពិតជាត្រូវការវាចាំបាច់ផងដែរ”។

កញ្ញា កឹម មនោវិទ្យា អនុប្រធានកិច្ចការសាធារណៈនៃគណបក្សសង្គ្រោះជាតិថ្លែងថា គោលការណ៍នយោបាយនេះមិនចាត់ទុកជាគោលនយោបាយផ្លូវការរបស់គណបក្សប្រឆាំងឡើយ។ វាគ្រាន់តែជាឯកសារមួយដែលជូនដំណឹងអំពីកិច្ចប្រឹងប្រែងរបស់ខ្លួននៅក្នុងការបង្កើតគោលនយោបាយដែលមានលក្ខណៈលម្អិតប៉ុណ្ណោះ។

កញ្ញាបានលើកឡើងតាមរយៈសារមួយថា ”វាជាសេចក្ដីព្រាងគោលការណ៍នយោបាយដែលមិនទាន់អនុម័តនៅឡើយ។ ទាល់តែដល់ពេលសមាជបក្សក្នុងឆ្នាំ២០១៧ ទើបយើងអាចអនុម័តវាជាផ្លូវការបាន។ មានន័យថា វាមិនទាន់ចប់រួចរាល់ទេ។ វានៅតែមានចំណុចដែលត្រូវកែសម្រួលរហូតដល់វាត្រូវបានអនុម័តជាផ្លូវការ។ នេះមិនមែនជា ‘គោលនយោបាយ’ ទេ វាជាគោលការណ៍នយោបាយ។ គោលនយោបាយស្តីពីវិស័យជាក់លាក់កំពុងតាក់តែងនៅឡើយ ហើយគោលការណ៍នយោបាយនេះទុកធ្វើជាគោលការណ៍ណែនាំ”។

លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគតដែលកាលពីសប្ដាហ៍មុនបានសួរថា ហេតុអ្វីបានជាគណបក្សសង្គ្រោះជាតិមិនបានធ្វើអ្វីបន្ថែមទៀតចាប់តាំងពីខ្លួនចូលសភាកាលពី២ឆ្នាំមុន ដើម្បីបង្កើតគណៈរដ្ឋមន្ត្រីស្រមោល និងបញ្ចេញគោលនយោបាយលម្អិត បានមានប្រសាសន៍ថា លោករីករាយចំពោះការប្រកាសរបស់លោក សុន ឆ័យ។

លោកមានប្រសាសន៍អំពីគណៈរដ្ឋមន្ត្រីស្រមោលថា “វាជាគំនិតល្អ។ បើរដ្ឋាភិបាលមិនអនុញ្ញាត ពួកគេអាចបង្កើតអ្នកនាំពាក្យសម្រាប់វិស័យផ្សេងៗគ្នាបាន។ ការមានបុគ្គលមួយចំនួនត្រៀមខ្លួនចូលកាន់កិច្ចការគឺនៅវែងឆ្ងាយសម្រាប់ពួកគេត្រៀមខ្លួនដើម្បីកាន់អំណាច”៕ សុខុម

 

 

© 2016, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.