TAG
paywall
ការអនុវត្តការងារមិនបានល្អរបស់ក្រុមហ៊ុនសីុនទ្រី ក្លាយជាប្រធានបទដ៏សំខាន់ក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់សាលារាជធានី
នគរបាល កងរាជអាវុធហត្ថ និងមន្ត្រីសាលារាជធានីរាប់រយនាក់ បានជួបជុំគ្នាកាលពីម្សិលមិញដើម្បីចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់សាលារាជធានីភ្នំពេញ ដែលនៅក្នុងកិច្ចប្រជុំនេះ មានការសន្យាកែលម្អមុខមាត់របស់រាជធានីរួមទាំងការកែលម្អប្រព័ន្ធគ្រប់គ្រងសំរាម និងការពិនិត្យឡើងវិញនូវសិទ្ធិប្រមូលសំរាមផ្តាច់មុខរបស់ក្រុមហ៊ុនសីុនទ្រីផងដែរ។
សុន្ទរកថាបើកកិច្ចប្រជុំដោយលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងសុន្ទរកថាបិទកិច្ចប្រជុំដោយលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឆ្លុះបញ្ចាំងពីការខកខានរបស់ក្រុមហ៊ុននេះក្នុងការំពេញភារកិច្ចរបស់ខ្លួន ហើយបានលើកឡើងថា រដ្ឋាភិបាលបានទទួលរងការស្តីបន្ទោសដោយសារតែអសមត្ថភាពរបស់ក្រុមហ៊ុនសីុនទ្រី។
លោក ស ខេង បានព្រមានថា កេរ្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជា កំពុងប្រឈមនឹងហានិភ័យបាត់បង់ ខណៈភ្ញៀវទេសមកកាន់រាជធានី ត្រូវប្រឈមនឹងផ្លូវដែលមានសំរាមរាយប៉ាយពាសពេញ។
លោកបានមានប្រសាសន៍ថា...
អ្នកយកព័ត៌មាន AKP ត្រូវបានចោទប្រកាន់ពីបទគំរាមទារប្រាក់អ្នកបើករថយន្តម្នាក់
ក្រុមមន្ត្រីបាននិយាយកាលពីម្សិលមិញថា អ្នកយកព័ត៌មានរបស់ទីភ្នាក់ងារព័ត៌មានរដ្ឋអាកាប៉េ (AKP) ត្រូវបានចោទប្រកាន់ពីថ្ងៃពុធ តាមចោទពីបទជំរិតទារប្រាក់អ្នកបើកបររថយន្តម្នាក់ក្នុងខេត្តព្រះវិហារជុំវិញករណីដឹកឈើប្រណីត។
លោក ខាត់ ហ៊ុន នាយនគរបាលព្រហ្មទណ្ឌខេត្តបានមានប្រសាសន៍ថា លោក ទិត្យ ស្រូ អាយុ៤៣ឆ្នាំ បានគំរាមថា នឹងរាយការណ៍ពីអ្នកបើកបររថយន្តឈ្មោះ ឈាង ម៉ៅ ប្រាប់អាជ្ញាធរជុំវិញការដឹកឈើផ្ចឹកជាប្រភេទឈើលេខ១ កាលពីថ្ងៃទី៦ខែកុម្ភៈ ទាល់តែគាត់បានបង់ប្រាក់ចំនួន៤០០ដុល្លារ។
លោក ខាត់ ហ៊ុន បានមានប្រសាសន៍ថា "យើងបានចាប់ខ្លួនលោក ទិត្យ ស្រូ ពីព្រោះគាត់បានប៉ុនប៉ងគំរាមទារប្រាក់ពីរលើកពីលោក ឈាង ម៉ៅ ហើយគាត់សារភាពថា គាត់បានប្រព្រឹត្តបទឧក្រិដ្ឋនេះមែន"។ លោកបានមានប្រសាសន៍ថា អ្នកកាសែតរូបនេះត្រូវបានចាប់ខ្លួន បន្ទាប់ពីអ្នកកាប់ឈើរូបនេះបានណាត់ជួបដើម្បីប្រគល់ប្រាក់ចំនួន២៥០ដុល្លារ។
លោក ឈាង ម៉ៅ បាននិយាយថា ដំបូងលោកសុខចិត្តបង់ប្រាក់២០០ដុល្លារ ប៉ុន្តែ បានងាកទៅរកនគរបាលនៅពេលអ្នកយកព័ត៌មានរូបនេះបានទាមទារប្រាក់បន្ថែម។
លោក ឈាង ម៉ៅ បាននិយាយថា "ខ្ញុំព្រមបង់ប្រាក់ឲ្យគាត់២០០ដុល្លារ ប៉ុន្តែ គាត់មិនព្រម នោះជាមូលហេតុដែលខ្ញុំបានសម្រេចដាក់ពាក្យបណ្ដឹងទៅនគរបាល។ មុននោះ គាត់បានទូរស័ព្ទមកខ្ញុំជាច្រើនដង ហើយបានគំរាមកំហែងខ្ញុំដោយនិយាយថា ប្រសិនបើខ្ញុំមិនផ្តល់ប្រាក់ឲ្យគាត់៤០០ដុល្លារទេនោះ ខ្ញុំនឹងមិនអាចដឹកឈើនៅពេលអនាគតបានឡើយ"។
អ្នកកាសែតម្នាក់ទៀតឈ្មោះ ឈឿង ចាន់ អាយុ៤៥ឆ្នាំ ជាអ្នកយកព័ត៌មានប្រចាំទូរទស្សន៍អប្សរាដំណឹងពេលព្រឹកបានទទួលស្គាល់ថា បានឃាត់អ្នកបើករថយន្តនេះជាមួយលោក ទិត្យ ស្រូ ហើយទទួលបានប្រាក់២៥ដុល្លារ ប៉ុន្តែ បានបដិសេធការអះអាងដែលថា គាត់បានគំរាមទារប្រាក់។
លោកបាននិយាយថា "ខ្ញុំនឹងមិនគេចពីការចូលផ្តល់សក្ខីកម្មក្នុងតុលាការឡើយ ពីព្រោះខ្ញុំមិនបានប៉ុនប៉ុងគំរាមទារប្រាក់ពីអ្នកបើកបររថយន្តរូបនោះឡើយ...ប៉ុន្តែ លោកទិត្យ ស្រូ បានសុំប្រាក់ពីគាត់ចំនួន៤០០ដុល្លារ។
នគរបាលបានលើកឡើងថា អ្នកកាសែតទី៣ម្នាក់ ក៏បានជាប់ពាក់ព័ន្ធផងដែរ ប៉ុន្តែ ពួកគេមិនទាន់ស្គាល់អត្តសញ្ញាណជននោះនៅឡើយទេ។
លោក ឡុង ស៊ីថា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបានអះអាងថា លោក ទិត្យ ស្រូ ត្រូវបានចោទប្រកាន់ពីបទគំរាមទារប្រាក់។
លោកស្រី សុខ មុំនិមល អគ្គនាយិកាទីភ្នាក់ងារព័ត៌មានអាកាប៉េ បានមានប្រសាសន៍ថា លោក ទិត្យ ស្រូ ត្រូវបានសារព័ត៌មានAKPជួលមកបម្រើការងារក្នុងខេត្តព្រះវិហារ ប៉ុន្តែ បានបដិ សេធមិនធ្វើអត្ថាធិប្បាយបន្ថែមឡើយ។ លោកស្រីបានមានប្រសាសន៍ថា "ខ្ញុំទទួលបានព័ត៌មានពីការចាប់ខ្លួនលោក ទិត្យ ស្រូ ហើយយើងកំពុងធ្វើការលើករណីនេះ"៕សារុន
ច្បាប់ស្តីពីព័ត៌មានសម្ងាត់របស់រដ្ឋ នឹងត្រូវបញ្ជូនទៅទីស្តីការគណៈរដ្ឋមន្ត្រីពិនិត្យក្នុងពេលឆាប់ៗ
មន្ត្រីនគរបាលជាន់ខ្ពស់មួយរូបបានលើកឡើងកាលពីម្សិលមិញថា ការធ្វើសេចក្តីព្រាងច្បាប់មួយដើម្បីការពារព័ត៌មានសម្ងាត់របស់រដ្ឋ បានដំណើរការរយៈពេលជាងពីរឆ្នាំមកហើយ ហើយអាចនឹងដាក់ជូនទៅឲ្យទីស្តីការគណៈរដ្ឋមន្ត្រីពិនិត្យក្នុងរយៈពេលពីរខែទៀត។
សេចក្តីព្រាងច្បាប់នេះត្រូវបានគេដឹងឮជាលើកដំបូងនៅថ្ងៃទី២៨ ខែមករា នៅពេលនគរបាលជាតិបានប្រកាសនៅលើគេហទំព័ររបស់ខ្លួនថា ក្រសួងមហាផ្ទៃកំពុងស្ថិតក្នុងដំណើរការព្រាងច្បាប់នេះ។ ព័ត៌មានបង្ហោះលើគេហទំព័រនេះបានបញ្ជាក់ថា ច្បាប់នេះមានបំណងការពារ "ព័ត៌មានសម្ងាត់របស់រដ្ឋដើម្បីធានាថា ភាពសម្ងាត់របស់ជាតិត្រូវបានការពារយ៉ាងតឹងរឹុង"។
ឧត្តមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យនគរបាលជាតិបានមានប្រសាសន៍កាលពីម្សិលមិញថា ក្រសួងបានដំណើរការព្រាងច្បាប់នេះជាងពីរឆ្នាំមកហើយ។លោកបានមានប្រសាសន៍ទៀតថា "ខ្ញុំសង្ឃឹមថា មួយខែពីរខែទៀត សេចក្តីព្រាងច្បាប់នេះនឹងត្រូវអនុម័តដោយក្រសួង រួចបញ្ជូនទៅទីស្តីការគណៈរដ្ឋមន្ត្រី"។
លោកបានលើកឡើងទៀតថា ច្បាប់នេះត្រូវបានតាក់តែងឡើងដើម្បីការពារ "ព័ត៌មានសម្ងាត់" របស់រដ្ឋាភិបាល។ លោកបានបន្តថា "វាពាក់ព័ន្ធនឹងព័ត៌មានដែលមិនត្រូវបានផ្សព្វផ្សាយជាសាធារណៈ។ ឧទាហរណ៍ដូចជាព័ត៌មានសម្ងាត់ពាក់ព័ន្ធនឹងសន្តិសុខ ការការពារជាតិ សេដ្ឋកិច្ច បរិស្ថានជាដើម"។
អ្នកនាំពាក្យរូបនេះបានពន្យល់ថា ច្បាប់នេះរួមមាន បទប្បញ្ញត្តិអនុញ្ញាតឲ្យរដ្ឋាភិបាលផ្តន្ទាទោសជនណាដែលលាតត្រដាងព័ត៌មានដែលត្រូវបានចាត់ទុកថាជាព័ត៌មានសម្ងាត់ ប៉ុន្តែ បានមានប្រសាសន៍ថា លោកមិនចាំសេចក្តីលម្អិតទេ។
ទោះជាយ៉ាងណា លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានមានប្រសាសន៍កាលពីម្សិលមិញថា ក្រសួងរបស់លោកមិនទាន់បានចាប់ផ្តើមព្រាងច្បាប់នេះនៅឡើយទេ សូម្បីតែនៅលើក្រដាសក៏មិនទាន់ដែរ។
លោកមានប្រសាសន៍ថា "ការងារនេះមិនទាន់ចាប់ផ្តើមនៅឡើយទេ យើងគ្រាន់តែគិតទុកប៉ុណ្ណោះ"។ លោកមានប្រសាសន៍ទៀតថា គណៈកម្មការធ្វើសេចក្តីព្រាងច្បាប់នេះក៏មិនទាន់បានបង្កើតឡើងដែរ។
លោកបានមានប្រសាសន៍ថា "យើងគ្មានវិធានការជាក់លាក់ទេ។ យើងគ្រាន់តែគិតទុកក្នុងចិត្តប៉ុណ្ណោះថា យើងគួរតែមានច្បាប់នេះនៅពេលអនាគត"។
ដោយបន្ទរតាមការលើកឡើងរបស់ឧត្តមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ លោកបានមានប្រសាសន៍ថា ច្បាប់នេះមានបំណងការពាររាល់ "ព័ត៌មានសម្ងាត់របស់រដ្ឋ" ប៉ុន្តែ លោកបានបដិសេធមិនបញ្ជាក់លម្អិតទេ។
លោកបានលើកឡើងថា "ប្រទេសជាច្រើនមានច្បាប់នេះ ដូច្នេះកម្ពុជាគួរតែមានច្បាប់នេះដើម្បីការពារផលប្រយោជន៍របស់ជាតិ"។
ព័ត៌មានដែលបង្ហោះនៅលើគេហទំព័ររបស់នគរបាលជាតិកាលពីខែមុន លើកឡើងថា មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់បានធ្វើដំណើរទៅកាន់ប្រទេសវៀតណាមដើម្បីធ្វើវិធីព្រាងច្បាប់នេះ។
អស់រយៈពេលជាយូរមកហើយដែលប្រទេសវៀតណាមបានរងការរិះគន់ចំពោះការបែងចែកព័ត៌មានយ៉ាងទូលំទូលាយថាជាព័ត៌មានសម្ងាត់ និង ចំពោះការប្រើប្រាស់ច្បាប់ស្តីពីព័ត៌មានសម្ងាត់របស់រដ្ឋដើម្បីចាប់អ្នកប្រឆាំងដាក់ពន្ធនាគារ។
កាលពីថ្ងៃសុក្រ អាជ្ញាធរវៀតណាមបានបិទគេហទំព័ររបស់កាសែត Nguoi Cao Tuoi ដែលមានឈ្មោះល្បីល្បាញដោយសារការបោះពុម្ពផ្សាយរឿងរ៉ាវស្តីពីអំពើពុករលួយ នេះបើយោងតាមអត្ថបទមួយបង្ហោះលើគេហទំព័រជាភាសាអង់គ្លេសរបស់ Thanh Nien ដែលជាកាសែតមួយទៀតរបស់វៀតណាម។
អត្ថបទនេះបានចុះផ្សាយថា ពួកគេក៏បានដកហូតសារតាំងរបស់ព័ត៌មានរបស់និពន្ធនាយកនៃកាសែតនេះដែរ។
យោងតាមកាសែតវៀតណាមមួយទៀតឈ្មោះថា Tuoi Tre បានឲ្យដឹងថា កាសែត Nguoi Cao Tuoi ត្រូវបានពិន័យចំពោះការចុះផ្សាយអត្ថបទ "លាតត្រដាងព័ត៌មានសម្ងាត់របស់រដ្ឋ"។
លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា បានចាត់ទុកការពាក់ព័ន្ធរបស់វៀតណាមនៅក្នុងច្បាប់ស្តីពីព័ត៌មានសម្ងាត់របស់រដ្ឋក្នុងប្រទេសកម្ពុជា ថាគួរឲ្យព្រួយបារម្ភ។
លោកលើកឡើងថា អង្គការរបស់លោកគ្មានសេចក្តីលម្អិតអំពីសេចក្តីព្រាងច្បាប់នេះទេ ហើយថា លោកកំពុងសហការជាមួយអង្គការសង្គមផ្សេងៗទៀតដើម្បីស្វែងរកព័ត៌មានបន្ថែមស្តីពីច្បាប់នេះ។
លោកបានមានប្រសាសន៍ទៀតថា "ក្តីបារម្ភទី១គឺថា យើងចាំបាច់ត្រូវដឹងថា វិស័យណាខ្លះដែលរដ្ឋាភិបាលកំណត់ថាជាព័ត៌មានសម្ងាត់"។
លោក ព្រាប កុល បានបន្តថា ខណៈលោកមិនជំទាស់នឹងច្បាប់ស្តីពីព័ត៌មានសម្ងាត់របស់រដ្ឋដាច់ខាតដំណើរការធ្វើសេចក្តីព្រាងគួរតែចំហ និងមានតម្លាភាព។ លោកលើកឡើងថា "ប្រជាពលរដ្ឋយល់ពីតម្រូវការច្បាប់ដែលអាចការពារផលប្រយោជន៍របស់ប្រទេសបាន។ ប៉ុន្តែ យើងចង់ធ្វើឲ្យប្រាកដថា ច្បាប់ស្តីពីព័ត៌មានសម្ងាត់របស់រដ្ឋ មិនធ្វើឲ្យប៉ះពាល់ដល់សិទ្ធិរបស់ពលរដ្ឋក្នុងការទទួលបានសេរីភាពព័ត៌មាន"។
ចំណែកឯលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍ថា លោកមិនដឹងទេពាក់ព័ន្ធនឹងសេចក្តីព្រាងច្បាប់នេះ៕សុខុម
តុលាការបង្គាប់ឲ្យប្រជាពលរដ្ឋ៤៧គ្រួសារប្រគល់ដីឲ្យក្រុមហ៊ុនអភិវឌ្ឍន៍ យូឌីជី
យោងតាមច្បាប់ចម្លងនៃសេចក្តីសម្រេចរបស់តុលាការដែលទទួលបានកាលពីថ្ងៃអង្គារបានឲ្យដឹងថា តុលាការខេត្តកោះកុងបានបង្គាប់ឲ្យប្រជាពលរដ្ឋ៤៧គ្រួសារដែលជាប់ពាក់ព័ន្ធក្នុងជម្លោះដីជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ China's Union Development Group (UDG) ចេញពីផ្ទះរបស់ខ្លួនជាបន្ទាន់។
ក្រុមហ៊ុន យូឌីជី បានបណ្តេញប្រជាពលរដ្ឋប្រហែល១.០០០គ្រួសាររួចហើយចេញពីដីទំហំ៤៥.០០០ហិកតានៅខាងក្នុងឧទ្យានជាតិបទុមសាគរ ដែលខ្លួនបាននិងកំពុងអភិវឌ្ឍឲ្យទៅជាកន្លែងទេសចរណ៍អស់ទឹកប្រាក់៣,៨ពាន់លានដុល្លារតាំងពីឆ្នាំ២០១០មក។ ប្រជាពលរដ្ឋ៤៧គ្រួសារនេះដែលមានឈ្មោះក្នុងសេចក្តីសម្រេចរបស់តុលាការ បានបន្តការពារខ្លួន ដោយអះអាងថា បាននិងកំពុងរស់នៅនិងធ្វើស្រែចម្ការលើដីនោះរយៈពេលជាច្រើនទសវត្សរ៍មកហើយ។
សេចក្តីសម្រេចថ្ងៃទី២ខែកុម្ភៈ ដែលចុះហត្ថលេខាដោយអនុប្រធានតុលាការខេត្ត លោក ឆេង ប៊ុនលី បានចេញតែមួយថ្ងៃបន្ទាប់ពីក្រុមហ៊ុន យូឌីជី ប្តឹងគ្រួសារទាំងនោះ។
តុលាការបង្គាប់ឲ្យគ្រួសារប្រជាពលរដ្ឋទាំងនោះ "រើផ្ទះសំបែងនិងរបងរបស់អ្នក និងយកសម្ភារទាំងអស់ចេញពីដីរបស់ក្រុមហ៊ុនអភិវឌ្ឍន៍...
រដ្ឋមន្ត្រីក្រសួងកសិកម្មច្រានចោលរបាយការណ៍ស្តីពីការឃុបឃិតកាប់ឈើខុសច្បាប់
កាលពីម្សិលមិញ លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានច្រានចោលលទ្ធផលនៃរបាយការណ៍ថ្មីរបស់អង្គការក្លូបលវីតណេស ដែលភ្ជាប់រដ្ឋាភិបាលក្នុងប្រតិបត្តិការកាប់ឈើខុសច្បាប់ដែលគ្រប់គ្រងដោយលោក ទ្រី ភាព ដោយអះអាងថា អង្គការសិទ្ធិបរិស្ថានអង់គ្លេសនេះដឹងតិចតួចពីច្បាប់នាំចេញរបស់ប្រទេសកម្ពុជាតែប៉ុណ្ណោះ ។
នៅក្នុងរបាយការណ៍ដែលបានចេញផ្សាយកាលពីសប្តាហ៍មុន ការសើុបអង្កេតរយៈពេលប្រាំបីខែ ស៊ីជម្រៅ និងសម្ងាត់ផ្អែកលើការសម្ភាស និងការរៀបរាប់របស់សាក្សីជាច្រើន អង្គការក្លូបលវីតណេសបានលើកឡើងពីច្បាប់របស់ប្រទេសកម្ពុជាស្តីពីការកាប់ឈើ និងការនាំចេញ ហើយបានពន្យល់ពីវិធីជាច្រើនដែលខ្លួនបានឃើញក្រុមហ៊ុនរបស់លោក ទ្រី ភាព រំលោភច្បាប់ជាមួយនឹងនិទណ្ឌភាព។
ថ្លែងទៅកាន់អ្នកយកព័ត៌មានបន្ទាប់ពីជំនួបបិទទ្វាររយៈពេលបីម៉ោងជាមួយគណៈកម្មការកសិកម្មរដ្ឋសភា លោក អ៊ុក រ៉ាប៊ុន បានមានប្រសាសន៍ថា ក្រុមនេះ មិនអើពើនឹងច្បាប់ដែលកំណត់ពីអ្វីប្រទេសកម្ពុជាអាច ឬមិនអាចបញ្ជូនទៅក្រៅប្រទេស។
ដោយមិនបកស្រាយលម្អិត លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា រដ្ឋាភិបាលរបស់យើងមាននីតិវិធីច្បាស់លាស់ក្នុងការនាំឈើចេញ ប៉ុន្តែ អង្គការក្លូបលវីតណេសមិនដឹងអំពីនីតិវិធីនេះឡើយ"។
លោកបានបន្ថែមថា "យើងមិនបានឃុបឃិតជាមួយក្រុមហ៊ុនរបស់លោក ទ្រី ភាព ដើម្បីនាំឈើចេញឡើយ។ យើងមាននីតិវិធីច្បាស់លាស់។ ប្រសិនបើយើងឃុបឃិតមែន ពួកគេនឹងមិនអាចថតរូបរថយន្តនៅកំពង់ផែ ឬរថយន្តដឹកឈើបានឡើយ"។
របាយការណ៍របស់អង្គការក្លូបលវីតណេសអមដោយរូបថតដែលអ្នកស្រាវជ្រាវរបស់ខ្លួនបានថតនៅដេប៉ូរបស់លោក ទ្រី ភាព និងកុងតឺន័ររបស់់គាត់នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ពេញដោយឈើគ្រញូង។
ការប្រមូលឈើគ្រញូងនៅក្នុងព្រៃធម្មជាតិត្រូវបានហាមឃាត់ក្នុងប្រទេសកម្ពុជា ហើយចាប់តាំងពីឆ្នាំ២០១៣មក រដ្ឋាភិបាលបានតម្រូវឲ្យមានអាជ្ញាប័ណ្ណពិសេសសម្រាប់ការនាំចេញក្នុងទម្រង់បែបបទដែលមិនមែនជានីតិវិធី។ បើទោះណាជាមានភ័ស្តុតាងថ្មីពីរបាយការណ៍ឈើគ្រញូងត្រៀមដឹកចេញពីក្រុងព្រះសីហនុក៏ដោយ ក៏រដ្ឋាភិបាលមិនបានចេញអាជ្ញាប័ណ្ណសម្រាប់ការនាំចេញឡើយចាប់តាំងពីឆ្នាំ២០១៣មក។
អ្នកស្រាវជ្រាវរបស់អង្គការក្លូបលវីតណេសក៏បានឃើញក្រុមហ៊ុនរបស់លោក ទ្រី ភាព នាំឈើចេញ ទទឹងជាង២៥សង់ទីម៉ែត្រ ជាការរំលោភច្បាប់នាំចេញរបស់កម្ពុជាដែរ។
លោក អេង ឆៃអ៊ាង សមាជិកសភាគណបក្សប្រឆាំងដែលជាប្រធានគណៈកម្មការកសិកម្មនៃរដ្ឋសភាបានប្រាប់អ្នកយកព័ត៌មានកាលពីម្សិលមិញថា លោក អ៊ុក រ៉ាប៊ុន ត្រូវបានគណៈកម្មការរបស់លោកសុំឲ្យជួយដល់គ្រួសារអ្នកភូមិដែលជាប់ពាក់ព័ន្ធក្នុងវិវាទដីធ្លីជាមួយក្រុមហ៊ុនឯកជន ដើម្បីដោះស្រាយករណីរឿងក្តី របស់គាត់នៅក្រៅប្រព័ន្ធតុលាការ។
លោក អ៊ុក រ៉ាប៊ុន បានមានប្រសាសន៍ថា លោកបានណែនាំឲ្យក្រុមជនជាតិដើមភាគតិចដាក់ពាក្យសុំប័ណ្ណកម្មសិទ្ធិដីសហគមន៍ ដែលកំណត់ជាពិសេសដើម្បីការពារដីដូនតារបស់ខ្លួនពីក្រុមហ៊ុនឯកជន ហើយថា រដ្ឋាភិបាលបានរំឭកក្រុមហ៊ុនអភិវឌ្ឍន៍ជាប់មិនដាច់កុំឲ្យរានដីដែលមានវិវាទ។
ទោះជាយ៉ាងណា រដ្ឋាភិបាលបានផ្តល់ប័ណ្ណកម្មសិទ្ធិដីសហគមន៍មួយចំនួនតូចតែប៉ុណ្ណោះចាប់តាំងពីមានជម្រើសនេះជាង១២ឆ្នាំមកហើយនោះ ហើយក្រុមហ៊ុនអភិវឌ្ឍន៍ឯកជនតែងតែរានដីដែលអះអាងសិទ្ធិកាន់កាប់ដោយអ្នកភូមិក្នុងមូលដ្ឋាន៕សារុន
សាលារាជធានីបែងចែកដីដែលអ្នកភូមិ និងក្រុមហ៊ុន OCIC អះអាងសិទ្ធិកាន់កាប់
កាលពីម្សិលមិញ សាលារាជធានីភ្នំពេញបានសម្រេចបែងចែកដីមានវិវាទទំហំ ៣៨៧ហិកតានៅជ្រោយចង្វាដែលរដ្ឋាភិបាលជួលឲ្យក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា(OCIC) ដោយផ្ដល់១០ភាគរយសម្រាប់អ្នកភូមិដែលអះអាងសិទ្ធកាន់កាប់ដីមានវិវាទនេះ។
រដ្ឋាភិបាលបានជួលដីមានវិវាទនេះរយៈពេល៩៩ឆ្នាំទៅឲ្យក្រុមហ៊ុន OCIC ក្នុងចំនួនទឹកប្រាក់ដែលមិនត្រូវបានបង្ហាញកាលពីឆ្នាំ២០១១ដើម្បីអភិវឌ្ឍដីនេះឲ្យក្លាយទៅជាក្រុងជ្រោយចង្វានៅថ្ងៃអនាគត។
អ្នកភូមិដែលមានអ្នកខ្លះរស់នៅលើដីផ្នែកតូចចន្លោះដីសម្បទាននិងទន្លេសាប បានអះអាងសិទ្ធិកាន់កាប់ដីមួយផ្នែកធំនៅក្នុងដីសម្បទាននេះ ដែលក្រុមហ៊ុនបានបូមខ្សាច់ចាក់បំពេញសម្រាប់ការអភិវឌ្ឍ។
លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វា ដែលបានជួបជាមួយភូមិប្រហែល៥០គ្រួសារបានលើកឡើងថា សាលារាជធានីធ្វើការសម្រេចដូច្នេះ បន្ទាប់ពីបានពិចារណាលើពាក្យបណ្ដឹងរបស់ភាគីទាំងពីរ។
លោក បានមានប្រសាសន៍ថា"យើងបានសម្រេចកាត់ដីមានវិវាទនេះ ១០ភាគរយទៅឲ្យអ្នកភូមិនិង៤០ភាគរយទៅឲ្យក្រុមហ៊ុន"។
អភិបាលខណ្ឌរូបនេះបានលើកឡើងបន្តថា ចំណែកដីមានវិវាទនៅសេសសល់់៥០ភាគរយ ដែលទាំងលោកនិងមន្ត្រីមិនអាចបញ្ជាក់ថា តើមានទំហំប៉ុន្មាននោះ នឹងទុកសម្រាប់សាលារាជធានីក្នុងការសាងសង់ សាលារៀន វត្តអារាម ផ្លូវថ្នល់និងការិយាល័យរដ្ឋាភិបាលនៅក្នុងខណ្ឌរបស់លោក។
លោក ឃ្លាំង...
ក្មេងជំទង់ម្នាក់ត្រូវបានចាប់ខ្លួនពីបទរំលោភក្មេងស្រីមិនទាន់គ្រប់អាយុ
យោងតាមនគរបាលបានឲ្យដឹងថា ក្មេងជំទង់ម្នាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យពីបទរំលោភក្មេងស្រីអាយុ១១ឆ្នាំ ដែលកំពុងដេកតែម្នាក់ឯងនៅក្រោមផ្ទះរបស់យាយតានាងក្នុងខេត្តកណ្ដាលកាលពីយប់ថ្ងៃសុក្រ ក្រោយពិធីបុណ្យមួយ។
យោងតាមលោក សេង សុជាតិ អធិការនគរបាលស្រុកស្អាងបានឲ្យដឹងថា នូ សុភាត អាយុ១៨ឆ្នាំ បានទៅចូលរួមពិធីបុណ្យចម្រើនព្រះជន្មរបស់ជីតាក្មេងស្រីរងគ្រោះនៅផ្ទះរបស់ពួកគាត់ ក្នុងឃុំស្អាងភ្នំ ស្រុកស្អាង រហូតដល់ពាក់កណ្តាលអាធ្រាត្រ ហើយបានត្រឡប់មកវិញនៅប្រហែល៣ម៉ោងក្រោយ បន្ទាប់ពីគ្រួសាររបស់ក្មេងស្រីរងគ្រោះបានចូលទៅដេកអស់។
លោកបានមានប្រសាសន៍ថា "នៅម៉ោងប្រហែល៣ទៀបភ្លឺឈានចូលព្រឹកថ្ងៃសៅរ៍ ខណៈក្មេងស្រីរងគ្រោះកំពុងដេកនៅលើគ្រែក្រោមផ្ទះ ជនសង្ស័យបានទៅរំលោភនាង។ ជនសង្ស័យបានសារភាពថា បានរំលោភអនីតិជនរូបនេះ ព្រោះគ្មាននរណានៅទីនោះឡើយពេលនោះ"។
លោក សុជាតិ បានលើកឡើងទៀតថា ក្មេងស្រីរងគ្រោះស្គាល់ជនសង្ស័យនេះ ហើយឪពុកម្តាយរបស់នាងបានដាក់ពាក្យប្តឹងទៅកាន់ប៉ុស្តិ៍នគរបាលឃុំកាលពីព្រឹកថ្ងៃអាទិត្យ។
នគរបាលឃុំ និងស្រុកបានចាប់ខ្លួន សុភាត តាមក្រោយនៅថ្ងៃដដែលនោះ ហើយបានបញ្ជូនជនសង្ស័យរូបនេះទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសាកសួរកាលពីម្សិលមិញ។ លោកបានមានប្រសាសន៍បន្ថែមថា " ជនសង្ស័យនឹងត្រូវបញ្ជូនទៅសាលាដំបូងខេត្តដើម្បីប្រឈមនឹងការចោទប្រកាន់"៕ស៊ុយឈាង
អង្គរក្សរបស់ ថោង សារ៉ាត់ ត្រូវតុលាការសាកសួរជុំវិញករណីឃាតកម្មលើឧកញ៉ា អឹុង ម៉េងជឺ
អង្គរក្សម្នាក់ដែលជាប់ចោទពីបទសម្លាប់ឧកញ៉ា អឹុង ម៉េងជឺ កាលពីឆ្នាំមុនតាមបញ្ជារបស់ ថោង សារ៉ាត់ មន្ត្រីយោធាជាន់ខ្ពស់នៅក្រសួងការពារជាតិដែលជាចៅហ្វាយរបស់ខ្លួន ត្រូវបានសាលាដំបូងរាជធានីភ្នំពេញសាកសួរកាលពីម្សិលមិញ នេះបើតាមការលើកឡើងពីមេធាវីការពារចុងចោទរូបនេះ។
លោក អឹុង ម៉េងជឺ ប្រធានក្រុមហ៊ុន ស៊ីមិុច គ្រុប ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅខាងក្រៅហាងលក់ផ្លែឈើមួយកន្លែងក្នុងខណ្ឌចំការមន កាលពីថ្ងៃទី២២ ខែវិច្ឆិកា។
ឧត្តមសេនីយ៍ទោ ថោង សារ៉ាត់ បានរត់គេចខ្លួនចាប់តាំងពីគេចពីការឡោមព័ទ្ធរបស់នគរបាលនៅភូមិគ្រឹះរបស់ខ្លួនចាប់តាំងពីថ្ងៃទី៣ ខែធ្នូមក។សៀង វាសនា អាយុ៤៥ឆ្នាំដែលជាប់ចោទពីបទមនុស្សឃាតគិតទុកជាមុននៅក្នុងការបាញ់សម្លាប់លោក អឹុង ម៉េងជឺ និងដែលអង្គរក្សបីនាក់ទៀតរបស់ ថោង សារ៉ាត់ ជាបក្ខពួកសមគំនិតនោះ ត្រូវបានចៅក្រមសើុបសួរ លី សុខឡេង សាកសួររយៈពេល២ម៉ោង នេះយោងតាមលោក គា អ៊ាវ មេធាវីការពារចុងចោទ។
ដោយបញ្ជាក់ពីភាពគ្មានទោសរបស់កូនក្តីលោក លោក គា អ៊ាវ បានមានប្រសាសន៍ថា "ចៅក្រមសាកសួរគាត់ម្តងទៀត ពីព្រោះគាត់នៅជាជនសង្ស័យនៅឡើយ។ គាត់មិនបានសារភាពទេ ពីព្រោះនៅថ្ងៃកើតហេតុ គាត់កំពុងធ្វើដំណើរជាមួយគ្រួសារគាត់ពីកំពង់ឆ្នាំងឆ្ពោះមករាជធានីភ្នំពេញ"។
និយាយទៅកាន់អ្នកយកព័ត៌មានម្នាក់មុនពេលចូលទៅក្នុងការិយាល័យចៅក្រមកាលពីម្សិលមិញ សៀង វាសនា បានស្នើសុំឲ្យប្រព័ន្ធផ្សព្វផ្សាយបន្តតាមដានរឿងក្តីរបស់ខ្លួន។ គាត់និយាយថា "យើងមិនបានធ្វើទង្វើស្មោកគ្រោកទេ។ សូមអ្នកកាសែតជួយរកយុត្តិធម៌ឲ្យខ្ញុំផង។ តុលាការមិនយុត្តិធម៌ទេ"។
ពាក់ព័ន្ធនឹងបញ្ហានេះ ចៅក្រម លី សុខឡេង បានបដិសេធមិនឆ្លើយបំភ្លឺទេ៕សុខុម
មន្ត្រីក្រសួងការពារជាតិស្នើរួចពន្ធសម្រាប់ស្លាកលេខយោធា
មន្ត្រីក្រសួងការពារជាតិម្នាក់បានស្នើសុំឲ្យរថយន្តដែលពាក់ស្លាកលេខកងខេមរភូមិន្ទទទួលបានការអនុគ្រោះពន្ធផ្លូវ ដោយលើកឡើងថា ការដំឡើងពន្ធនាពេលថ្មីៗនេះដោយមន្ត្រីពន្ធ អាចប៉ះពាល់ "អារម្មណ៍របស់មន្ត្រីយោធា"។
ឧត្តមសេនីយ៍ឯក ចៅ ភិរុណ អគ្គនាយកនៃអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសក្រសួងការពារជាតិ ដែលបានសរសេរទៅក្រសួងហិរញ្ញវត្ថុកាលពីថ្ងៃសៅរ៍ បាននិយាយថា ការពិនិត្យរថយន្តមានស្លាកលេខកងខេមរភូមិន្ទគួរបញ្ឈប់ ក្នុងពេលដែលក្រុមមន្ត្រីមកពីក្រសួងទាំងពីរពិភាក្សាគ្នាអំពីការអនុគ្រោះពន្ធ។
លោកបាននិយាយកាលពីថ្ងៃអាទិត្យថា "ការពិនិត្យរថយន្តធុនតូចត្រូវតែផ្អាកដើម្បីដោះស្រាយបញ្ហាទាំងនេះ។ ខ្ញុំគិតថា ពន្ធផ្លូវមិនគួរដាក់ទេ ប្រសិនបើយើងគិតអំពីផលប្រយោជន៍ជាតិ"។
ឧត្តមសេនីយ៍ឯក ភិរុណ បាននិយាយថា យោធាតាមធម្មតាមិនអាចទិញរថយន្តសម្រាប់មន្ត្រី ដែលត្រូវបង្ខំចិត្តចេញប្រាក់របស់ខ្លួនផ្ទាល់ដើម្បីទិញរថយន្តធ្វើការទេ។ លោកបាននិយាយថា ដោយសារតែពន្ធផ្លូវប្រចាំឆ្នាំប្រហែល៥០០ដុល្លារមិនបង់ចំពោះរថយន្តយោធាផ្លូវការនោះ មន្ត្រីទាំងនោះក៏គួរទទួលបានការរួចពន្ធដែរ។
លោកបាននិយាយថា "ប្រសិនបើតម្រូវឲ្យបង់ពន្ធផ្លូវមែន...
មនុស្សបីនាក់ជាប់ចោទពីបទរំលោភនិងជួញដូរក្មេងជំទង់ពីរនាក់
មន្ត្រីបាននិយាយកាលពីថ្ងៃអាទិត្យថា តុលាការខេត្តស្វាយរៀងបានចោទបុរសបីនាក់ពីបទរំលោភនិងជួញដូរមនុស្ស បន្ទាប់ពីបានចាប់ខ្លួនពួកគេកាលពីសប្តាហ៍មុន ពីបទចាប់ពង្រត់កម្មករកាត់ដេរជំទង់ពីរនាក់ និងបង្ខំឲ្យធ្វើជាស្រីពេស្យានៅបៀរហ្គាឌិនមួយកន្លែង។
លោក ហ៊ឹង ប៊ុនជា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀងបានមានប្រសាសន៍ថា ព្រះរាជអាជ្ញារង កៀង សុន្ទរោ បានចោទពួកគេកាលពីថ្ងៃសៅរ៍។
ដោយមិនអធិប្បាយច្រើន លោក ប៊ុនជា បាននិយាយថា "យើងកំពុងស៊ើបអង្កេតករណីនេះនៅឡើយ" ។
លោក នាត សារឿន ប្រធានការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សខេត្ត បានមានប្រសាសន៍ថា យើងបានទទួលបណ្តឹងអំពីមនុស្សបាត់ខ្លួនកាលពីថ្ងៃអង្គារពីគ្រួសាររបស់ក្មេងស្រីអាយុ១៧ឆ្នាំនិងគ្រួសាររបស់ក្មេងស្រីអាយុ១៨ឆ្នាំ អ្នកទាំងពីរធ្វើការនៅរោងចក្រកាត់ដេរក្នុងតំបន់សេដ្ឋកិច្ចពិសេសម៉ានហាថានក្រុងបាវិត។ លោកបានឲ្យដឹងទៀតថា...