គណ​បក្ស​រាជា​និយម គួរតែ​ខិត​ខំ​ស្វែង​រក​ទំនាក់​ទំនង​ និង​ការ​គាំ​ទ្រពី​ប្រជា​ពល​រដ្ឋ​

រយៈ​ពេល​ពីរ​សប្ដាហ៍​មក​ហើយគណ​បក្ស​ហ្វុ៊ន​ស៊ិន​បុិចនិង​គណ​បក្ស​​ នរោត្តមរណឫទ្ធិបាន​ប្រកាស​រួម​បញ្ចូល​គ្នា​ ដើម្បី​បោះ​ជំហាន​ឆ្ពោះទៅរក​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​​រាស្ត្រ​នៅ​ឆ្នាំ​ក្រោយ​នេះ។ ប្រសិន​បើ​ការ​កំណត់​ពេល​សម្រាប់ចេញសេចក្ដី​ប្រកាស​នោះ ធ្វើឡើងដើម្បីជួយគណ​បក្ស​ទាំង​ពីរក្នុ​ងការ​បោះ​ឆ្នោត​ឃុំ​-សង្កាត់​ កាលពី​ថ្ងៃ​អាទិត្យ ផែន​ការ​នោះបាន​បរាជ័យ​គួរ​ឲ្យ​សោក​ស្ដាយ​។ នៅពេលបញ្ចប់ការ​បោះ​ឆ្នោតបង្ហាញ​ឲ្យ​ឃើញ​ថា គណ​បក្ស​ទាំង​ពីរ​កាន់​តែ​ចុះ​ថយ​សំឡេង​ឆ្នោត​ជា​ថ្មី​ម្ដង​ទៀត​ ដោយ​គណ​បក្ស​ហ្វុ៊ន​ស៊ិន​បិុច បាត់បង់​សំឡេង​ឆ្នោត​ក្រុម​ប្រឹក្សា​​ឃុំ​-សង្កាត់​ របស់​ខ្លួន​ជាង​១​ភាគ​៤ បើ​ធៀប​នឹងការ​បោះ​ឆ្នោត​​ឃុំ​-សង្កាត់​ក្នុង​ឆ្នាំ​២០០៧ដោយ​ចុះ​ពី​៥,៤​ភាគ​រយ​នៃ​សំឡេង​ឆ្នោត​សរុបមក​នៅត្រឹម​៣,៩​ភាគ​រយ​។ គណ​បក្ស​ នរោត្តម​ រណឫទ្ធិបាត់​បង​់​ប្រាំ​ចំណុច​ ដោយ​ធ្លាក​់មក​ត្រឹម​៣,១​ភាគរយ​នៃ​សំឡេង​ឆ្នោត​។គ្មាន​គណ​បក្ស​ណាមួយ​ក្នុង​ចំណោម​គណបក្ស​ទាំងពីរនេះ​ទទួល​បាន​តំណែង​មេឃុំ​ និង​ចៅ​សង្កាត់​ឡើយ​។ តាមរយៈការ​បោះ​ឆ្នោត​ឃុំ​-​សង្កាត់ វា​អាច​​​ជា​ឱកាសមួយ ដើម្បី​ទទួលប្រយោជន៍ពីការ​ប្រកាសរួម​បញ្ចូល​គ្នា​ តែការ​បោះ​ឆ្នោត​ជ្រើស​​រើស​តំណាង​រាស្ត្រ​នៅ​ឆ្នាំ​ក្រោយ​ ទើបជា​គោល​ដៅ​ពិត​ប្រាកដ​។ ក៏ប៉ុន្ដែជាមួយ​នឹងការ​បង្ហាញឲ្យឃើញនូវ​បរាជ័យ​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ​-សង្កាត់​ អ្នក​វិភាគ​សង្ស័យ​ថា តើ​គណ​បក្ស​នេះ​នៅមាន ​ជីវ​ិត​នយោបាយ​ខ្លះដែរឬទេ។ លោក សឺន ស៊ូបែរ្ដិ៍ អ្នក​វិភាគ​នយោបាយ​បាន​លើក​ឡើង​ថា “ ខ្ញុំ​គិត​ថា ពួក​គេ​មិន​អាច​ធ្វើ​អ្វី​កើត​ទេ...​។ ខ្ញុំ​គិត​ថា ពួកគេ​មិន​អាច​ស្រោច​ស្រង់​ខ្លួន​ឯង​បាន​ឡើយ​”។ លោក​ សឺន ស៊ូែប​រ្ដិ៍ ដែល​ជា​ទី​ប្រឹក្សា​របស់​ព្រះ​មហាក្សត្រ​ នរោត្តម​ សីហមុនី​ ផង​ដែរ​នោះ​ បាន​លើក​ឡើង​ថា គណ​បក្ស​ទាំង​ពីរ​នេះ គឺពឹង​ផ្អែក​លើ​ទំនាក់​ទំនង​បែបរាជា​និយម​របស់​ខ្លួន​ ក៏ប៉ុន្ដែ​សព្វ​ថ្ងៃ​នេះ​មាន​នៅ​សេសសល់តិច​តួច​ណាស់​ក្នុង​គោល​នយោ​បាយ​របស់​ខ្លួន​ ដែល​ឆ្លុះ​បញ្ចាំង​និន្នាការ​រាជា​និយមពិត​ប្រាកដ​នោះ។ ការ​កាត់​ផ្ដាច់​ទំនាក់​ទំនង​ខាងរាជានិយមប្រហែល​ជា​មិន​ទទួល​ផលល្អ​​ពេលអនាគតវែងឆ្ងាយ​នោះ​ឡើយ។ ​ លោក​បានចោទ​សួរ​ថា “ តើ​រាជា​និយម​នោះ មាន​ន័យ​ដូច​ម្ដេចទៅ? ​​ មាន​ព្រះ​អង្គ​ម្ចាស់​ និង​ម្ចាស់​ក្សត្រី​ពីរ​បី ព្រះ​អង្គប៉ុណ្ណោះ ក៏ប៉ុន្ដែ តើ​ព្រះ​អង្គ​ម្ចាស់ ទាំងនោះមាន​ការ​គាំ​ទ្រ​ពី​​ប្រជាពល​រដ្ឋ​ដែរ​ ឬទេ? ព្រះ​មហាក្សត្រ​មាន ប៉ុន្ដែ ចុះ​ព្រះ​អង្គ​ម្ចាស់ និង​ម្ចាស់​ក្សត្រី​ទាំងនោះវិញ?”។ លោក​ ខាលីល ថាយ័រ (CarlyleThayer) សាស្ត្រាចារ្យកិត្តិយស​​នៅ​ឯ​សាកលវិទ្យា​ល័យ​​ញូសោសវ៉េល...

អ្នក​បោះ​ឆ្នោត​នៅ​តែ​មិន​សូវ​ទៅ​បោះ​ឆ្នោត​ច្រើន​ទោះបី​ជា​សុវត្ថិភាពល្អ​ប្រសើរ​ជាង​មុន​ក្ដី

កាលពីឆ្នាំ១៩៩៣ អំពើ​ហិង្សា​មិន​អាច​រារាំង​អ្នក​បោះ​ឆ្នោត​មិនឲ្យទៅ​បោះ​ឆ្នោត​​បាន​​ឡើយ ដែលជាការ​បោះ​ឆ្នោត​​លើក​ដំបូង​បង្អស់ តាំង​ពីរ​បប​ខ្មែរ​ក្រហម​បាន​ដួល​រលំ​មក​នោះ​។​ ទោះ​បី​ជា​មានសេចក្តី​រាយ​ការណ៍ថា ​មាន​មនុស្ស​ចំនួន​៣៨០​ នាក់ត្រូវ​បាន​សម្លាប់​កាលពី​ឆ្នាំ​នោះ​​ ដោយសារ​​អំពើ​ហិង្សា​ពាក់​ព័ន្ធនឹង​រឿង​នយោបាយ​ក៏​ដោយ​ ក៏​ប្រជា​ពល​រដ្ឋ​កម្ពុជា​ចំនួន​៨៤​ភាគ​រយ​បាន​ចេញ​ទៅ​បោះ​ឆ្នោត​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ ​ដែល​រៀប​ចំ​ឡើងដោយ​អង្គ​ការ​សហ​ប្រជា​ជាតិ​ដែរ​។​ ប្រាំ​ឆ្នាំ​ក្រោយ​មក​ មនុស្ស​៤០​នាក់​ត្រូវបាន​សម្លាប់​នៅ​ប៉ុន្មាន​ខែ ​មុន​ថ្ងៃ​បោះ​ឆ្នោត​ជាតិក្នុងឆ្នាំ១៩៩៨ ប៉ុន្តែ​អំពើហិង្សា​នេះ​ក៏មិន​អាច​រារាំង​អ្នក​បោះ​ឆ្នោត​បាន​ឡើយ​ ហើយនៅឆ្នាំនោះប្រជា​ពលរដ្ឋ​កម្ពុជា​ចំនួន​៩៤​ភាគរយ​បានចេញ​ទៅ​បោះ​ឆ្នោត​។ យ៉ាង​ហោច​ណាស់​សកម្មជន និងបេក្ខជន​​ឈរ​ឈ្នោះប្រកួតប្រជែងក្នុង​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់ ចំនួន​២០​នាក់​ ត្រូវបាន​សម្លាប់​យ៉ាង​​អាថ៌​កំបាំង​​ នៅ​មុន​ថ្ងៃ​នៃ​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់​ លើក​ដំបូង​កាល​ពី​ឆ្នាំ​២០០២​។​ទោះ​ជា​យ៉ាងណា ​នៅ​តែ​មាន​ប្រជាពល​រដ្ឋ​ចំនួន​៨៧​ភាគ​រយ​បានចេញ​ទៅ​បោះ​ឆ្នោត​។ ប៉ុន្តែ​ ការ​ប្រើ​អំពើ​ហិង្សា​ពាក់​ព័ន្ធ​រឿង​នយោបាយ​បានថយចុះអំឡុង​ការ​បោះ​ឆ្នោត​​កាល​ពី​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ​​ និង​ចំនួន​អ្នក​បោះ​ឆ្នោត​ក៏​បាន​ថយ​ចុះ​ដែរ​ ហើយ​មានតែ​ចំនួន​អ្នកបោះឆ្នោតចន្លោះពី​៥៤​ភាគរយទៅ​៦៤​ភាគ​រយ ​ប៉ុណ្ណោះ ​ បាន​ចេញទៅ​បោះ​ឆ្នោត​នៅ​ក្នុងការបោះឆ្នោតឃុំ-សង្កាត់​ កាល​ពី​ថ្ងៃ​អាទិត្យ​។ លោក​ ធនសារាយប្រធាន​អង្គការ​សិទ្ធ​ិ​មនុស្ស​​អាដ​ហុក​ និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃគណៈកម្មាធិការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌ ហៅកាត់ថា ខុមហ្វ្រែល​ បាន​​មាន​ប្រសាសន៍​ថា​ ការ​ប៉ាន់​ប្រមាណ​ទុក​ជា​មុន​នៃ​លទ្ធ​ផល​បោះ​ឆ្នោត​ទំនង​ជា​ហេតុ​ផល​ធ្វើ​ឲ្យ​ចំនួន​អ្នកទៅ​បោះ​ឆ្នោត​ថយ​ចុះ។ លោកធនសារាយបាន​លើក​ឡើង​ថា ​ “ ចំនួន​អ្នក​ទៅ​បោះ​ឆ្នោត​ នៅក្នុង​ការបោះ​ឆ្នោត​ឃុំ-សង្កាត់​លើក​នេះ​ តិច​ជាង​ការបោះ​ឆ្នោត​ឃុំ-សង្កាត់​លើក​មុនៗ​ ពី​ព្រោះ​ខ្ញុំគិត​ថា​ ប្រជាពលរដ្ឋ​លែងចាប់អារម្មណ៍​ អំ​ពី​ការ​ផ្លាស់​​ប្តូរ​ផ្នែកន​យោបាយ​ ហើយ​ពួក​គាត់​អាច​ស្មាន​ដឹង​មុននូវលទ្ធ​ផលនៃការ​​បោះ​ឆ្នោត​ មុន​ថ្ងៃ​បោះ​ឆ្នោត​មក​ដល់​ទៅ​ទៀត​”។ លោកបានបន្តថា “ វាអាចបណ្តាលមកពីហេតុថា គណ​បក្ស​ធំមួយ​ប្រកួត​ប្រជែង​ជា​មួយ​នឹង​គណបក្សតូចៗ ហើយពួកគាត់​មិន​ចង់​ទៅ​បោះ​ឆ្នោត​នោះទេ ពីព្រោះពួកគាត់​គិត​ថា (ទោះ​បី​​ជាខ្ញុំទៅ​បោះ​ឆ្នោត ​ក៏​គណ​បក្ស​ប្រជា​ជន​កម្ពុជា) នៅ​តែ​ឈ្នះ​ដដែល​”។ កាលពី​ថ្ងៃ​អាទិត្យ ​គណ​បក្ស​កាន់​អំណាច​ គឺ​គណ​បក្ស​ប្រជាជន​កម្ពុជា របស់​លោក​នាយក​​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បានទទួល​ជ័យ​ជម្នះ​៧២​ភាគរយ​នៃ​អាសនៈ​ក្រុម​ប្រឹក្សា​ឃុំ​-សង្កាត់​ ទូទាំងប្រទេស គឺ​​ថា  គណ​បក្ស​ប្រជា​ជន​កម្ពុជា គ្រប់​គ្រង​អាសនៈ​បាន​ស្ទើរ​តែទាំង​អស់ លើក​​លែង​តែ​តំណែង​មេ​ឃុំ​-ចៅ​សង្កាត់ចំនួន​៤១ ក្នុង​ក្នុងតំណែង​សរុប​១.៦៣៣។ ជ័យ​ជម្នះ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​ គឺ​ដូច​គ្នានឹង​ជ័យ​ជម្នះ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ​-​សង្កាត់​ អ៊ីចឹង​ដែរ។លោកធនសារាយ​ ក៏បាន​មាន​ប្រសាសន៍ផង​ដែរ​ថា ការ​ចង់​បាន​ថ្ងៃ​​មាន​សុវត្ថិភាព​ និង​ថ្ងៃ​ដ៏ល្អប្រសើរ​ ដែលអាច​ធ្វើ​ឲ្យ​អ្នក​បោះ​ឆ្នោត​អាច​ចេញទៅ​បោះ​ឆ្នោត​ដូច​ការ​បោះ​​ឆ្នោត​កាលពី​ឆ្នាំ​១៩៩៣​ និង​ឆ្នាំ​១៩៩៨​ គឺលែង​មាន​ទៀត​ហើយ​។ ប្រទេស​កម្ពុជា ទទួលបាន​ស្ថិរភាព​ចាប់​តាំង​ពី​ការ​ធ្វើ​សមា​ហរណ​កម្ម​ចុង​ក្រោយ​របស់​ខ្មែរ​ក្រហម​ កាលពី​ឆ្នាំ​១៩៩៩​ ហើយ​កំណើន​សេដ្ឋ​កិច្ច​ប្រចាំឆ្នាំបាន​កើន​ឡើង​ជា​មធ្យម១០​ភាគ​រយ នៅ​ចន្លោះ​​ឆ្នាំ​២០០០និង​ឆ្នាំ​២០០៨។ ចំពោះ​លោក​ ជាមយៀបសមាជិ​ក​សភា​និង​ជាអ្ន​ក​នា​ំ​ពាក្យ​​របស់​គណ​បក្ស​​ប្រជាជន​កម្ពុជាវិញចំនួ​ន​អ្ន​ក​បោះ​ឆ្នោត​តិចគឺជា​សញ្ញា​មួ​យបង្ហាញ​ពី​​​លទ្ធិ​ប្រជា​ធិប​តេយ្យ​ពិត​ប្រាកដ។លោក​​លើក​ឡើង​ថា “នៅ​ក្នុង​ប្រទេ​ស​​ប្រជា​ធិប​តេយ្យមា​ន​ពល​រដ្ឋ​តិច​តួ​ច​ទៅ​បោះ​ឆ្នោត  ប៉ុន្តែ​ថា វាជា​​សិទ្ធិ​​របស់​អ្ន​ក​បោះឆ្នោត។ មា​ន​កា​រ​ពិត​​ខ្លះដែរ​​ចំ​ពោះ​កា​រ​លើក​ឡើង​​របស់​លោក។ ក្នុង​ឆ្នាំ​២០០៨ ប្រធានា​ធិប​តី​អាមេរិក​​ លោកបា​រ៉ាក់អូបាម៉ា​ បា​ន​ជា​ប់​ឆ្នោត​...

​ក្រុម​កសិករ​ស្រែ​អំបិល​មិន​អាច​ប្រមូល​ផល​អំបិល​បាន​គ្រប់​គ្រាន់​ទេដោយ​សារ​ភ្លៀង​ធ្លាក់​ច្រើន​ពេក​

កសិករ​ស្រែ​អំបិល​បាន​ឲ្យ​ដឹង​កាល​ពីម្សិល​​មិញ​ថា ភ្លៀង​ធ្លាក់​ខ្លាំង​នៅក្នុង​ខែ​មេសា និង​ខែ​ឧសភា​  បាន​ធ្វើ​ឲ្យ​ទិន្នផល​អំបិល​នៅក្នុង​ខេត្ត​កែប​ និង​ខេត្ត​កំពត​ ធ្លាក់​ចុះ​​ចំនួន​មួយ​​ភាគ​​បី​ បើទោះ​ជា​ក្រុម​កសិករ​បានពន្យារ​ពេល​ប្រមូល​​ផល​អំបិលរយៈ​ពេល​មួយ​ខែ​បន្ថែម​ទៀត​ហើយក៏​ដោយ​។ លោក​ អ៊ំុ ឈុន ប្រធាន​សហគមន៍​ផលិត​អំបិល​កែប​-កំពត ​បាន​ឲ្យ​ដឹង​ថា ​កាល​ពី​ឆ្នាំ​មុន​ កសិករ​ស្រែ​អំបិល​មាន​លទ្ធភាព​ប្រមូល​ផល​អំបិល​បាន​ចំនួន​៩០.០០០​តោន​ លើ​ផ្ទៃ​ដី​ចំនួន​៤.៥០០​ហិកតា។ ប៉ុន្ដែ​ទិន្នផល​អំបិល​ឆ្នាំ​នេះ​បានធ្លាក់​ចុះ​មក​នៅត្រឹម​តែ​៦០.០០០​តោន​​ប៉ុណ្ណោះ​។ ការ​ធ្លាក់​ចុះនេះ​នៅ​តែ​កើត​មានឡើង​ ទោះ​បី​ជា​កសិករ​បានសម្រេច​ចិត្ត​បន្ដ​ប្រមូល​ផល​អំបិល​រយៈ​ពេល​មួយ​ខែ​បន្ថែម​ ដោយ​បាន​បន្ត​ប្រមូល​ផលរហូត​ដល់​ខែ​ឧសភា ដើម្បី​​ដោះ​ស្រាយ​បញ្ហា​​ដោយ​សារ​ការ​ធ្លាក់​ភ្លៀង​ខ្លាំង​ហើយ​ក៏​ដោយ។ លោក អ៊ុំ ឈុន​ បាន​មាន​ប្រសាសន៍ថា “​ទឹកភ្លៀង​ គឺ​ជា​បញ្ហាមួយ​ដែល​ធ្វើ​ឲ្យ​​កសិករ​របស់​យើង​មិន​អាច​ប្រមូល​ផល​អំបិលបាន​ច្រើន​​។ យើងបាន​បន្ដប្រមូលផល​អំបិល​រយៈ​ពេល​មួយ​ខែ​បន្ថែម​ទៀត​ដែរ ប៉ុន្ដែនៅ​តែ​​ប្រមូល​ផលអំបិលបន្ថែម​បាន​​​តិច​​ ដោយ​សារ​តែភ្លៀង​​ចេះ​តែ​បន្ដ​ធ្លាក់​ខ្លាំង​។ទោះជា​យា៉ង​ណា​ យើង​នៅ​តែ​​មានអំបិល​​គ្រប់គ្រាន់​​សម្រាប់​​ឆ្នាំ​នេះ ដោយសារ​យើង​មាន​សល់​នៅ​ក្នុង​ស្តុក​ច្រើន​​”។ លោក​ អ៊ុំ​ ឈុន​ បានមាន​ប្រសាសន៍បន្ថែម​ទៀតថា ​ទោះ​ជា​ទិន្នផល​អំបិល​បានធ្លាក់​ចុះ​ក៏​ដោយ ក៏​តម្លៃ​អំបិលនៅ​តែ​មាន​តម្លៃ​ថេរ​ដដែលទេ​ ​គឺ​​​ប្រហែល​២០០​រៀល​ (០,០៥​ដុល្លារ) ក្នុង​​មួយ​គីឡូក្រាម​ ដោយ​សារ​តែ​​​អំបិល ដែល​នៅ​សល់​​ក្នុង​ស្តុក ​កាល​ពី​ឆ្នាំ​មុន​ត្រូវ​បាន​បញ្ចេញ​លក់​។ លោក​ ស៊ុន​ នួន​ អ្នក​ផលិត​អំបិល​នៅក្នុង​ស្រុក​ទឹក​ឈូ​ ខេត្ត​កំពត​ បាន​និយាយ​ថា​ ខ្លួន​មាន​លទ្ធ​ភាព​ប្រមូល​ផល​អំបិល​បាន​ប្រមាណ​១.០០០​តោន​បន្ថែម​ទៀត​ កាល​ពី​ខែ​មុន​ ដើម្បីបង្កើនទិន្នផល​អំបិល​សរុប​របស់​ខ្លួន​ឲ្យបាន​ចំនួន​២.០០០​តោន​។  ប៉ុន្ដែ បរិមាណ​នេះ​នៅ​តែ​ទាប​ខ្លាំងជាង​បរិមាណ​អំបិល​ចំនួន ​៣.៦០០​តោន​ ដែលលោក​ប្រមូល​បាន​ កាល​ពី​ឆ្នាំ​មុន​។ ​ លោក​ ស៊ុន ​នួន​ បាន​និយាយ​ប្រាប់​អ្នក​យក​ព័ត៌​មាន​​ថា “ វា​នៅ​មិន​ទាន់គ្រប់​គ្រាន់ទេ​។ ឆ្នាំ​នេះ​យើង​នឹង​រង​ការ​ខាត​បង់ ពី​ព្រោះ​យើង​បាន​ចំណាយ​ប្រាក់​យ៉ាង​ច្រើន​ទៅ​លើ​កម្លាំង​ពលកម្ម​ និង​ប្រេង​សាំង​”។ ​ លោក ស៊ុន នួន​ បាន​និយាយបន្តទៀត​ ថា “ទាល់​តែ​យើង​​ប្រមូល​ផល​អំបិល​​ បាន​​ចំនួន ៣.៦០០​តោន​ ទើប​យើង​អាច​រក​ប្រាក់​ចំណេញ​បាន​”។  គួរ​បញ្ជាក់​ថា តម្លៃ​អំបិល​ បាន​ធ្លាក់ចុះ​គួរ​ឲ្យ​កត់​សម្គាល់​ចាប់​តាំង​ពី​​ឆ្នាំ​២០១០​មក​ ពេល​ដែល​​តម្រូវ​ការ​មាន​ចំនួនតិច​ជាង​ការ​ផ្គត់​ផ្គង់​ខ្លាំង ​នៅ​តាម​ទី​ផ្សារ​ក្នុង​ស្រុក​។ ការ​លិច​លង់​ធ្ងន់​ធ្ងរ​ ដោយសារ​ទឹក​ភ្លៀង​បាន​ធ្វើ​ឲ្យ​ផ្ទៃ​ដី​ស្រែ​អំបិល​ជិត​១.៥០០​ហិក​តា​ង​ការ​ខូច​ខាត​នាឆ្នាំ​​នោះ​។  ការ​ធ្លាក់​ចុះ​បរិមាណ​អំបិល​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​នេះ មាន​ន័យ​ថា ប្រទេសកម្ពុជា​​​ត្រូវ​​នាំ​ចូល​អំបិល​រាប់​ពាន់​តោន​ពី​ប្រទេស​ចិន​ ដើម្បី​បំពេញ​តម្រូវ​​ការក្នុង​ស្រុក​ ហើយ​តម្លៃ​នៅ​តាម​ទីផ្សារ​ក្នុង​ស្រុក ​បាន​​កើនឡើង​ដល់​ទៅ​២១.០០០​រៀល​ (៥,២៥​ដុល្លារ) ក្នុង​​​មួយ​ការុ៉ង​ ​ដែល​មាន​ទម្ងន់៥០គីឡូ​ក្រាម​៕ ប្រែ​សម្រួល​ដោយហួង​ កុកទៀន

គណ​បក្ស​សិទ្ធិមនុស្ស និង​គណ​បក្ស​ សម រង្ស៊ី មា​ន​បំណង​ពិភាក្សា​អំពី​ការ​រួម​បញ្ចូល​គ្នា​

អា៊ងម៉េងឡេង​ និង​ Lauren Crothers ខេមបូឌាដេលី កាលពី​ម្សិល​មិញ លោ​ក កឹមសុខាប្រធាន ​គណ​បក្ស​សិទ្ធិមនុស្ស បាន​ផ្សព្វ​ផ្សាយ​ពី​​លទ្ធ​ភាព​នៃ​ការ​រួម​បញ្ចូល​គ្នា​តែ​មួយ​រវាង​គណ​បក្ស​របស់លោក​ ​និង​គណ​បក្ស​ សម រង្ស៊ី ឲ្យ​​បាន​មុន​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​នៅ​ឆ្នាំ​ក្រោយ​នេះបន្ទាប់​ពី​លោក​បាន​លើក​ឡើង​ថា លទ្ធផល​ការបោះ​ឆ្នោត​ឃុំ​-សង្កាត់​ កាលពី​ថ្ងៃ​អាទិត្យកន្លង​​ទៅ​​នេះ ​​បញ្ជាក់​​ ថា​​​​ ចំណាត់​​​ការ​​បែប​នេះ​អាច​បង្កើត​ជម្រើស​មួយ​​ ចំពោះ​គណ​បក្ស​ប្រជាជន​កម្ពុជា ដែល​គ្រប់​គ្រង​អំណាច​។ ប្រធាន​បទស្តីពី​​​ការ​រួម​បញ្ចូល​គ្នា​រវាង​គណ​បក្ស​ទាំង​ពីរ​ ត្រូវបាន​ពិភាក្សា​ម្ដង​ហើយ​ម្ដង​ទៀត​តាំងពី​ឆ្នាំ​២០០៨​មក​ម្លេ៉ះ ក៏ប៉ុន្ដែ​កា​រ​​ចង​​​​សម្ពន្ធ​​​​ភាព​មួយ​​បែប​នេះ​​ មិន​ទាន់​ទទួល​​បាន​​លទ្ធ​​ផល​​ផ្លែ​ផ្កា​នៅ​ឡើយ​ទេ។ នៅ​ឯ​សន្និសីទ​កាសែត​មួយ​នៅ​​ស្នាក់​ការ​​​កណ្តាល​​របស់​គណ​បក្ស​សិទ្ធិមនុស្ស កាលពីម្សិល​មិញ​ លោក សុខា បាន​ថ្លែងថា លោក​នឹង​ទូរស័ព្ទ​ទៅ​លោក​ សមរង្ស៊ីប្រធាន​គណ​បក្ស សម រង្ស៊ី ដែល​កំពុង​​​និរទេស​ខ្លួន​​​​ក្នុង​ទីក្រុង​បារីស​ ឲ្យគិត​ឡើង​វិញ​ចំពោះ​​​​​គំនិត​​នេះ​។ លោក​ សុខា មា​ន​ប្រ​សាសន៍ថា “ខ្ញុំ​​​​ត្រូវ​​ទូរស័ព្ទ​ទៅ​លោក រង្ស៊ី ដោយ​ផ្ទាល់​ ដើម្បី​ឲ្យ​ដឹងនិ​ងពិភាក្សា​ថា តើ​ត្រូវ​រួម​បញ្ចូល​គណ​បក្ស​ សមរង្ស៊ី និង​គណ​បក្ស​សិទ្ធិ​មនុស្ស​ដោយ​របៀប​​​ណា”។ លោក​បាន​មាន​ប្រសាសន៍ថា “កន្លង​មកយើង​បាន​ព្យាយាម​រួម​បញ្ចូល​គ្នា​ ប៉ុន្ដែ​ពេល​នោះ គណ​បក្ស​ទាំង​ពីរ​បាន​ព្យា​យាម​ប្រមូល​អ្នក​គាំ​ទ្រ​របស់ខ្លួន​ផ្ទាល់​”។ លោក​ កឹម  សុខា បាន​មាន​ប្រសាសន៍ថា “ ពេល​នេះ​ គណ​បក្ស​ទាំង​ពីរ​ទទួលបាន​លទ្ធ​ផល​បោះ​ឆ្នោត​ប្រហាក់​ប្រហែល​គ្នា​ ដូច្នេះ​ប្រសិន​បើ​គណ​បក្ស​ សមរង្ស៊ីពិត​​ជា​ចង់​ឈ្នះ​គណ​បក្ស​ប្រជាជន​កម្ពុជា ដែលកំពុងគ្រប់គ្រង​ ​អំណាច​មែន​​ ប្រជា​ពល​រដ្ឋ​ និង​ជាតិ ​ត្រូវ​តែ​រួម​បញ្ចូល​គ្នា​”។ គណ​បក្ស​ សិទ្ធិមនុស្ស​ អះអាង​ថា ខ្លួន​​ដណ្តើ​​មបាន​តំណែង​ប្រធាន​ក្រុម​ប្រឹក្សា​ឃុំ​-សង្កាត់​ចំនួន​១៨​ ក្នុង​ចំណោម​តំណែង​ក្រុម​ប្រឹក្សា​ឃុំ​-សង្កាត់​ចំនួន​១.៦៣៣​ទូទាំង​ប្រទេស​ កាលពីថ្ងៃ​អាទិត្យ​។ វាជា​លើក​ដំបូង​ ​ហើយដែល​គណ​បក្ស​នេះ​បាន​ចូល​រួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ​-សង្កាត់​។លទ្ធ​ផល​​នេះ​រឹត​​តែ​​គួរ​​ឲ្យ​​​ខក​ចិត្ត​​ទៅ​ទៀត​​​សម្រាប់​​​​គណ​បក្ស​​ សមរង្ស៊ី​ ដែល​​​​លើក​ឡើង​ថាខ្លួន​​​ដណ្តើ​មបាន​​តំណែង​​​មេ​​ឃុំ​-សង្កាត់​ តែ​២២​ប៉ុណ្ណោះ គឺ​បាត់​អស់​តំណែង​​មេ​ឃុំ-សង្កាត់​ ចំនួន​ប្រាំ​មួយ ​​ បើ​​​ធៀប​​ទៅ​​នឹង​​​ការ​បោះ​ឆ្នោត​ឃុំ​-សង្កាត់ក្នុង​ឆ្នាំ​២០០៧​។ លោក​ សុខាបាន​ថ្លែងថាជ័យ​ជម្នះ​របស់​គណ​បក្ស​លោក​ កាលពី​ថ្ងៃ​អាទិត្យ​ គឺ​ជា​​សមត្ថ​​ភាព​​​របស់​​​ខ្លួន​​​ក្នុងការ​ទាញ​យក​សំឡេង​​ឆ្នោត​ពី​គណ​បក្ស​ប្រជាជន​កម្ពុជា មិនមែន​គណ​បក្ស​ សម  រង្ស៊ី ទេ។ លោកថ្លែង​ថា “ខ្ញុំ​បាន​​​​ដក​​​​​​មេ​ឃុំ​-​ចៅ​​​សង្កាត់​ ចំនួន​១៨​ពី​គណ​បក្ស​ប្រជា​ជន​ កម្ពុជា មិន​មែន​គណ​បក្ស​ សមរង្ស៊ីទេ”។ លោកយឹមសុវណ្ណអ្នក​នាំ​ពាក្យ​​គណ​បក្ស​ សម រង្ស៊ី បានមាន​ប្រសាសន៍ថា គណ​បក្ស​ សមរង្ស៊ី​​​ មាន​​គំនិត​​​ផ្ទាល់​​​ខ្លួន​ស្ត​​ី​​​​ពី​​​​របៀប​​ដែល​​​​​គណ​បក្ស​ទាំង​ពីរ​​នេះ​​​​​អាច​ធ្វើ​ការ​ជាមួយ​គ្នា​ ដោយ​ប្រសិទ្ធភាព​ ក៏ប៉ុន្ដែ​ លោក​មិន​​បាន​ដឹង​ថា តើ​លោក​ សុខា ​​បាន​ទូរស័ព្ទ​ទៅ​រកលោក​ សម ​រង្ស៊ីហើយ​​​ឬ​​យ៉ាងណាទេ។ លោកសុវណ្ណបានមាន​ប្រសាសន៍ថា “ពី​កិច្ចពិ​​ភាក្សាគ្នា​​ជា​យូរ​​មក​ហើយ​​ ​​​យើង​​​មាន​​បំណង​​​រួម​​បញ្ចូល​​គ្នា​”។ លោក​ សុវណ្ណ ​​​បាន​​មាន​​​ប្រ​សាសន៍ថា ជំហាន​បន្ទាប់ គឺ​ត្រូវ​ចាប់​ផ្ដើម​ពី​កម្លាំង​ថ្នាក់​មូល​ដ្ឋានរបស់​គណ​បក្ស​សិទ្ធិមនុស្ស និង​គណ​បក្ស​ សម រង្ស៊ី ឲ្យ​មាន​សកម្មភាព​កាន់​តែ​ខ្លាំង​ក្លាថែមទៀត​។ លោក​ សុវណ្ណ បានមាន​ប្រសាសន៍ថា“យើង​សូម​អំពាវ​នាវ​ដល់​ក្រុម​ប្រឹក្សា​ឃុំ​-​សង្កាត់​ទាំង​របស់គណ​បក្សសមរង្ស៊ីនិង​គណ​បក្ស​សិទ្ធិមនុស្ស​...

នគរ​បាល​ចាប់​​ខ្លួន​ជន​​ជាតិ​រុស្ស៊ី​​​រួម​​ភេទ​​ជា​មួយ​​​កុមារ​​​ម្ដង​ទៀត​ ហើយ​សន្យា​បញ្ជូន​ទៅ​រុស្ស៊ី​វិញ​

កាល​ពី​​ម​​្សិល​​មិញ ​នគរបាល​បាន​ចាប់​ខ្លួន​ជន​ជាតិ​រុស្ស៊ី​ ម្នាក់​ឈ្មោះស្តានីស្លាវម៉ូឡូឌី​​​យ៉ាកូវ (Stanislav Molodyakov)​​​​ ជា​​​ជន​​​​​រួម​​ភេទ​​ជា​​មួយ​​កុមារ​ដែល​​​សមត្ថ​​កិច្ច​​​​​​​​​កំពុង​​តាម​ចាប់​ខ្លួន​​ នៅ​ក្នុង​ខេត្ត​កណ្ដាល​ ដោយ​​​នៅ​​​​​ទី​នោះ​​ នគរ​​បាល​បាន​និយាយ​ថាជន​​​បំពាន​​​​ផ្លូវ​​​ភេទ​​កុមារ​​​​ដ៏​​​​​​​អសោច​​​​​រូប​នេះ​ បាន​ស្នាក់​នៅ​​​​ក្នុង​ផ្ទះ​មួយ​​ជា​​មួយ​​​ក្មេង​​ស្រី​​​ម្នាក់ដែល​​ជន​​នេះ​​​​​​ស្រឡាញ់ ​រស់​នៅ​។ លោកគៀតច័ន្ទថារិទ្ធ​ អ្នក​នាំ​ពាក្យ​នគរបាល​​​​ជាតិ​មានប្រសាសន៍​ថាឈ្មោះម៉ូឡូឌីយ៉ាកូវដែល​គេ​ស្គាល់​ច្បាស់​ថាអាឡិចសាន់​ដឺត្រូហ្វី​​​ម៉ូវ (Alexander Trofimov) ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ម៉ោង​ប្រហែល​៨​ព្រឹក​ ក្នុង​ឃុំ​ញាឮនៅ​​​​ផ្ទះ​គ្រួសារ​​​មួយ​​​ ដែល​មាន​កូន​​​​​ស្រី​​ម្នាក់​អាយុ​​​ប្រ​​ហែល​​១១ឬ​១២​ឆ្នាំ​រស់​នៅ​។ លោកច័ន្ទថារិទ្ធ ​បន្ដ​ថា “មាន​ក្មេង​ស្រីម្នាក់​អាយុ​ប្រហែល​១១ ឬ១២​​​​ឆ្នាំ​...ហើយ ម៉ូឡូ​ឌីយ៉ាកូវ ​ស្រឡាញ់​​ក្មេង​​ស្រី​​​នេះ​។ខ្ញុំ​សង្ស័យ​ថាជន​នេះ​​​​បាន​រំលោភ​បំពាន​​​​​លើ​​ក្មេង​​ស្រី​នេះ​ ប៉ុន្ដែ​ យើង​មិនមាន​​​​​​​​ភស្ដុតាង​​​នេះ​​​​​​​​​​ទេ​”។ លោកគៀតច័ន្ទថារិទ្ធ​ បាន​បដិសេធ​មិន​និយាយ​ថា​ តើ​នគរបាល​បាន​ស៊ើប​អង្កេត​​​បទ​​​​ល្មើស​​ថែម​ទៀត​ដែល​អាច​ប្រព្រឹត្ត​ដោយ​ ម៉ូឡូ​ឌីយ៉ាកូវឬយ៉ាង​ណា​ទេ​ ហើយ​ថា ​ការ​ចាប់​​​​​​ខ្លួន​​​កាល​ពី​ម្សិលមិញ​​នេះ​ គឺ​​អនុវត្ត​​​តាម​បទ​បញ្ជា​របស់​ក្រសួង​មហា​ផ្ទៃ...

បក្ស​​​ប្រជាជន​​​​​​ឈ្នះ​​​​​​អាសនៈ​​​ក្រុម​​​ប្រឹក្សា​​​ឃុំ-សង្កាត់​​​ចំនួន​​​៧២​​​ភាគរយ

កាល​​​ពី​​​ម្សិលមិញ​​​ គណបក​​្សប្រជាជន​​​កម្ពុជា​​​​បាន​​​ប្រកាស​​​អំពី​​​ជ័យ​​​ជម្នះ​​​នៅក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​ឃុំ-សង្កាត់​​​កាល​​ពី​​​ថ្ងៃ​​​អាទិត្យ​​​ ដោយ​​​លើក​​​​ឡើង​​​ថា ខ្លួន​​​ទទួលបាន​​​អាសនៈ​​​ក្រុម​​​ប្រឹក្សា​​​ឃុំ-សង្កាត់​​​ចំនួន​​​៧២​​​ភាគរយ​​​ និង​ទទួល​​​បានមុខ​​​​តំណែង​​​​ជា​​​មេឃុំ​​​-ចៅ​​​សង្កាត់​​ជិត​៤១​​​ភាគរយ​​​ក្នុង​​​ចំណោម​​មុខតំណែង​​​ជា​​​មេឃុំ-ចៅសង្កាត់​​​ទាំង​​​​១.៦៣៣​​​។ ចំណែកគណបក្ស​​​ សម រង្ស៊ី បាន​​​ឲ្យ​​​ដឹង​​​ថាខ្លួន​​​ទទួល​​​បាន​​​អាសនៈ​​​ក្រុម​​​ប្រឹក្សា​​​ឃុំ-សង្កាត់​​​ចំនួន​​​១៩​​​ភាគរយ​​​ និង​​​​រក្សា​​​​​​មុខ​​​តំណែង​​​មេឃុំ-ចៅសង្កាត់​​​បានតែ​​​២២​​​ប៉ុណ្ណោះ​​​ក្នុង​​​ចំណោម​​​​មុខ​​​តំណែង​​​ចំនួន​​​២៨​​​ ដែល​​​ខ្លួន​​​ទទួល​បាន​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​ឃុំ-សង្កាត់​​​ឆ្នាំ​​​២០០៧​​​។ ឥឡូវ​​​នេះ​​ បក្ស​​​ប្រជាជនកម្ពុជា ​​​​និយាយ​​​​​ថា ខ្លួន​​​គ្រប់​​​គ្រង​​​១.៥៩២​​​ឃុំ​​​-សង្កាត់​​​ គឺ​​មាន​ការ​​​កើន​​​ឡើង​​​មុខ​​​តំណែង​​​មេឃុំ​- ចៅ​សង្កាត់​ចំនួន​​​មួយ​​​​​​លើស​​​លទ្ធផល​​​បោះ​​​ឆ្នោត​​​របស់​​​ខ្លួន​​​ក្នុង​​​ឆ្នាំ​​​២០០៧​​​ ហើយ​​​លើក​​​ឡើង​​​ទៀត​​​ថា​ខ្លួន​​​ឈ្នះ​​​បាន​​​អាសនៈ​​​ក្រុម​​​ប្រឹក្សាឃុំ-សង្កាត់​​​ចំនួន​​​៨.២៨៣​​​​​ក្នុង​​​ចំណោម​​​១១.៤៥៩​​​អាសនៈ​​​។ លោក​​​ ជាម យៀប សមាជិ​​កសភា​ជាន់​​​ខ្ពស់​​​​មក​​​ពី​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​បាន​​​មាន​​​ប្រសាសន៍​​​អំពី​​​លទ្ធផល​​​បោះ​​​ឆ្នោតបឋម​នេះ​ថា “ គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ទទួល​​​បាន​​​ជ័យ​​​ជម្នះ​​​យ៉ាង​​​ច្រើន​​​នៅក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​ឃុំ-សង្កាត់​​​លើក​​​នេះ​​​។​​​ យើង​​​គ្រប់​​​គ្រង​​​ជាង​​​១.០០០​​​ឃុំ-សង្កាត់​​នៅ​ទូទាំង​​​ប្រទេស​​​ ហើយ​​​​យើង​​​សប្បាយ​​​រី​​​រាយ​​​​ចំពោះ​លទ្ធផល​​​នេះ​​​ ហើយ​​​យើង​​​សូម​​​អរគុណ​​​ដល់​​​អ្នក​​​គាំទ្រ​​​របស់​​​យើង​​​”។ លោកបាន​​​បន្ថែម​​​ទៀត​​​ថា “ ប្រជា​ជន​​​ជាង​​​៣,៨លាន​​​នាក់​​​បាន​​បោះ​​​ឆ្នោត​​​ឲ្យ​​​គណ​​បក្ស​​​ប្រជាជន​​​កម្ពុជា”។ យោង​​​តាម​​​គេហទំព័រ​​​ផ្លូវ​​​ការ​​​របស់​​​គណ​បក្សប្រជាជនកម្ពុជា បាន​​​បង្ហាញ​ថា  គណបក្ស​​​សម រង្ស៊ី ដែល​​​ធ្លាប់​​​ទទួល​​​បានជ័យ​​​ជម្នះ​​​ច្រើន​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​ឆ្នាំ​​​២០០៧​​​នោះ ​ទទួលបាន​​​​​អាសនៈ​​​ក្រុម​​​ប្រឹក្សា​​​ឃុំ-សង្កាត់​​​តែ​​​២.១៥៥​​​ប៉ុណ្ណោះ​​​ គឺ​ធ្លាក់​ចុះ​​​ពី​​​​២.៦៦០​​​អាសនៈ​ ដែល​​​គណបក្ស​​​នេះ​កាន់​កាប់​​​ នៅ​​​​មុន​ពេល​​​​បោះ​​​ឆ្នោត​​​កាល​​​ពី​​​ថ្ងៃ​​​អាទិតុ្យ​​​នេះ។ លោក យឹម សុវណ្ណ​​​ អ្នក​​​នាំ​​​ពាក្យ​​​គណបក្ស​​​សម រង្ស៊ី បាន​​​មានប្រសាសន៍​​​ថា “យោង​​​តាម​​​លទ្ធផល​​​​បឋម​ យើង​​​ទទួល​​​បាន​សន្លឹក​​​​​​ឆ្នោត​​​​​យ៉ាង​​​តិច​​​ណាស់​​​ចំនួន​​​២១​​​ភាគរយ​​​នៃ​សន្លឹក​​​ឆ្នោត​​​សរុប​​​​​​ ហើយ​​​គ្រប់​​​គ្រង​​​ចំនួន​​​២២​​​ឃុំ-សង្កាត់​​​”។ លោក​បាន​​​មាន​​​ប្រសាសន៍​​​ថា ​លោក​សង្ឃឹម​​​ថា ចំនួន​​​នេះ​​​នឹង​​​កើន​​​ឡើង​​​ បន្ទាប់​​​ពី​​​គណបក្ស សម រង្ស៊ី ដាក់​​​ពាក្យ​​​បណ្ដឹង​​ទៅ​​​កាន់​​​គណៈកម្មាធិការ​​​ជាតិរៀប​​​ចំការ​​​បោះ​​​ឆ្នោត​​​ជុំ​​​វិញ​​​ភាព​​​មិន​​​ប្រក្រ​​​តី​​​ ដែល​​​កើត​​​មាន​​​ក្នុង​​​ពេល​​​បោះ​​​ឆ្នោត​​​។ លោកអះ​​​អាង​​​ផង​​​ដែរ​​​ថា អ្នក​​​បោះ​​​ឆ្នោត​​​ចំនួន​​​៤លាន​​​​នាក់​មិន​​​អាច​​​រក​​ឈ្មោះ​​​​របស់​​​​ពួក​​​គេ​​​នៅ​​​ថ្ងៃ​​​បោះ​​​ឆ្នោត​​​​​​ឃើញ​​​ទេ​​​​​។ លោក យឹម សុវណ្ណ​​​ បាន​​​បន្ដ​​​ទៀត​​​ថា “នឹងមាន​​​ឃុំ-សង្កាត់​​​លើស​​​ពី​​​នេះ​​​ទៀត​​​ ដែល​​​ត្រូវ​​​គ្រប់​​​គ្រង​​​ ពី​​​ព្រោះ​​​ឥឡូវ​​​នេះ​​​យើង​​​កំពុង​​​តែ​​​រៀ​​ប​​​ចំ​​​ពាក្យ​​​បណ្ដឹង​​​”។លោក ទេព នីថា អគ្គលេខាធិការ​​​គណៈ​កម្មាធិការ​​​ជាតិ​​​រៀប​​​ចំការ​​​បោះ​​​ឆ្នោត​​​បាន​​​មាន​ប្រសាសន៍​​​ថា លទ្ធផល​​​បោះ​​​ឆ្នោត​​​ជា​​​ផ្លូវ​​​ការ​​​នឹង​​​មិន​​​ទាន់​​​ប្រកាស​​​ឲ្យ​​​ដឹងនៅ​​​ឡើយ​​​ទេ​​​ រហូត​ ​​​ដល់​​​ថ្ងៃ​​​ទី​​​២៤​​​ ខែ​​​មិថុនា ព្រោះ​​​ គ.ជ.ប ​ជា​ធម្មតា​​​​ទុក​​​ពេល​​​ប្ដឹង​​​តវ៉ា​​​​​​បន្ទាប់​​​ពី​​​ការ​​​បោះ​​​ឆ្នោត​​​។ ការ​​​ភ្ញាក់​​​ផ្អើល​​​ដ៏​​​ខ្លាំង​​​បំផុត​​​នៅក្នុង​​​ការ​​​បោះ​​​ឆ្នោ​​​កាល​​​ពី​​​ថ្ងៃអាទិត្យ​​​គឺ​ថា​ ​​គណបក្ស​​​សិទ្ធិមនុស្ស​​​ទទួល​​​បាន​​​មុខ​​​តំណែង​​​មេឃុំ​​​-ចៅ​សង្កាត់​​​ចំនួន​​​១៨​​​ ទោះ​​​បី​​​ជា​​​គណបក្ស​​​នេះ​​​ទើប​ឈរ​​​ឈ្មោះ​​​បោះ​​​ឆ្នោត​​​ឃុំ-សង្កាត់​​​លើក​​​​ដំបូង​​​​ក៏ដោយ​​​។ លោក កឹម សុខា ​​​ថ្លែង​​​ទៅកាន់​​​សន្និ​សីទ​​​​សារព័ត៌មានកាលពី​​​ម្សិលមិញ​​​ ដែល​​​នៅ​​ទី​​​នោះ​​​លោកបាន​​​លើក​​​ឡើង​​​ពី​​​លទ្ធភាព​​​នៃ​​​ការ​​​រួប​​​រួម​​​គ្នា​​​ជា​​​មួយ​​​គណបក្ស​​​ សម រង្ស៊ី នៅ​​​មុន​​​ពេល​​​បោះ​​​ឆ្នោត​​​ជាតិ​​​ឆ្នាំ​​​ក្រោយ​​​ថា “​​​យើងយក​​​​មុខ​​​តំណែង​​​មេឃុំ​​​ចំនួន​​​១៨​ពី​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា ​​​មិន​​​មែន​​​យក​​​ពី​​​គណបក្ស​​​សម រង្ស៊ី ទេ​​​។ លោក សម គន្ធាមី អ្នក​​​សម្រប​​​សម្រួល​​​គណៈ​កម្មាធិការ និកហ្វិក​​​ ​​​បាន​​​មាន​​​ប្រសាសន៍​ថា ការ​​​បញ្ចូល​​​គ្នា​​​រវាង​​​សំឡេងឆ្នោត​​​គណបក្ស​​​សម រង្ស៊ី និង​​​គណបក្ស​​​សិទ្ធិមនុស្ស​​​​ ធ្វើ​ឲ្យ​គណ​បក្ស​​​ប្រជាជន​កម្ពុជា​​​ ទទួលបាន​​​ជ័យ​​​ជម្នះ​​​តែ​​​បន្ដិច​​​បន្ដួច ​​​​និង​អាចជា​​​សញ្ញា​​​វិជ្ជមាន​​​​​​សម្រាប់​​គណបក្ស​​​តូច​​​ៗ​​​នៅក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​ឆ្នាំ​​​ក្រោយ​​​។ លោកបាន​​​បន្ដ​​​ទៀត​​​ថា “ សម្រាប់​​​គណបក្ស​​​ប្រជាជនកម្ពុជា​​​វិញ ខ្ញុំ​​​យល់​​​ឃើញ​​​ថា អ្នក​​​បោះ​​​ឆ្នោត​​​នៅ​​​តែ​​​មាន​​​ចំនួន​​​ដូច​​ការ​​​បោះ​​​ឆ្នោត​​​លើក​​​មុន​​​។ គណបក្ស​​​ប្រជា​ជន​កម្ពុជា មាន​​​អ្នក​​​បោះ​​​ឆ្នោត​​​គាំទ្រ​​​ចំនួន​​​៣​លាន​នាក់​​​ គឺ​​​នៅ​​​មាន​​​ចំនួន​​​ដដែល​​​ ប៉ុន្ដែអ្នក​​​បោះ​ឆ្នោត​២​លាន​​​នាក់​​​ផ្សេង​​​ទៀត​​​បាន​​​បោះ​​​ឆ្នោត​​​ឲ្យ​​​គណបក្ស​​​សិទ្ធិមនុស្ស​​​ គណបក្ស​​​ សម​ រង្ស៊ី​និង​​​គណបក្ស​​ ហ្វុ៊នស៊ិនប៉ិច។ ខ្ញុំ​​​គិត​​​ថា សម្រាប់​​​ការ​​​បោះ​​​ឆ្នោត​​​នាពេល​​​ខាង​​​មុខ ​​​គណបក្ស​​​ប្រឆាំង​​​នឹង​​​ទទួល​​​បាន​​​អាសនៈ​​​ច្រើន​​​ជាង​​​នេះ​​​ ដោយ​​​ផ្អែក​​​លើ​​​លទ្ធផល​​​បោះ​​​ឆ្នោត​​​កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ​​​។ គណៈ​កម្មាធិការនិកហ្វិក​​​ បានឲ្យ​​​ដឹងថា​​​លទ្ធផល​​​នៃ​​​ការ​​​បោះ​​​ឆ្នោត​​​កាលពី​​​ថ្ងៃ​​​អាទិត្យ​មិន​​​មែន​​​ជា​​​ក្ដី​​​សង្ឃឹម​​​សម្រាប់​​​គណបក្ស​​​រាជា​​​និយម​​​ទេ។ គណបក្ស​​​ នរោត្តម រណប្ញទ្ធិ មិន​​​បាន​​​ទទួល​​​កៅអី​​​មេឃុំ​​-សង្កាត់​ណាមួយ​​​ឡើយចំណែក​​​ឯគណបក្ស​​​ ហ្វុ៊ន​​​សិុនប៉ិច បាន​បាត់បង់​​​តំណែង​​​មេឃំុ​​​ពីរដែលខ្លួនបានឈ្នះ​​​កាលពី​​​ឆ្នាំ២០០៧​​​ ។ ចំនួ​​​​​ន​​​អ្នក​​​បោះឆ្នោត​​​កាលពី​​​ថ្ងៃអាទិត្យ​​​តិច​​​ជាង​​​កាលពី​​​ការបោះ​​​ឆ្នោត​​​លើក​​​មុនៗ​​​ ហើយ​​​ចំនួន​​​​​​នេះ​​​ក៏ខុសគ្នា​​​ទៅ​​​តាម​​​អ្នក ​​​ដែល​​​ផ្ដល់​​​ចម្លើយ​​​ផង​​​ដែរ ។គ.ជ.ប បាន​​​លើក​​​ឡើង​​​ថា​​​ ៦៤ភាគ​រយ​​​នៃ​​​​អ្នក​​​ចុះ​ឈ្មោះ​បោះឆ្នោត​​​​​​ទាំង​​​៩,២​លាន​នាក់​​​នៅ​​​ទូទាំង​​​ប្រទេស​​​បានទៅ​បោះ​ឆ្នោតគឺ​​​​ធ្លាក់​​​ចុះ​​​ពី​​​៦៧ភាគរយ​​​ក្នុង​​​ឆ្នាំ​​​២០០៧ និង​​​ធ្លាក់ពី​​​៨៧ភាគរយ​​​ក្នុង​​​ឆ្នាំ​​​២០០២​​​។ ទោះជា​​​យ៉ាង​​​ណា​​​ អ្នក​​​អង្កេតការ​​​នយោ​បាយ​​ឯករាជ្យ​​​បាន​​​លើក​​​ឡើង​​​ថា​​ ចំនួន​​​អ្នក​​​បោះ​​​ឆ្នោត​​​នេះ​តិច​​​ជាង​​​ពី​​​មុនឆ្ងាយ​​​ណាស់​​​។លោក គល់ បញ្ញា នាយក​​​ប្រតិបត្តិ​​​​គណៈ​កម្មាធិការ​ខុមហ្វ្រែល​​​​ បាន​​​មាន​​​ប្រសាសន៍ថា​​​មាន​​​អ្នកចុះ​ឈ្មោះ​​បោះ​ឆ្នោត​តែ​៦១​ភាគរយ​ប៉ុណ្ណោះ​បាន​​ទៅ​​​​បោះឆ្នោត​។ លោក​​​​​​ប្រសាសន៍​​​នៅឯសនិ្នសីទ​កាសែត​កាលពី​​​ម្សិល​​​មិញ​​​ថា​​​​​​ “ ចំនួន​​​ប្រជាពលរដ្ឋ​​​ដែល​​​បាន​​ទៅ​បោះឆ្នោត​​​បាន​​​ធ្លាក់​​​ចុះ​​​ពី​​​៦៧​ភាគរយ​​​ក្នុង​​​ឆ្នាំ​​​២០០៧​​​មក​​​ត្រឹម​​​៦១ភាគរយ​​​ក្នុង​​​ឆ្នាំ​​​នេះ​​​ ដូច្នេះ​​​ហើយ​​គណៈ​កម្មាធិការ​ខុមហ្វ្រែល កំពុង​​​ព្យាយាម​​​ស្វែង​​​រក​​​មូល​​​ហេតុ​​​ដែល​​​ប្រជា​​​ពលរដ្ឋ​​​ជាច្រើន​​​មិ​​ន​​​បាន​​​ទៅ​​​បោះ​​ឆ្នោត​​​និងអ្នក​​​​ដែល​រង​​​ផល​​​ប៉ះពាល់​​​...។ យើង​​​កំពុង​​​ស្រាវ​​​ជ្រាវ​​​រក​​​មូល​​​ហេតុ​​​”។ លោកគល់ បញ្ញា​​​ បាន​​​មាន​​​ប្រសាសន៍​ថា​​​៦១ភាគរយ​​​នៃ​​​អ្នក​​​បោះឆ្នោត​​​បាន​​​ទៅ​​​បោះ​​​ឆ្នោត​​​ ចំណែក​​​ឯ​​​គណៈ​កម្មាធិ​ការ​និកហ្វិក​​​ បាន​​​​អះអាងថា​​​ ចំនួនអ្នក​​​ទៅ​​​បោះ​​​ឆ្នោត​​​មាន​​​​​​តែ​​​៥៤ភាគរយ​​ប៉ុណ្ណោះ​​។ លោក​​​ គន្ធាមី​​ បាន​ថ្លែង​ថា ៥៤​ភាគរយ​​​នៃ​​​​អ្នក​​​​ចុះ​​​ឈ្មោះ​​​បាន​​​ទៅ​​​បោះ​​​ឆ្នោត​​​។ លោក​​​បានមាន​​​ប្រសាសន៍ថា​​​ “ ខ្ញុំ​​​គិត​​​ថា​​​បញ្ហា​​​មួយ​​​គឺ ពាក់ព័ន្ធ​​​នឹង​​​កម្មករ​​​រោង​​​ចក្រ។​ជាធម្មតា​​ពួកគាត់ត្រូវទៅផ្ទះ​​​ដើម្បី​​​បោះ​​​ឆ្នោត​​​ដែលមាន​​​ន័យ​​​ថា​​​ ពួកគាត់​​​ត្រូវ​​​ចំណាយ​​​ប្រាក់​​​ក្នុង​​​ការ​​​ធ្វើដំណើរ​​​ ដូច្នេះ​​​ពួកគាត់​​​មិន​​​បានទៅ​​​បោះឆ្នោតទេ​​​។ ខ្ញុំបាន​​​និយាយ​​​ជាមួយកម្មករ​​​រោងចក្រ​​​ជាច្រើន​​​នាក់​​​ អំពី​​​ការ​​​បោះឆ្នោត​​​ ហើយ​​​ពួកគាត់​​​និយាយថា​​​ ពួកគាត់​​​គ្មាន​​​ប្រាក់់​​​សម្រាប់​​​ធ្វើដំណើរ​​​ទេ​​​”។ លោកបាន​​​មាន​​​ប្រសាសន៍បន្តថា​​​ “ បញ្ហា​​​មួយ​​​ទៀត​​​គឺ​​​ពាក់ព័ន្ធជា​​​មួយ​​​ការ​​​ចុះ​​​ឈ្មោះ​​​បោះឆ្នោត​​​។ ប្រជាពលរដ្ឋ​​​បាត់​​​ឈ្មោះ​​​របស់​​​ពួកគាត់​​​។ ពួកគាត់​​​ត្រូវ​​​ត្រឡប់​​​ទៅ​​​ផ្ទះ​​​វិញ​​​ដោយ​​​មិន​​​អាច​​​ប្រើសិទ្ធិ​​​របស់​​​គាត់​​​ដើម្បី​​​បោះឆ្នោតបាន​​​”៕ (រាយការណ៍បន្ថែមដោយ​​​ ឃី សុវុឌ្ឍី)                   ប្រែសម្រួលដោយ ហួង កុក​​​ទៀង​​​និង​​​ ហម​​​ សុផាណ្ណា​​​​​​​​​

នៅ​តំបន់​ជន​បទ ​បក្ស​ សម រង្ស៊ី និយាយ​ថា ខ្លួន​ទទួល​បាន​សន្លឹក​ឆ្នោត​ ស្រប​ពេល​មាន​ជម្លោះ​ដីធ្លី

ខណៈ​ពេល​​លទ្ធ​ផល​បឋម​ពី​ការ​បោះ​ឆ្នោត​ឃុំ​-សង្កាត់ កាលពីថ្ងៃ​អាទិត្យបង្ហាញ​ថា គណ​បក្ស​ សម​ រង្ស៊ី​ បាន​​ទទួល​សម្លេង​ឆ្នោត​ច្រើន​​ក្នុង​ទីក្រុង​នោះ តាម​ពិតគណ​​បក្ស សម រង្ស៊ី បាន​បាត់​បង់​តំណែង​ចៅ​សង្កាត់​ទាំង​​បី​​នៅ​​ក្នុង​រាជ​ធានី​ភ្នំ​ពេញ ប៉ុន្តែ គណបក្ស​​នេះ ទំនងទទួល​បាន​អាសនៈ​​ច្រើន​នៅ​តាម​តំបន់​ជន​បទ​ ដែលជាប់​ពាក់​ព័ន្ធ​នឹង​​វិវាទ​ដី​ធ្លី។ អ្នក​វិភាគ​​លើក​ឡើង​កាលពី​ម្សិល​មិញ​ថា បើទោះ​ជា​តួលេខ​នេះ​​ជា​លទ្ធ​ផល​​​បឋម​ និងមិនគួរ​ឲ្យជឿ​ជាក់​ក៏ដោយ ក៏​លទ្ធ​ផល​​ដំបូង​ទំនង​ជា​មាន​ការ​ប្រែ​ប្រួល​ក្នុង​ចំណោម​អ្នក​បោះ​ឆ្នោត​នៅ​តាមជន​បទ​ ទី​ដែល​មាន​ការ​បាត់​បង់​ដី​​ប្រជាពល​រដ្ឋ​ ដោយ​សារ​តែ​សម្បទាន​ដី​សេដ្ឋកិច្ច។ លទ្ធផល​បឋម​នេះ​បង្ហាញ​ថា គណបក្ស​ សមរង្ស៊ីបាន​ទទួល​អាសនៈ​ច្រើន​នៅ​ក្នុង​ឃុំ​ដែល​​មាន​​វិវាទ​ដីធ្លី​​ក្នុង​ខេត្ត​រតនគិរី​ ក្រចេះ​ កោះ​កុង​ បន្ទាយមាន​ជ័យ​ និង​កំពង់​ឆ្នាំង​។ នៅ​ក្នុង​ឃុំ​ស្រែ​ចានិង​ឃុំ​ស្នួលដែល​ស្ថិត​នៅ​ក្នុង​ស្រុក​ស្នួលខេត្ត​ក្រចេះ​នោះ​​ អ្នក​ភូមិ​បាន​និង​កំពុង​តែ​មាន​វិវាទ​ជាមួយ​ក្រុម​ហ៊ុន​ចម្ការ​កៅស៊ូ​បីអស់រយៈ​ពេល​ជាង​បួន​ឆ្នាំ​មក​ហើយ។ ក្នុង​ឃុំ​នីមួយៗ​ក្នុង​ចំណោម​ឃុំទាំង​ពីរ​នេះ គណ​បក្ស​ សមរង្ស៊ីទទួលបា​ន​អាសនៈក្រុម​ប្រឹក្សា​ឃុំមួយ​។ បើ​ទោះ​ជាគណ​បក្ស​នេះគ្មាន​តំណែង​មុន​​ការ​បោះឆ្នោត​នៅក្នុង​ឃុំ​ចងក្រង​ ស្រុក​ចិត្ត​បុរី ក៏ដូចជា​​ក្នុង​ឃុំ​អូរ​គ្រៀង ឃុំ​ក្បាល​ដំរី និង​ឃុំ​រលួស​មានជ័យ ក្នុង​ស្រុក​សំបូរ​ ក៏ដោយ​ក៏នៅ​ក្នុង​ការ​បោះ​ឆ្នោត​កាលពី​ថ្ងៃ​អាទិត្យគណ​បក្ស​នេះ​បាន​ទទួល​​អាសនៈមួយ​ក្នុង​ឃុំ​នីមួយៗ​ក្នុង​ចំណោម​ឃុំ​ទាំង​បួន​នេះដែរ​។ ឃុំ​ទាំង​បួន​នេះជាប់​ពាក់​ព័ន្ធ​នឹង​វិវាទ​ដីធ្លី​ជាមួយ​ក្រុម​ហ៊ុន​សម្បទាន​ដី​ចំនួន​បី មក​ពី​ប្រទេស​ចិន​ និង​ប្រទេស​វៀតណាម។ លោក​ ឡុងរីសមាជិក​សភា​គណ​បក្ស​ សម រង្ស៊ីដែល​ជា​ប្រធានគណ​បក្ស​ខេត្ត​​ដែរនោះបាន​ថ្លែង​ថា “ យើង​ទទួលបាន​អាសនៈ​ថែម​ទៀត​ក្នុង​ឃុំ ដែល​​​មាន​ជម្លោះ​ដី​ធ្លី​ច្រើន ​ជា​​មួយក្រុម​ហ៊ុន​ដែល​ទទួល​បាន​​សម្បទាន​ដី​សេដ្ឋកិច្ច និង​អ្នក​ជំនួញ​ដែល​មាន​អំណាច​។ យើង​ទទួល​បាន​៧៥​អាសនៈ​ គឺកើនឡើង​​ពី​៧២​អាសនៈ​ក្នុង​ឆ្នាំ​២០០៧”។ បើ​ទោះ​​ជា​ទទួល​​បាន​អាសនៈ​ច្រើន​​នៅ​ជន​បទ​ក៏ដោយ ក៏លោក​ ឡុង​ រីទទួល​ស្គាល់​ថា បក្ស​ សមរង្ស៊ី ​បាត់​បង់​អាសនៈ​ក្រុមប្រឹក្សា ចំនួន​ពីរដែរ ក្នុង​​​ក្រុង​​ក្រចេះ​។ លោកថ្លែងថា “ យើង​បាត់​បង់​អាសនៈ​នៅ​​តាម​ក្រុង​”។ នៅ​ក្នុង​ខេត្ត​កោះ​កុងឯណោះ​វិញក៏​មាន​លទ្ធផល​ស្រដៀង​គ្នា​នេះ​ដែរ គឺគណ​បក្ស​ សមរង្ស៊ីទទួលបាន​ប្រាំ​អាសនៈ​បន្ថែម​ពី​លើ​២០​អាសនៈ​ដែល​ខ្លួន​មាន​បច្ចុប្បន្ន​។ លោក​ ជិនសុផលប្រធាន​​គណបក្ស​​...

សាលា​​​រាជធានីភ្នំពេញ​ដំ​ឡើង​កាមេរា៉​សុវត្ថិភាព​ដើម្បី​ត្រួត​ពិនិត្យ​​ការ​កកស្ទះ​ចរាចរ​​ណ៍ក្នុង​រាជធានី

មន្ត្រី​និង​បុគ្គលិក​នៅ​ក្រុមហ៊ុន​​ផ្តល់​សេវា​អីុនធើណិត បាន​​ឲ្យ​ដឹង​កាលពី​សបា្តហ៍​មុន​ថា ​សាលា​រាជធានីភ្នំពេញ​បាន​ដំឡើង​កាមេរា៉​សុវត្ថិភាព​ថ្មី​ចំនួន​ប្រាំ​នៅ​​ចំណុច​ផ្លូវ​ប្រសព្វ​​សំខាន់ៗនៅ​ទូទាំង​រាជ​ធានី​​ ដើម្បី​ជួយ​សម្រួល​ដល់​​​មន្ត្រីនគរបាលក្នុង​ការត្រួត​ពិនិត្យ​ផ្លូវ​ដែល​​មាន​ការ​កក​ស្ទះ​ខ្លាំង​។ លោក Paul Blanch-Horgan នាយក​ប្រតិបត្តិ​​នៃ​ក្រុមហ៊ុន ​EZECOM ដែល​ជា​ក្រុម​ហ៊ុន​ផ្តល់​​​សេវា​អុីនធើ​ណិត និង​ជា​ក្រុម​ហ៊ុន​ដំឡើង​កាមេរ៉ាទាំង​នេះ​​​បាន​​មាន​​ប្រសាសន៍​ថា គេ​បាន​ជ្រើសរើស​កន្លែង​ទាំង​ប្រាំ​នេះ​ដោយ​សារតែ​មាន​ការ​កកស្ទះ​ខ្លាំង​ ហើយ​ត្រូវ​ដំឡើង​​​កាមេរ៉ា​តាម​សំណើ​​របស់​​នគរ​បាល​ចរាចរ​។ កាមេរ៉ា​ថ្មី​ទាំង​េនះ​​ត្រូវ​បាន​​ដំឡើងកាល​ពី​ខែ​មករា​ នៅ​រង្វង់​មូល​​ជិត​គម្រោង​សាង​សង់​អចលន​ទ្រព្យ​​​ កាំកូស៊ីធី (Camko City)​ក្នុង​ខណ្ឌ​ប្ញស្សីកែវ​ នៅ​​មុខ​ផ្សារ​សីុដនី​​ ​តាម​មហា​វីថី​​កម្ពុជា​ក្រោម​ ​ ​ស្ពាន​អាកាស​​តាម​បណ្តោយ​​មហា​វិថី​សហព័ន្ធរុស្សី​ ​ផ្លូវ​ប្រសព្វ​នៃ​មហា​​​វិថីព្រះមុនីរេ៉ត និង​​មហាវិថី​ព្រះសីហនុ​ និង​​​​ចំណុច​ប្រសព្វ​​ទាំង​បួន​​រវាងផ្លូវ​ជាតិ​លេខ​៣ ​ផ្លូវ​ជាតិលេខ៤ ​មហាវិថី​សហព័ន្ធ​រុស្សុីនិងផ្លូវចោមចៅ​ លោក Blanche-Horgan បាន​លើក​ឡើង​តាម​អីុម៉េលថា “ប្រសិន​បើមើល​ឃើញ​​​​ករណី​គ្រោះថ្នាក់​ ចរាចរណ៍​តាម​កាមេរ៉ានោះ យើងសង្ឃឹមថា វា​អាច​ផ្តល់​របាយ​ការណ៍​​ដ៏​មាន​ប្រយោជន៍ ដូច​ដែល​គេ​​បាន​ប្រើ​កាមេរ៉ា​​បែប​នេះ​នៅ​ទូ​ទាំង​ពិភព​លោក”។ លោក​ សោម ​ឆាយា អគ្គ​​នាយករង​​ស្ថានីយ​​ទូរទស្សន៍ CTN ថ្លែង​ថាទូរទស្សន៍​ CTN​ ​​​​​​​ផ្សព្វ​​​ផ្សាយ​រូប​ភាព​ពី​កាមេរ៉ា​ទាំង​នេះ​ជា​ទៀងទាត់​​​​ចន្លោះពី​​ម៉ោង​៦ព្រឹកដល់ម៉ោង​៩ព្រឹក ​​​​ដើម្បី​ជួយ​សម្រួលដល់​ប្រជាពលរដ្ឋ​ដែល​​ធ្វើ​ដំណើរ​ទៅ​ធ្វើការពេលព្រឹក។ ​ឥឡូវ​ ​មាន​កាមេរ៉ា​​ចំនួន​​​​១០​ ហើយ​នៅ​​ទូទាំង​រាជ​ធានីភ្នំពេញ៕ ប្រែសម្រួលដោយ ថូណារឿន​

នៅ​ខេត្ត​បាត់​ដំ​បង ​បក្សប្រឆាំង​ប្រទះ​ឃើញ “ ល្បិចកលតូចៗមួយចំនួន” ​អំឡុង​ការ​បោះ​ឆ្នោត​

ក្រុង​បា​ត់​ដំ​បង-បាត់​ដំ​បង- សេចក្ដី​រាយ​ការណ៍​បាន​ចាប់​ផ្ដើម​ផ្សព្វ​ផ្សាយ​កាល​ពី​យប់​ថ្ងៃ​សៅរ៍​។អ្នក​គាំ​ទ្រ​គណ​បក្ស​ សមរង្ស៊ីបួន​នាក់ ត្រូវ​បាន​គេទិញទឹកចិត្ត​នៅ​​ស្រុក​ថ្មគោល មន្ត្រី​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ត្រូវ​បាន​គេ​ឃើញ​កំពុង​តែ​ផឹក​ស៊ីជាមួយ​មន្ត្រី​នគរ​បាល​នៅ​ក្រុង​បាត់ដំបង​ ក្រុមប្រឹក្សាសង្កាត់​ម្នាក់​ ត្រូវបាន​គេ​ឃើញ​បើក​បរ​រថយន្ត​នៅ​​ក្រុង​នេះ​ក្នុង​ឯក​សណ្ឋាន​កង​រាជ​អាវុធ​ហត្ថ​។ លោក​ស្រី មូរ​ សុខហួរ​ បានថ្លែងថា“នេះ​គឺ​ជា​ភាព​អនាធិប​តេយ្យ​​ពិត​ប្រាកដ មុន​ការ​បោះ​ឆ្នោត​”។​បន្ទាប់​មក​ លោក​ស្រី​បាន​​ទទួល​​​ទូរស័ព្ទ​មួយ​ទៀត​ មក​ពី​អ្នក​ជិត​ខាង​ម្នាក់​ ដែល​បាន​និយាយថាមនុស្ស​ចម្លែក​ម្នាក់​​បានសួរ​ថាតើ​លោក​ស្រី មូរ​​ សុខហួរ កំពុង​តែ​សម្រាក​នៅ​ ​ផ្ទះ​របស់​គាត់​នៅ​យប់​នោះ​ ឬអត​់។​លោក​ស្រីបានមាន​ប្រសាសន៍ថា “អស់លោក​ដឹង​ទេ​? ពួក​គេ​កំពុង​តែ​ព្រូសឆ្កែ​កំពុង​តែ​ព្រូស”។ នៅ​បាត់​ដំបង​ ការ​បោះ​ឆ្នោត​ភាគ​ច្រើន​កាល​ពី​ម្សិល​មិញ​ ដូច​ជា​​គ្មានឧបសគ្គ​អ្វី​ឡើយ​។អ្នក​បោះ​ឆ្នោត​ក៏ដូច​ជា​ក្រុម​មន្ត្រី​ បាន​កោត​សរសើរ​ថាគ្មានការ​បំភិត​បំភ័យ​ និងការ​បោះ​ឆ្នោត​​ដំណើរ​ការ​ដោយ​រលូន​។ ក៏ប៉ុន្តែ​ការ​បោះ​ឆ្នោត​េនះ​ហាក់​ដូច​ជា​មាន​ភាព​​មិន​រៀប​រយ​បន្តិច​បន្តួច​ ​ដូច​ជា ការ​មិនតម្រង់​ជួរ​ ការ​ភាន់​ច្រឡំ​តិច​តួច​ថាតើ​ត្រូវ​ប្រើ​​ឯក​សារ​មួយ​ណាដើម្បី​​ជំនួស​​ឯក​សារ​បាត់​បង់​។បញ្ហា​មាន​តិចតួចណាស់​​។ ទោះ​ជាយ៉ាង​នេះក្ដី​ ចំពោះ​គណ​បក្ស​ សម រង្ស៊ី វិញ មាន​ការ​ប្រែ​ប្រួល​តិច​តួច​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​មក​​នេះ។បញ្ហានៅ​​​ត្រង់​ថា ល្បិចកលដែល​​គណ​បក្ស​ប្រជាជន​កម្ពុជា​ប្រើ​ដើម្បី​ទទួល​បាន​សំឡេង​ឆ្នោត​នោះ ​គឺ​ការ​ពិបាក​យល់​និង​ពិបាក​តាម​ដាន។ នៅ​​ការិយាល័យ​​បោះ​ឆ្នោត​​ក្នុង​​សាលា​​បឋម​​សិក្សា​ភូមិ​អង្គ​ ក្នុងសង្កាត់អូរចារ អ្នកស្រី ជា ខាំ ប្រធានភូមិ​អង្គ បាន​អង្គុយ​ត្រែត​ត្រត​។ជារឿយៗ មាន​គេ​​មក​និយាយ​លេង​ជាមួយ​អ្នក​ស្រី​​​ ដោយ​លើក​ឡើង​អំពី​បញ្ហា​ជាមួយ​ឯក​សារ​របស់​ពួកគេ​​ ហើយ​​សុំ​ឲ្យអ្នក​ស្រី​​ជួយ​។ នៅកាច់​​ជ្រុង​ក្បែរ​នោះ​ អាជីវករ​​ពីរ​នាក់​អង្គុយបឺត​ទឹក​អំពៅ​។នៅ​ខាងក្រៅ​បរិវេណ​ការិយាល័យ​​​បោះ​ឆ្នោត ​ស្មៀន​សង្កាត់ម្នាក់​​​​​​ឈរ​មើល​អ្នក​ដើរ​កាត់ទីនោះ​​។ លោក​ស្រី​ មូរ​​ សុខហួរ​  មាន​ប្រសាសន​៍ថា “អ្នក​សង្កេត​ការណ៍​មិន​ដែល​មើលឃើញបែប​នេះ​ទេ។​វាពិបាក​យល់​ណាស់”។​បន្ទាប់មក លោកស្រី​បាន​ងាក​ទៅ​និយាយ​ជាមួយ​មេភូមិឈ្មោះ ជា ខាំ ដែល​បាន​ដើរ​ត្រែត​ត្រត​នៅ​ខាង​ក្រៅ​ការិយាល័យ​បោះ​ឆ្នោត​ បន្ទាប់​ពី​មាន​អន្តរាគមន៍​ពី​អ្នក​សង្កេត​ការណ៍​របស់​គណបក្ស ​សម រង្សុី និង​ក្រុម​ប្រឹក្សាបោះ​ឆ្នោត​សង្កាត់។ អ្នក​ស្រីជាខាំបាន​មាន​ប្រសាសន៍ថា“ខ្ញុំ​មិន​មែន​នៅ​ទី​នេះ​ ដើម្បី​បំភិតបំភ័យ​ ឬប្រើ​តួនាទី​របស់​ខ្ញុំ​ជា​ប្រធាន​ភូមិ​គាប​សង្កត់​អ្នក​បោះ​ឆ្នោត​ទេ។ ប្រជា​ពល​រដ្ឋ​របស់​​ខ្ញុំ​អាចបោះ​ឆ្នោត​ឲ្យ​គណ​បក្ស​ ដែលពួកគេ​ពេញ​ចិត្ត ដោយ​គ្មានការ​គាប​សង្កត់​ ឬបំភិត​បំភ័យ​ឡើយ”។ បើ​ទោះ​ជាមាន​ហេតុ​ការណ៍​តែ​មួយ​ក៏​ដោយ ក៏ឥរិយាបថបែបនេះ​​រួម​ចំណែក​​ធ្វើ​ឲ្យការ​បោះ​ឆ្នោត​មិន​សូវ​សេរី​ និង​យុត្តិ​ធម៌​ដែរ។សូម្បី​តែអង្គការ​ UNDP នៅ​ក្នុង​របាយ​ការណ៍​របស់ខ្លួន​ចេញ​ពេល​ជិត​​បោះ​ឆ្នោត​ឃុំ​-សង្កាត់លើក​មុន​​ក្នុង​ឆ្នាំ​២០០៧ បាន​លើក​ឡើង​យ៉ាង​​ច្បាស់​ថា ​ឥរិយា​បថ​បែប​នេះគឺជា​ការ​គំរាម​កំហែង​ដ៏ធំមួយ ​ចំពោះ​ដំណើរ​ការ​ប្រជាធិបតេយ្យ។ អង្គការ​ UNDP បាន​លើក​ឡើង​អំពី​ប្រធាន ​ភូមិ​ថា “ដោយ​មជ្ឈដ្ឋាន​ជា​ច្រើន​ដឹង​ថា ជា​ភ្នាក់​ងារ​របស់គណ​បក្ស​​កាន់អំណាចនោះ​ វាហាក់​ដូច​ជា​ វត្តមាន​នៅ​គ្រប់​ទីកន្លែង​ដែល​មិន​អាច​គ្រប់​គ្រង​បានរបស់​ភ្នាក់​ងារ​បែប​នេះ​នៅ​ថ្ងៃ​បោះ​ឆ្នោត​នោះ បានធ្វើ​ឲ្យ​​បេក្ខ​ជន​បក្ស​ប្រឆាំង​ និង​អ្នក​សង្កេត​ការណ៍​មិន​សប្បាយ​​ចិត្ត”។ ទោះ​ជា​យ៉ាង​នេះ​ក្ដី​ ក្រុមអ្នក​បោះ​​ឆ្នោត​ឲ្យ​គណបក្ស​កាន់​អំណាច​​ហាក់​ដូច​ជា​មិន​ខ្វល់​ចំពោះ​​វត្តមាន​របស់ប្រធានភូមិ​នៅ​ការិយា​ល័យ​​បោះ​ឆ្នោតឡើយ​។  អ្នក​ស្រីចេងនីអាយុ​៥០​ឆ្នាំជា​អ្នក​ភូមិ​អង្គ បាន​មាន​ប្រសាសន៍ថា “ខ្ញុំ​បាន​ឃើញ​ប្រធាន​ភូមិ​របស់ខ្ញុំ​នៅ​ទីនេះក៏ប៉ុន្ដែគាត់​គ្មាន​ឥទ្ធិ​ពល​ ឬ​គាប​សង្កត់​ការ​បោះ​ឆ្នោត​របស់ខ្ញុំ​នោះ​ទេ។បរិយាកាស​នៅ​ទីនេះ​គឺ​ល្អប្រសើរ​ច្រើន​ជាង​ក្នុង​ការ​បោះ​ឆ្នោត​មុនៗ”។ អ្នក​បោះ​ឆ្នោត​ ដែល​ត្រូវបាន​​សាក​សួរ​កាលពី​ម្សិល​មិញ បានចាត់ទុក​ការ​បោះ​ឆ្នោត​នេះថា មានភាព​រលូន​បំផុត​ ហើយ​បាន​អះ​អាង​ថា ពួកគាត់​មិន​​គិត​ថា មាន​ការ​គំរាម​កំហែង​ ឬ ការ​បំភិត​បំភ័យ​​នៅ​មុន​​ការ​​បោះ​ឆ្នោត​នោះ​ទេ។ ឈ្មោះឡុងបូរ៉ាត់អាយុ​២១​ឆ្នាំ​ ជាអ្នក​បោះ​ឆ្នោត​លើក​ដំបូងមក​​ពី​ភូមិ​អង្គ​ និយាយថា “ខ្ញុំ​ឮថា គណបក្ស​នយោ​បាយ​មួយចំនួន​បាន​ប្តឹង​អំពី​​ការ​ទិញ​សន្លឹក​ឆ្នោត​ ន​ិង​ការ​ប្រព្រឹត្ត​មិន​ត្រឹម​ត្រូវ​​របស់​មេភូមិ​ ឬ​ មេឃុំ​ ក៏​ប៉ុន្ដែ​ខ្ញុំ​មិន​ ដែល​ត្រូវបាន​គេ​ទាក់​ទង​ទិញ​​សន្លឹក​ឆ្នោត​ពី​ខ្ញុំទេ”។ ឈ្មោះ​ សុខ ម៉ានី អាយុ​៣១ឆ្នាំ ដែល​កំពុង​អង្គុយ​លក់​ភេសជ្ជៈនៅក្បែរ​នោះ​ បាន​​និយាយ​​​ថាថ្ងៃ​​បោះ​ឆ្នោត​នេះ​គ្មាន​បញ្ហា​ទេ។...

បក្ស​ប្រជាជន​កម្ពុជា ទទួល​ជ័យ​​ជម្នះ​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ​-សង្កាត់​

គណ​បក្ស​ប្រជាជន​កម្ពុជា​ ដែល​កំពុងគ្រប់គ្រង​អំណាច​បាន​ទទួល​ជ័យ​ជម្នះ​ដូចអ្វីដែល​បាន​រំពឹង​ទុក រីឯគណ​បក្ស​ សម​ រង្ស៊ី​ ទំនង​ជា​បាត់​បង់​សំឡេង​ឆ្នោតខ្លះ​ បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ឃុំ​-សង្កាត់​ កាលពី​ម្សិល​មិញ​ ដែលគេ​បាន​មើលឃើញ​នូវ​ចំនួន​អ្នក​ចេញទៅបោះ​ឆ្នោត​មានចំនួនតិច​ជាងមុន​។ មិន​ដូច​ឆ្នាំ​មុនៗឡើយគណ​បក្ស​ប្រជាជន​កម្ពុជា​ មិន​បាន​ប្រកាសអំពី​ជ័យ​ជម្នះ​របស់​ខ្លួនភ្លាមៗ​ មុន​លទ្ធផល​ផ្លូវ​ការចេញពី​គណៈ​កម្មាធិ​ការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត (គ.ជ.ប)​ ដែល​គេ​រំពឹង​ទុក​ក្នុង​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​នេះទេនិង​​រក្សាភាព​ស្ងាត់​ស្ងៀម​ខុសពី​ធម្មតា​​ដោយ​មិនព្រម​និយាយពី​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ឡើយ។ ប្រហែល​ជា​ការ​អះ​អាង​ដ៏ភ្ញាក់​ផ្អើល​បំផុត​ក្នុង​ការ​បោះ​ឆ្នោត​មួយ​ ដែល​គេ​រំពឹង​ទុក​ថា  គណ​បក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​គ្រប់​គ្រង​អំណាច​នឹង​ឈ្នះ​នោះ គឺ​គណ​បក្ស​ សិទ្ធិមនុស្សដែល​ប្រកាស​ថាខ្លួន​ទទួល​បាន​ “ តំណែងមេឃុំ-ចៅសង្កាត់យ៉ាង​តិច​២០​”។ គណ​បក្ស​សិទ្ធិមនុស្ស ទើបតែបាន​ចូល​រួម​ប្រកួតប្រជែងក្នុង​ការ​បោះ​ឆ្នោត​ឃុំ​-សង្កាត់​ជាលើក​ទី​១ កាល​ពី​ម្សិលមិញ​នេះ។ យោង​តាម​លោក​ យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​របស់គណ​បក្ស​ សម រង្ស៊ី បានឲ្យដឹងថា គណ​បក្ស​ សម រង្ស៊ី ដែលធ្លាប់​ទទួលបាន​តំណែង​មេឃុំ-ចៅ​សង្កាត់​ចំនួន​២៨​ក្នុង​ឆ្នាំ​២០០៧ទំនង​ជា​បាត់​បង់​តំណែង​ចំនួន​ប្រាំ​មួយគឺ​មាន​ន័យថា អាច​ទទួលបានត្រឹម​តែ​តំណែង​មេឃុំ-​ចៅ​សង្កាត់​ចំនួន​២២​ប៉ុណ្ណោះ​។ បើ​ទោះ​ជា​លោក​​មិន​​ទាន់​មាន​លទ្ធផល​ចុង​ក្រោយ​ក៏​ដោយ ក៏លោក​ សុវណ្ណ ​មាន​ប្រសាសន៍​ថាទោះ​ជាយ៉ាងនេះក្ដីគណ​បក្សសមរង្ស៊ីនឹង​ច្រាន​ចោល​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នេះ។ លោក​បាន​មាន​ប្រសាសន៍ថា “ គណ​បក្ស ​សមរង្ស៊ីនឹង​ចេញ​សេចក្ដី​ប្រកាស​មួយ​ ដើម្បី​ច្រាន​ចោល​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត ​ ពី​ព្រោះ​យើង​មិនអាច​ទទួល​ស្គាល់​ភាព​មិន​ប្រក្រតី​ និង​ចលាចល​ ដែលយើងបាន​ជួប​ប្រទះ​ក្នុង​ថ្ងៃនេះ ​​តាមបណ្តាការ​ិយាល័យ​បោះ​ឆ្នោត​ក្នុង​ប្រទេសបានទេ”។​ លោក យឹម សុវណ្ណ​​​ ក៏​​​បាន​​​បញ្ជាក់​​​ផង​​​ដែរ​​​ថា គណបក្ស​​​ សម រង្ស៊ី​​​ បាន​​​បាត់បង់​​​តួ​​​នាទី​​​​ចៅ​​​សង្កាត់​​​ចំនួន​​​បី​​​ក្នុង​​​រាជធានី​​​ភ្នំពេញ​​​។ លោក យឹម សុវណ្ណ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា “ គណបក្ស​​​ សម រង្ស៊ី មិន​​​គ្រប់​​​គ្រង​​​សង្កាត់​​​ណាមួយ​​​នៅក្នុង​​​រាជធានីភ្នំពេញ​​ទេ​​​។ ខ្ញុំ​​​សូម​​​អំពាវ​​​នាវ​​​ឲ្យ​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​សាជាថ្មី​​​”​​​។ លោកបាន​​​បន្ថែម​​​ទៀត​​​ថា លទ្ធផល​​​បឋម​​​បង្ហាញ​​​ឲ្យ​​​ឃើញ​​​ថា គណបក្ស​​​ សម រង្ស៊ី ទទួល​​​បាន​​​ជ័យ​​​ជម្នះ​​​មួយ​​​ចំនួន​​​ ដូច​​​ជា​​​គណបក្សនេះ​​​ទទួល​​​បាន​​​ជ័យ​​​ជម្នះ​​​ចំនួន​​​បី​​​ឃុំ​​​នៅក្នុង​​​ខេត្ត​​​ព្រះ​​​វិហារ​​​ មួយ​​​ឃុំ​​​នៅ​​​ខេត្ត​​​ស្ទឹង​​​ត្រែង​​​ មួយ​​​ឃុំ​​​នៅ​​​ខេត្ត​​​សៀមរាប​​​ និង​​​មួយ​​​ឃុំទៀត​​​នៅ​​​ខេត្ត​​​កំពង់ស្ពឺ។ លោក​​​​​​មាន​​​ប្រសាសន៍​​​ថា ​គណ​បក្ស​​​សម រង​្ស៊ី​​​ អាច​​​រក្សា​​​បាន​​​ឃុំ​​​ចំនួន​​​ប្រាំ​​​ នៅ​​​ក្នុង​ខេត្ត​​​កំពង់ចាម។ លោក ខៀវ កាញារីទ្ធ រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ព័ត៌មាន​​​និង​​​ជា​​​អ្នក​​​នាំពាក្យ​​​រដ្ឋាភិបាល​​​ ដែល​​​បាន​​​ប្រកាសថា គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ទទួល​​​បាន​​​ជ័យ​​​ជម្នះ​​​ភ្លូក​​​ទឹក​​​ភ្លូក​​​ដីនោះ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា​​​ លោក​​​ “ ​​​មមាញឹក​​​​​ណាស់” ហើយ​​​បិទ​ការ​ហៅ​​​​ទូរស័ព្ទ​​របស់​អ្នក​​​យក​​​ព័ត៌មាន​​​ជា​​​ច្រើន​​​ដង​​​កាល​​​ពី​​​ម្សិល​​​មិញ​។ នៅពេល​​​ទាក់​​​ទង​​​​​​តាម​​​ទូរស័ព្ទ​​​ លោក ជាម ​យៀប សមាជិក​​​​​​សភា​​មក​​​ពី​​​គណបក្ស​​​ប្រជា​ជន​​​កម្ពុជា​​​បាន​​​មានប្រសាសន៍​​​ថា លោក​​​មិន​​​ទាន់​​​ទទួល​​​បាន​​​លទ្ធផល​​​នៅឡើយ​​​ទេ​​​។ សារព័ត៌មាន​​​ក្នុង​​​ស្រុក​​​មួយ​​​បាន​​​ផ្សព្វ​​​ផ្សាយ​​​កាល​​​ពី​​​យប់​​ម្សិល​មិញ​​​ថា គណបក្ស​​​ប្រជាជន​​​កម្ពុជាទទួល​​​បាន​​​មុខ​​​តំណែង​​​មេឃុំ​​​-ចៅ​សង្កាត់​ចំនួន​​​១.៥៩១ ​​​​​ក្នុង​​​ចំណោម​ឃុំ​-សង្កាត់​ទាំង​​១.៦៣៣ ​នៅ​ទូទាំង​ប្រទេស​​។ នៅក្នុងការ​​​បោះ​​​ឆ្នោត​​​ កាលពី​​​ឆ្នាំ​​​២០០៧​​​ គណបក្ស​​​ប្រជា​ជន​កម្ពុជា​​​ទទួល​បាន​​មុខ​តំណែងមេឃុំ​-ចៅ​សង្កាត់​​​​ចំនួន​​​១.៥៩២​​​ ក្នុង​​​ចំណោមតំណែង​មេ​​​​​​​ឃុំ​-សង្កាត់​ ចំនួន​​​១.៦២១។ កាល​​​ពី​​​សប្ដាហ៍​​​មុន​​​ លោក ​ងួន ញ៉ិល ​តំណាងរាស្ត្រ​​​​គណបក្ស​​ប្រជាជន​​​កម្ពុជា និង​​​ជាអនុប្រធានទី​​​១​​​រដ្ឋសភា​​​​​​មាន​ប្រសាសន៍​​​ថា លោកជឿ​​​ជាក់​​​ថា គណបក្ស​​​ប្រជា​ជន​កម្ពុជា​​​​នឹងទទួល​​​បាន​​​មុខ​​​តំណែង​​​ជា​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​​​-សង្កាត់​បាន​ច្រើន​ជាង​​មុខ​តំណែង​​​​ដែល​​​គណបក​​្ស​​​​ទទួល​បាន​​​កាល​​​ពី​​​ឆ្នាំ​​​២០០៧​ទៅ​ទៀត។ នៅ​ពេល​ទាក់​ទង​កាល​ពី​យប់​មិញ​លោក ​ប៉ុល ហំម អ្នក​​​នាំ​​​ពាក្យ​​​គណបក្ស​​​សិទ្ធិមនុស្ស​​​​​​ ​​​បាន​​​មានប្រសាសន៍​​​ថា គណបក្សរបស់​​​លោក​​​ទទួល​បាន​​​មុខ​​​តំណែង​​​មេឃុំ​​​-ចៅ​សង្កាត់​យ៉ាង​​​​ហោច​​​​ណាស់​​​ក៏២០​​​ដែរ។ លោក គល់ បញ្ញា នាយក​​​ប្រតិបត្តិ​​​នៃ​​​គណៈកម្មាធិការ​​​សម្រាប់ការ​​​បោះ​​​ឆ្នោត​​​ដោយសេរី និង​​​យុត្តិធម៌នៅ​ក្នុង​​​ប្រទេស កម្ពុជា​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា​​​ ការ​​​បោះ​​​ឆ្នោត​​​បាន​​​ប្រព្រឹត្ត​​​ទៅ​ដោយរលូន​​​ ប៉ុន្តែ​​​ក៏មាន​​​របាយការណ៍​​​ស្តីពី​​​ភាព​​​មិន​​​ប្រក្រតី​​​នៅ​​​តាម​​​ការិយាល័យ​​​បោះ​ឆ្នោត​​​ផង​​​ដែរ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា​​​ “វាគឺជា​​​បរិយាកាសមួយ​​​ប្រកបដោយ​​​ភាព​​​ស្ងាត់​​​ស្ងៀម​​​ហើយ​​​ក៏ជាដំណើរការ​​​នៃការ​​​បោះ​​​ឆ្នោត​​​ដ៏​ល្អមួយដែរ​​​។ទោះ​​​ជា​​​យ៉ាង​​​ណា ​​​យើង​​​​​​ក៏​​​​​​​​​ឃើញ​​​មាន​​​​​​ភាពមិន​​​ប្រក្រតី​​​ខ្លះ​​​ៗដែរ ​​​ពាក់​​​ព័ន្ធនឹង​​​អាជ្ញា​​​ធរ​​​មូលដ្ឋាន​​​ ហើយ​​​ប្រជា​​​ពលរដ្ឋ​​​ខ្លះ​​​គ្មាន​​​ឈ្មោះ​​​បោះឆ្នោត​​​”។ លោក បញ្ញា​​​ បាន​​​មាន​​​ប្រសាសន៍ផង​​​ដែរ​​​ថា​​​ ចំនួនអ្នក​​​ចេញទៅបោះ​​​ឆ្នោត​​​មាន​ប្រហែល​​​​​​​​​៦០ភាគ​​​រយ​​​ នៃ​​​ចំនួន​​​អ្នកបានចុះបោះ​​​ឆ្នោត​​​ហើយ​​​ចំនួននេះ​​​ត្រូវ​​​បាន​​​លោកជាមយៀប ​​​សមាជិកសភាមកពីគណបក្ស​​​ប្រជា​​​ជន​​​កម្ពុជានិងលោកយឹម​សុវណ្ណសមាជិកសភាមកពី​​​គណបក្ស​ សមរង្សុីបានចាត់ទុក​​ថា ​​​ជា​​​តួ​​​លេខ​​​បង្ហាញពី“ការ​​​បរាជ័យ​​​”។កាលពី​​​ឆ្នាំ​​​២០០៧ អ្នកចេញទៅបោះឆ្នោតឃំុ-សង្កាត់​​​មាន​​​ចំនួន​​រហូតដល់៦៥ភាគរយ​​​នៃចំនួន​​​អ្នក​​​បាន​​​ចុះ​​​ឈ្មោះ​​​បោះ​​​ឆ្នោត​​​។កាលពីព្រឹត​​​ម្សិលមិញនៅឯ​​​ក្នុង​​​ក្រុង​​​តា​​​ខ្មៅខេត្ត​​​កណ្តាល​​​ ឯណោះវិញលោក​​​ នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន​​​ សែន​​​ បាន​​​សំុ​​​ទោស​​​ដល់​​​អ្នក​​​បោះ​​​ឆ្នោត​​​ ដែលកំពុង​​​ឈររងចាំបោះឆ្នោតជា​​​ជួរ​​​ដោយ​​​សារតែ​​​លោក​​​ និង​​​ភរិយា​​​របស់​​​លោក​​​  គឺលោកជំទាវ​​​ប៊ុន​​​រ៉ានីព្រមទាំង​​​កូនប្រុស​​​របស់​​​លោកគឺ​​​ ហ៊ុន​​​ ម៉ានី​​​ បាន​​​ដើរកាត់​​​ជួរអ្នកបោះ​​​ឆ្នោត​​​ទាំងនោះនៅវេលា​​​ម៉ោង​​​ប្រហែល​​​៧​​​ព្រឹកនៅ​​​ឯមណ្ឌលបោះឆ្នោតក្នុង​​​មជ្ឈ​​​មណ្ឌល​​​គរុកោសល​​​ភូមិភាគ​​​ ក្រុង​​​តាខ្មៅ ។ ដោយ​​​មាន​​​អាម្មរណ៍​​​ក្លៀវក្លានិង​​​ទឹក​​​មុខ​​​ញញឹមស្រស់ស្រាយលោក ហ៊ុន សែន បាន​​​ថើប​​​សន្លឹក​​​ឆ្នោត​​​មុន​​​ពេលដាក់​​​ចូល​​​ទៅ​​​ក្នុង​​​ប្រអប់​​​ឆ្នោត​​​។ ចំណែកឯសម្តេចក្រុមព្រះ...