អ្នករតវ៉ាការចាប់យកដី ទាមទារតាមរយៈរាំតាមក្បាច់ ហ្គាងណាំ
សិទ្ធិមនុស្ស សិស្ស និងជនរងគ្រោះដោយការបណ្តេញចេញប្រហែល២០០នាក់ ដែលប្រមូលផ្តុំគ្នានៅខាងក្រៅរដ្ឋសភា ដើម្បីចែកខិត្តប័ណ្ណ បានបបួលគ្នាចុះហត្ថលេខាប្រហែល១១.២០០ ខាងមុខ និងខ្នងអាវយឺតរបស់ខ្លួន។ ក្បាច់រាំដូចគេបំផាយសេះនេះ ដំបូងមើលទៅទំនងជាមានការទាក់ទងតិចតួចនឹងបញ្ហាសិទ្ធិមនុស្ស។ ប៉ុន្តែ លោក មឿន តុលា ប្រធានកម្មវិធីសិទ្ធិការងារ របស់មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ និងជាអ្នកបានជួយរៀបចំពិធីនេះ បានមានប្រសាសន៍ថា ក្រុមអ្នកតវ៉ាប្រើក្បាច់រាំរបស់តារាចម្រៀងកូរេ៉ខាងត្បូង ដើម្បីធ្វើឲ្យគេចាប់អារម្មណ៍ចំពោះបុព្វហេតុរបស់ខ្លួន។ លោក តុលា មានប្រសាសន៍ថា “ ក្បាច់រាំហ្គាងណាំ គឺជាក្បាច់រាំដ៏ពេញនិយម”។ លោកមានប្រសាសន៍ថា “ ការរំពឹងទុករបស់សហគមន៍នេះ គឺធ្វើយ៉ាងណាឲ្យមានការចាប់អារម្មណ៍មិនត្រឹមតែពីមនុស្សនៅក្នុងប្រទេសទេ ប៉ុន្តែ ពីអន្តរជាតិផងដែរ។ នោះជាមូលហេតុដែលពួកគេព្យាយាមឲ្យឃើញនូវបែបច្នៃប្រឌិតបន្ថែមទៀត។ ប្រជាពលរដ្ឋតវ៉ានៅថ្ងៃនេះ ពីព្រោះរដ្ឋសភាមិនដែលស្វែងរកដំណោះស្រាយឲ្យពួកគេ”។ អង្គការសិទ្ធិមនុស្សក្នុងស្រុក បានលើកឡើងថា...
របាយការណ៍បង្ហាញថា ទឹកប្រាក់ជិត៥០០លានដុល្លារហូរចេញ ពីប្រទេសកម្ពុជាក្នុងមួយឆ្នាំៗ
របាយការណ៍មួយ ដែលត្រូវបានចេញផ្សាយនៅសហរដ្ឋអាមេរិកកាលពីម្សិលមិញបានបង្ហាញថា ក្នុងមួយឆ្នាំៗទឹកប្រាក់ជិត៥០០លានដុល្លារត្រូវបានគេផ្ទេរចេញពីប្រទេសកម្ពុជាតាមរយៈ“ រំហូរហិរញ្ញវត្ថុខុសច្បាប់”។ ក៏ប៉ុន្តែ បុគ្គលមួយចំនួន ដែលធ្វើការខាងវិស័យហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា បានបង្ហាញនូវក្តីមន្ទិលសង្ស័យ អំពីសុក្រឹតភាពនៃតួលេខនេះ ដែលត្រូវបានបង្ហាញក្នុងរបាយការណ៍របស់អង្គការសិក្សាស្រាវជ្រាវ និងតស៊ូមតិ ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន គឺអង្គការហេ្គ្លោប៊ល ហ្វាញណាន់សល អុីនធែកគ្រីតធី (Global Financial Integrity)។ របាយការណ៍នេះ មានចំណងជើងថា “រំហូរហិរញ្ញវត្ថុខុសច្បាប់ចេញពីប្រទេសកំពុងអភិវឌ្ឍន៍” ហើយវិភាគទិន្នន័យរបស់ធនាគារពិភពលោក (World Bank) និងទិន្នន័យរបស់អង្គការមូលនិធិរូបិយវត្ថុអន្ដរជាតិ (International Montery Fund) ស្ដីអំពីចរន្ដរូបិយវត្ថុរបស់ប្រទេសចំនួន១៤៣។ អង្គការ េហ្គ្លាប៊ល ហ្វាញណាន់សល អុីនធែកគ្រីតធី បានត្រួតពិនិត្យពីភាពខុសគ្នារវាងទំហំពាណិជ្ជកម្មដែលត្រូវបានកត់ត្រាដោយប្រទេសកម្ពុជា និងទំហំពាណិជ្ជកម្ម ដែលត្រូវបានកត់ត្រាដោយប្រទេសផ្សេងៗទៀត នៅលើពិភពលោក។អង្គការនេះបានសន្និដ្ឋានថា នៅអំឡុងទសវត្សរ៍នេះ មានទឹកប្រាក់សរុប ចំនួន៤,៩៩ពាន់លានដុល្លារ ត្រូវបានគេផ្ទេរចេញពីប្រទេសកម្ពុជាតាមរយៈរំហូរហិរញ្ញវត្ថុខុសច្បាប់ ដែលជា“ ថវិកា គេរកបានការផ្ទេរ ឬក៏ការប្រើប្រាស់ដោយខុសច្បាប់ ហើយវាគ្របដណ្ដប់លើគ្រប់រំហូរចេញនៃហិរញ្ញវត្ថុរបស់ក្រុមហ៊ុនឯកជន ដែលមិនត្រូវបានកត់ត្រា ហើយធ្វើឲ្យមានការកើនឡើងនូវការគ្រប់គ្រងទ្រព្យសកម្មរបស់ជនបរទេសពីសំណាក់ជនជាតិខ្មែរ ដោយខុសច្បាប់ និងក្របខណ្ឌបទប្បញ្ញត្តិនានា”។ របាយការណ៍បង្ហាញថា វិធីសាស្ត្រគណនាតួលេខនេះ មិនបានរាប់បញ្ចូលនូវការរត់ពន្ធ ដែលទឹកប្រាក់ត្រូវបានផ្ទេរចេញឆ្លងកាត់ព្រំដែនកម្ពុជា និងការផ្ទេរមូលធនតាមរូបភាពផ្សេងៗទៀត ដែលអាចរួមចំណែកនៅក្នុងរំហូររូបិយវត្ថុចេញពីប្រទេសកម្ពុជា។ អ្នកសរសេររបាយការណ៍បានទទួលស្គាល់ថា រំហូរមូលធនស្របច្បាប់មួយចំនួនប្រហែលជាមិនត្រូវបានកត់ត្រានោះទេ ហើយរបាយការណ៍បង្ហាញថា ការប៉ាន់ស្មានអំពីចំនួនទឹកប្រាក់ហូរចេញពីប្រទេសកម្ពុជាសរុបត្រូវបានកាត់ចោលខ្លះ។ ក៏ប៉ុន្តែ លោក ស្ទីហ្វិន ហុីកហ្គីង (Stephen Higgings) អតីតនាយកប្រតិបត្តិធនាគារ អេអិនហ្សិត រ៉ូយ៉ាល់ (ANZ Royal) បានមានប្រសាសន៍លើកឡើងតាមរយៈអុីម៉េលថា តួលេខ ដែលបង្ហាញពីការហូរចេញនូវទឹកប្រាក់ជិត៥០០លានដុល្លារពីប្រទេសកម្ពុជាក្នុងមួយឆ្នាំៗរបស់អង្គការនេះ “ វាទំនងជាមិនដូចគ្នាទៅនឹងរឿងជាក់ស្ដែងនៅទីនេះនោះទេ គឺថា ទំនងជាមានទឹកប្រាក់ហូរចូលទីនេះច្រើនជាងការបង្ហាញនៅក្នុងស្ថិតិផ្លូវការទៅទៀត”។ លោកបានបន្តទៀតថា “ វាទំនងជាហូរចូលប្រទេសកម្ពុជាច្រើនជាងហូរចេញ”។ លោកបានពន្យល់ថា ក្នុងប្រទេសផ្សេងៗទៀតដូចជាប្រទេសចិនជាដើមជាប្រទេសដែលរបាយការណ៍នេះ បានបង្ហាញនូវរំហូរទឹកប្រាក់ខុសច្បាប់ភាគច្រើន គឺថា មានការគ្រប់គ្រងតឹងរ៉ឹងលើមូលធន ដែលមានន័យថា អ្នកទាំងឡាយបានប្រើប្រាស់នូវទំហំពាណិជ្ជកម្ម ដើម្បីទាញមូលធនពីប្រទេសនេះ។ លោកបានថ្លែងថា “ ប្រទេសកម្ពុជាខុសពីប្រទេសភាគច្រើន ដែលត្រូវបានបង្ហាញនៅក្នុងរបាយកាណ៍នេះ គឺថា ប្រទេសកម្ពុជាមានគណនីមូលធនបើកចំហ ដែលមានន័យថា វាមានភាពងាយស្រួលក្នុងការផ្ទេរប្រាក់ចេញចូលដោយស្របច្បាប់។ គេមិនចាំបាច់ផ្ទេរប្រាក់ចេញពីកម្ពុជាដោយខុសច្បាប់នោះទេ”។ លោកស្រី នួន សុខា អគ្គនាយិកាធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា ប្រសិនបើមិនខុសនោះ ភាពខុសគ្នានៃទឹកប្រាក់ចំនួន៥០០លានដុល្លារ វាមានចំនួនតិចតួចណាស់ ប្រសិនបើប្រៀបធៀបទៅនឹងទំហំពាណិជ្ជកម្មសរុបនៅកម្ពុជា ដែលឈានដល់ចំនួន១២,៣១ពាន់លានដុល្លារ នៅក្នុងរយៈពេល១១ខែដំបូងឆ្នាំនេះ។ លោកស្រីបានបន្តថា “ ប្រព័ន្ធកត់ត្រា គឺកំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍនៅឡើយ ដូច្នេះនេះជារបាយការណ៍ដ៏ល្អមួយ” ។ ហើយលោកស្រីបានបន្ថែមទៀតថា គេបានអនុវត្តនូវជំហានជាច្រើនរួចមកហើយ ដើម្បីធ្វើយ៉ាងណាធានាឲ្យបានថា ធនាគារទាំងឡាយអាចមានលទ្ធភាពតាមដាននូវការផ្ទេរប្រាក់នានា ដែលគួរឲ្យសង្ស័យ ដូចជាការបង្កើតអង្គភាពស៊ើបអង្កេតហិរញ្ញវត្ថុ កាលពីឆ្នាំ២០០៨ជាដើម។ លោក អុិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា ក៏បានបង្ហាញនូវមន្ទិលសង្ស័យអំពីរបាយការណ៍នេះផងដែរ ដោយលោកមានប្រសាសន៍ថា លក្ខណៈក្រៅផ្លូវការនៃការផ្ទេរប្រាក់ទាក់ទងនឹងវិស័យកសិកម្មតាមបណ្ដោយព្រំដែនកម្ពុជា គឺមានន័យថា តួលេខនៃការធ្វើពាណិជ្ជកម្មទាំងនេះមិនអាចជឿជាក់បានទេ។ ក្នុងចំណោមតួលេខក្នុងរបាយការណ៍ស្ដីពីប្រទេសកម្ពុជា គឺថា “ វាគ្រាន់តែជាការប៉ាន់ស្មានប៉ុណ្ណោះ”។ លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពអន្ដរជាតិ (Transparency...
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រិះគន់សាលាឧទ្ធរណ៍ចំពោះករណីដោះលែងឧកញ៉ាស្ងាត់ៗពីពន្ធនាគារ
លោកខៀវកាញារីទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មានបានមានប្រសាសន៍ថា លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានរិះគន់សាលាឧទ្ធរណ៍ចំពោះការដោះលែងអ្នកជំនួញម្នាក់ ដែលត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារមុនពេលកំណត់ដែលឥឡូវនេះត្រូវជាប់ពន្ធនាគារម្តងទៀត បន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទជួញដូរគ្រឿងញៀនក្នុងពេលថ្មីៗនេះ។ លោក តាន់សេងហាក់ដែលធ្លាប់មានឈ្មោះជា “ ឧកញ៉ា” ត្រូវបានចោទប្រកាន់ពីបទជួញដូរគ្រឿងញៀន បន្ទាប់ពីនគរបាលប្រឆាំងការជួញដូរគ្រឿងញៀនបានឆ្មក់ចូលភូមិគ្រឹះរបស់លោកនៅក្នុងខណ្ឌសែនសុខ ក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី២៧ខែវិច្ឆិកាដែលនៅទីនោះ នគរបាលបានរកឃើញគ្រឿងញៀនប្រភេទកូកាអុីន និងមេតំហ្វេតាមីនឧបករណ៍ផលិតគ្រឿងញៀន ព្រមទាំងគ្រាប់កាំភ្លើងផងដែរ។ នៅមុនការចាប់ខ្លួននេះ លោកសេងហាក់ដែលជាអតីតទីប្រឹក្សាផ្ទាល់របស់លោក ជាស៊ីម ប្រធានព្រឹទ្ធសភា ធ្លាប់បានជាប់ ពន្ធនាគារពីបទចាប់យកដីធ្លី និងបទល្មើសប្រើប្រាស់អាវុធខុសច្បាប់។ លោក ខៀវ កាញារីទ្ធ បានលើកឡើងក្នុងសារមួយកាលពីថ្ងៃសុក្រថា លោក ហ៊ុនសែន បានលើកឡើងអំពីករណីអ្នកជំនួញនេះ ខណៈដែលលោក ដឹកនាំកិច្ចប្រជុំមួយនៅទីស្តីការគណៈរដ្ឋមន្ត្រីកាលពីពីថ្ងៃសុក្រ។ លោកខៀវកាញារីទ្ធមានប្រសាសន៍បន្តថា “ លោកហ៊ុនសែនបានរិះគន់សាលាឧទ្ធរណ៍ចំពោះករណីលោក តាន់ សេងហាក់ ដែលក្រោយមកលោកត្រូវបានសាលាឧទ្ធរណ៍ដោះលែងស្ងាត់ៗ ហើយលោក ដឹងពីការដោះលែងលោក តាន់សេងហាក់ នេះ បន្ទាប់ពីនគរបាលអង្គភាពប្រឆាំងការជួញដូរគ្រឿងញៀនបានចាប់ខ្លួនជននេះម្តងទៀតតែប៉ុណ្ណោះ”។ លោក ខៀវ កាញារីទ្ធ បានពន្យល់ថាលោកសេងហាក់ ធ្លាប់ជាប់ពន្ធនាគារពីបទបាញ់បោះសេរីនៅពេលយប់។ លោក សេងហាក់ ត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារកាលពីឆ្នាំ២០០៧ពីបទចាប់យកដីខុសច្បាប់។គាត់ត្រូវបានចោទប្រកាន់ផងដែរពីបទប៉ុនប៉ងមនុស្សឃាតដោយបាញ់មន្ត្រីនគរបាលម្នាក់ កាលពីឆ្នាំ២០០៥។ លោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍បដិសេធមិនធ្វើសេចក្តីអត្ថាធិប្បាយ អំពីការដោះលែងលោក តាន់សេងហាក់ និង ការរិះគន់សាលាឧទ្ធរណ៍ពីសំណាក់លោកហ៊ុនសែន ទេ។ លោកស៊្រុនលាងប្រធានមណ្ឌលកែប្រែទី១នៅពន្ធនាគារព្រៃស មានប្រសាសន៍ថា លោកសេងហាក់ ដែលបច្ចុប្បន្ននេះកំពុង ត្រូវបានឃុំខ្លួនបណ្តោះអាសន្នពីបទជួញដូរគ្រឿងញៀន ធ្លាប់បានជាប់ពន្ធនាគារពីរដងមកហើយ។លោកបន្ថែមថា លោកមិនបានដឹងថា លោកសេងហាក់ចាកចេញពីពន្ធនាគារទាំងពីរលើកនោះដោយវិធីណាទេ។ លោកមានប្រសាសន៍បន្តទៀតថា “ នៅករណីទី២នេះដែលខ្ញុំបានដឹងគឺលោក ត្រូវបានដោះលែងពីពន្ធនាគារ។ប៉ុន្តែខ្ញុំមិនបានចាំថា គាត់ត្រូវបានគេដោះលែងនៅពេលណា ឬដោយមូលហេតុអ្វីនោះទេ”។ លោកម៉មភាសាមេធាវីលោកសេងហាក់ បានបដិសេធមិនប្រាប់អំពីប្រវត្តិជាប់ពន្ធនាគាររបស់កូនក្តីលោក ឬលោកត្រូវបានដោះលែងឲ្យមានសេរីភាព បន្ទាប់ពីតុលាការផ្តន្ទាទោសទាំងពីរលើកដោយវិធីណានោះទេ។ លោកឧត្តមសេនីយ៍ឯកយឹមលាងប្រធានអង្គរក្សលោកជា ស៊ីមបានមានប្រសាសន៍ថាលោកសេងហាក់ត្រូវបានដកចេញពីតួនាទីជាទីប្រឹក្សារបស់ប្រធានព្រឹទ្ធសភានិងប្រធានគណបក្សកំពុងកាន់អំណាចរួចហើយ ដោយសារលោកបានជាប់ពាក់ព័ន្ធក្នុងការចាប់យកដីខុសច្បាប់ ប៉ុន្តែ លោកបានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមទៀតទេ៕ ប្រែសម្រួលដោយឃិនណៃ
សាលាឧទ្ធរណ៍នឹងចេញសាលដីកាចំពោះការបើកសវនាការជាថ្មីក្នុងរឿងក្តីសម្លាប់លោក ជា វិជ្ជា
ក្នុងពេលឆាប់ៗនេះ សាលាឧទ្ធរណ៍នឹងចេញសាលដីកាពាក់ព័ន្ធនឹងការបើកសវនាការឡើងវិញលើទណ្ឌិតពីរនាក់ ដែលមជ្ឈដ្ឋានទូទៅជឿថា ត្រូវបានគេទម្លាក់កំហុសនៅក្នុងឃាតកម្មសម្លាប់លោក ជា វិជ្ជា មេដឹកនាំសហជីពដ៏ល្បីឈ្មោះ។ សាលាឧទ្ធរណ៍គ្រោងនឹងប្រកាសសាលដីកានេះ កាលពីថ្ងៃទី២៦ខែវិច្ឆិកា។ប៉ុន្ដែបុ៉ន្មានថ្ងៃមុន លោកជួនសុ៊នឡេង ចៅក្រមជំនុំជម្រះមានប្រសាសន៍ថា ការប្រកាសសាលដីកានេះត្រូវពន្យារពេលវិញ ដោយសារតែរឿងក្ដីនេះ “ ស្មុគស្មាញខ្លាំងពេក”។ កាលពីថ្ងៃសុក្រ លោកបានមានប្រសាសន៍ថា សាលាឧទ្ធរណ៍កំពុងរៀបចំសាលដីកានេះ។ លោកបានបន្ថែមថា“ វាប្រហែលនឹងត្រូវប្រកាសនៅសប្ដាហ៍ទី៣នៃខែនេះ”។ ទណ្ឌិតឈ្មោះ ប៊ន សំណាង និង សុខ សំអឿន ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្ដន្ទាទោសក្នុងឆ្នាំ២០០៥ ពីបទបាញ់សម្លាប់លោកជាវិជ្ជាដែលម្នាក់ៗត្រូវជាប់ពន្ធនាគាររយៈពេល២០ឆ្នាំ។ ដោយសារតែមានការជំទាស់យ៉ាងខ្លាំងទាំងក្នុង និងក្រៅប្រទេស តុលាការកំពូលបានដោះលែងទណ្ឌិតទាំងពីរនាក់នេះឲ្យនៅក្រៅឃុំបណ្ដោះអាសន្នកាលពីឆ្នាំ២០០៨ហើយក៏បានបញ្ជាឲ្យគេស៊ើបអង្កេតករណីនេះជាថ្មី ផងដែរ។ ក្នុងពេលបើកសវនាការជំនុំជម្រះកាលពីថ្ងៃទី៧ខែវិច្ឆិកាព្រះរាជអាជ្ញាសាលាឧទ្ធរណ៍មិនមានបង្ហាញភ័ស្តុតាងថ្មីប្រឆាំងទណ្ឌិតទាំងពីរនាក់នេះទេ និងបានលើកឡើងថាលទ្ធផលលើកទី២នៃការស៊ើបអង្កេតក្នុងករណីបាញ់សម្លាប់លោក ជា វិជ្ជាដូចគ្នានឹងលើកទី១ដែរគឺថាទណ្ឌិតឈ្មោះសំអឿននិង សំណាងពិតជាបានបាញ់សម្លាប់លោកជាវិជ្ជាប្រាកដមែន។ ជនសង្ស័យទាំងពីរនាក់បានឆ្លើយដោះសារថា ខ្លួនមិនបាននៅនឹងកន្លែងកើតហេតុនៅពេលមានការបាញ់សម្លាប់នោះទេប៉ុន្ដែ លោកហេងពៅមន្ត្រីនគរបាលដែលដឹកនាំការសើុបអង្កេតរឿងក្តីឃាតកម្មលើលោកជាវិជ្ជា អះអាងថាគាត់ត្រូវបានលោកហុកឡងឌី អតីតអគ្គស្្នងការនគរបាលជាតិបញ្ជាឲ្យទម្លាក់កំហុសលើទណ្ឌិតទាំងពីរនាក់នេះ។ លោកហេងពៅ ពេលនេះកំពុងជាប់ពន្ធនាគាររយៈពេលជាង១០០ឆ្នាំ ពីបទចោទប្រកាន់ជាច្រើនករណី។ លោក ជា មុនី បច្្ចុប្បន្នជាប្រធានសហជីពសេរីកម្មករមានប្រសាសន៍កាលពីម្សិលមិញថាការងារចាក់គ្រឹះសាងសង់រូបសំណាក់លោកជាវិជ្ជាត្រូវបានពន្យារពេលទៀតហើយ។ លោកជាមុនី បានឲ្យដឹងថាលោកកែបជុតិមាអភិបាលរាជធានីភ្នំពេញបានប្រកាសតាមលិខិតមួយកាលពីសប្ដាហ៍មុនថាការចាក់គ្រឹះសម្រាប់សាងសង់រូបសំណាក់នោះត្រូវបានពន្យារពេលរហូតដល់ពិធីបូជាព្រះបរមសពសម្ដេចឪ នរោត្តម សីហនុនៅថ្ងៃទី៤ខែកុម្ភៈ ចប់រួចរាល់សិន។ លោកមុនី បានមានប្រសាសន៍ថាលោកបានយល់ព្រមតាមការពន្យារពេលនេះប៉ុន្ដែមានហេតុផលតិចតួចណាស់ចំពោះការពន្យារពេលនេះ។ លោកបានមានប្រសាសន៍ថា “ ខ្ញុំគិតថា ការសាងសង់គ្រឹះសម្រាប់រូបសំណាកលោក ជាវិជ្ជា...
លោកនាយករដ្ឋមន្ត្រី ហុ៊ន សែន បញ្ជាឲ្យមន្ត្រីមូលដ្ឋានបញ្ឈប់សកម្មភាពកាប់ឈើខុសច្បាប់ជាថ្មី
ដោយសារតែបទល្មើសព្រៃឈើមានការកើនឡើងខ្លាំងពេក លោក ហុ៊ន សែនបានចេញបញ្ជាជាថ្មីឲ្យមន្ត្រីមូលដ្ឋានបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីបញ្ឈប់សកម្មភាពកាប់ឈើ និងការនាំឈើខុសច្បាប់ចេញពីប្រទេសកម្ពុជា។ យោងតាមលោកខៀវកាញារីទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មានបានឲ្យដឹងថាដោយសារតែសកម្មភាពរកសីុឈើនៅក្នុងប្រទេសកម្ពុជា “ មានការកើនឡើងជាថ្មី” កាលពីថ្ងៃសុក្រលោកហុ៊ន សែនបានប្រកាសបែបនេះនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី។ លោកបានលើកឡើងនៅក្នុងសារជាអក្សរមួយថា “ លោកនាយករដ្ឋមន្ត្រី ថាសកម្មភាពកាប់ឈើខុសច្បាប់បានថមថយមួយរយៈ ប៉ុន្ដែ ពេលនេះវាបានចាប់ផ្ដើមជាថ្មីទៀតហើយ”។ លោក ខៀវ កាញារីទ្ធ មានប្រសាសន៍ថា “ លោកនាយករដ្ឋមន្ត្រីបានចេញបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងកសិកម្មចាត់វិធានការដោយសហការជាមួយនឹងក្រសួងយុត្តិធម៌ និងតុលាការ”។ យោងតាមទិន្នន័យដែលផ្ដល់ឲ្យដោយមន្ត្រីគយចិនបានឲ្យដឹងថា ឈើប្រណីតរាប់ពាន់ម៉ែត្រគូប រួមទាំងឈើធម្មតាផងនោះត្រូវបាននាំចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសចិនក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះដែលភាគច្រើនទំនងជាបាននាំចេញឆ្លងកាត់ព្រំដែនវៀតណាម។ ចាប់តាំងពីចុងទសវត្សរ៍ឆ្នាំ១៩៩០មកលោកហុ៊ន សែន បានចេញបញ្ជាឲ្យមានការខិតខំប្រឹងប្រែងស្រដៀងគ្នានេះជាច្រើនលើកមកហើយ ដើម្បីលុបបំបាត់សកម្មភាពកាប់ឈើខុសច្បាប់ដែលអូសបន្លាយយ៉ាងយូរនៅក្នុងប្រទេសកម្ពុជា។ បន្ទាប់ពីសេចក្ដីប្រកាសរបស់លោកនាយករដ្ឋមន្ត្រី លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលីប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កសិកម្ម និងជនបទ បានជួបប្រជុំជាមួយអភិបាលខេត្តចំនួនប្រាំ កាលពីថ្ងៃសៅរ៍ដើម្បីផ្សព្វផ្សាយសាររបស់លោកហុ៊ន សែន។ លោកសរចម្រុងអភិបាលខេត្តក្រចេះបានមានប្រសាសន៍ថា រូបលោក រួមទាំងអភិបាលខេត្តរតនគិរីមណ្ឌលគិរីស្ទឹងត្រែងនិងអភិបាលខេត្តកំពង់ចាមក៏ដូចជា មន្ត្រីពាក់ព័ន្ធផ្សេងទៀតបានជួបប្រជុំជាមួយលោកយឹម ឆៃលី នៅក្នុងក្រុងក្រចេះ។ លោកចម្រុង បានមានប្រសាសន៍បន្ដថាលោកយឹមឆៃលី បានប្រាប់មន្ត្រីទាំងអស់ឲ្យផ្ដោតលើវិធានការមួយចំនួន ដូចជាការដាក់ប៉ុស្តិ៍ត្រួតពិនិត្យតាមដងផ្លូវ ដើម្បីស្ទាក់ចាប់ឈើខុសច្បាប់ជាដើម។ លោកចម្រុង មានប្រសាសន៍បន្ថែមថា“ខេត្តក្រចេះ គឺជាចំណុចឆ្លងកាត់ឈើខុសច្បាប់ និងឈើគ្រញូង ដែលលាក់នៅក្នុងរថយន្តដឹកដំឡូងមី”។ លោកទៀបគន្ធពិដោប្រធានរដ្ឋបាលព្រៃឈើឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះបានមានប្រសាសន៍ថា រហូតមកដល់ពេលនេះ មន្ត្រីរដ្ឋបាលព្រៃឈើស្ទាក់ចាប់បានឈើនាំចេញខុសច្បាប់ចំនួន៣៤ដង។ លោកបន្ថែមថា “ ករណីដឹកឈើធំៗមានចំនួនបួនករណី ដែលក្នុងមួយលើកៗមានឈើប្រណីតចាប់ពី១៥ទៅ១៦ម៉ែត្រគូប”។ លោកបានបន្ថែមថាឈើទាំងនោះត្រូវបានដឹកតាមរថយន្ដធំ រថយន្ដវ៉ែន និងមូ៉តូ៕ ប្រែសម្រួលដោយហមសុផាណ្ណា
សាលាឧទ្ធរណ៍គួរតែបង្ហាញភ័ស្ដុតាងលើករណីលោក ម៉ម សូណង់ដូ
ការរិះគន់ចំពោះសេចក្ដីសម្រេចរបស់សាលាឧទ្ធរណ៍កាលពីថ្ងៃសុក្រ ដែលបានបដិសេធមិនដោះលែងលោក ម៉មសូណង់ដូម្ចាស់ស្ថានីយវិទ្យុសម្បុកឃ្មុំឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន បានបន្ដរហូតដល់ចុងសប្ដាហ៍ដោយអង្គការសិទ្ធិមនុស្ស បានចោទសួរអំពីហេតុផលផ្លូវច្បាប់នៅពីក្រោយការបដិសេធនេះ និងបានគូសបញ្ជាក់ថា មានបទដ្ឋានពីរនៅក្នុងប្រព័ន្ធតុលាការ។ លោកយ៉េងវីរៈ នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ បានមានប្រសាសន៍ថា“ លោកម៉ម សូណង់ដូគឺជាបុរសវ័យចំណាស់ម្នាក់ ហេតុដូច្នេះលោកនឹងមិនគេចខ្លួនឡើយ។លោកវីរៈ បានច្រានចោលនូវការអះអាងរបស់សាលាឧទ្ធរណ៍ដែលថាលោកម៉មសូណង់ដូ អាចគំរាមកំហែងសាក្សី ដែលធ្វើឲ្យខូចសណ្ដាប់ធ្នាប់សាធារណៈនោះ។ លោកយ៉េងវីរៈបានថ្លែងថា “ គ្មានរឿងគំរាមកំហែងសាក្សីឡើយ ហេតុដូច្នេះគ្មានសញ្ញាបង្ហាញពីការគំរាមកំហែងទេ”។ លោកម៉មសូណង់ដូត្រូវបានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល២០ឆ្នាំ កាលពីខែតុលា ពីបទញុះញង់ឲ្យបង្កើតចលនាបះបោរនៅតាមជនបទ។ អ្នកគាំទ្រជាច្រើនរបស់ម្ចាស់ស្ថានីយវិទ្យុសម្បុកឃ្មុំរូបនេះ បានលើកឡើងថា ការចោទប្រកាន់នេះមានពាក់ព័ន្ធនឹងនយោបាយ ហើយមានការប៉ុនប៉ងពីរដ្ឋាភិបាល ដើម្បីបំបិទមាត់អ្នករិះគន់ម្នាក់ក្នុងចំណោមអ្នករិះគន់រដ្ឋាភិបាលតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ដែលភាគច្រើនស្ថិតក្រោមស្ថានីយវិទ្យុ និងទូរទស្សន៍គាំទ្រគណបក្សកាន់អំណាច។ ការអះអាងអំពីការបង្កើតចលនាអបគមន៍នេះកើតមានតាំងពីខែឧសភា ដែលនៅពេលនោះ អាជ្ញាធរបានបើកយុទ្ធនាការដ៏ធំមួយ ដើម្បីបណ្ដេញប្រជាពលរដ្ឋរាប់រយគ្រួសារនៅក្នុងខេត្តក្រចេះ ដោយមានការបាញ់ប្រហារទៅលើក្មេងស្រីអាយុ១៤ឆ្នាំម្នាក់នៅក្នុងប្រតិបត្តិការនោះផងដែរ។ អង្គការសិទ្ធិមនុស្ស បានថ្កោលទោសការអះអាងរបស់រដ្ឋាភិបាលដែលថាអ្នកភូមិបានចូលរួមក្នុងចលនាអបគមន៍នេះ ដោយបានចាត់ទុកការអះអាងនេះថាជាលេសដើម្បីបណ្ដេញអ្នកភូមិរាប់រយគ្រួសារជំនួសមុខឲ្យក្រុមហ៊ុនចម្ការកៅស៊ូមួយ។ នៅក្នុងការបដិសេធសំណើសុំនៅក្រៅឃុំបណ្ដោះអាសន្នរបស់លោក ម៉មសូណង់ដូក្រុមចៅក្រមបានលើកឡើងថា ពួកគេខ្លាចក្រែងបុរសអាយុ៧២ឆ្នាំរូបនេះគាបសង្កត់សាក្សី និងបង្កចលាចលសាធារណៈ។ ព្រះរាជអាជ្ញាក៏បានលើកឡើងដែរថាលោកម៉មសូណង់ដូដែលមានសញ្ជាតិពីរគឺសញ្ជាតិខ្មែរនិងសញ្ជាតិបារាំងអាចនឹងរត់គេចខ្លួន។ លោកស្រីណាលីពីឡូក (Naly Pilorge) នាយិកាអង្គការសិទ្ធិមនុស្សលីកាដូបានមានប្រសាសន៍ថាសេចក្ដីសម្រេចនេះមិនសូវជាសមហេតុសមផលឡើយ ព្រោះថាលោកម៉មសូណង់ដូបានវិលមកកាន់ប្រទេសកម្ពុជាវិញកាលពីខែកក្កដា បន្ទាប់ពីលោកបានដឹងថា ខ្លួននឹងត្រូវប្រឈមនឹងការចោទប្រកាន់មកលើរូបលោក ដែលលោកបានបដិសេធយ៉ាងដាច់អហង្ការនោះ។ លោកស្រីបានលើកឡើងថា“ យើងបានដឹងយ៉ាងច្បាស់តាំងពីដំបូងមកថាលោក ម៉មសូណង់ដូ វិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញដោយខ្លួនឯង ដូច្នេះមិនចាំបាច់ខ្លាចលោកចាកចេញពីប្រទេសម្ដងទៀតឡើយ”។ លោកស្រីណាលីពីឡូកបានថ្លែងថាការបដិសេធមិនដោះលែងឲ្យនៅក្រៅឃុំនេះ ក៏មិនស្របនឹងសេចក្ដីសម្រេចផ្សេងៗទៀតក្នុងពេលថ្មីៗនេះ របស់ប្រព័ន្ធតុលាការ ដោយលោកស្រីបានគូសបញ្ជាក់ពីករណីរបស់លោកឈូកបណ្ឌិតអតីតអភិបាលក្រុងបាវិតដែលត្រូវបានចោទប្រកាន់ជាច្រើនខែកន្លងមកហើយពីបទបាញ់ប្រហារកម្មការិនីរោងចក្រចំនួនបីនាក់ ប៉ុន្ដែមិនដែលត្រូវបានឃាត់ខ្លួននិងនាំយកមកបើកសវនាការឡើយ។លោកស្រីបានមានប្រសាសន៍ថា “ គ្មានការចាប់ខ្លួន និងការឃុំខ្លួនជាបណ្ដោះអាសន្នមុនពេលបើកសវនាការចំពោះលោកឈូកបណ្ឌិតឡើយ”។ លោកស្រីបានមានប្រសាសន៍បន្ថែមថា “ លោកម៉មសូណង់ដូបានសម្រេចចិត្តវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ ថ្វីបើលោកដឹងហើយថា លោកនឹងប្រឈមការចោទប្រកាន់ ពីព្រោះលោកចង់បង្ហាញពីភាពគ្មានទោសរបស់លោក”។ លោកសុកសំអឿនប្រធានក្រុមអ្នកច្បាប់់ការពារសិទ្ធិកម្ពុជា ដែលជាអង្គការផ្ដល់ជំនួយផ្នែកច្បាប់ដោយឥតគិតថ្លៃមួយផ្សេងទៀតលើកឡើងថា ចៅក្រមសាលាឧទ្ធរណ៍គួរតែបានផ្ដល់ភ័ស្ដុតាងមួយចំនួន ដើម្បីគាំទ្រការអះអាងរបស់ខ្លួនដែលថាលោក ម៉ម សូណង់ដូអាចធ្វើការគំរាមកំហែងណាមួយនោះ។ លោកសុកសំអឿនដែលបានការពារលោក ម៉មសូណង់ដូអំឡុងការបើកសវនាការរបស់លោកនៅក្នុងសាលាដំបូងរាជធានីភ្នំពេញ កាលពីខែកញ្ញា បានថ្លែងថា “ ប្រសិនបើលោក លើកឡើងដូច្នេះ លោកត្រូវតែមានភ័ស្ដុតាង មិនមែនបានត្រឹមតែខ្លាចក្រែងនោះទេ”។លោកបន្ថែមថា “ តុលាការកម្ពុជា គឺអ៊ីចឹងឯង គ្មានភ័ស្ដុតាងនោះឡើយ បានត្រឹមតែខ្លាចក្រែង”។ កាលពីថ្ងៃសុក្រ...
កូនស្រីរដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ទទួលបានកិច្ចសន្យា លើគម្រោងសាងសង់ព្រះមេរុ
ការសាងសង់ព្រះមេរុសម្រាប់ព្រះរាជពិធីថ្វាយព្រះភ្លើងបូជាព្រះបរមសពសម្តេចឪ នរោត្តមសីហនុ នឹងប្រព្រឹត្តទៅនៅខែកុម្ភៈ ហើយនឹងចំណាយទឹកប្រាក់អស់ចំនួន៥លានដុល្លារ ហើយកិច្ចសន្យាសាងសង់នេះត្រូវបានប្រគល់ឲ្យទៅក្រុមហ៊ុនរបស់កូនស្រីលោក គង់ សំអុល រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង។ យោងតាមកម្មករដែលធ្វើការនៅការដ្ឋានសាងសង់ព្រះមេរុនេះបានឲ្យដឹងថា ក្រុមហ៊ុនវីស៉្បាន ខូ អិលធីឌី (Vispan Co. Ltd.,) ជាក្រុមហ៊ុនស្ថាបត្យកម្ម និងរចនាប្លង់របស់លោកស្រីគង់បញ្ញា ជាកូនស្រីរបស់លោកគង់ សំអុលគឺជាក្រុម ហ៊ុនមួយក្នុងចំណោម ក្រុមហ៊ុនដែលកំពុងសាងសង់ព្រះមេរុនេះ។ កាលពីម្សិលមិញកម្មករដែលកំពុងធ្វើការនៅឯការដ្ឋានសាងសង់ព្រះមេរុនោះភាគច្រើនពាក់អាវយឺតដែលមានរូបសញ្ញារបស់ក្រុមហ៊ុនវីស៉្បាន។ កាលពីម្សិលមិញការហៅទូរស័ព្ទទៅកាន់លេខទូរស័ព្ទដែលបានចុះបញ្ជីរបស់ក្រុមហ៊ុនវីស៉្បានអ្នកតំណាងក្រុមហ៊ុនមិនអាចបញ្ជាក់ថា ការសាងសង់ព្រះមេរុសម្រាប់ថ្វាយព្រះភ្លើងបូជាព្រះបរមសពសម្តេចឪ នរោត្តមសីហនុ ជាប់ពាក់ព័ន្ធជាមួយក្រុមហ៊ុន ឬមិនអាចបញ្ជាក់ពី តួនាទីរបស់លោកស្រីបញ្ញា ថាជាម្ចាស់ក្រុមហ៊ុននេះបានទេ។ពួកគេក៏បានបដិសេធមិនប្រាប់ឈ្មោះពួកគេផងដែរដោយសារពួកគេមិនត្រូវបានអនុញ្ញាតឲ្យនិយាយជាមួយអ្នកយកព័ត៌មាន។ ក្រុមហ៊ុននេះធ្លាប់ទទួលបានកិច្ចសន្យាសាងសង់អគាររបស់រដ្ឋាភិបាលជាច្រើនរួមទាំងអាគារទីស្តីការគណៈរដ្ឋមន្ត្រីនៅរាជធានីភ្នំពេញផងដែរ។ លោក ខៀវ កាញរីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបង្វែរសំណួរទាក់ទងនឹងការសាងសង់ព្រះមេរុសម្រាប់ថ្វាយព្រះភ្លើងបូជាព្រះបរមសពសម្តេចឪនរោត្តមសីហនុទាំងអស់ទៅកាន់ក្រសួងព្រះបរមរាជវាំងវិញដែលលោកមានប្រសាសន៍ថា ជាអ្នកមើលការខុសត្រូវលើការសាងសង់ទាំងអស់។ លោកអៀងបញ្ញកាមន្ត្រីជាន់ខ្ពស់មួយរូបនៅក្រសួងព្រះបរមរាជវាំង បានមានប្រសាសន៍ថា លោកមិនអាចឆ្លើយសំណួរចំពោះការសាងសង់ព្រះមេរុបានទេហើយបានបដិសេធមិននិយាយទៀតឡើយ។ លោកផៃស៊ីផានអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បង្វែរសំណួរទាំងអស់ទៅសាលារាជធានីភ្នំពេញ ហើយលោក ឡុង ឌីម៉ង់អ្នកនាំពាក្យសាលារាជធានីមានប្រសាសន៍ថា ក្រសួងព្រះបរមរាជវាំងជាអ្នកទទួលខុសត្រូវលើការសាងសង់ព្រះមេរុនេះ។ កាលពីព្រឹកម្សិលមិញលោកគង់ សំអុលដែលត្រូវបានគេឃើញ កំពុងពិនិត្យមើលគម្រោងសាងសង់នេះ បានឲ្យនគរបាលរាជធានីនាំអ្នកយកព័ត៌មានចេញពីការដ្ឋានសាងសង់ព្រះមេរុនេះ។ ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោអ្នកនាំពាក្យព្រះរាជខុទ្ទកាល័យ និងជាជំនួយការផ្ទាល់របស់អតីតព្រះមហាវីរក្សត្រ សម្តេចឪនរោត្តមសីហនុ មានបន្ទូលថា ព្រះរាជខុទ្ទកាល័យដែលគ្រប់គ្រងដោយព្រះមហាក្សត្រនរោត្តមសីហមុនី មិនមានជាប់ពាក់ព័ន្ធក្នុងការរៀបចំព្រះរាជពិធីថ្វាយព្រះភ្លើងបូជាព្រះបរមសពសម្តេចឪនរោត្តមសីហនុ ទេ ប៉ុន្តែព្រះអង្គមានបន្ទូលថា ព្រះអង្គត្រូវបានគេជូនដំណឹងថាការសាងសង់ព្រះមេរុនោះមានតម្លៃប្រហែលប្រាំលានដុល្លារ។គម្រោងសាងសង់ព្រះមេរុសម្រាប់ថ្វាយព្រះភ្លើងបូជាព្រះបរមសពសម្ដេចឪ គឺមិនមែនជាគម្រោងទី១ដែលកូនស្រីរបស់លោកគង់សំអុលធ្លាប់បានសហការសាងសង់នោះទេ។ នៅក្នុងការថ្លែងសុន្ទរកថាសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៃអគារទីស្ដីការគណៈរដ្ឋមន្ត្រីកាលពីខែតុលាឆ្នាំ២០១០ លោកនាយករដ្ឋមន្ត្រី ហ៊ុនសែនបានថ្លែងអំណរគុណចំពោះលោកគង់សំអុលនិងលោកស្រី បញ្ញាក្នុងការរួមចំណែករបស់ពួកគាត់។ លោកហ៊ុនសែនបានមានប្រសាសន៍នៅពេលនោះថា “ ខ្ញុំសូមឆ្លៀតយកឱកាសនេះ ដើម្បីថ្លែងអំណរគុណ ចំពោះលោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីព្រះបរមរាជវាំង...គង់សំអុល ចំពោះការដឹកនាំគណៈកម្មាធិការសិក្សា និងមើលការខុសត្រូវលើការសាងសង់ អគារនេះ។ សំណង់អគារនេះត្រូវបានសាងសង់ដោយក្រុមហ៊ុនកម្ពុជាពីរ រួមទាំងក្រុមហ៊ុនវីស៉្បាន ដែលដឹកនាំដោយលោក អ៊ុនផេង ពុទ្ធវិសាល និងលោកស្រីគង់បញ្ញា”។ លោកគង់កុសលព្រឹទ្ធបុរសមហាវិទ្យាល័យស្ថាបត្យកម្ម និងនគរូបនីយកម្មនៅសាកលវិទ្យាល័យភូមិន្ទ និងវិចិត្រសិល្បៈបានថ្លែងថា ទោះបីលោកស្រី បញ្ញា ជាកូនស្រីរបស់លោក គង់ សំអុល និងមានទំនាក់ទំនងការងារយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលក៏ដោយ ក៏លោកស្រីជាសិស្សគំរូម្នាក់ដែរ។ លោកបានមានប្រសាសន៍បន្ដថា “ ទោះបីជាលោកស្រីមានឋានៈខ្ពង់ខ្ពស់ក៏ដោយ ក៏លោកស្រីរួសរាយរាក់ទាក់ និងជាសិស្សឧស្សាហ៍ព្យាយាម”។ កាលពីឆ្នាំ២០០២លោកស្រីបញ្ញានិងលោក ពុទ្ធវិសាលជាមិត្តរួមថ្នាក់ម្នាក់របស់លោកស្រី បញ្ញា នៅសាកលវិទ្យាល័យភូមិន្ទនិងវិចិត្រសិល្បៈ ត្រូវបានគេជ្រើសរើសជាជំនួយការផ្នែកសិក្សាស្រាវជ្រាវអំឡុងឆ្នាំចុងក្រោយនៃការសិក្សារបស់ពួកគេនៅសាកលវិទ្យាល័យ សម្រាប់កម្មវិធីសិក្សាស្រាវជ្រាវមួយដែលរៀបចំដោយមជ្ឈមណ្ឌលសិក្សាភាសាខ្មែរ និងមូលនិធិ Rockefeller នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន ដែលចេញដោយអង្គការនេះ។ គេនៅមិនទាន់ច្បាស់ថា តើពួកគាត់បានបង្កើតក្រុមហ៊ុន វីស៉្បាននៅពេលណានោះទេ៕ ប្រែសម្រួលដោយឃិនណៃ
ប្រារព្ធពិធីខួប២០ឆ្នាំនៃការចុះបញ្ជីអង្គរវត្តក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ
នៅពេលគណៈកម្មាធិការបេតិកភណ្ឌពិភពលោកបានជួបប្រជុំកាលពីក្នុងខែធ្នូ ឆ្នាំ១៩៩២ គឺនៅខែនេះ កាលពី២០ឆ្នាំមុន ដែលសមាជិករបស់គណៈកម្មាធិការនេះជួបនឹងបញ្ហាស្មុគស្មាញយ៉ាងខ្លាំង នៅក្នុងរបៀបវារៈ។ នោះគឺសំណើសុំដាក់បញ្ចូលប្រាសាទអង្គរវត្តនៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ នាពេលនោះ ឧបសគ្គស្ទើរតែមិនអាចដោះស្រាយបាន ព្រោះនៅប្រទេសកម្ពុជា គ្មានច្បាប់ការពារតំបន់បេតិកភណ្ឌ គ្មានទីភ្នាក់ងាររដ្ឋ សម្រាប់ត្រួតពិនិត្យ ហើយក៏គ្មានរដ្ឋាភិបាលទទួលស្គាល់ជាអន្តរជាតិ ដើម្បីអនុម័តច្បាប់នេះដែរ។ក្នុងឆ្នាំ១៩៩២ ស្ថានភាពនយោបាយក្នុងប្រទេសនេះក៏មិនសូវប្រាកដប្រជាដែរ ហើយកម្ពុជាក៏មិនបានបង្ហាញពីការប្ដេជ្ញាចិត្តណាមួយដែលអាចធានាថា ខ្លួននឹងអាចមានកិត្តិយសនាពេលអនាគតដែរ។ ក្រៅពីគ្មានព្រំប្រទល់ច្បាស់លាស់ តំបន់ខ្លះនៅក្នុងតំបន់អង្គរគឺពោរពេញទៅដោយគ្រាប់មីនហើយកន្លែងខ្លះទៀតបានក្លាយជាទីជម្រករបស់ពួកទាហានខ្មែរក្រហម និងក្រុមចោរព្រៃប្រដាប់អាវុធ។ ការព្យាយាមធ្វើឲ្យមានសន្តិភាពឡើងវិញត្រូវចំណាយពេលយូរ។គ្រាប់មីនជិត៣.០០០គ្រាប់ និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន៩.០០០គ្រាប់ទៀត ត្រូវបានគេដោះចេញ មុនពេលអនុញ្ញាតឲ្យសារធារណជនទូទៅចូលទៅទស្សនាប្រាសាទអង្គរវត្ត។ បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីសក្នុងខែតុលា ឆ្នាំ១៩៩១ ប្រទេសកម្ពុជាស្ថិតនៅក្រោមការគ្រប់គ្រងរបស់អង្គការសហប្រជាជាតិមុនពេលបោះឆ្នោតក្នុងឆ្នាំ១៩៩៣។ ស្របពេលដែលសំណើសុំដាក់បញ្ចូលប្រាសាទអង្គរវត្តក្នុងបញ្ជីបេតិកភណ្ឌពិភពលោកកាលពីខែធ្នូ ឆ្នាំ១៩៩២ត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោក យកមកពិនិត្យ ឡើងវិញនោះ ពួកខ្មែរក្រហមបានរំលោភកិច្ចព្រមព្រៀងសន្ដិភាព និងបានចាប់ផ្ដើមបង្កសង្គ្រាមទ័ពព្រៃជាថ្មី។ខេត្តសៀមរាប ពេលនោះបានក្លាយជាសមរភូមិជួរមុខ។ក្នុងកាលៈទេសៈបែបនោះ ការបញ្ចូលប្រាសាទអង្គរក្នុងបញ្ជីបេតិកភណ្ឌពិភពលោកក៏ត្រូវបានទាត់ចោល។ លោកស្រី អេន ឡេម៉េស(Anne Lemaistre) តំណាងអង្គការយូណេស្កូប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថាប៉ុន្ដែ ក្នុងពេលនោះ “ ក្រុម ការងាររបស់លោក បេស៊ូច (Beschaouch)” ក៏បានចាប់ផ្ដើមការងាររបស់ខ្លួន។ លោក អេហ្សេឌីន បេស៊ូច (Azedine Beschauoch) បុរាណវិទូជនជាតិទុយនីស៊ី ដែលជាប្រធានគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនាពេលនោះ បានដាក់សំណើបញ្ចូលប្រាសាទអង្គរវត្តក្នុងបញ្ជីបេតិកភណ្ឌពិភពលោកដោយផ្ទាល់ដៃ។ការពិភាក្សាស្ដីអំពីប្រាសាទអង្គរវត្តបានលើកឡើងពីបញ្ហាក្រមសីលធម៌ថា តើការដាក់បញ្ចូលតំបន់ប្រាសាទអង្គរវត្តក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនាពេលនោះ នឹងអាចត្រូវបានប្រើប្រាស់ជាឧបករណ៍នយោបាយ ដើម្បីការពារតំបន់នេះ ឬយ៉ាងណា។ ទោះបីជាស្ថានភាពក្នុងប្រទេសកម្ពុជាក្រោយពេលសង្គ្រាម ស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់ក៏ដោយ ក៏លោក បេស៊ូច ហ៊ានភ្នាល់ពីអនាគតរបស់ប្រទេសនេះដែរ។ លោក បេស៊ូច បានមានប្រសាសន៍ថា “ ការបញ្ចូលប្រាសាទអង្គរវត្តក្នុងបញ្ជីបេតិកភណ្ឌពិភពលោក គឺជាការផ្សងព្រេង និងអាចថាជាល្បែងទៀតផង”។ លោកបានបន្ដថា “ វាជាល្បែង ពីព្រោះ...
លោក ម៉ម សូណង់ដូ ត្រូវបានបដិសេធមិនឲ្យនៅក្រៅឃុំបណ្តោះអាសន្ន
សាលាឧទ្ធរណ៍កាលពីថ្ងៃសុក្រ បានបដិសេធសំណើសុំនៅក្រៅឃុំបណ្តោះអាសន្នរបស់លោក ម៉មសូណង់ដូម្ចាស់ស្ថានីយវិទ្យុសម្បុកឃ្មុំ និងជាអ្នករិះគន់រដ្ឋាភិបាល ដែលកំពុងជាប់ពន្ធនាគារ អំឡុងការបើកសវនាការដ៏បន្ទាន់មួយ ដោយមានអ្នកគាំទ្ររបស់លោកម៉មសូណង់ដូរាប់រយនាក់ បាននាំគ្នាដើរក្បួនទៅកាន់ការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សក្នុងរាជធានីភ្នំពេញ ដើម្បីអំពាវនាវសុំជំនួយពីលោក សុរិយា ស៊ូបេឌី (Surya Subedi) ប្រេសិតពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំប្រទេសកម្ពុជា។ ម្ចាស់ស្ថានីយវិទ្យុសម្បុកឃ្មុំអាយុ៧២ឆ្នាំរូបនេះ សព្វថ្ងៃកំពុងជាប់ពន្ធនាគាររយៈពេល២០ឆ្នាំពីបទពាក់ព័ន្ធនឹងការញុះញង់ឲ្យបង្កើតចលនាអបគមន៍នៅក្នុងខេត្តក្រចេះ កាលពីខែឧសភា ដែលគេចាត់ទុកថាជាការចោទប្រកាន់មួយពាក់ព័ន្ធនឹងបញ្ហានយោបាយ។ លោក ឃុន លាងម៉េង ប្រធានក្រុមប្រឹក្សាជំនុំជម្រះបានមានប្រសាសន៍ នៅពេលបញ្ចប់សវនាការរយៈពេល៤០នាទីថា “ តុលាការមិនអាចដោះលែងលោក ម៉មសូណង់ដូឲ្យនៅក្រៅឃុំបណ្តោះអាសន្នបានឡើយ”។ លោកចៅក្រម លាងម៉េង បានមានប្រសាសន៍ដោយពន្យល់ពីការសម្រេចបដិសេធមិនផ្ដល់ការដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្នរបស់លោកថា “ តុលាការខ្លាចក្រែងលោកនឹងអាចដាក់សម្ពាធលើសាក្សី ហើយអាចបង្កឲ្យខូចសណ្ឋាប់ធ្នាប់សាធារណៈ”។ លោក ហ៊ាន រិទ្ធិ ព្រះរាជអាជ្ញាសាលាឧទ្ធរណ៍បានមានប្រសាសន៍ថា ដោយសារតែលោក ម៉ម សូណង់ដូ មានសញ្ជាតិពីរ គឺសញ្ជាតិខ្មែរ និងសញ្ជាតិបារាំង ហេតុដូច្នេះគេមិនអាចដោះលែងលោកឲ្យនៅក្រៅឃុំបណ្តោះអាសន្នបានឡើយ ពីព្រោះលោកអាចភៀសខ្លួនទៅកាន់ប្រទេសបារាំង។ លោក ម៉ម សូណង់ដូ ដែលកំពុងមានបញ្ហាសុខភាពចាប់តាំងពីលោកជាប់ពន្ធនាគារ កាលពីខែកក្កដាមក បានលើកឡើងម្ដងទៀតពីភាពគ្មានទោសរបស់លោក ចំពោះមុខចៅក្រម អំឡុងពេលបើកសវនាការដ៏ខ្លី ហើយបានអះអាងម្ដងទៀតថា លោកមិនបាននៅក្នុងប្រទេសកម្ពុជាឡើយ ពេលចលនាអបគមន៍បានកើតនោះ។ លោកម៉មសូណង់ដូបានប្រាប់តុលាការថា “ករណីនេះកើតឡើងនៅពេលខ្ញុំកំពុងនៅក្នុងប្រទេសបារាំង ហើយខ្ញុំមិនបានដឹងអ្វី ដែលបានកើតឡើងនៅក្នុងប្រទេសកម្ពុជាឡើយ។ ប្រសិនបើខ្ញុំបានធ្វើខុសមែននោះ អ៊ីចឹងខ្ញុំនឹងមិនវិលត្រឡប់មកកាន់ប្រទេសកម្ពុជាឡើយ”។ លោកបានបន្ដថា “ ខ្ញុំបានជាប់ពន្ធនាគាររយៈពេលប្រាំខែ ហើយក្នុងមួយខែៗខ្ញុំបានស្រកទម្ងន់អស់មួយគីឡូក្រាម”។ លោកសសុវណ្ណមេធាវីរបស់លោកម៉មសូណង់ដូ បានអំពាវនាវឲ្យតុលាការពិចារណាអំពីការឃំុឃាំងកូនក្តីរបស់ខ្លួននៅក្នុងផ្ទះវិញ ឬក៏តុលាការអាចចេញសេចក្ដីបង្គាប់មិនឲ្យលោកទាក់ទងជាមួយសាធារណជនក៏បាន។ លោក សុវណ្ណ ថ្លែងថា “ សូមដោះលែងលោកឲ្យនៅក្រៅឃុំ ឬក៏ហាមលោកកុំឲ្យចាកចេញក្រៅផ្ទះរបស់លោក ឬក៏ហាមលោកមិនឲ្យជួបជាមួយនឹងអ្នកយកព័ត៌មានក៏បាន”។ ទាំងលោកម៉មសូណង់ដូនិងភរិយារបស់លោក សុទ្ធតែបានលើកឡើងថា ពួកគេនឹងប្ដឹងសាទុក្ខទៅតុលាការកំពូល។ នៅខាងក្រៅសាលាឧទ្ធរណ៍អ្នកគាំទ្រជាង៣០០នាក់ ដែលពាក់អាវយឺត និងពាក់មួក ដែលមានរូបលោក ម៉ម សូណង់ដូ បានតវ៉ាសុំឲ្យដោះលែងរូបលោក។ នៅពេលបានឮថាលោកមិនត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ននោះ អ្នកតវ៉ាជាច្រើនបាននាំគ្នាស្រក់ទឹកភ្នែក។ អ្នកស្រី ស៊ឹម ឡាយ អាយុ៥៣ឆ្នាំ បាននិយាយថា អ្នកស្រីលែងជឿលើប្រព័ន្ធតុលាការក្នុងប្រទេសកម្ពុជាហើយ។ អ្នកស្រី ស៊ឹម ឡាយ បាននិយាយទាំងខ្សឹកខ្សួលថា “ ខ្ញុំខឹងយ៉ាងខ្លាំងចំពោះការបដិសេធ មិនព្រមដោះលែងលោក ម៉មសូណង់ដូឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ប៉ុន្ដែ លទ្ធផលនេះនឹងធ្វើឲ្យខ្ញុំតវ៉ាកាន់តែខ្លាំង”។ បន្ទាប់ពីលោក ម៉មសូណង់ដូត្រូវបាននាំទៅកាន់ពន្ធនាគារព្រៃសវិញអ្នកគាំទ្រជាច្រើន របស់លោកបានដើរក្បួនទៅកាន់ការិយាល័យរបស់ឧត្ដមស្នងការអង្គការសហប្រជាជាតិតាមបណ្ដោយផ្លូវលេខ៣០២ ដើម្បីអំពាវនាវសុំជំនួយពីលោក សុរិយា ស៊ូបេឌី ដោយមាននគរបាល និងមន្ត្រីកងរាជអាវុធហត្ថរាប់រយនាក់តាមរារាំងពីក្រោយពួកគេ។ មួយរំពេចក្រោយមកលោក សុរិយាស៊ូបេឌី បានមកដល់ការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ ហើយបានសុំអភ័យទោសដល់អ្នកតវ៉ារាប់រយនាក់ដែលមានកំហឹងនៅតាមផ្លូវ ដោយសារតែលោកមិនបានចូលរួមក្នុងសវនាការរបស់លោក ម៉ម សូណង់ដូដោយផ្ទាល់នោះ។ លោក សុរិយា ស៊ូបេឌី...
លោក ស៊ូបេឌី ជួបជាមួយអ្នកគាំទ្រលោក ម៉ម សូណង់ដូ តាម ផ្លូវ និយាយពីបញ្ហាសិទ្ធិមនុស្ស
មុនពេលធ្វើសន្និសីទសារព័ត៌មានលើកចុងក្រោយនៃដំណើរទស្សនកិច្ចរបស់ខ្លួនកាលពីថ្ងៃសុក្រ លោក សុរិយា ស៊ូបេឌី (Surya Subedi) ប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា បានជួបជាមួយប្រជាពលរដ្ឋជាង៣០០នាក់ ដែលជាអ្នកគាំទ្រលោក ម៉ម សូណង់ដូ ម្ចាស់ស្ថានីយវិទ្យុសម្បុកឃ្មុំ ដោយឥតគ្រោងទុកនៅលើកំណាត់ផ្លូវលេខ៣០២ក្នុងរាជធានីភ្នំពេញ ហើយសន្យាថា នឹងតាមឃ្លាំមើលរឿងក្តីនេះដោយយកចិត្តទុកដាក់បំផុត។ បណ្តាអ្នកគាំទ្រលោក ម៉ម សូណង់ដូ បានដើរក្បួនពីសាលាឧទ្ធរណ៍ភ្លាមៗ ទៅកាន់ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ដើម្បីស្វែងរកជំនួយពីលោក ស៊ូបេឌី បន្ទាប់ពីលោក ម៉ម សូណង់ដូ ត្រូវបានតុលាការសម្រេចច្រានចោលសំណើសុំនៅក្រៅឃុំបណ្តោះអាសន្នកាលពីថ្ងៃសុក្រ។ ដោយត្រូវសាលាដំបូងផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល២០ឆ្នាំកាលពីខែតុលា ពីបទចោទប្រកាន់ ដែលមជ្ឈដ្ឋានជាច្រើនជឿចាត់ទុកថា ជារឿងនយោបាយនោះលោក បារ៉ាក់ អូបាម៉ា (Barack Obama) ប្រធានាធិបតីសហរដ្ឋអាមេរិក ធ្លាប់មានប្រសាសន៍សំដៅដល់លោក ម៉ម សូណង់ដូ អាយុ៧២ឆ្នាំថាជាអ្នកទោសនយោបាយ។ ថ្លែងទៅកាន់អ្នកគាំទ្រលោក ម៉ម សូណង់ដូ លោក ស៊ូបេឌី បានមានប្រសាសន៍ថា លោកមានការសោកស្តាយណាស់ដែលលោកមិនអាចចូលរួមក្នុងសវនាការដោយផ្ទាល់បានហើយបានចាត់ទុកសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ថា “ពិបាកនឹងយល់”។ លោក ស៊ូបេឌី បានមានប្រសាសន៍ទៅកាន់អ្នកទាំងនេះ ដែលបានស្វាគមន៍ការលើកឡើងរបស់លោកដោយការទះដៃនិងស្រែកហ៊ោកញ្ជ្រៀវថា “ ខ្ញុំព្រួយបារម្ភជាខ្លាំងណាស់ ចំពោះស្ថានការណ៍នេះ ហើយខ្ញុំបានផ្តល់អនុសាសន៍ដល់រដ្ឋាភិបាលរួចហើយ”។ លោកបានសន្យាថា លោកនឹងបន្តតាមឃ្លាំមើលរឿងក្តីរបស់លោក ម៉ម សូណង់ដូ។ លោក ស៊ូបេឌី បានប្រាប់អ្នកគាំទ្រទាំងនេះថា “ សូមអរគុណបងប្អូនខ្លាំងណាស់ ដែលមកជួបខ្ញុំ ហើយខ្ញុំសូមកោតសរសើរចំពោះការបង្ហាញទឹកចិត្តរបស់បងប្អូន”។ ក្រោយមក នៅឯសន្និសីទសារព័ត៌មានមួយមុនពេលលោកចាកចេញពីប្រទេសកម្ពុជា លោក ស៊ូបេឌី បានមានប្រសាសន៍ថា បញ្ហាសិទ្ធិមនុស្ស វប្បធម៌និទណ្ឌភាព និងការធ្លាក់ចុះខាងសេរីភាពបញ្ចេញមតិ គឺបញ្ហាធំៗ ដែលប្រទេសកម្ពុជា កំពុងតែជួបប្រទះ។ ដោយចាត់ទុកកម្មវិធីផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលទើបតែបានចាប់ផ្តើមក្នុងពេលថ្មីៗនេះ ថា ជា “ ការវិវឌ្ឍគួរឲ្យស្វាគមន៍” ដែលត្រូវបានអនុវត្តចាប់តាំងពីដំណើរទស្សនកិច្ចលើកចុងក្រោយរបស់ប្រេសិតពិសេសនៃអង្គការសហប្រជាជាតិរូបនេះ លោក ស៊ូបេឌី លើកឡើងទៀតថា នៅមានបញ្ហាគួរឲ្យព្រួយបារម្ភខ្លះ នៅក្នុងកម្មវិធីនេះ។ លោកបានមានប្រសាសន៍ថា “ នៅមានចំណុចគួរឲ្យព្រួយបារម្ភជាច្រើន ចំពោះការអនុវត្តកម្មវិធីផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីនេះ ដូចជាកង្វះតម្លាភាព ផលប៉ះពាល់ដល់ជនជាតិដើមភាគតិច និងអំពីដំណើរការជ្រើសរើសសហគមន៍ឲ្យទទួលប័ណ្ណបានកម្មសិទ្ធិជាដើម”។ លោកបន្តថា “ ខ្ញុំនៅតែមានការព្រួយបារម្ភជាខ្លាំង អំពីវប្បធម៌និទណ្ឌភាពក្នុងប្រទេសកម្ពុជា និងបទឧក្រិដ្ឋជាច្រើនដែលរហូតមកទល់ពេលនេះ គ្មានជនល្មើសណាម្នាក់ត្រូវបាននាំខ្លួនមកផ្តន្ទាទោសឡើយ។និទណ្ឌភាពធ្វើឲ្យសាធារណជនបាត់បង់ជំជឿចិត្តលើ ប្រព័ន្ធយុត្តិធម៌នៅក្នុងប្រទេសនេះ ពោលគឺមិនត្រឹមតែបាត់បង់ទំនុកចិត្តលើតុលាការប៉ុណ្ណោះទេ តែថែមទាំងនគរបាល និងបណ្តាស្ថាប័នអនុវត្តច្បាប់ផ្សេងៗទៀតផងដែរ”។ លោកក៏បានគូសបញ្ជាក់ដែរថា ការប្រើប្រាស់ច្បាប់ហួសហេតុលើការបណ្តេញចេញ កំពុងបង្ខំឲ្យប្រជាពលរដ្ឋធ្លាក់ចូលក្នុងស្ថានភាពខ្លាចខ្លួនឯង។ នៅទីបំផុត លោក ស៊ូបេឌី បានមានប្រសាសន៍ថា លោកភ្ញាក់ផ្អើលចំពោះប្រតិកម្មរបស់រដ្ឋាភិបាលចំពោះអនុសាសន៍របស់លោក។សេចក្តីរាយការណ៍របស់លោកក្នុងឆ្នាំនេះស្តីពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា បានបណ្តាលឲ្យមានការឆ្លើយតបទាំងកំហឹងពីសំណាក់លោក ឱម យ៉ិនទៀង ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលដោយបានចោទប្រកាន់លោក ស៊ូបេឌី ថាកំពុងតែធ្វើយុទ្ធនាការឲ្យគណបក្សប្រឆាំងចំណែកលោក ហ៊ុន សែន បានហៅរបាយការណ៍របស់លោកថា “ មិនគួរឲ្យជឿ”។ កាលពីថ្ងៃព្រហស្បតិ៍ លោក ហ៊ុន សែន ក៏បានប្រកាសដែរថា លោកមិនជួបជាមួយប្រេសិតសិទ្ធិមនុស្សរូបនេះឡើយ ដោយលោកលើកឡើងថា មិនចាប់អារម្មណ៍នឹងស្តាប់អនុសាសន៍របស់លោកទេ។ លោក ស៊ូបេឌី បានមានប្រសាសន៍កាលពីម្សិលមិញដោយមិនលើកឡើងចំៗអំពីការច្រានចោលរបស់លោក ហ៊ុន សែន នូវសំណើរបស់ខ្លួនសុំជួបលោកនោះថា “ នៅក្នុងបណ្តាប្រទេសផ្សេងៗ ការផ្តល់អនុសាសន៍បែបនេះគេចាត់ទុកថា ជាកិច្ចពិភាក្សាថ្នាក់ជាតិតាមធម្មតា និងជាកិច្ចពិភាក្សាដ៏ស្មោះត្រង់ ប៉ុន្តែការពិភាក្សាប្រកបដោយវិជា្ជជីវៈ នឹងធ្វើឡើងតាមក្រោយ”។ លោកបានមានប្រសាសន៍ថា “ គួរតែផ្តោតជាសំខាន់លើខ្លឹមសារ ដែលខ្ញុំផ្តល់អនុសាសន៍ មិនមែនផ្តោតលើខ្លួនខ្ញុំ ក្នុងនាមជាបុគ្គលម្នាក់នោះទេ”។ លោកបានមានប្រសាសន៍ក្រោយមកទៀតថា “ ជាការពិត ខ្ញុំគោរពរដ្ឋាភិបាលនិងអធិបតេយ្យភាពរបស់ប្រទេសនេះ។ អ្វីដែលខ្ញុំកំពុងតែធ្វើក្នុងឋានៈខ្ញុំជាអ្នកជំនាញមួយរូប ដោយជួសមុខឲ្យអង្គការសហប្រជាជាតិ ដើម្បីឆ្លុះបញ្ចាំងពីកាតព្វកិច្ចរបស់កម្ពុជា ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញរបស់ប្រទេសនេះ ដែលធានាការពារសិទ្ធិជាមូលដ្ឋាន រួមមានទាំងសេរីភាពជនស៊ីវិល សិទ្ធិនយោបាយ សិទ្ធិសេដ្ឋកិច្ច និងសង្គមកិច្ចផងដែរ”។ ទាក់ទិននឹងរឿងក្តីលោក ម៉ម សូណង់ដូ លោក ស៊ូបេឌី បានគូសបញ្ជាក់ជាថ្មីថា លោក “ បានយកចិត្តទុកដាក់ខ្លាំងណាស់” ដោយសារការព្រួយបារម្ភរបស់លោក ប៉ុន្តែ លោកមិនបានបញ្ជាក់លម្អិតបន្ថែមទៀតទេ។ ដោយស្ទើរតែហៅលោក ម៉ម សូណង់ដូ និងលោក សម រង្ស៊ី មេដឹកនាំគណបក្ស សម រង្ស៊ី ដែលនិរទេសខ្លួននៅក្រៅប្រទេសថាជាអ្នកទោសនយោបាយទៅហើយនោះ លោក ស៊ូបេឌី បានមានប្រសាសន៍ថា “ លោកប្រយ័ត្នប្រយែងណាស់” ជាមួយនឹងការប្រើពាក្យនេះ គ្មាននិយមន័យអន្តរជាតិពិតប្រាកដ សម្រាប់ពាក្យថា អ្នកទោសនយោបាយ នេះទេ។សម រង្ស៊ី ដែលនិរទេសខ្លួននៅក្រៅប្រទេស ថា ជាអ្នកទោសនយោបាយទៅហើយនោះ លោក ស៊ូបេឌី បានថ្លែងថា “ លោកប្រយ័ត្នប្រយែងណាស់” ជាមួយនឹងការប្រើពាក្យនេះ គ្មាននិយមន័យអន្តរជាតិពិតប្រាកដ សម្រាប់ពាក្យថា អ្នកទោសនយោបាយ នេះទេ។ លោក ស៊ូបេឌី មានប្រសាសន៍ថា “ ទាក់ទិននឹងការស្វែងរកមធ្យោបាយដោះស្រាយតាមផ្លូវច្បាប់ ដើម្បីឲ្យមេដឹកនាំគណបក្សប្រឆាំងរូបនេះបានវិលត្រឡប់មកកាន់ប្រទេសវិញ ការផ្តោតជាសំខាន់របស់ខ្ញុំមិនមែនទៅលើបុគ្គលម្នាក់ទេ គឺជាប្រព័ន្ធការងារតែម្តង។អនុសាសន៍របស់ខ្ញុំមាននៅទីនេះស្រាប់ ដើម្បីជួយប្រទេសនេះ ឲ្យបានរៀបចំការបោះឆ្នោតដោយសេរី យុត្តិធម៌ និងគ្មានអំពើហិង្សា”។ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីមានប្រសាសន៍ថា ប្រទេសកម្ពុជា ពិតជាបើកចំហ និងស្វាគមន៍ចំពោះកិច្ចការរបស់លោក ស៊ូបេឌី នៅក្នុងប្រទេសកម្ពុជា។តែទោះជាយ៉ាងណា របាយការណ៍របស់លោក គ្រាន់តែឆ្លុះបញ្ចាំងពីអ្វី ដែលលោកបានមើលឃើញអំឡុងដំណើរទស្សនកិច្ចរយៈពេលខ្លីមកកាន់កម្ពុជា ប៉ុណ្ណោះ មិនមែនមើលឃើញពី “ អ្វីដែលកំពុងកើតមាន” នៅក្នុងប្រទេសកម្ពុជាឡើយ។ លោកបានបន្តថា “ លោក ស៊ូបេឌី ចាត់ទុកកម្ពុជា ជាថ្នាក់រៀន ប៉ុន្តែវាមិនមែនឡើយ។វាជាប្រទេសមួយ ដែលបានឆ្លងកាត់ឧបសគ្គជាច្រើន ហើយដែលកំពុងតែសិក្សាអំពីអតីតកាលរបស់ខ្លួន។ យើងមិនត្រូវការនគរបាលយកដៃចង្អុលប្រាប់យើង និងផ្តល់មេរៀនដល់យើងនោះទេ”។ លោកបានលើកឡើងទៀតថា “ យើងចាត់ទុកគាត់ជាដៃគូ ហើយយើងចង់ធ្វើឲ្យបានកាន់តែល្អ។ប៉ុន្តែដើម្បីធ្វើឲ្យបានកាន់តែល្អ និងដើម្បីធ្វើឲ្យមានការផ្លាស់ប្តូរ គឺជាវិធីដោះស្រាយផ្សេងគ្នា”៕ (រាយការណ៍បន្ថែមដោយ ឃី សុវុឌ្ឍី) ប្រែសម្រួលដោយ តែម សុខុម