ជនរងគ្រោះដោយសារការបាញ់ប្រហារនៅតំបន់សេដ្ឋកិច្ចពិសេស នឹងប្តឹងអតីតអភិបាលក្រុងបាវិត
ស្ត្រីពីរនាក់ ដែលត្រូវបានបាញ់ឲ្យរងរបួសអំឡុងការតវ៉ាកាលពីថ្ងៃទី២០ ខែកុម្ភៈ នៅឯតំបន់សេដ្ឋកិច្ចពិសេសមួយ(SEZ) បាននិយាយកាលពីម្សិលមិញថាពួកគេមានផែនការប្ដឹងលោកឈូកបណ្ឌិតអតីតអភិបាលក្រុងបាវិត។ ឈ្មោះ នុតសុខនអាយុ២៣ឆ្នាំនិង ប៊ុនចិន្តាអាយុ២១ឆ្នាំបាននិយាយថាពួកគេនឹងទៅសាលាដំបូងខេត្តស្វាយរៀង ថ្ងៃនេះ ដើម្បីធ្វើពាក្យបណ្ដឹងប្ដឹងលោក បណ្ឌិត ដែលក្រសួងមហាផ្ទៃបានកំណត់អត្តសញ្ញាណថាជាជនសង្ស័យតែម្នាក់គត់នៅក្នុងការបាញ់ប្រហារ កាលពីថ្ងៃទី២០ខែកុម្ភៈនៅឯតំបន់សេដ្ឋកិច្ចពិសេស ម៉ាន់ហាតតាន់។លោក បណ្ឌិតត្រូវបានដកចេញពីតួនាទីកាលពីសប្តាហ៍មុន នៅក្នុងអ្វីដែលមន្ត្រីរដ្ឋាភិបាលបានលើកឡើងថា ជាទង្វើមួយមានបំណងបើកផ្លូវឲ្យតុលាការធ្វើការស៊ើបអង្កេត។ នាងសុខនបាននិយាយថា“ខ្ញុំបានសម្រេចប្ដឹងលោក បណ្ឌិត អភិបាលក្រុងបាវិត ពីព្រោះគាត់បានបាញ់កម្មករស្លូតត្រង់ឲ្យរងរបួស ហើយខ្ញុំចង់បានយុត្តិធម៌”។នាង ចិន្តាក៏បាននិយាយដែរថា នាងនឹងប្ដឹងលោក បណ្ឌិត។ ជនរងគ្រោះទីបី ដោយសារការបាញ់ប្រហារនេះឈ្មោះ កែវ នា អាយុ១៨ឆ្នាំ បាននិយាយថា នាង និងគ្រួសាររបស់នាងបានសម្រេចមិនប្ដឹងទេ។ នាងបាននិយាយថា “គ្រួសារខ្ញុំសម្រេចចិត្តមិនប្ដឹងជនសង្ស័យរូបនេះ ពីព្រោះខ្ញុំមានរបួសស្រាល ហើយខ្ញុំមិនចង់មានបញ្ហាទៀតទេ”។ នាងបានបន្ថែមថា នាងមិនត្រូវបានបំភិតបំភ័យ ឬបង្ខំឲ្យធ្វើការសម្រេចចិត្តបែបនេះទេ។ នាងកែវ នាកន្លងមកធ្លាប់បាននិយាយថានាងបានទទួលប្រាក់ចំនួន៥០០ដុល្លារជាថ្នូរនឹងការសន្យាមិនប្តឹងជនដែលបានបាញ់នាង។ លោក បណ្ឌិត នឹងត្រូវចូលខ្លួនមកតុលាការសម្រាប់ការសាកសួរនៅថ្ងៃសុក្រនេះ។...
ទោសជាប់ពន្ធនាគារពីបទលួចបន្លំប្រាក់ក្រុមហ៊ុន៦០លានដុល្លារ ត្រូវបានបន្ថយមកត្រឹមបីឆ្នាំ
កាលពីម្សិលមិញ សាលាឧទ្ធរណ៍បានបន្ថយទោសជាប់ពន្ធនាគាររបស់អតីតអគ្គនាយករងក្រុមហ៊ុនអានកូគ្រុបនិងភរិយារបស់លោកមកត្រឹមបីឆ្នាំប៉ុណ្ណោះក្នុងម្នាក់។កាលពីខែធ្នូ សាលាដំបូងរាជធានីភ្នំពេញបានកាត់ទោសប្តីប្រពន្ធពីរនាក់នេះឲ្យជាប់ពន្ធនាគារក្នុងម្នាក់បួនឆ្នាំកន្លះពីបទលួចបន្លំប្រាក់ក្រុមហ៊ុនជិត៦០លានដុល្លារពីក្រុមហ៊ុនរបស់លោកកុកអានជាពាណិជ្ជករនិងជាសមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា។ ក្នុងពេលប្រកាសសាលក្រមលោក ប្លង់ សំណាង ចៅក្រមជំនុំជម្រះ បានមានប្រសាសន៍ថាលោកបានកាត់ទោសប្តីប្រពន្ធពីរនាក់េនះពីបទរំលោភលើសេចក្តីទុកចិត្តរវាងបុគ្គលនិងបុគ្គលដែលអាចឲ្យលោកចេញសាលដីកាផ្តន្ទាទោសជាប់ពន្ធនាគារដែលមានរយៈពេលខ្លីជាងទោសដែលសម្រេចដោយសាលាដំបូងរាជធានីភ្នំពេញបាន។ សាលាដំបូងរាជធានីភ្នំពេញបានកាត់ទោសអ្នកទាំងពីរពីបទរំលោភលើសេចក្តីទុកចិត្តដោយបុគ្គលម្នាក់ដែលជាអ្នកដឹកនាំស្ថាប័នស្របច្បាប់ណាមួយ ដូចជាសាជីវកម្មជាដើម។ លោកចៅក្រម សំណាងបានមានប្រសាសន៍ថា“តុលាការសម្រេចផ្តន្ទាទោសឈ្មោះ ហេងឈាងអាយុ៤២ឆ្នាំនិងឈ្មោះ ទេពកូលាបអាយុ៣៦ឆ្នាំ ឲ្យជាប់ពន្ធនាគារក្នុងម្នាក់បីឆ្នាំពីបទរំលោភលើសេចក្តីទុកចិត្ត...តុលាការបង្គាប់ឲ្យអ្នកទាំងពីរបង់ប្រាក់៥៨,៣៤លានដុល្លារ ហើយក៏បង្គាប់ឲ្យពួកគេសងជំងឺចិត្តចំនួន៥០.០០០ដុល្លារដល់លោក កុកអានដែលជាដើមចោទផងដែរ”។ លោកឈាងបានបដិសេធថាខ្លួនមិនបានលួចបន្លំប្រាក់នោះទេ ប៉ុន្តែបានសារភាពថា គណនេយ្យរបស់ក្រុមហ៊ុនពិតជាបាត់ប្រាក់ចំនួន៦៣០.០០០ដុល្លារមែន ពីព្រោះប្រពន្ធរបស់លោកកុកអានឈ្មោះសុខអុីមបានប្រាប់លោកឲ្យដកប្រាក់ទាំងនោះយកទៅសាងសង់ផ្ទះមួយខ្នងនៅក្នុងខណ្ឌទួលគោក។ លោកបានថ្លែងថា ការចោទប្រកាន់ពីការលួចបន្លំប្រាក់នេះគឺផ្អែកលើរបាយការណ៍សវនកម្មមិនសុក្រិដ្ធអំពីរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន អានកូគ្រុប។ លោកចៅក្រមសំណាង បានច្រានចោលការឆ្លើយការពារខ្លួនរបស់លោកឈាងថា “គ្រាន់តែជាការដោះសារ”ដោយបានមានប្រសាសន៍បន្ថែមថាអ្នកទាំងពីរ“មានកំហុសល្មមនឹង ពីបទរំលោភលើសេចក្តីទុកចិត្ត”។ ខណៈដែលតុលារការប្រកាសសាលក្រមសមាជិកគ្រួសារព្រមទាំងសិស្សានុសិស្ស និងសហសេវិកដែលមានចំនួនប្រមាណ២០០នាក់មកពីសាកលវិទ្យាល័យភ្នំពេញអន្តរជាតិដែលមានលោក ឈាងជាប្រធាននិងលោកស្រី កូលាប ជានាយិកាសាកលវិទ្យាល័យបាននាំគ្នាស្រែកសម្តែងការមិនពេញចិត្ត...
រដ្ឋសភារំឭកប្រាប់សាធារណជនថា លោក សម រង្ស៊ី លែងជាសមាជិកសភាទៀតហើយ
មួយសប្តាហ៍បន្ទាប់ពីលោកសមរង្ស៊ីមេដឹកនាំគណបក្សសម រង្ស៊ីបានប្តេជ្ញាថានឹងត្រឡប់មកកម្ពុជាវិញពីការនិរទេសខ្លួនឯងនោះកាលពីម្សិលមិញរដ្ឋសភាបានចេញសេចក្តីថ្លែងការណ៍មួយរំឭកប្រាប់បណ្តាញផ្សព្វផ្សាយព័ត៌មាននិងសាធារណជនថាប្រធានគណបក្សសមរង្ស៊ី រូបនេះត្រូវបានលុបឈ្មោះចេញពីបញ្ជីរបស់រដ្ឋសភាកាលពីឆ្នាំមុននិងត្រូវបានដកអភ័យឯកសិទ្ធិជាសមាជិកសភាទៀតផង។ សេចក្តីថ្លែងការណ៍ចេញដោយការិយាល័យរបស់លោកឡេងប៉េងឡុងអគ្គលេខាធិការរដ្ឋសភាមានខ្លឹមសារថា“លោកសមរង្ស៊ីត្រូវបានលុបឈ្មោះចេញពីបញ្ជីឈ្មោះសមាជិកសភានីតិកាលទីបួននេះហើយ។ហេតុដូច្នេះហើយ មតិជាតិនិងអន្តរជាតិគួរតែជ្រាបពីព័ត៌មាននេះ”។ សេចក្តីថ្លែងការណ៍នេះយោងទៅលើសេចក្តីសម្រេចរបស់តុលាការកំពូលកាលពីថ្ងៃទី១ខែមីនាឆ្នាំ២០១១ ក្នុងការតម្កល់សាលក្រមរបស់សាលាដំបូងខេត្តស្វាយរៀងកាលពីឆ្នាំ២០១០ដែលផ្តន្ទាទោសលោក សម រង្សុីឲ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំនិងពិន័យជាប្រាក់ចំនួន៨លានរៀល (ប្រហែល ២.០០០ដុល្លារ)ពីបទដកបង្គោលតម្រុយព្រំដែន។ ពីរសប្តាហ៍បន្ទាប់ពីតុលាការចេញសាលក្រមនេះកាលពីឆ្នាំមុននោះលោកសមរង្ស៊ីត្រូវបានដកអភ័យឯកសិទ្ធិសភាជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម។ តាមច្បាប់ទណ្ឌិតមានទោសព្រហ្មទណ្ឌដែលមិនទាន់បានអនុវត្តទោសរបស់ខ្លួននោះមិនអាចបម្រើការនៅក្នុងអង្គនីតិបញ្ញត្តិបានឡើយ អំឡុងពេលនិយាយតាមរយៈវីដេអូខនហ្វឺរិន កាលពីថ្ងៃទី៥ខែមីនាជាមួយសមាជិកគណបក្សលោកសមរង្ស៊ីបានបញ្ជាក់សាជាថ្មីពីការប្តេជ្ញាវិលត្រឡប់មកប្រទេសកម្ពុជាវិញជាមួយការជួយគាំទ្រពីអន្តរជាតិប្រសិនបើលោកអាចទទួលបានការគាំទ្រមែននោះ។ លោកបាននិរទេសខ្លួនឯងទៅរស់នៅក្នុងទីក្រុងប៉ារីសចាប់តាំងពីចុងឆ្នាំ២០០៩មកហើយក្រោយមក តុលាការចំនួនពីរបានផ្តន្ទាទោសរូបលោកឲ្យជាប់ពន្ធនាគារសរុប១២ឆ្នាំតាមការចោទប្រកាន់ពីបទញុះញង់ ផ្សព្វផ្សាយព័ត៌មានមិនពិតនិងបំផ្លាញទ្រព្យសម្បត្តិសាធារណៈចំពោះការដកបង្គោលតម្រុយព្រំដែនជាប់ប្រទេសវៀតណាម។ លោកជាមយៀបអ្នកនាំពាក្យក្រៅផ្លូវការនិងជាសមាជិកសភាគណបក្សប្រជាជនកម្ពុជាបានថ្លែងថាសេចក្តីប្រកាសនេះគឺជាវិធីមួយក្នុងការប្រាប់សហគមន៍អន្តរជាតិថាលោកសមរង្ស៊ីនឹងមិនអាច“ប្រើប្រាស់តួនាទីរបស់ខ្លួន”ដើម្បីបញ្ចុះបញ្ចូលឲ្យអន្តរជាតិគាំទ្រខ្លួនបានឡើយ។លោកបានថ្លែងថា “យើងត្រូវតែប្រកាសថាលោកសមរង្ស៊ីលែងជាសមាជិកសភាទៀតហើយចាប់តាំងពីសាលក្រមបានចូលជាធរមានមក”។ លោកយឹមសុវណ្ណអ្នកនាំពាក្យគណបក្សសមរង្ស៊ីបានថ្លែងថានៅតែមានផែនការឲ្យលោក សមរង្ស៊ី បានត្រឡប់មកប្រទេសកម្ពុជា វិញដដែលគឺឲ្យបានមុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅថ្ងៃទី៣ខែមិថុនា។លោកបានថ្លែងថា“ បារម្ភពីប្រជាប្រិយភាពរបស់លោកសមរង្សុី ...ហើយសូម្បីតែនៅពេលសមាជិកគណបក្សបាត់បង់អភ័យឯកសិទ្ធិរបស់ខ្លួនហើយក៏ដោយក៏យើងនៅតែធ្វើការងាររបស់យើងដើម្បីបម្រើប្រជាពលរដ្ឋដដែល"៕ ប្រែសម្រួលដោយសោមសារុន
អ្នកភូមិបុរីកីឡា ទាមទារឲ្យតុលាការដោះស្រាយពាក្យបណ្តឹង
អតីតប្រជាពលរដ្ឋរស់នៅតំបន់បុរីកីឡាប្រហែល៦០នាក់ បានធ្វើការតវ៉ានៅសាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញ ដើម្បីទាមទារឲ្យសាលាដំបូងនេះឆ្លើយតបជាផ្លូវការចំពោះពាក្យបណ្តឹងចំនួនពីរ ដែលប្រជាពលរដ្ឋបានដាក់ប្តឹងក្រុមហ៊ុនផានអីុមិុចពីបទបណ្តេញពួកគាត់ចេញកាលពីដើមឆ្នាំនេះ។ អ្នកស្រី ការ៉ូហូនី តំណាងសហគមន៍បុរីកីឡា បាននិយាយថា ប្រជាពលរដ្ឋមានការខកចិត្តណាស់ ដែលសាលាដំបូងនៅតែមិនទាន់បានឆ្លើយតបចំពោះពាក្យបណ្តឹងរដ្ឋប្បវេណីចុះថ្ងៃទី១៣ខែកុម្ភ: ប្តឹងក្រុមហ៊ុនផានអីុមិុចពីបទរំលោភកិច្ចព្រមព្រៀងផ្តល់លំនៅដ្ឋាននៅនឹងកន្លែង ដល់ប្រជាពលរដ្ឋ និងពាក្យបណ្តឹងព្រហ្មទណ្ឌមួយទៀតចុះថ្ងៃទី៦ខែមីនាទាមទារសំណងចំនួន៣៦០.០០០ដុល្លារពីក្រុមហ៊ុននេះ សម្រាប់ប្រជាពលរដ្ឋចំនួន១២០គ្រួសារ ចំពោះការរុះរើផ្ទះសម្បែងរបស់ខ្លួន។ អ្នកស្រីការ៉ូហូនី លើកឡើងថា“ប្រសិនបើយើងមិនទទួលបានចម្លើយឆាប់ៗនេះទេនោះ យើងនឹងធ្វើការតវ៉ាទូទាំងរាជធានីភ្នំពេញតែម្តង។យើងស៊ូស្លាប់ជាជាងបណ្តោយឲ្យក្រុមហ៊ុននេះលួចប្លន់ផ្ទះរបស់យើង”។ លោកចាន់សុជាតិមេធាវីមកពីមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ ដែលតំណាងឲ្យប្រជាពលរដ្ឋនៅសហគមន៍បុរីកីឡានេះ បានមានប្រសាសន៍ថាសាលាដំបូងមានពេល៣០ថ្ងៃដើម្បីឆ្លើយតបទៅនឹងពាក្យបណ្តឹងណាមួយ ហើយតាមផ្លូវច្បាប់មិនតម្រូវឲ្យចេញលិខិតឆ្លើយតបទេ គឺរហូតទាល់តែដល់ថ្ងៃច័ន្ទ។ ប្រជាពលរដ្ឋសហគមន៍បុរីកីឡាម្នាក់ឈ្មោះ ជុំង៉ាន់ បាននិយាយថា អ្នកស្រីនឹងចូលរួមជាមួយអ្នកតំណាងសហគមន៍ចំនួនប្រាំមួយនាក់ទៀត ដែលត្រូវបានអញ្ជើញឲ្យមកជួបជាមួយលោកសោម សុវណ្ណ អភិបាលខណ្ឌ៧មករា និងលោកស្រី ស៊ុយ សុផានប្រធានក្រុមហ៊ុនផានអីុមិុចនៅថ្ងៃនេះ...
ជនរងគ្រោះដោយការបាញ់ប្រហារទាមទារសំណង៩៥ពាន់ដុល្លារពីអតីតអភិបាលក្រុង
កម្មការិនីរោងចក្រពីរនាក់ ដែលរងគ្រោះដោយការបាញ់ប្រហារ កាលពីខែមុនអំឡុងការតវ៉ានៅឯតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តស្វាយរៀងបានដាក់ពាក្យបណ្តឹងទៅសាលាដំបូងខេត្តកាលពីម្សិលមិញដោយចោទលោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិតពីបទប៉ុនប៉ងមនុស្សឃាត។ នាងប៊ុនចិន្តាអាយុ២១ឆ្នាំនិងនាងនុតសុខនអាយុ២៣ឆ្នាំបាននិយាយថាពួកគេក៏បានទាមទារសំណងជំងឺចិត្តជាទឹកប្រាក់សរុប៩៥.០០០ដុល្លារ ផងដែរពីលោកបណ្ឌិតសម្រាប់របួសដោយការបាញ់ប្រហារ កាលពីថ្ងៃទី២០ ខែកុម្ភៈ ក្នុងតំបន់សេដ្ឋកិច្ចពិសេស ម៉ាន់ហាតតាន់។ នាង ចិន្តាបាននិយាយថា“មន្ត្រីតុលាការបានទទួលពាក្យបណ្តឹងរបស់យើងនៅម៉ោងប្រហែល៩:៣០នាទីព្រឹកខ្ញុំបានប្តឹងលោកឈូកបណ្ឌិត អតីតអភិបាលក្រុងបាវិត និងបានចោទលោកពីបទប៉ុនប៉ងមនុស្សឃាត ហើយខ្ញុំបានទាមទារសំណង៥០.០០០ដុល្លារ”។ នាង ចិន្តាត្រូវបានបាញ់ចំខ្នងផ្នែកខាងក្រោម ហើយបាននិយាយរំឭកអំពីការបញ្ជាក់របស់វេជ្ជបណ្ឌិតថានាងមិនត្រូវធ្វើការធ្ងន់ក្នុងរយៈពេលប្រាំឬប្រាំមួយខែ។ នាង សុខនដែលត្រូវបានបាញ់ចំខ្នងផងដែរនោះបាននិយាយថាមុខរបួសរបស់នាងតម្រូវឲ្យនាងទៅជួបវេជ្ជបណ្ឌិតជាទៀងទាត់។ នាងបាននិយាយថា“ខ្ញុំបានប្តឹងលោកឈូកបណ្ឌិតដោយចោទគាត់ពីបទមនុស្សឃាតពីព្រោះគាត់មានបំណងបាញ់សម្លាប់កម្មករដោយចេតនា។ខ្ញុំទាមទារសំណង៤៥.០០០ដុល្លារ។ខ្ញុំសង្ឃឹមថា តុលាការរកយុតិ្តធម៌ឲ្យខ្ញុំ”។ ជនរងគ្រោះទីបីឈ្មោះកែវនាអាយុ១៨ឆ្នាំបាននិយាយកាលពីថ្ងៃច័ន្ទថានាងនឹងមិនប្តឹងទេ។ លោកសូសីហាក្រឡាបញ្ជីរបស់ព្រះរាជអាជ្ញាអមសាលាដំបូង បានមានប្រសាសន៍ថាតុលាការបានទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះប្តឹងលោក បណ្ឌិត ដែលត្រូវបានដកចេញពីតួនាទី ជាអភិបាលក្រុងកាលពីសប្តាហ៍មុនហើយបានផ្ទេរទៅកាន់តួនាទីមិនច្បាស់លាស់មួយ នៅក្នុងការិយាល័យសាលាខេត្ត។ លោក សីហាបានថ្លែងថា“ពួកគេបានប្តឹងលោកឈូកបណ្ឌិតពីព្រោះរដ្ឋាភិបាលបានកំណត់អត្តសញ្ញាណលោកជាជនសង្ស័យហើយបណ្តាញព័ត៌មានបានផ្សព្វផ្សាយអំពីរឿងនេះហើយពួកគេបានសំុឲ្យយើងចាប់ជនសង្ស័យមកផ្តន្ទាទោស ព្រមទាំងទាមទារសំណងផងដែរ”។ លោកបានបន្ថែមថាលោកនឹងបញ្ជូនពាក្យបណ្តឹងនេះទៅលោកហឹុងប៊ុនជាព្រះរាជអាជ្ញាអមសាលាដំបូងនៅពេលឆាប់ៗនេះ។លោក ប៊ុនជាបានមានប្រសាសន៍ថាលោករវល់ណាស់...
ក្រុមហ៊ុនជីករ៉ែជាង២៥០ទទួលបានអាជ្ញាប័ណ្ណជីករ៉ែនៅក្នុងប្រទេសកម្ពុជា
យោងតាមរបាយការណ៍ របស់ក្រសួងឧស្សាហកម្ម រ៉ែនិងថាមពល ចេញផ្សាយកាលពីម្សិលមិញ បានឲ្យដឹងថា ក្រុមហ៊ុនជីករ៉ែ ជិត២០០ បច្ចុប្បន្ននេះទទួលបានអាជ្ញាប័ណ្ណពីរដ្ឋាភិបាល ក្នុងការជីកយករ៉ែ សម្រាប់ប្រើប្រាស់ជាសម្ភារសំណង់ ដូចជាថ្មក្រានីត ឬរ៉ែមានតម្លៃជាដើមចំណែកឯក្រុមហ៊ុនចំនួន៥៣ផ្សេងទៀត បានទទួលអាជ្ញាប័ណ្ណសម្រាប់រុករកធនធានរ៉ែ។ របាយការណ៍ប្រចាំឆ្នាំ របស់ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល បានឲ្យដឹងថា ក្នុងចំណោមក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែទាំងនេះ មានក្រុមហ៊ុនចំនួន៤២ទើបតែទទួលអាជ្ញាប័ណ្ណ កាលពីឆ្នាំទៅ ដើម្បីចាប់ផ្តើមជីកយករ៉ែចំណែកឯក្រុមហ៊ុនចំនួន២៤ទើបបានទទួលអាជ្ញាប័ណ្ណសម្រាប់រុករករ៉ែ។ របាយការណ៍នេះបង្ហាញថា ចំនួនក្រុមហ៊ុនសរុប ដែលកំពុងធ្វើសកម្មភាពក្នុងការជីកយករ៉ែនៅពេលនេះ មានរហូតដល់១៩៧...
អ្នកភូមិជនជាតិដើមភាគតិច នៅខេត្តរតនគិរីនឹងដង្ហែក្បួន ដោយគ្មានការអនុញ្ញាតពីរដ្ឋាភិបាល
អង្គការអាដហុកបានលើកឡើងកាលពីម្សិលមិញថាការដើរដង្ហែក្បួនដ៏ធំមួយក្នុងខេត្តរតនគិរីរបស់អ្នកភូមិជនជាតិភាគតិចរាប់រយគ្រួសារដែលបានជាប់ពាក់ព័ន្ធក្នុងជម្លោះដីធ្លីនោះនឹងបន្តធ្វើដូចការគ្រោងទុកនៅចុងខែនេះទោះបីជារដ្ឋាភិបាលបានបដិសេធមិនឲ្យមានការដង្ហែក្បួននេះក៏ដោយ។ លោក បែ៉ន ប៊ុណ្ណារ៍ អ្នកសម្របសម្រួលអង្គការអាដហុកប្រចាំខេត្តរតនគិរីបានមានប្រសាសន៍ថាអ្នកភូមិប្រហែល១.០០០នាក់កំពុងត្រៀមខ្លួនឈរនៅខាងក្រៅទ្វាររបងអគាររដ្ឋាភិបាលនានាក្នុងអំឡុងពេលដើរដង្ហែក្បួនចម្ងាយ៤គីឡូម៉ែត្រនៅថ្ងៃទី១៩ ខែមីនា ដើម្បីធ្វើឲ្យសាធារណជនយល់ដឹងកាន់តែច្រើនអំពីការបំភិតបំភ័យពីតុលាការនៅក្នុងបញ្ហាដីធ្លីនិងព្រៃឈើនៅមូលដ្ឋាន។ លោកថ្លែងថា“ជម្លោះដីធ្លីនៅខេត្តរតនគិរីកំពុងតែធ្ងន់ធ្ងរទៅៗ ដូច្នេះការដើរដង្ហែក្បួននេះគឺជាឱកាសមួយសម្រាប់យើងក្នុងការធ្វើឲ្យសាធារណជនបានដឹងពីបញ្ហានេះ”។ លោកបានបន្ថែមថានៅក្នុងការដង្ហែក្បួននេះក្រុមបាតុករក៏នឹងទាមទារឲ្យអាជ្ញាធរចាត់វិធានការបញ្ជាក់ពីម្ចាស់កម្មសិទ្ធិលើដីទំហំ៣០.០០០ហិកតា ដែលពួកគេដឹងថាក្រុមហ៊ុនកសិ-ឧស្សាហកម្ម DM Group កំពុងប្រើប្រាស់សម្រាប់កាប់ឈើប្រណិតខុសច្បាប់។ លោកបានមានប្រសាសន៍ថា“យើងប្រឆាំងការទន្ទ្រានយកដីពីសំណាក់ពួកអ្នកមានលុយ និងមានអំណាចជាពិសេសការកាប់ឈើប្រណិតដោយខុសច្បាប់"។ លោកប៉ែន ប៊ុណ្ណារ៍ក៏បានសរសេរលិខិតមួយច្បាប់កាលពីខែមុនជូនលោកអភិបាលខេត្ត ប៉ាវហមផានដើម្បីសំុអនុញ្ញាតដង្ហែ ក្បួនេនះ។កាលពីថ្ងៃទី៧ខែមីនា លោកណាប់ប៊ុនហេងអភិបាលរងខេត្តរតនគិរីបានឆ្លើយតបដោយចារនៅលើលិខិតច្បាប់ដើមនោះថា“ដោយបានពិនិត្យស្ថានភាពជាក់ស្តែង មិនមានមូលហេតុចាំបាច់ ហើយដើម្បីរក្សាសណ្តាប់ធ្នាប់សាធារណៈ ខេត្តមិនអាចអនុញ្ញាតឲ្យមានការដង្ហែក្បួននេះទេ”៕ ប្រែសម្រួលដោយហមសុផាណ្ណា
ជនកម្ពុជាប្រាំមួយនាក់ត្រូវចាប់ខ្លួន ដោយសារឆ្លងដែនចូលប្រទេសលាវដោយខុសច្បាប់
មន្ត្រីយោធាមួយរូបបានឲ្យដឹងថាជនកម្ពុជាប្រាំមួយនាក់ ដែលរួមមានមន្ត្រីនគរបាលមួយរូបផងនោះត្រូវបានចាប់ខ្លួននៅក្នុងប្រទេសលាវ កាលពីសប្តាហ៍មុនក្រោយពីបានឆ្លងដែនពីខេត្តស្ទឹងត្រែងចូលក្នុងប្រទេសនេះដោយខុសច្បាប់។ លោកវរសេនីយ៍ទោមីប៊ុនផនមេបញ្ជាការកងទ័ពកម្ពុជាដែលឈរជើងនៅព្រំដែនកម្ពុជា-លាវ បានឲ្យដឹងថាជនកម្ពុជាមួយក្រុមនេះ រួមមានស្ត្រីពីរនាក់ផងនោះ កំពុងស្វែងរកបន្លែព្រៃ និងនេសាទត្រីនៅក្នុងព្រៃស្រោងមួយកន្លែងក្បែរព្រំដែននោះនៅពេលទាហានលាវចាប់ខ្លួនពួកគេ។ យោងតាមលោកវរសេនីយ៍ទោមី ប៊ុនផនបុរសម្នាក់ឈ្មោះ ស មឿនប៉ុន អាយុ៣៩ឆ្នាំ គឺជាមន្ត្រីនគរបាលនៅឃុំសេកុង។លោកបានបង្ហាញឈ្មោះអ្នកដទៃទៀត ដូចជាឈ្មោះនូសិលាអាយុ៣៤ឆ្នាំលីដេងអាយុ៣៦ឆ្នាំ ផាន់ ចាន់ឌី អាយុ២៧ឆ្នាំ ថោង ញ៉ អាយុ២២ឆ្នាំ និងលឿង ប៉ុន អាយុ៤២ឆ្នាំ។ ខណៈដែលអ្នកកាប់ឈើខុសច្បាប់នៅក្នុងប្រទេសកម្ពុជា ជារឿយៗត្រូវបានចាប់ខ្លួននិងរងការបាញ់ប្រហារ ហើយមានពេលខ្លះត្រូវបានកងទ័ពព្រំដែនថៃសម្លាប់ក្រោយពីបានឆ្លងដែនចូលទឹកដីថៃនោះលោកវរសេនីយ៍ទោ មីប៊ុនផន និយាយថា ករណីឆ្លងចូលទឹកដីលាវនេះ វាជារឿងផេ្សង។ ដោយសំដៅដល់ការស្វែងរកកាប់គ្រញូងលោកបាននិយាយថា“ពួកគេមិនមែនជាអ្នកកាប់គ្រញូងទេ។ពួកគេចូលទៅទីនោះដើម្បីរកបន្លែព្រៃនិងដើម្បីនេសាទត្រីតែប៉ុណ្ណោះ។ប្រសិនបើពួកគេស្វែងរកកាប់ឈើប្រណីតពួកគេមិនយកស្រីៗទៅជាមួយទេ”។ លោកវរសេនីយ៍ទោមីប៊ុនផនបានមានប្រសាសន៍ថាឧប្បតិ្តហេតុនេះបង្ហាញឲ្យឃើញថា នេះជាលើកទីបីហើយក្នុងឆ្នាំនេះដែលក្រុមអ្នកភូមិត្រូវបានចាប់ខ្លួនដោយសារការឆ្លងដែនខុសច្បាប់ចូលទៅក្នុងទឹកដីលាវ។ លោកបានបន្ថែមថាមនុស្សសរុបចំនួន២២នាក់ត្រូវបានចាប់ខ្លួននៅក្នុងឆ្នាំនេះ ហើយមិនទាន់មាននរណាម្នាក់ត្រូវដោះលែងមកវិញនោះទេ។ លោកបាននិយាយថា “ជាធម្មតា ប្រសិនបើអាជ្ញាធរព្រំដែនរបស់យើងចាប់ខ្លួនអ្នកភូមិជនជាតិលាវយើងឃុំខ្លួនពួកគេតែ២៤ម៉ោងប៉ុណ្ណោះ មុនពេលដោះលែង និងបញ្ជូនពួកគេទៅផ្ទះវិញ”។ លោកបានមានប្រសាសន៍ទៀតថា វាជារឿងធម្មតាទេ សម្រាប់អ្នកភូមិ នៅក្នុងប្រទេសទាំងពីរ ដែលឆ្លងចូលព្រំដែនប្រវែង២៥៧គីឡូម៉ែត្រនេះ ដោយភាន់ច្រឡំនៅពេលកំពុងប្រមាញ់សត្វ និងស្វែងរកអាហារក្នុងព្រៃនោះ។ លោក ស៊ី សួន អភិបាលស្រុកសៀមប៉ាងបានមានប្រសាសន៍ថាឧប្បតិ្តហេតុរបៀបនេះមិនមែនជាបញ្ហាធ្ងន់ធ្ងរទេព្រោះប្រទេសទាំងពីរមានកិច្ចព្រមព្រៀងបត្យាប័នរវាងគ្នា និងគ្នា។លោកបានបន្ថែមថា“ជនជាតិលាវចំនួន២៣នាក់ត្រូវបាននគរបាលស្រុកសៀមប៉ាងចាប់ខ្លួន ហើយជនកម្ពុជា៥០នាក់ត្រូវបានភាគីលាវចាប់ខ្លួន កាលពីឆ្នាំមុន ប៉ុន្តែអ្នកទាំងអស់នោះត្រូវបានដោះលែងវិញ...
ថាក់ស៊ីន ព្រមានថា ប្រទេសថៃ ជួបគុណវិបត្តិពាក់ព័ន្ធការអះអាងសិទ្ធិកាន់កាប់ដីនៅព្រំដែន
លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃដែលកំពុងរត់គេចខ្លួននោះ តាមព័ត៌មានថា បានប្រាប់បណ្តាញផ្សព្វផ្សាយព័ត៌មានថៃថា ប្រទេសកម្ពុជាមានអំណះអំណាងរឹងមាំជាងពាក់ព័ន្ធជម្លោះផ្លូវច្បាប់រវាងប្រទេសទាំងពីរនេះជុំវិញដីមានវិវាទនៅតំបន់ប្រាសាទព្រះវិហារ។ ការអត្ថាធិប្បាយបែបនេះគឺជាការអត្ថាធិប្បាយជាសាធារណៈលើកដំបូងទៅកាន់អ្នកនយោបាយជាន់ខ្ពស់ថៃ ទាំងអតីតឬបច្ចុប្បន្ន និងធ្វើឡើងចំពេលមានសេចក្តីរាយការណ៍នៅតាមបណ្តាញផ្សព្វផ្សាយព័ត៌មានក្នុងប្រទេសកម្ពុជាថា លោក ថាក់ស៊ីន ដែលជាមិត្តភក្តិនិងជាអតីតទីប្រឹក្សារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន នោះនឹងធ្វើដំណើរមកប្រទេសកម្ពុជាក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ បច្ចុប្បន្ននេះ តុលាការយុត្តិធម៌អន្តរជាតិ “កំពុងបកស្រាយ”សាលក្រមឆ្នាំ១៩៦២របស់ខ្លួន ដែលបានប្រគល់ប្រាសាទព្រះវិហារមកឲ្យកម្ពុជា ដើម្បីសម្រេចដូចដែលកម្ពុជាអះអាងថា តុលាការនេះក៏សម្រេចប្រគល់សិទ្ធិកាន់កាប់ដីមានវិវាទនៅជាប់នឹងប្រាសាទនេះឲ្យខ្លួនរួចហើយនោះឬយ៉ាងណា។ ប្រទេសថៃនិងកម្ពុជាបានប៉ះទង្គិចគ្នាមួយប្រាវៗជាច្រើនលើក ប៉ុន្តែជាការប៉ះទង្គិចគ្នាដែលបណ្តាលឲ្យមានមនុស្សស្លាប់ពាក់ព័ន្ធនឹងដីនេះចាប់តាំងពីឆ្នាំ២០០៨មក។ បន្ទាប់ពីការប៉ះទង្គិចគ្នាចុងក្រោយ កាលពីខែមេសា ប្រទេសកម្ពុជាបានងាកទៅរកតុលាការយុត្តិធម៌អន្តរជាតិ ដោយសង្ឃឹមថានឹងអាចជួយដោះស្រាយបញ្ហានេះឲ្យចប់ជាស្ថាពរតែម្តង។ នៅពេលថ្លែងទៅកាន់កាសែតបាងកកប៉ុស្តិ៍នោះលោកថាក់ស៊ីន បានលើកឡើងថាប្រទេសថៃមានអំណះអំណាងខ្សោយជាងកម្ពុជា។ កាសែតនេះបានដកស្រង់សម្តីលោកថាក់សីុន ថា“និយាយតាមត្រង់ទៅប្រទេសថៃកំពុងជួបគុណវិបត្តិនៅក្នុងរឿងក្តីនេះ”។ ដោយគាំទ្រផ្នែកខ្លះនៃអំណះអំណាងផ្ទាល់មាត់របស់កម្ពុជានៅចំពោះមុខតុលាការយុត្តិធម៌អន្តរជាតិកាលពីឆ្នាំមុននោះ លោកបានកត់សម្គាល់ថា ប្រទេសថៃមិនបានជំទាស់ជាច្រើនទសវត្សរ៍មកហើយ ចំពោះផែនទីសម័យអាណានិគមបារាំង ដែលបានដាក់ដីមានវិវាទនេះឲ្យស្ថិតក្នុងប្រទេសកម្ពុជា ហើយក៏បានស្នើសុំច្បាប់ចម្លងសម្រាប់ប្រើផ្ទាល់ខ្លួនផងដែរ។ លោក ថាក់ស៊ីនបានបន្តព្រមានថាតុលាការយុត្តិធម៌អន្តរជាតិទំនងជានឹងសម្រេចឲ្យកម្ពុជាឈ្នះ ហើយការសម្រេចឲ្យកម្ពុជាឈ្នះអាចបណ្តាលឲ្យមាន “អរិភាពកាន់តែខ្លាំងឡើង” នៅក្នុងចំណោមប្រជាជនថៃ។ តាមព័ត៌មានថា លោកបានជំរុញឲ្យរដ្ឋាភិបាលដែលដឹកនាំដោយលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ពន្យល់ពីអង្គហេតុនៃរឿងក្តីនេះប្រាប់សាធារណជនដើម្បីជៀសវាងកុំឲ្យមានជម្លោះថែមទៀត។ ជាការពិតណាស់ បញ្ហានេះបានក្លាយជាចំណុចក្តៅគគុករួចទៅហើយសម្រាប់ក្រុមអ្នកជាតិនិយម និងគណបក្សនយោបាយក្នុងប្រទេសថៃ ដែលបានបណ្តាលឲ្យប្រទេសនេះអះអាងសិទ្ធិកាន់កាប់ចំពោះតំបន់មានវិវាទនោះ។ ក្រុមមន្ត្រីថៃបានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីសកម្មភាពរបស់លោក ថាក់ស៊ីន ទេ ពីព្រោះលោកមិនមែនជាសមាជិកផ្លូវការរបស់រដ្ឋាភិបាលបច្ចុប្បន្នឡើយ ប៉ុន្តែក្រុមអ្នកសង្កេតការណ៍ជាច្រើនសង្ស័យថាលោកអាចជាកម្លាំងដ៏ពិតប្រាកដនៅពីក្រោយរដ្ឋបាលរបស់ប្អូនស្រីលោក។ លោកថាក់ស៊ីនត្រូវបានបណ្តេញចេញពីតំណែងជានាយករដ្ឋមន្ត្រីក្នុងរដ្ឋប្រហារឆ្នាំ២០០៦ ហើយបាននិងកំពុងរស់នៅឯបរទេសតាំងពីពេលនោះមក ដើម្បីចៀសវាងពីការកាត់ទោសឲ្យជាប់ពន្ធនាគារតាមការចោទប្រកាន់ពីបទពុករលួយ។ លោក ថាក់ស៊ីន មានទំនាក់ទំនងល្អជាមួយលោក ហ៊ុន សែន ច្រើនឆ្នាំមកហើយ ថែមទាំងធ្លាប់ធ្វើជាទីប្រឹក្សាសេដ្ឋកិច្ចរបស់លោកកាលពីឆ្នាំ២០០៩និង២០១០ទៀតផង។ ទោះជាយ៉ាងណា ការអត្ថាធិប្បាយចុងក្រោយបំផុតរបស់លោក នឹងអាចមានលទ្ធភាពតិចតួចណាស់ក្នុងការបន្ធូរបន្ថយភាពតានតឹងរវាងរដ្ឋភិបាលរបស់ប្អូនស្រីលោក និងអ្នកជាតិនិយមដែលចូលចិត្តបង្កសង្គ្រាមរបស់ប្រទេសថៃ។ មិនថាយ៉ាងណានោះទេ លោក ផៃស៊ីផានអ្នកនំាពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានស្វាគមន៍ការអត្ថាធិប្បាយកាលពីចុងសប្តាហ៍របស់លោកថាក់ស៊ីន។លោកបានមានប្រសាសន៍ថា “លោកថាក់ស៊ីននិយាយការពិត”ដោយអះអាងថា អតីតនាយករដ្ឋមន្ត្រីថៃដែលនៅតែមានប្រជាប្រិយភាពក្នុងចំណោមប្រជាពលរដ្ឋនៅតាមជនបទភាគច្រើនក្នុងប្រទេសថៃរូបនេះ គ្រាន់តែបង្ហាញពីគំនិតភាគច្រើននៅក្នុងប្រទេសរបស់លោកប៉ុណ្ណោះ។ លោកផៃស៊ីផានបានមានប្រសាសន៍ថា“ប្រជាជនថៃភាគច្រើនយល់អំពី ដូច្នេះហើយ លោក ថាក់ស៊ីនគ្រាន់តែជាមនុស្សម្នាក់ក្នុងចំណោមមនុស្សភាគច្រើនតែប៉ុណ្ណោះ"។ ចំណែកឯការអះអាងថាលោកថាក់សីុន នឹងធ្វើដំណើរមកកាន់ប្រទេសកម្ពុជានោះអ្នកនាំពាក្យរូបនេះបានមានប្រសាសន៍ថាលោកគ្រាន់តែដឹងតាមព័ត៌មានដែលលោកបានអាននៅក្នុងបណ្តាញផ្សព្វផ្សាយព័ត៌មានក្នុងស្រុកតែប៉ុណ្ណោះ។ ដោយលើកឡើងពី “ប្រភព” របស់គណបក្សភឿថៃ និងបណ្តាញផ្សព្វផ្សាយព័ត៌មានថៃមួយចំនួននោះ កាសែតចេញផ្សាយប្រចាំថ្ងៃកម្ពុជាថ្មី បានរាយការណ៍កាលពីម្សិលមិញថា លោកថាក់ស៊ីន នឹងមកដល់រាជធានីភ្នំពេញនៅថ្ងៃព្រហស្បតិ៍ ដើម្បីជួបជាមួយអ្នកគាំទ្រ និងមាន ការជួបជាលក្ខណៈឯកជនជាមួយលោកហ៊ុនសែនផងដែរ៕ ប្រែសម្រួលដោយ សោមសារុន
NGOs ថា ចំនួនពលករចំណាកស្រុកកម្ពុជា ដែលបាត់បង់ទំនាក់ទំនងបានកើនឡើង
អង្គការសិទ្ធិមនុស្សចំនួនបី បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ចំនួនគ្រួសារដែលអះអាងថា បានបាត់បង់ទំនាក់ទំនងជាមួយសាច់ញាតិ ដែលកំពុងធ្វើការនៅឯក្រៅប្រទេសនោះ មានការកើនឡើងគួរឲ្យកត់សម្គាល់នៅក្នុងពេលថ្មីៗនេះ។ អង្គការសិទ្ធិមនុស្សក្នុងស្រុកអាដហុក លីកាដូនិងមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ ហៅកាត់ថា CLEC ដែលជាអង្គការជំនួយផ្នែកបាប់ លើកឡើងថា ចំនួនចេះតែកើនឡើង នៃប្រជាពលរដ្ឋ ដែលស្វែងរកជំនួយក្នុងការស្វែងរកសាច់ញាតិរបស់ខ្លួន បានកើតមានឡើង ស្របពេលជាមួយគ្នានឹងបម្រាមរបស់រាជរដ្ឋាភិបាលលើការបញ្ជូនស្ត្រីជំនួយការ មេផ្ទះកម្ពុជា ឲ្យទៅបម្រើការងារនៅប្រទេសម៉ាឡេស៊ី និងការបិទក្រុមហ៊ុនមួយចំនួន ដែលបញ្ជូនស្ត្រីជំនួយការមេផ្ទះទៅក្រៅប្រទេស។ លោក សំ ចាន់គា មន្ត្រីសម្របសម្រួលនៃអង្គការសិទ្ធិមនុស្សអាដហុកប្រចាំខេត្តកំពង់ឆ្នាំងបានមានប្រសាសន៍ថាចាប់តាំងពីខែមករាមក ការិយាល័យរបស់លោកទទួលបានពាក្យបណ្តឹងចំនួន៥០ករណីទាក់ទិនទៅនឹងការបាត់បង់ទំនាក់ទំនងរបស់សមាជិក ក្រុមគ្រួសារ ខណៈពេលដែលពួកគេកំពុងធ្វើការនៅក្រៅប្រទេស បើប្រៀបធៀបទៅនឹងប្រាំករណីក្នុងរយៈពេលដូចគ្នានេះកាលពីឆ្នាំ មុន។ លោកចាន់គា បានមានប្រសាសន៍ថា “ខ្ញុំគិតថាពួកគេបានបាត់បង់ទំនាក់ទំនងភាគច្រើន គឺនៅពេលក្រុមហ៊ុនជ្រើសរើសពលករជាច្រើនបានបិទទ្វារ" ។ លោក មឿនតុលាប្រធានកម្មវិធីការងារនៅ CLEC បានមានប្រសាសន៍ថា តាំងពីខែមករាមក អង្គការរបស់លោកបានទទួលពាក្យបណ្តឹងចំនួន៧០ករណី បើប្រៀបធៀបទៅនឹង៤០ករណីក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ២០១១។ លោកតុលាបានមានប្រសាសន៍ថា"ប្រជាពលរដ្ឋបានមកដាក់ពាក្យប្តឹងនៅទីនេះជារៀងរាល់ថ្ងៃ ហើយពេលខ្លះយើងទទួលបាន ពាក្យបណ្តឹងពីរ ឬបី ពីប្រជាជនដែលបានប្រាប់យើងអំពីការបាត់ខ្លួន បាត់បង់ទំនាក់ទំនង និងអំពីអ្នកដែលដល់ពេលកំណត់ត្រូវត្រឡប់មកវិញ តែមិនឃើញមក"។ លោក តុលា បានមានប្រសាសន៍ថា ទំនាក់ទំនងរវាងគ្រួសារនៅប្រទេសកម្ពុជា និងបងប្អូនរបស់ពួកគេ ដែលធ្វើការនៅខាងក្រៅប្រទេស បានបាត់ដោយសារតែការបិទក្រុមហ៊ុនជ្រើសរើសពលករមួយចំនួនក្រោយពីរដ្ឋាភិបាលបានចេញបម្រាមមិនឲ្យបញ្ជូនស្ត្រីជំនួយការមេផ្ទះទៅកាន់ប្រទេសម៉ាឡេស៊ី។ លោក អំ សំអាត អ្នកគ្រប់គ្រងបច្ចេកទេសនៅអង្គការលីកាដូ បានថ្លែងថា "យើងបានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋស្ទើរតែគ្រប់ខេត្តនៅក្នុងប្រទេសកម្ពុជា" ៕ ប្រែសម្រួលដោយ ថូ ណារ៉ាន់