ជំរឿនសហគ្រាសបង្ហាញថា កម្ពុជាមានសហគ្រាស​កន្លះលាន

យោង​តាមជំរឿន​​សហគ្រាសថ្នាក់​ជាតិ​មួយ ដែល​ក្រ​សួង​ផែន​ការ​បាន​ចេញ​​​​កាល​​ពី​ម្សិល​មិញ​​​បាន​ឲ្យ​ដឹង​ថា ប្រ​ទេស​កម្ពុជា​​មាន​សហគ្រាស​សរុប​ចំនួន​៥០៥.១៣៤ ​ដែល​ទ្រ​ទ្រង់​ដោយ​កម្លាំង​ពលកម្ម​ចំនួន​១.៦៧៦.២៦៣​នាក់ គឺ​ស្មើ​​នឹង​​១១,៥៦​​ភាគ​​រយ​​ប៉ុណ្ណោះ​នៃចំនួន​ប្រជា​ជន​សរុប។ ជំរឿន​សហគ្រាសឆ្នាំ​២០១១​កន្លង​ទៅនេះ​បាន​រកឃើញ​ថា ក្នុង​ចំណោម​ចំនួន​មនុស្ស​​សរុប​​មាន​ការ​ងារធ្វើ​នៅក្នុង​ប្រទេស​​ចំនួន១.០២៦.០៨៤​​នាក់ឬស្មើ​នឹង​៦១,២​ភាគ​រយ​ គឺ​ជា​ស្ត្រី​ ដែល​​ភាគ​​ច្រើន​បម្រើ​ការ​ងារ​​​​ផ្នែក​សេវាកម្ម​ចំណី​អាហារ​ ផ្នែក​លក់​រាយ និង​វិស័យ​កាត់​ដេរ​ដែល​ទទួល​បាន​​ប្រាក់​ខែ​ទាប។ យោង​តាម​ជំរឿន​នេះ​បង្ហាញថា ៩៧,៧​ភាគ​រយនៃ​សហគ្រាស​ទាំង​អស់​ក្នុង​ប្រទេស​កម្ពុជា​ ត្រូវ​បាន​បែងចែក​ជា​សហ​គ្រាស​ខ្នាត​តូច​ ដែល​មាន​កម្មករ​តិច​ជាង​១០​នាក់​ រីឯ​៧៩ភាគ​រយ​ នៃ​សហ​គ្រាស​ទាំង​អស់​មាន​កម្មករ​តិច​ជាង​បី​នាក់។ចំណែក​ឯសហគ្រាស​ខ្នាត​ធំ​​ ដែល​​ត្រូវបាន​ចាត់​ថា​មាន​ក​ម្មករ​លើស​ពី​១០០​នាក់​នោះ ​មាន​តែ​០,២​ភាគ​រយ​​ប៉ុណ្ណោះ​ នៃ​ចំនួន​សហគ្រាសទាំងអស់​​ ឬ​ស្មើ​នឹង​​៧៨៧​សហ​គ្រាស​​។ ទោះ​ជា​យ៉ាង​ណា​ បើនិយាយ​ពី​សកម្មភាព ធ្វើ​អាជីវកម្មវិញសហ​គ្រាស​ខ្នាត​ធំ​ទាំង​នេះ ​មាន​​ចំណែក​ជិត​ពាក់​កណ្តាល​នៃ​សកម្មភាព​ធ្វើ​អាជីវកម្មដែល​មាន​ទឹក​ប្រាក់​ចំនួន១២០​ពាន់​លាន​ដុល្លារប្រចាំ​ឆ្នាំ​របស់​កម្ពុជា​ គឺ​ស្មើ​នឹង​៥៨​,៥​ពាន់​លាន​ដុល្លារ​​​ក្នុង​​មួយ​ឆ្នាំ រីឯ​សហ​គ្រាស​ដែល​មាន​កម្មករ​​តិច​ជាង​បី​នាក់​ ​មាន​ចំណែក​ត្រឹម​​តែ​៣,៩​ពាន់​លាន​ដុល្លារ​​ប៉ុណ្ណោះនៅ​ក្នុង​ការ​ធ្វើ​អាជីវកម្ម​​។ ដោយ​ត្រូវ​បាន​ធ្វើ​ឡើង​​ក្នុង​ខែ​មីនា ​ឆ្នាំ​២០១១ ជំរឿន​ដែល​ចុះ​ធ្វើ​ពី​សហ​គ្រាស​​មួយ​ទៅ​សហ​គ្រាស​មួយ និង​ដែល​ចំ​ណាយ​អស់​ទឹក​ប្រាក់​ចំនួន​៣,២៦​លាន​ដុល្លារ​នេះទទួល​បាន​មូលនិធិ​ភាគ​ច្រើន​ពីទី​ភ្នាក់ងារ​សហ​ប្រតិ​បត្តិការ​អន្តរជាតិ​ជប៉ុន ហៅ​កាត់​ថា JICA ហើយ​មាន​ភារកិច្ច​ប្រ​មូល​តួលេខ​សហគ្រាស​​ក្នុង​ប្រទេស​កម្ពុជា​​ ព្រមទាំង​​ប្រមូល​ទិន្ន​ន័យ​​សេដ្ឋ​​កិច្ច​ស្តី​​ពី​សហ​គ្រាស​ទាំង​នោះ​ផង។ ​​​​លោកឆាយថនរដ្ឋ​មន្ត្រី​ក្រសួង​ផែន​ការ​ បាន​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ម្សិល​មិញ​នៅ​ពេល​ប្រកាស​ពី​ជំរឿន​នេះថា “ជំរឿន​សហគ្រាសឆ្នាំ​២០១១  នេះ​ត្រូវ​បាន​ធ្វើ​ឡើង​​នៅ​តាម​​ភូមិ​ ឬកន្លែង​ធ្វើ​ជំរឿននីមួយៗ និង​តាម​ទីផ្សារ​​ក្នុង​ស្រុក ​ខណ្ឌឃុំ និង​សង្កាត់​​ទាំង​​អស់ទូ​ទាំង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា”។ ជំ​រឿន​នេះ​ក៏បង្ហាញ​ដែរ​ថា សហ​គ្រាស​លក់​​ដុំ​ លក់​រាយ និង​ជួស​ជុល​យាន​យន្ត​មាន​៥៧,២​ភាគ​រយ​នៃ​សហ​គ្រាស​ទាំង​អស់​ក្នុង​ប្រទេស​កម្ពុជា គឺ​ស្មើ​នឹង​២៨៩.១៣០​សហ​គ្រាស​ រីឯ​សហ​គ្រាស​​​​​ផលិត​កម្ម​មាន​១៤,៩​ភាគរយ  ​ហើយ​សេ​វា​​កម្មសណ្ឋាគារផ្ទះ​សំណាក់និង​ចំណី​អាហារ​​​​​​​មាន​១៣,៨​ភាគ​រយ​នៃ​តួ​លេខ​សរុប​។ យោង​តាម​លទ្ធផល​នៃ​ជំរឿន​េនះ សេវា​ផលិត​កម្ម​ សេ​វា​​កម្មសណ្ឋាគារ ផ្ទះសំណាក់ និង​ចំណី​អាហារ​មាន​៨៦,៧​ភាគ​រយ​នៃ​សហ​​គ្រាសថ្មី​ចំនួន​១៨១.០៣៥ ​​​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ប្រទេស​កម្ពុជា​ ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០០៩មក។ ក្នុង​រយៈ​ពេល​ដូច​គ្នា​នេះសហ​គ្រាស​នានា​ ដែល​ផ្តោត​លើ​សេវា​ព័ត៌មាន​និង​ទំនាក់​ទំនង ​ដូច​ជា​​​ទូរស័ព្ទ​ចល័តនិង​អីុនធើណិត​​ជា​ដើម​នោះ​ បាន​កើន​ឡើង​៥២,៤​ភាគ​រយ មកដល់​៤.៧០៨​​សហគ្រាស។ ខណៈ​ដែល​ជំរឿន​នេះបាន​រក​ឃើញ​ថាស្ត្រី​ដែល​ធ្វើ​ការ​នៅ​តាម​សហ​គ្រាស​នានាមាន​ចំនួន​ច្រើន​ជាង​បុរស​នោះជំរឿន​នេះ​​ក៏​បាន​រក​ឃើញ​ដែរ​ថា សហ​គ្រាស​​គ្រប់​គ្រង​ដោយ​ស្ត្រី​​មាន​ច្រើន​ជាង ដោយស្ត្រី​គ្រប់​គ្រង​ចំនួន​៦៥​ភាគរយ ឬស្មើ​នឹង​ ៣២៦.០០៦​​នៃ​សហគ្រាសទាំង​អស់។ជាង​៦៤​ភាគ​រយ​ នៃ​សហ​គ្រាស​ទាំង​អស់​ ត្រូវ​​បាន​គ្រប់​គ្រង​នៅ​តាម​លំនៅ​​ដ្ឋាន​តែម្តង។ លោក ​ចាន់ សុផល ប្រ​ធាន​សមា​គម​សេដ្ឋ​​កិច្ច​កម្ពុជា​ បាន​មាន​ប្រសាសន៍ថាដោយ​សារ​តែ​សហ​គ្រាស​ខ្នាត​តូច​មាន​ចំនួន​ច្រើន​នៅ​ក្នុងប្រទេស​កម្ពុជានោះ​​ រាជ​រដ្ឋា​ភិ​បាល​គួរ​តែ​ផ្តោត​លើ​​ការ​អភិវឌ្ឍ​សហ​គ្រាសខ្នាតតូច​​ទាំង​នោះ​។ទោះ​ជា​យ៉ាង​ណា​ យោង​តាម​ជំរឿន​នេះមាន​សហ​គ្រាស​តែ​១៧​.៣៦៩​ឬ​ស្មើ​នឹង​៣,៤​ភាគ​រយ​នៃ​សហ​គ្រាស​ទាំង​អស់​ប៉ុណ្ណោះ​ដែល​បាន​ចុះ​បញ្ជី​​ជាមួយ​រដ្ឋា​ភិបាល​នា​ពេល​បច្ចុប្បន្ន៕ ប្រែ​សម្រួល​ដោយ តែមសុខុម​​​  

អាមេរិកថា ការលាង​លុយ​កខ្វក់​ និង​គ្រឿង​ញៀន​នៅ​តែ​ជា​បញ្ហា​ប្រឈម​ដ៏ធំមួយ​នៅ​កម្ពុជា

យោង​​​តាម​​​របាយការ​​​ណ៍ថ្មី​​​មួ​​​យ​​​ដែល​​​ចេញ​​​ដោយ​​​​​​ក្រសួង​​​ការ​​​បរ​​​ទេសអាមេរិក​​​បាន​​​ឲ្យ​​​ដឹង​​​ថា ការ​​​លាង​​​លុយ​​​កង្វក់​​​ និង​​​ឧក្រិដ្ឋ​​​កម្ម​​​​​​ទាក់​​​ទង​​​​​​នឹង​​​គ្រឿង​​​ញៀន​​​ នៅ​​​តែ​​​ជា​​​បញ្ហា​​​ប្រឈម​​​ដ៏​​ធំ​មួយ​ក្នុង​​​ប្រទេស​​​កម្ពុជា​នៅ​ឡើយ ដោយ​សារ​​​តែ​​​កង្វះ​​​ច្បាប់ដែលអាចអនុវត្ត​បាន​ ​​​អំពើ​​​ពុក​​​រលួយ  ព្រម​​​ទាំង​​​​​ធន​​​ធាន​នៅ​មានកម្រិត​​​។ យោងតាម​​​របាយ​​​ការណ៍​​​យុទ្ធសាស្ត្រ​គ្រឿង​​​ញៀន​​​​​​អន្តរ​​​ជាតិឆ្នាំ២០១២ បាន​​​ឲ្យ​​​ដឹង​​​ថា ប្រ​​​ទេស​​​កម្ពុជា នៅ​​​តែ​​​ “ ប្រឈម​ខ្លាំង” នឹង​​​​បញ្ហា​​​​​លាង​​​លុយ​​​កខ្វក់​ ដោយ​​​សារ​​​តែ​​​បញ្ហា​​​មួយ​​​ចំនួន​​​ ក្នុង​នោះ​រួម​​​មានទាំង​ទី​​​ផ្សារ​​​ងងឹត​ដ៏ធំ​​​​ និង​​​​​​ការ​​​ត្រួតពិនិត្យ​​នៅមាន​កម្រិត​​​​របស់​​​រដ្ឋា​​​ភិ​​​បាល​​​​​​លើ​​​ទីកន្លែង​មិនចេញមុខ​​មួយ​​​ចំនួន​​​ដូច​​​ជា​​​កាស៊ីណូ​​​ជា​​​ដើមផង​។ របាយការណ៍នេះ​​​​មានខ្លឹមសារ​​​​​ថា “​ ​​មិន​ថា​​វា​មានទំហំបុ៉ណ្ណា​​ទេ​ ទាំង​​ការធ្វើឲ្យ​ចរន្ត​ប្រាក់​​ស្រប​​​ច្បាប់​​​ និង​​​មិន​​​ស្រប​​​ច្បាប់​​​ ​ច្រើនតែ​​​​​​​​ធ្វើ​​​ឡើងក្រៅ​​​​​​ស្ថាប័ន​​​​ហិរញ្ញ​​​វត្ថុ​​​ស្រប​​​ច្បាប់​​​​ ហើយ​ពិបាក​​​​​​ក្នុងការ​​ពិនិត្យតាមដាន​ណាស់​”។ “ទឹក​​​ប្រាក់​​​ដែល​​​បាន​​​មក​​​ពី​​​អំពើ​​​ខុស​​​ច្បាប់​​​ផ្សេងៗត្រូវ​​​បាន​​​គេ​​​យក​​​ទៅ​​​វិនិយោគ​ភ្លាមៗ​​​​លើ​ដី​ធ្លី ផ្ទះ វត្ថុ​​​មាន​​​តម្លៃ ឬ​អចលនទ្រព្យ ​ក្នុង​ទម្រង់​​​ផ្សេងៗ​​​​ទៀត ដោយ​​​មិន​​​បាន​​​ឆ្លង​​​កាត់​​​ធនាគារ​​​ស្រប​​​ច្បាប់”។  របាយ​​​ការណ៍​​​នេះ​ក៏​បាន​​​ឲ្យ​ដឹងផង​​​​ដែរ​​​ថា ក្រម​ព្រហ្មទណ្ឌបច្ចុប្បន្ន​​​ មិន​​​អាច​​​កំណត់​​​​ការ​លាង​​​លុយ​​​កខ្វក់ថាជាអំពើ​​ឧក្រិដ្ឋ​​​កម្ម​​​បាន​ទេ​​​​​ ដោយ​​​សារ​​​តែ​​​កង្វះ​បទ​បញ្ញត្តិ​សម្រាប់​​​​ត្រួត​​​ពិនិត្យ​​​​​​ចរន្ត​​​សាច់​​​ប្រាក់​​​ដែល​​​គួរ​​​ឲ្យ​​​សង្ស័យ ខណៈដែល​​​​​​​​​​​​​​​​​​​​​​ភាព​​​មិន​​​ស៊ី​​​សង្វាក់​​​គ្នា​​​ខាងផ្នែក​​​ច្បាប់ ធ្វើ​​​ឲ្យ​​​​​​មាន​​​ភាពមិន​​​​ច្បាស់​​​លាស់​​​ មិនដឹង​ថា តើ​​​អង្គភាពមួយ​​ណា​ដែល​មាន​​​សមត្ថកិច្ច​​​ក្នុងការ​បង្កក​​​ហិរញ្ញវត្ថុដែ​​​ល​គ្រប់​គ្រង​​​ដោយ​​​ឧក្រិដ្ឋជន​ ក្នុងនោះ​មាន​ទាំង​ជន​សង្ស័យ​ជា​ភេរវករផងដែរ​។​​​ របាយ​​​ការណ៍​​​​ដដែលនេះ​មាន​ខ្លឹមសារ​បន្ត​​​​ថា “កង្វះ​ភាពច្បាស់លាស់ និង​សុក្រឹត​ភាព​ក្នុង​​​សេចក្តី​​​​រាយការណ៍​​​​​​ ព្រម​​​ទាំងកង្វះ​​​រចនា​​​សម្ព័ន្ធ​​​​ច្បាប់​​​​​ ជាការរាំង​ស្ទះ​ដល់​​​ឯក​​​រាជភាព​របស់​​​ FIU (អង្គភាពសើុប​​​អង្កេត​​​ហិរញ្ញ​​​វត្ថុ​​​)  ​និង​សកម្មភាពប្រឆាំង​​​ការ​​​លាង​​​លុយ​​​កខ្វក់​ព្រមទាំង​​​ការ​​​ផ្តល់​​​ហិរញ្ញប្ប​​​ទាន​​​ដល់​​​ភេរវករ “។ ភាព​​​ស្មុគ​​​ស្មាញ​​​នៃ​ច្បាប់​​​ និង​​​​​​ព្រំ​​​ដែន​ធូរ​លុង​របស់​​​​កម្ពុជា ​ក៏បាន​បន្ទុចបង្អាក់​​​​លទ្ធភាព​របស់​ប្រទេស​នេះ​ ក្នុង​​​ការ​​​ដោះ​​​ស្រាយបញ្ហាឧក្រិដ្ឋ​កម្ម​​​ទាក់​​​ទង​​​នឹង​​​គ្រឿង​​​ញៀន និង​​​​ការ​​​រត់​​​ពន្ធ​​​ឆ្លង​​​កាត់​​​ព្រំ​​​ដែន​ក្នុងទម្រង់​ផ្សេងទៀត​ផងដែរ​។ របាយ​​​ការណ៍​​​នេះ​មាន​ខ្លឹមសារ​បន្ត​​​​ថា “​​​ មន្ត្រី​​​នគរបាល​ព្រំ​​​ដែន​ត្រូវ​បាន​​​ស្នើ​​​​ឲ្យ​​​ប្រើ​​​ប្រាស់​​​​ប្រព័ន្ធ​​​ត្រួតពិនិត្យ​​​​ព្រំ​​​ដែន​​​ទំនើប​​ដែរ​ ប៉ុន្តែ​នៅ​តែ​ត្រូវ​ប្រឈម​នឹង​​​​​​​​បញ្ហា​មួយចំនួន​​​​ដូច​​​ជា​​​កង្វះ​​​ការ​​​ហ្វឹក​​​ហ្វឺន​​​ និង​​​​​​​ថវិកាមាន​​​កម្រិត​​​ ដែល​​បានផ្តល់ឱកាស​​​ដល់បណ្តាញ​​​ឧក្រិដ្ឋ​​​ជន​​​​​​ក្នុង​ការ​​​កេងចំណេញ​ពី​កម្សោយ​​​ទាំង​​​នេះ​​​ ដើម្បី​​​រត់​​​ពន្ធ​​​គ្រឿង​ញៀន​​​ សារធាតុ​​​គីមី​​​​​​ដែល​​​បង្ក​​​គ្រោះ​​​ថ្នាក់​​​ ព្រម​​​ទាំង​​​ការជួញ​​​ដូរ​​​មនុស្ស​​​ និង​​​សត្វ​​​ព្រៃ”។ ឧត្តម​​​សេនីយ៍ឯក ខៀវ សុភ័គ អ្នក​​​នាំ​​​ពាក្យ​ក្រ​​​សួង​​​មហា​​​ផ្ទៃ​​​ បានមានប្រសាសន៍​​​ថា ការ​​​ពង្រឹង​​​សមត្ថភាព​ផ្នែក​​​ព៌តមាន​​​វិទ្យា​​​អាច​​​ជួយ​​​ដោះ​​​ស្រាយ​​​បញ្ហា​​​លាង​​​លុយ​​​កខ្វក់នេះ​បាន។ លោក​​​បាន​​​មាន​​​ប្រសាសន៍ថា “យើង​​​មាន​​​ភាព​​​កម្សោយ​​​​ខាង​​​ការ​​​ត្រួត​​​ពិនិត្យ​​​ការ​​​ធ្វើ​​​ចរា​ចរ​​​លុយ​​​កខ្វក់​​​ ក៏ប៉ុន្តែ​​​ក្នុង​​​ករណី​​​នេះ​​​ យើង​​​នឹង​​​ស្នើ​​​សំុ​​​ឲ្យ​​​ក្រសួង​​​សេដ្ឋ​​​កិច្ច​​​ និង​​​ហិរញ្ញ​​​វត្ថុអភិវឌ្ឍប្រ​​​ព័ន្ធ​​​ធនាគារ​​​ឲ្យ​​​កាន់​​​តែ​​​ប្រសើរ​​​ឡើង​​​ ដោយ​​​ប្រើ​​​ប្រាស់​​​ប្រ​​​ព័ន្ធ​​​បច្ចេកវិទ្យា​​​ថ្មីៗដែល​​​អាច​​​មានដំណើរ​​​ការ​​​កាន់​​​តែ​​​ល្អ"៕ ​(រាយ​ការណ៍បន្ថែមដោយ សាំង សុឥន្ទរិទ្ធ) ប្រែ​​​សម្រួល​​​ដោយ  ហួង កុកទៀន

ជន​​​រង​​​គ្រោះ​​​ដោយ​​​សារ​​​ការ​​​បាញ់​​​ប្រហារនៅ​​​តំបន់​​​សេដ្ឋ​​​កិច្ច​​​ពិសេស​​​ នឹង​​​ប្តឹង​​​អតីត​​​អភិបាល​​​ក្រុ​​ង​​​បាវិត​​​

ស្ត្រី​ពី​រនាក់​ ដែល​ត្រូវ​បាន​បាញ់​ឲ្យ​រង​របួស​​​​អំឡុង​ការ​តវ៉ា​កាលពី​ថ្ងៃ​ទី​២០​ ខែ​កុម្ភៈ​ នៅ​ឯ​តំបន់​សេដ្ឋកិច្ច​ពិសេស​មួយ​(SEZ) បាន​និយាយ​​​​កាលពី​ម្សិល​មិញ​ថាពួក​គេ​មាន​ផែនការ​ប្ដឹង​លោកឈូកបណ្ឌិតអតីត​អភិបាល​ក្រុង​បាវិត​។ ឈ្មោះ​ នុតសុខនអាយុ​២៣ឆ្នាំនិង​ ប៊ុនចិន្តាអាយុ​២១ឆ្នាំបាន​និយាយ​ថាពួក​គេ​នឹង​ទៅ​​សាលា​ដំបូង​ខេត្ត​ស្វាយ​រៀង​ ថ្ងៃ​នេះ​ ដើម្បី​ធ្វើ​​​​ពាក្យ​បណ្ដឹង​ប្ដឹង​លោក​ បណ្ឌិត​ ដែល​ក្រសួង​មហា​ផ្ទៃ​បាន​កំណត់​អត្ត​សញ្ញាណ​ថាជា​ជន​សង្ស័យតែម្នាក់​គត់​​នៅ​ក្នុង​ការ​បាញ់​ប្រហារ​ កាលពី​ថ្ងៃ​ទី​២០ខែ​កុម្ភៈនៅ​ឯ​តំបន់​សេដ្ឋ​កិច្ច​ពិសេស​ ម៉ាន់ហាត​តាន់។លោក​ បណ្ឌិតត្រូវ​បាន​ដក​ចេញ​ពី​តួ​នាទី​កាលពី​សប្តាហ៍​មុន​ នៅ​ក្នុង​​អ្វ​ី​ដែល​មន្ត្រី​រដ្ឋាភិបាល​បាន​លើក​ឡើង​ថា ជា​ទង្វើ​​មួយ​មាន​បំណងបើក​ផ្លូវ​​ឲ្យ​តុលាការ​ធ្វើ​ការ​ស៊ើប​អង្កេត​​។ នាងសុខនបាននិយាយ​ថា“ខ្ញុំ​បាន​សម្រេច​​ប្ដឹង​លោក​ បណ្ឌិត អភិបាល​ក្រុង​បាវិត​ ពី​ព្រោះ​គាត់​បាន​​បាញ់​​កម្ម​ករ​ស្លូត​ត្រង់ឲ្យ​រង​របួស​ ហើយ​ខ្ញុំ​ចង់​បាន​យុត្តិ​ធម៌​”។នាង​ ចិន្តាក៏បាន​និយាយ​ដែរ​ថា នាង​នឹង​ប្ដឹង​លោក​ បណ្ឌិត​។ ជ​ន​រង​គ្រោះ​ទី​បី​ ដោយ​សារ​ការ​បាញ់​ប្រហារនេះ​ឈ្មោះ កែវ​ នា អាយុ​១៨​ឆ្នាំ​ បាន​និយាយ​ថា នាង​ និង​គ្រួសារ​របស់​នាង​បាន​​សម្រេច​មិនប្ដឹងទេ​។ នាងបា​ន​និយាយថា “គ្រួសារ​ខ្ញុំ​សម្រេច​​ចិត្ត​មិន​ប្ដឹង​ជន​សង្ស័យរូបនេះ​​ ពី​ព្រោះ​ខ្ញុំ​មាន​របួស​ស្រាល​ ហើយ​ខ្ញុំ​មិន​ចង់​មាន​បញ្ហា​ទៀត​ទេ”។ នាង​បាន​បន្ថែម​ថា នាង​មិន​ត្រូវ​បាន​បំភិត​បំភ័យ​ ឬ​បង្ខំ​ឲ្យ​ធ្វើ​ការសម្រេច​ចិត្ត​បែបនេះទេ។ នាងកែវ​ នាកន្លង​មក​ធ្លាប់​បាន​និយាយថានាង​បាន​ទទួល​ប្រាក់ចំនួន​៥០០ដុល្លារជាថ្នូរ​នឹង​ការ​សន្យាមិនប្តឹង​ជន​​ដែល​បានបាញ់​នាង​។ លោក​ បណ្ឌិត​ នឹង​ត្រូវ​ចូល​ខ្លួនមក​​តុលាការ​​សម្រាប់​ការសាកសួរ​នៅ​ថ្ងៃ​សុក្រនេះ​។...

​ទោសជាប់ពន្ធនាគារ​​ពី​បទ​លួច​​បន្លំ​ប្រាក់​ក្រុម​ហ៊ុន​៦០​លាន​ដុល្លា​រ ​​ត្រូវ​បាន​​បន្ថយ​មក​ត្រឹម​បី​ឆ្នាំ​

កាល​ពី​ម្សិល​មិញ​ សា​លាឧទ្ធរណ៍​បាន​បន្ថយ​​ទោសជាប់ពន្ធនាគារ​របស់​​អតីត​​​អគ្គ​​​នាយក​រង​​ក្រុម​ហ៊ុនអានកូគ្រុបនិង​ភរិយា​របស់លោកមកត្រឹម​​បី​ឆ្នាំ​ប៉ុណ្ណោះក្នុង​ម្នាក់​​។កាលពី​​ខែ​ធ្នូ​ សាលាដំបូង​​រាជធានី​ភ្នំពេញ​បាន​កាត់​ទោស​ប្តីប្រពន្ធ​ពីរនាក់​នេះ​ឲ្យ​ជាប់​ពន្ធ​​​នាគារ​ក្នុង​ម្នាក់​បួន​ឆ្នាំ​កន្លះ​ពី​បទ​លួច​​បន្លំ​​ប្រាក់​ក្រុមហ៊ុន​ជិត​៦០លាន​ដុល្លារ​​ពី​ក្រុមហ៊ុន​របស់​លោកកុកអានជាពាណិជ្ជករ​​និង​ជា​សមាជិក​ព្រឹទ្ធសភា​មក​ពីគណបក្ស​ប្រជា​ជន​កម្ពុជា។ ក្នុងពេលប្រកាស​សាល​ក្រមលោក​ ប្លង់​ សំណាង ​ចៅ​ក្រមជំនុំជម្រះ​​ បាន​មាន​ប្រសាសន៍​​​ថាលោក​បាន​កាត់​ទោស​ប្តី​ប្រពន្ធ​ពីរ​នាក់​េនះ​ពី​បទ​រំលោភលើ​​សេចក្តី​ទុក​ចិត្ត​រវាង​បុគ្គល​និង​បុគ្គលដែលអាច​ឲ្យ​​លោក​ចេញ​​​សាលដីកា​ផ្តន្ទាទោសជាប់​​ពន្ធនាគារ​ដែល​មាន​រយៈ​ពេល​ខ្លី​ជាង​ទោស​ដែល​សម្រេច​ដោយ​​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​។ សាលាដំបូង​រាជធានីភ្នំពេញបានកាត់​ទោស​អ្នក​ទាំង​ពីរពី​បទរំ​លោភលើ​សេចក្តី​ទុក​ចិត្ត​ដោយ​បុគ្គល​ម្នាក់​ដែល​ជា​អ្នក​​ដឹកនាំ​ស្ថាប័ន​ស្រប​ច្បាប់​ណាមួយ​ ដូច​ជាសាជីវកម្ម​ជាដើម​។ លោក​ចៅ​ក្រម​ សំណាងបាន​មានប្រសាសន៍​​​ថា“តុលាការ​​សម្រេច​​​ផ្តន្ទា​ទោសឈ្មោះ​ ហេងឈាងអាយុ​៤២​ឆ្នាំនិង​ឈ្មោះ​ ទេពកូលាបអាយុ៣៦​ឆ្នាំ​ ឲ្យ​ជាប់​ពន្ធនាគារ​ក្នុង​ម្នាក់​​បីឆ្នាំពីបទ​រំលោភលើ​សេចក្តីទុក​ចិត្ត​...​​​តុលាការ​បង្គាប់​ឲ្យអ្នកទាំងពីរ​​បង់​ប្រាក់​៥៨,៣៤លាន​ដុល្លារ​​ ហើយក៏​​បង្គាប់​​ឲ្យ​​​ពួកគេ​​​​ស​ង​ជំងឺ​ចិត្ត​​ចំនួន​៥០.០០០​ដុល្លារ​ដល់​​​លោក ​​​កុកអានដែល​ជាដើមចោទ​​ផងដែរ​”។​ លោកឈាងបាន​បដិសេធ​ថាខ្លួន​មិន​បាន​លួច​បន្លំ​ប្រាក់​នោះទេ ប៉ុន្តែ​បាន​សារភាពថា​ គណនេយ្យ​របស់​ក្រុម​ហ៊ុន​​ពិតជា​បាត់ប្រាក់​ចំនួន​៦៣០.០០០​ដុល្លារ​មែន ពីព្រោះ​ប្រពន្ធ​របស់​លោកកុកអានឈ្មោះសុខអុីមបាន​​ប្រាប់​​លោក​ឲ្យ​ដក​​​ប្រាក់​​ទាំង​នោះយក​​ទៅ​សាង​សង់​ផ្ទះមួយខ្នង​​នៅ​ក្នុង​ខណ្ឌ​ទួល​គោក។ លោក​បានថ្លែងថា ការ​ចោទ​ប្រកាន់​ពីការ​លួច​បន្លំ​ប្រាក់​នេះ​គឺ​​ផ្អែក​លើ​​របាយការ​ណ៍សវនកម្ម​មិនសុក្រិដ្ធ​​​អំពី​របាយការណ៍​ហិរញ្ញ​​​វត្ថុ​​របស់​ក្រុម​ហ៊ុន​ អានកូគ្រុប។ លោក​ចៅក្រមសំណាង ​ បានច្រាន​​​ចោល​​​​​​​ការ​​​​​ឆ្លើយការពារ​ខ្លួន​របស់​​​លោកឈាងថា​​ “គ្រាន់​តែ​ជា​ការ​ដោះសារ”ដោយ​បាន​មាន​​​ប្រសាសន៍បន្ថែម​​​​ថាអ្នក​ទាំង​ពីរ“មាន​កំហុស​ល្មមនឹង​ ពីបទ​រំលោភលើ​សេចក្តី​​​ទុក​ចិត្ត​”។ ខណៈដែលតុលារការ​ប្រកាស​​សាល​ក្រម​​សមាជិក​​គ្រួសារព្រមទាំង​សិស្សានុសិស្ស​ និង​សហសេវិកដែល​មាន​ចំនួន​ប្រមាណ​២០០​នាក់​មក​ពីសាកល​វិទ្យាល័យភ្នំពេញ​អន្តរជាតិ​ដែលមាន​​លោក​ ឈាងជា​ប្រធាននិង​លោក​​​​ស្រី​ កូលាប ​ជានាយិកា​សាកល​វិទ្យា​​​ល័យបាន​​​នាំគ្នា​ស្រែក​សម្តែង​ការ​មិន​ពេញចិត្ត​...

រដ្ឋសភារំឭក​​​ប្រាប់សាធារណជន​​​ថា លោក ​សម រង្ស៊ី លែង​ជា​សមាជិក​សភា​ទៀត​ហើយ​

មួយសប្តាហ៍បន្ទាប់​ពី​លោកសមរង្ស៊ីមេដឹកនាំគណបក្សសម​ រង្ស៊ីបាន​ប្តេជ្ញា​ថា​នឹង​ត្រឡប់មក​កម្ពុជាវិញពីការ​និរទេស​ខ្លួនឯង​​​នោះកាលពីម្សិលមិញរដ្ឋសភា​បានចេញ​​​សេចក្តីថ្លែងការណ៍មួយរំឭកប្រាប់​​បណ្តាញ​​​ផ្សព្វផ្សាយព័ត៌មាន​និង​សាធារណជន​ថាប្រធានគណបក្សសមរង្ស៊ី​ រូបនេះត្រូវបាន​លុបឈ្មោះ​ចេញ​ពី​បញ្ជីរបស់រដ្ឋសភា​​​កាលពី​​​ឆ្នាំមុននិង​ត្រូវបានដក​អភ័យ​ឯក​សិទ្ធិជាសមា​ជិក​សភា​ទៀត​ផង។ សេចក្តីថ្លែងការ​ណ៍​ចេញ​ដោយ​ការិ​យា​ល័យរបស់​លោកឡេងប៉េងឡុងអគ្គ​លេខាធិការ​រដ្ឋសភាមាន​ខ្លឹមសារថា“លោកសមរង្ស៊ីត្រូវបាន​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​ឈ្មោះសមា​ជិក​សភា​នីតិកាល​ទីបួន​នេះ​​ហើយ។​​​ហេតុដូច្នេះ​ហើយ​ មតិជាតិនិងអន្តរជាតិគួរ​តែ​ជ្រាបពី​ព័ត៌មាន​នេះ”។ សេចក្តីថ្លែងការណ៍នេះយោង​ទៅលើ​សេចក្តីសម្រេចរបស់​តុលាការ​កំពូល​កាល​ពីថ្ងៃទី១ខែមីនាឆ្នាំ២០១១​ ក្នុង​ការ​តម្កល់​​សាលក្រម​របស់​សាលា​ដំបូង​ខេត្ត​ស្វាយរៀង​កាល​ពីឆ្នាំ​២០១០​ដែល​ផ្តន្ទាទោសលោក​ សម​ រង្សុីឲ្យជាប់​ពន្ធនាគារ​​រយៈពេលពីរ​ឆ្នាំនិង​ពិន័យជា​ប្រាក់​​ចំនួន​៨លានរៀល​ (ប្រហែល​​​ ២.០០០​ដុល្លារ)​ពីបទ​ដក​បង្គោល​តម្រុយ​ព្រំដែន។ ពីរសប្តាហ៍បន្ទាប់​ពី​តុលាការ​ចេញ​សាល​​​ក្រមនេះកាលពីឆ្នាំមុននោះលោកសមរង្ស៊ីត្រូវបាន​ដក​អភ័យ​ឯក​សិទ្ធិ​សភា​​ជា​តំណាង​​​រាស្ត្រមណ្ឌលខេត្ត​កំពង់​ចាម។ តាមច្បាប់ទណ្ឌិតមានទោស​ព្រហ្ម​ទណ្ឌដែលមិន​ទាន់បាន​អនុវត្ត​ទោស​របស់ខ្លួន​​​នោះមិន​អាច​បម្រើការ​នៅក្នុង​អង្គ​នីតិបញ្ញត្តិ​​​បាន​ឡើយ អំឡុងពេលនិយាយតាម​រយៈ​វីដេអូ​ខន​​​ហ្វឺរិន​​​ កាលពីថ្ងៃទី៥ខែមីនាជាមួយ​សមាជិក​​​គណបក្សលោកសមរង្ស៊ីបាន​បញ្ជាក់​សាជា​​​ថ្មី​ពីការ​ប្តេជ្ញាវិលត្រឡប់​មក​ប្រទេស​កម្ពុជា​​​វិញ​ជាមួយការ​ជួយគាំទ្រ​ពី​អន្តរជាតិប្រសិន​បើ​លោក​អាចទទួល​បាន​ការគាំទ្រ​មែននោះ។ លោក​បាន​និរទេស​ខ្លួនឯង​ទៅ​រស់​នៅ​​ក្នុង​ទីក្រុង​ប៉ារីសចាប់​តាំង​ពីចុង​ឆ្នាំ​២០០៩​មកហើយ​ក្រោយមក ​តុលាការ​ចំនួន​ពីរ​បាន​​ផ្តន្ទាទោស​រូបលោក​ឲ្យជាប់​ពន្ធនា​គារ​សរុប​១២ឆ្នាំតាមការ​ចោទ​ប្រកាន់​ពីបទ​ញុះញង់​ ផ្សព្វផ្សាយព័ត៌មាន​មិនពិតនិង​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈចំពោះ​ការ​​ដក​បង្គោល​តម្រុយព្រំដែន​ជាប់​ប្រទេស​វៀតណាម។ លោកជាមយៀបអ្នកនាំពាក្យ​ក្រៅ​ផ្លូវ​ការ​និង​ជា​សមាជិក​សភា​គណបក្ស​ប្រជាជន​កម្ពុជា​បានថ្លែង​​​ថាសេចក្តី​ប្រកាស​​​នេះគឺជា​វិធីមួយក្នុង​ការ​​ប្រាប់​​សហគមន៍​​អន្តរជាតិថាលោកសមរង្ស៊ីនឹង​មិន​អាច“ប្រើ​​​ប្រាស់​តួនាទី​​​​​​របស់​ខ្លួន”ដើម្បី​បញ្ចុះ​​​បញ្ចូល​​​ឲ្យ​អន្តរជាតិ​គាំទ្រ​ខ្លួន​​បាន​ឡើយ។លោក​បាន​ថ្លែងថា “យើង​ត្រូវ​តែ​ប្រកាសថាលោកសមរង្ស៊ីលែង​ជាសមាជិក​​​សភាទៀតហើយចាប់តាំង​​​ពី​​​​សាលក្រម​បាន​ចូលជាធរមានមក”។ លោកយឹមសុវណ្ណអ្នកនាំពាក្យ​គណ​បក្សសមរង្ស៊ីបានថ្លែងថានៅតែមាន​ផែនការឲ្យលោក​ សមរង្ស៊ី ​បាន​ត្រឡប់មក​​ប្រទេស​​​កម្ពុជា​​​ ​​​វិញដដែលគឺឲ្យបាន​មុន​ការ​បោះឆ្នោត​​​ជ្រើស​​​​រើស​ក្រុម​ប្រឹក្សា​​ឃុំ-សង្កាត់​នៅ​ថ្ងៃទី៣ខែមិថុនា។លោក​បាន​ថ្លែង​ថា“ ​​​បារម្ភពី​ប្រជា​ប្រិយ​ភាព​របស់​លោកសមរង្សុី ...ហើយ​សូម្បីតែ​នៅ​ពេល​​សមាជិក​គណ​​​បក្ស​​​បាត់​បង់​អភ័យ​ឯក​សិទ្ធិ​របស់​ខ្លួន​ហើយ​​​ក៏ដោយក៏យើង​នៅ​តែ​​ធ្វើការ​ងារ​របស់​​យើង​ដើម្បី​​បម្រើ​ប្រជា​ពល​រដ្ឋ​ដដែល"៕ ប្រែសម្រួលដោយសោមសារុន

អ្នក​ភូមិ​បុរីកីឡា​ ទាម​ទារ​ឲ្យ​តុលាការ​ដោះ​ស្រាយ​ពាក្យ​បណ្តឹង​

អតីត​​ប្រ​ជា​ពល​រដ្ឋ​រស់​នៅ​តំបន់​​បុរី​កីឡា​​ប្រ​ហែល​៦០​​នាក់​ បាន​ធ្វើ​ការ​តវ៉ា​នៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ​កាល​ពី​​ម្សិល​មិញ ​​ដើម្បី​ទាមទារ​ឲ្យ​សាលា​ដំបូង​នេះ​​ឆ្លើយ​តប​ជា​​ផ្លូវ​ការ​​ចំពោះ​ពាក្យ​បណ្តឹង​ចំនួន​ពីរ​ ដែល​​​ប្រ​ជា​​​ពល​រដ្ឋ​បាន​ដាក់​​ប្តឹង​ក្រុម​ហ៊ុនផានអីុមិុចពីបទ​បណ្តេញ​ពួក​គាត់​ចេញ​កាល​ពី​ដើម​ឆ្នាំ​នេះ។ អ្នក​​ស្រី​ ការ៉ូហូនី ​​តំណាង​​​​សហ​គមន៍​បុរីកីឡា​ បាន​និយាយថា ​ប្រជា​ពល​រដ្ឋ​មាន​ការ​​​ខក​​​ចិត្ត​ណាស់​​​​ ដែល​សាលា​ដំបូង​នៅតែ​មិនទាន់​​បាន​ឆ្លើយ​តប​ចំពោះ​ពាក្យ​បណ្តឹង​រដ្ឋប្បវេណី​​​ចុះ​ថ្ងៃ​ទី​១៣ខែ​កុម្ភ: ​ប្តឹង​ក្រុម​ហ៊ុនផានអីុមិុចពី​​​​បទ​រំលោភ​កិច្ច​​ព្រម​ព្រៀងផ្តល់​លំនៅ​ដ្ឋាននៅ​នឹង​កន្លែង ​ ដល់​ប្រ​ជា​ពល​រដ្ឋ​ និង​ពាក្យបណ្តឹង​​ព្រហ្ម​ទណ្ឌ​មួយ​ទៀត​ចុះ​ថ្ងៃទី​៦​ខែ​មីនា​ទាម​ទារ​សំណង​​ចំនួន​៣៦០.០០០​ដុល្លារ​ពី​ក្រុម​ហ៊ុន​នេះ​ សម្រាប់​ប្រ​ជា​ពល​រដ្ឋ​ចំនួន​១២០​គ្រួសារ​ ចំពោះ​ការ​រុះ​រើ​ផ្ទះ​​​សម្បែង​​​​របស់​ខ្លួន។ អ្នក​ស្រីការ៉ូហូនី ​លើក​ឡើង​ថា“ប្រ​សិនបើ​​យើង​មិន​ទទួល​បាន​ចម្លើយ​​ឆាប់​ៗ​នេះ​ទេ​នោះ​ ​យើង​នឹង​ធ្វើ​ការ​តវ៉ា​ទូទាំង​រាជ​ធានី​​​​ភ្នំ​ពេញតែ​ម្តង​។យើង​ស៊ូស្លាប់​ជាជាង​បណ្តោយ​ឲ្យ​ក្រុមហ៊ុន​នេះ​លួច​ប្លន់​ផ្ទះ​របស់​យើង”។ លោកចាន់សុជាតិមេធាវី​មក​ពី​មជ្ឈ​មណ្ឌល​អប់​រំ​ច្បាប់​សម្រាប់​សហគមន៍​ ដែល​តំណាង​ឲ្យ​ប្រ​ជា​ពល​រដ្ឋ​នៅ​សហគមន៍​បុរី​កីឡានេះ​​​ បាន​មាន​ប្រ​សាសន៍ថាសាលា​ដំបូង​មាន​ពេល​៣០​ថ្ងៃ​ដើម្បី​ឆ្លើយ​តប​​ទៅ​នឹង​ពាក្យ​បណ្តឹង​ណាមួយ​ ហើយ​តាម​ផ្លូវ​ច្បាប់​មិន​តម្រូវ​ឲ្យ​​ចេញ​លិខិត​ឆ្លើយ​តប​ទេ​ គឺរហូត​​​ទាល់​​​​​​​​​តែ​​ដល់​ថ្ងៃ​​ច័ន្ទ​។ ​ប្រ​ជា​ពល​រដ្ឋ​សហគមន៍​បុរី​កីឡា​ម្នាក់​ឈ្មោះ ​ជុំង៉ាន់ ​បាន​និយាយ​ថា ​អ្នកស្រី​នឹង​​ចូល​​​​រួម​ជាមួយ​អ្នក​តំណាង​សហ​គមន៍​ចំនួន​​​ប្រាំ​​មួយ​នាក់​ទៀត​ ដែល​ត្រូវបាន​អញ្ជើញ​ឲ្យ​​មក​ជួប​ជាមួយ​លោកសោម ​សុវណ្ណ ​អភិបាល​ខណ្ឌ​៧​មករា​ និង​លោក​ស្រី ស៊ុយ សុផានប្រធាន​ក្រុម​ហ៊ុនផានអីុមិុចនៅ​ថ្ងៃ​នេះ...

ជន​រង​គ្រោះ​ដោយ​ការ​បាញ់​ប្រហារ​ទាម​ទារ​សំណង៩៥​ពាន់​ដុល្លារ​ពី​អតីត​អភិ​បាល​ក្រុង

កម្មការិនី​រោង​ចក្រ​ពីរ​នាក់​ ដែល​រងគ្រោះ​​​ដោយការ​បាញ់​ប្រហារ​ កាល​ពី​ខែ​មុនអំឡុង​ការ​តវ៉ានៅ​ឯ​តំបន់​សេដ្ឋ​កិច្ច​ពិសេសក្នុង​ខេត្ត​ស្វាយ​រៀងបាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​សាលា​ដំបូង​ខេត្តកាល​ពី​ម្សិល​មិញដោយ​ចោទ​លោក ឈូក បណ្ឌិត អតីត​អភិបាល​ក្រុង​បាវិតពីបទ​ប៉ុន​ប៉ង​មនុស្ស​ឃាត​។ នាងប៊ុនចិន្តាអាយុ​២១​ឆ្នាំនិង​នាងនុតសុខនអាយុ​២៣​ឆ្នាំបាន​និយាយ​ថាពួក​គេ​ក៏​បាន​ទាម​ទារ​សំណង​ជំងឺចិត្តជាទឹកប្រាក់សរុប​៩៥.០០០​ដុល្លារ ​ផងដែរពី​លោកបណ្ឌិតសម្រាប់​របួសដោយការ​បាញ់​ប្រហារ​ កាល​ពី​ថ្ងៃ​ទី​២០​ ខែ​កុម្ភៈ ​ក្នុងតំបន់​សេដ្ឋ​កិច្ច​ពិ​សេស​​ ម៉ាន់​ហាតតាន់។ នាង​ ចិន្តាបាន​និយាយ​ថា“មន្ត្រី​តុលាការ​បាន​ទទួល​ពាក្យ​បណ្តឹង​របស់​យើង​នៅ​ម៉ោង​ប្រហែល​៩​:៣០​នាទី​ព្រឹកខ្ញុំ​បាន​ប្តឹង​លោកឈូកបណ្ឌិត អតីតអភិ​បាល​ក្រុង​បាវិត​ និង​បាន​ចោទ​​​​លោក​ពី​បទ​ប៉ុន​ប៉ង​មនុស្ស​ឃាត​ ហើយ​ខ្ញុំ​បាន​ទាម​ទារ​សំណង​៥០.០០០​ដុល្លារ”។ នាង​ ចិន្តាត្រូវ​បាន​បាញ់​ចំ​ខ្នង​ផ្នែក​ខាង​ក្រោម​  ហើយ​បាននិយាយ​​​រំឭក​​​អំពីការ​​​បញ្ជាក់របស់វេជ្ជ​បណ្ឌិត​ថានាង​មិន​ត្រូវធ្វើ​ការ​ធ្ងន់​​​ក្នុង​​​​រយៈ​ពេល​ប្រាំឬប្រាំមួយ​ខែ​។ នាង​ សុខនដែល​ត្រូវ​បាន​បាញ់​ចំ​ខ្នង​ផង​ដែរ​នោះបាន​និយាយ​ថាមុខ​របួស​របស់​នាង​តម្រូវ​ឲ្យ​នាង​ទៅជួបវេជ្ជបណ្ឌិត​ជា​ទៀង​ទាត់។ នាង​បាន​និយាយ​ថា“ខ្ញុំ​បាន​ប្តឹង​លោកឈូកបណ្ឌិតដោយចោទ​គាត់​ពី​បទ​មនុស្ស​ឃាតពី​ព្រោះ​គាត់​មានបំណងបាញ់​សម្លាប់​កម្មករ​ដោយ​ចេតនា។ខ្ញុំ​ទាម​ទារ​សំណង​៤៥.០០០​ដុល្លារ​។ខ្ញុំ​សង្ឃឹមថា តុលាការ​​​រកយុតិ្តធម៌​​​ឲ្យ​ខ្ញុំ”។ ជន​រង​គ្រោះ​ទី​បីឈ្មោះកែវនាអាយុ​១៨​​​​ឆ្នាំបាន​និយាយកាល​ពី​ថ្ងៃ​ច័ន្ទ​ថានាង​នឹង​មិន​ប្តឹង​ទេ។ លោកសូសីហាក្រឡា​បញ្ជី​របស់​ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ បាន​មាន​ប្រសាសន៍ថាតុលាការ​បាន​ទទួល​ពាក្យ​បណ្តឹង​របស់​ជន​រង​គ្រោះ​ប្តឹង​លោក​ បណ្ឌិត​ ដែល​ត្រូវ​បាន​ដក​ចេញ​ពី​តួ​នាទី​ ជាអភិបាល​ក្រុង​កាល​ពី​សប្តាហ៍​​​​មុនហើយ​​បាន​ផ្ទេរ​ទៅ​កាន់​តួ​នាទី​មិន​​​ច្បាស់​​​លាស់មួយ ​នៅ​ក្នុងការិយាល័យ​សាលា​ខេត្ត។ លោក​ សីហាបានថ្លែងថា“ពួកគេ​​​​បាន​​​​ប្តឹង​​​​លោកឈូកបណ្ឌិតពីព្រោះ​រដ្ឋា​ភិបាល​បាន​កំណត់​អត្ត​សញ្ញាណ​លោក​ជា​ជន​សង្ស័យហើយ​បណ្តាញ​ព័ត៌​មាន​បាន​ផ្សព្វ​ផ្សាយ​អំពី​រឿង​នេះហើយ​ពួក​គេ​បានសំុ​ឲ្យ​យើង​ចាប់​​​ជន​សង្ស័យ​មក​ផ្តន្ទាទោស ​​ព្រមទាំងទាម​ទារ​សំណងផងដែរ”។ លោក​បាន​បន្ថែម​ថាលោក​នឹង​បញ្ជូន​ពាក្យ​​​​បណ្តឹង​នេះ​ទៅ​លោកហឹុងប៊ុនជាព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​នៅ​ពេល​ឆាប់ៗ​នេះ។លោក​ ប៊ុនជាបាន​មាន​ប្រសាសន៍ថាលោក​រវល់​ណាស់​...

ក្រុមហ៊ុនជីករ៉ែជាង២៥០ទទួលបានអាជ្ញាប័ណ្ណជីករ៉ែនៅក្នុងប្រទេសកម្ពុជា

យោងតា​ម​រ​បា​​យ​កា​រណ៍​ រប​ស់​ក្រ​សួ​ង​ឧស្សា​​ហ​កម្ម​ រ៉ែ​និ​ង​ថា​ម​ពល​ ​ចេញផ្សាយ​កា​ល​ពី​ម្សិល​មិញ​ បា​ន​ឲ្យ​​ដឹង​ថា ​ក្រុម​​​ហ៊ុន​ជី​ក​​រ៉ែ​​ ជ​ិត​២០០ ​​បច្ចុប្ប​​ន​្ន​​នេះទទួល​បាន​​អា​ជ្ញា​ប័ណ្ណពី​​រដ្ឋ​​ា​ភ​​​ិ​​បា​ល​​ ក្នុ​​ង​កា​រ​​ជី​កយករ៉ែ​ សម្រាប់ប្រើប្រាស់ជា​​សម្ភា​រសំ​ណ​​ង​់​​ ដូច​ជា​ថ្ម​ក្រា​នីត​ ឬ​​រ៉ែ​មានតម្លៃជាដើមចំណែក​ឯ​ក្រុម​ហ៊ុន​ចំនួន​៥៣​ផ្សេង​ទៀត​ បាន​ទទួលអាជ្ញាប័ណ្ណ​សម្រាប់​រុក​រក​ធនធានរ៉ែ។ របាយការ​ណ៍​ប្រចាំ​ឆ្នាំ​ របស់​ក្រសួង​ឧស្សាហកម្ម​ រ៉ែ​ និង​ថាមពល​ បាន​ឲ្យ​ដឹង​ថា ​ក្នុង​ចំណោម​ក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែ​ទាំងនេះ​ មាន​ក្រុម​ហ៊ុន​ចំនួន​៤២ទើបតែទទួលអាជ្ញាប័ណ្ណ​ កាលពី​ឆ្នាំ​ទៅ​ ដើម្បីចាប់​ផ្តើម​ជីក​យក​រ៉ែចំណែកឯ​ក្រុម​ហ៊ុន​ចំនួន​២៤​ទើបបាន​ទទួល​អាជ្ញាប័ណ្ណសម្រាប់រុក​រក​រ៉ែ​។ របាយ​ការណ៍នេះ​​បង្ហាញថា​ ចំនួន​ក្រុមហ៊ុន​សរុប​ ដែលកំពុងធ្វើ​សកម្មភាពក្នុង​ការ​ជីកយក​រ៉ែ​នៅពេល​នេះ​ មាន​រហូតដល់​១៩៧​...

អ្នកភូមិ​ជន​​​ជាតិ​​​ដើម​​​ភាគតិច ​​​នៅខេត្ត​​​រតនគិរី​នឹងដង្ហែក្បួន ដោយ​គ្មាន​ការ​អនុ​ញ្ញាត​ពី​រដ្ឋាភិបាល

អង្គការ​អាដហុកបាន​លើក​ឡើង​កាល​ពី​ម្សិល​មិញ​ថាការ​ដើរ​​ដង្ហែក្បួន​​ដ៏​ធំ​មួយក្នុង​ខេត្ត​រតនគិរីរបស់​​អ្នក​ភូមិ​​ជន​ជាតិ​ភាគ​តិច​រាប់​រយ​គ្រួសារដែលបាន​ជាប់​ពាក់ព័ន្ធ​​ក្នុង​ជម្លោះ​ដី​ធ្លី​នោះនឹង​បន្ត​ធ្វើ​ដូច​ការ​គ្រោង​ទុកនៅ​ចុង​ខែនេះទោះ​បី​ជារដ្ឋា​ភិបាល​​បាន​បដិ​សេធ​មិន​ឲ្យ​មាន​ការ​ដង្ហែ​ក្បួន​នេះ​ក៏​ដោយ។ លោក ​បែ៉ន ​ប៊ុណ្ណារ៍ ​អ្នក​សម្រប​សម្រួល​អង្គការ​អាដហុក​ប្រចាំ​ខេត្ត​រតនគិរី​​បាន​មាន​ប្រ​សាសន៍​ថាអ្នក​ភូមិ​ប្រហែល​​១.០០០​នាក់​​​កំពុង​​ត្រៀម​ខ្លួន​ឈរនៅ​ខាង​ក្រៅ​ទ្វារ​របង​អគាររដ្ឋា​ភិបាល​នានា​ក្នុង​អំ​ឡុង​ពេល​ដើរ​ដង្ហែក្បួន​ចម្ងាយ​៤គីឡូម៉ែត្រ​​នៅ​ថ្ងៃ​ទី​១៩ ​ខែ​មីនា​ ដើម្បី​ធ្វើឲ្យ​សាធារណ​ជន​យល់​ដឹងកាន់​តែ​ច្រើន​អំពី​ការ​បំភិតបំភ័យ​ពី​​តុលាការ​នៅ​ក្នុង​បញ្ហា​ដី​ធ្លី​និង​ព្រៃ​ឈើនៅមូលដ្ឋាន។​ លោក​ថ្លែង​​​ថា“ជម្លោះ​ដី​ធ្លី​នៅ​ខេត្តរតន​​​គិរី​​​​កំពុងតែ​ធ្ងន់ធ្ងរ​ទៅៗ ​ដូច្នេះ​ការ​ដើរ​​ដង្ហែ​​​ក្បួន​​នេះ​​គឺ​ជា​ឱកាស​មួយ​​សម្រាប់​​​​​យើង​ក្នុង​ការ​ធ្វើឲ្យ​សា​ធារណ​ជន​បាន​ដឹង​ពី​បញ្ហា​នេះ”។ លោក​បាន​បន្ថែម​ថានៅ​ក្នុង​ការ​ដង្ហែ​ក្បួន​​​​នេះក្រុម​បាតុ​ករ​ក៏នឹង​​ទាម​ទារ​ឲ្យ​អាជ្ញាធរ​ចាត់​វិធាន​ការបញ្ជាក់​ពី​​ម្ចាស់​​កម្ម​​​សិទ្ធិលើ​ដី​ទំហំ​​​​៣០.០០០​ហិក​តា​ ដែលពួកគេដឹង​ថា​​ក្រុម​ហ៊ុន​កសិ-ឧស្សាហកម្ម​ DM Group​ កំពុង​ប្រើ​ប្រាស់​​​សម្រាប់​​កាប់​ឈើ​ប្រណិត​ខុស​ច្បាប់។ លោក​បាន​មាន​ប្រសាសន៍​ថា“យើង​ប្រ​ឆាំង​ការទន្ទ្រាន​យក​ដី​ពី​សំ​ណាក់​ពួក​អ្នក​មានលុយ​ និង​មាន​អំ​ណាចជាពិសេសការ​កាប់​ឈើ​ប្រណិត​ដោយ​ខុស​ច្បាប់​"។ លោកប៉ែន​ ប៊ុណ្ណារ៍ក៏​បាន​សរសេរ​​លិខិត​មួយ​ច្បាប់​កាល​ពី​ខែ​មុន​ជូន​លោក​អភិ​បាល​ខេត្ត​ ប៉ាវហមផានដើម្បី​សំុ​អនុញ្ញាតដង្ហែ ក្បួន​េនះ​។កាល​ពី​​ថ្ងៃ​ទី​៧ខែ​មីនា ​លោកណាប់ប៊ុន​ហេងអភិបាល​រង​ខេត្ត​រតនគិរីបាន​ឆ្លើយ​តបដោយ​ចារនៅ​លើ​លិខិត​ច្បាប់​ដើម​នោះ​​ថា“ដោយ​បាន​​​ពិនិត្យ​ស្ថាន​ភាព​ជាក់​ស្តែង​ ​មិន​មាន​មូលហេតុ​​ចាំបាច់​​ ហើយដើម្បី​រក្សាសណ្តាប់​ធ្នាប់​សាធារណៈ​ ខេត្ត​មិន​អាចអនុញ្ញាតឲ្យ​មាន​ការ​ដង្ហែក្បួន​​នេះ​ទេ”៕ ប្រែ​សម្រួល​ដោយហមសុផាណ្ណា​  

ជន​​​កម្ពុជា​​​ប្រាំ​​​មួយ​​​នាក់​​​ត្រូវ​​​ចាប់​​​ខ្លួន ដោយសារ​​​​​​ឆ្លង​​​ដែន​​​ចូល​​​ប្រទេសលាវ​​​ដោយ​​​ខុសច្បាប់​​​

មន្ត្រីយោ​​​ធា​​​មួយ​​​រូប​​​បានឲ្យ​​​ដឹងថាជន​​​កម្ពុជា​​​ប្រាំមួយ​​​នាក់​​​ ដែល​​​រួម​​​មាន​​​មន្ត្រី​​​នគរ​​​បាល​​​មួយ​​​រូប​​​ផងនោះត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​នៅ​​​ក្នុង​​​ប្រទេស​​​លាវ​​​ កាល​​​ពី​​​សប្តាហ៍​​​មុន​​​ក្រោយ​​​ពី​​​បាន​​​ឆ្លង​​​ដែនពី​​​ខេត្ត​​​ស្ទឹង​​​ត្រែង​​​​​​ចូល​​​ក្នុង​​​ប្រទេស​​​​​​នេះ​​​ដោយ​​​ខុស​​​ច្បាប់។ លោក​​​វរសេនីយ៍​​​ទោមីប៊ុនផនមេ​​​បញ្ជាការ​​​កង​​​ទ័ព​​​កម្ពុជាដែលឈរ​​​ជើង​​​នៅ​​​ព្រំដែន​​​កម្ពុជា​​​-លាវ​​​ បាន​​​ឲ្យ​​​ដឹង​​​ថាជន​​​កម្ពុជា​​​មួយ​​​ក្រុម​​​នេះ ​​​រួម​​​មាន​​​ស្ត្រី​​​ពីរ​​​នាក់ផង​​​នោះ​​​ កំពុង​​​ស្វែង​​​រក​​​បន្លែ​​​ព្រៃ​​​ និង​​​នេសាទ​​​ត្រី​​​នៅ​​​​​​ក្នុង​​​ព្រៃ​​​ស្រោង​​​មួយ​​​កន្លែង​​​ក្បែរ​​​ព្រំដែន​​​នោះនៅពេល​​​​​​ទាហាន​​​លាវ​​​ចាប់ខ្លួន​​​ពួក​​​គេ​​​។ យោង​​​តាម​​​លោក​​​វរសេនីយ៍​​​ទោមី ប៊ុនផនបុរស​​​ម្នាក់​​​ឈ្មោះ​​​ ស មឿនប៉ុន អាយុ​​​៣៩​​​ឆ្នាំ​​​ គឺ​​​ជា​​​មន្ត្រី​​​នគរ​​​បាល​​​នៅឃុំ​​​សេកុង​​​។លោកបាន​​​បង្ហាញ​​​ឈ្មោះ​​​អ្នក​​​ដទៃ​​​ទៀត​​​ ដូច​​​ជាឈ្មោះនូសិលាអាយុ​​​៣៤​​​ឆ្នាំលីដេងអាយុ​​​៣៦​​​ឆ្នាំ ​​​ផាន់ ចាន់ឌី អាយុ​​​២៧​​​ឆ្នាំ​​​ ថោង ញ៉ អាយុ២២​​​ឆ្នាំ និងលឿង ប៉ុន អាយុ​​​៤២​​​ឆ្នាំ។ ខណៈដែល​​​អ្នក​​​កាប់ឈើ​​​ខុស​​​ច្បាប់​​​នៅក្នុង​​​ប្រទេសកម្ពុជា​​​ ជារឿយៗ​​​ត្រូវបាន​​​ចាប់ខ្លួននិង​​​រង​​​ការ​​​បាញ់​​​ប្រហារ​​​ ហើយមានពេល​​​ខ្លះត្រូវ​​​បាន​​​​​​កង​​​ទ័ព​​​ព្រំដែនថៃសម្លាប់​​​ក្រោយ​​​ពី​​​បាន​​​ឆ្លង​​​ដែន​​​ចូលទឹកដីថៃ​​​នោះលោក​​​វរសេនីយ៍​​​ទោ​​​​​​ មីប៊ុនផន ​​​និយាយថា ​​​ករណី​​​ឆ្លងចូល​​​ទឹក​​​ដីលាវនេះ វាជារឿងផេ្សង។​​​ ដោយ​​​សំដៅ​​​ដល់​​​ការ​​​ស្វែង​​​រក​​​កាប់គ្រញូងលោក​​​​​​បាន​​​និយាយ​​​ថា“ពួកគេ​​​មិនមែន​​​ជា​​​អ្នក​​​កាប់​​គ្រញូង​​​ទេ។ពួកគេ​​​ចូលទៅ​​ទីនោះ​​ដើម្បីរក​​​បន្លែព្រៃនិងដើម្បីនេសាទត្រី​​តែ​​​ប៉ុណ្ណោះ​​​។ប្រសិនបើ​​​ពួក​​​គេ​​​ស្វែង​​​រកកាប់​​​ឈើ​​​ប្រណីតពួកគេ​​​មិន​​​យក​​​ស្រីៗទៅ​​​ជាមួយ​​​ទេ​​​”។ លោកវរសេនីយ៍ទោមីប៊ុនផនបាន​​​មាន​​​ប្រសាសន៍​​​ថាឧប្បតិ្តហេតុ​​​នេះបង្ហាញ​​​ឲ្យ​​​ឃើញ​​​ថា នេះ​​​ជាលើក​​​ទី​​​បី​​​ហើយ​​​ក្នុង​​​ឆ្នាំ​​​នេះ​​​ដែល​​​ក្រុម​​​អ្នក​​​ភូមិ​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ដោយ​​​សារ​​​​​​ការ​​​ឆ្លង​​​ដែន​​​ខុស​​​ច្បាប់​​​ចូល​​​ទៅ​​​ក្នុងទឹកដីលាវ​​​។ លោក​​​បាន​​​បន្ថែម​​​​ថាមនុស្ស​​​សរុប​​​ចំនួន​​​២២​​​នាក់​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​នៅ​​​ក្នុង​​​ឆ្នាំនេះ​​​​​​ ហើយ​​​មិន​​​ទាន់​​​មាន​​​នរណាម្នាក់​​​ត្រូវ​​​ដោះ​​​លែង​​​មក​​​វិញនោះ​​​ទេ។ លោក​​​បាននិយាយ​​​ថា “ជា​​​ធម្មតា ប្រសិន​​​បើ​​​អាជ្ញាធរ​​ព្រំដែន​​​របស់​​​យើង​​​ចាប់​​​ខ្លួន​​​អ្នក​​​ភូមិ​​​ជន​​ជាតិ​​​លាវយើង​​​ឃុំ​​​ខ្លួន​​​ពួក​​​គេ​​​តែ​​​២៤​​​ម៉ោង​​​ប៉ុណ្ណោះ​​​ មុន​​​ពេល​​​ដោះលែង​​​ និង​បញ្ជូនពួក​​​គេ​​​ទៅ​​​ផ្ទះវិញ​​​”។ លោក​​​បានមាន​​​ប្រសា​​​សន៍ទៀតថា​​​ វា​​​ជា​​​រឿង​​​ធម្មតា​​​ទេ ​សម្រាប់​​​​​​អ្នក​​​ភូមិ​​​ នៅក្នុង​​​ប្រទេស​​​ទាំង​​​ពីរ​​​​​​ ដែល​​​ឆ្លង​​​ចូល​​​ព្រំ​​​ដែន​​ប្រវែង​​​២៥៧​​​គីឡូម៉ែត្រ​​​នេះ​​ ដោយ​​​ភាន់​​​ច្រឡំនៅ​​​ពេលកំពុង​​​ប្រមាញ់​​​សត្វ​​​ និង​​​ស្វែង​​​រក​​​អាហារក្នុង​​​ព្រៃ​​​នោះ​​​​​​។ លោក ស៊ី សួន អភិបាល​​​ស្រុក​​​សៀម​​​ប៉ាង​​​បាន​​​មានប្រសាសន៍​​​ថាឧប្បតិ្ត​​​ហេតុ​​​របៀប​​​នេះមិន​​​មែន​​​ជាបញ្ហា​​​ធ្ងន់​​​ធ្ងរទេព្រោះ​​​ប្រទេស​​​ទាំង​​​​​​ពីរ​​​មាន​​​កិច្ច​​​ព្រម​​​ព្រៀង​​​បត្យា​​​ប័ន​​​រវាង​​​គ្នា​​​ និង​​​គ្នា​​​។លោក​​​បាន​​​បន្ថែម​​​ថា“ជន​​​ជាតិ​​​លាវ​​​ចំនួន​​​២៣​​​នាក់​​​ត្រូវ​​​បាន​​​​​​នគរ​​​បាល​​​ស្រុក​​​សៀម​​​ប៉ាង​​​ចាប់​​​ខ្លួន​​​ ហើយ​​​ជនកម្ពុជា​​​៥០​​​នាក់​​​ត្រូវ​​​បាន​​​ភាគី​​​លាវចាប់​​​ខ្លួន​​​ ​​​​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​ ប៉ុន្តែ​​​អ្នក​​​ទាំង​​​អស់នោះ​​​ត្រូវ​​​បាន​​​ដោះ​​​លែង​​​វិញ​​​...