TAG
paywall
អតីតអភិបាលក្រុង មានសេរីភាពវិញបន្ទាប់ពីសារភាពថា ខ្លួនបានដកកាំភ្លើងបាញ់
បើទោះជាសារភាព កាលពីម្សិលមិញថាខ្លួនបានដកកាំភ្លើងបាញ់ស្ត្រីបីនាក់អំឡុងការតវ៉ា កាលពីខែមុន នៅឯតំបន់សេដ្ឋកិច្ចពិសេស ក្នុងខេត្តស្វាយរៀង(SEZ) ក៏ដោយក៏លោកឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត នៅតែមានសេរីភាពអាចវិលត្រឡប់មកផ្ទះរបស់ខ្លួនវិញដែរបន្ទាប់ពីបានសារភាពនៅចំពោះមុខតុលាការ។
លោក ហ៊ឹង ប៊ុនជា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង បានថ្លែងថា “លោក បណ្ឌិត បានចូលមកឆ្លើយទល់មុខខ្ញុំ ហើយបានសារភាពថា លោកបានទៅដល់ទីកន្លែងធ្វើបាតុកម្ម ដើម្បីចរចាជាមួយកម្មករដែលតវ៉ា និងបានបាញ់ឡើងលើ”។
េពលសួរថា តើលោក បណ្ឌិត សារភាពថា គ្រាប់កាំភ្លើង ដែលគាត់បាញ់ចេញពីកាំភ្លើងរបស់គាត់ បានត្រូវកម្មការិនី ដែលតវ៉ាបីនាក់ ដោយរបៀបណានោះ លោក ប៊ុនជាបានបដិសេធមិនធ្វើអត្ថាធិប្បាយ។ ព្រះរាជអាជ្ញារូបនេះបានបន្ថែមថា “ ពេលនេះគាត់បានវិលត្រឡប់មកផ្ទះវិញហើយ”។
លោកបណ្ឌិតគ្រោងនឹងចូលខ្លួនមកបំភ្លឺជំុវិញការចោទប្រកាន់ថា លោកបានបាញ់ស្ត្រីបីនាក់អំឡុងការតវ៉ា កាលពីថ្ងៃទី២០ ខែកុម្ភៈ នៅឯតំបន់សេដ្ឋកិច្ចពិសេស ម៉ាន់ហាតតាន់ នៅថ្ងៃនេះ។
ប៉ុន្តែអតីតអភិបាលរូបនេះបានលបចេញចូលសាលាដំបូងខេត្តដោយស្ងាត់ៗ កាលពីម្សិលមិញ បន្ទាប់ពីព្រះរាជអាជ្ញាបានយល់ព្រមជួបគាត់មុនមួយថ្ងៃ។លោកប៊ុនជាបានថ្លែងថាមេធាវីការពារក្តីរបស់ជនសង្ស័យជាប់រវល់ពេកមិនអាចជួបបានទេនៅថ្ងៃនេះ ដែលនេះជាមូលហេតុឲ្យលោកព្រមធ្វើការសាកសួរ កាលពីម្សិលមិញ។
លោក ប៊ុនជា បានបង្ហាញឈ្មោះលោកស្រីម៉ៅ សំវុទ្ធារី មេធាវីរបស់លោក បណ្ឌិត ក៏ប៉ុន្តែនៅពេលទាក់ទងបាន លោកស្រី សំវុទ្ធារីបានបដិសេធថា លោកស្រីមិនមែនទទួលបន្ទុក ក្នុងរឿងក្តីនេះទេ ហើយក៏បានដាក់ទូរស័ព្ទចុះ មិនឆ្លើយចំពោះសំណួររបស់អ្នកយកព័ត៌មានឡើយ។
លោក ប៊ុនជា ថ្លែងថា អ្នកបន្ទាប់ដែលត្រូវកោះហៅមកសាកសួរនោះ នឹងជាស្ត្រីម្នាក់រងរបួស ដែលតាមការអះអាងថា ត្រូវបានលោក បណ្ឌិត បាញ់។ ស្រី្តពីរនាក់ក្នុង ចំណោមស្ត្រីទាំងបីនាក់ ដែលត្រូវបានបាញ់ប្រហារ អំឡុងការតវ៉ា កាលពីថ្ងៃទី២០ ខែកុម្ភៈ ប្តឹងលោក បណ្ឌិត ទៅតុលាការកាលពីថ្ងៃអង្គារ។
ពេលតុលាការសាកសួរ លោក បណ្ឌិតកាលពីម្សិលមិញ អង្គការសិទ្ធិមនុស្សអន្តរជាតិនិងអង្គការសិទ្ធិមនុស្សក្នុងស្រុក បន្តដាក់សម្ពាធលើរដ្ឋាភិបាល ដោយចេញសេចក្តីប្រកាសជំរុញឲ្យមានការសើុបអង្កេតប្រកបដោយតម្លាភាពនិងគ្មានការជ្រៀតជ្រែកខាងនយោបាយនិងចាប់ខ្លួនអ្នកបាញ់ប្រហារ នៅតំបន់សេដ្ឋកិច្ចពិសេស ជាអាទិភាពចម្បងមួយ។
អង្គការសហព័ន្ធសិទ្ធិមនុស្សអន្តរជាតិ (FIDH)ដែលតំណាងឲ្យអង្គការសិទ្ធិមនុស្សចំនួន១៦៤នៅក្នុងប្រទេសជាង១០០និងអង្គការវេទិកាសិទ្ធិមនុស្ស និងការអភិវឌ្ឍអាស៊ាន មានមូលដ្ឋាននៅក្រុងបាងកក បានផ្ញើលិខិតមួយច្បាប់ជូនលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដោយរិះគន់ចំពោះដំណើរការសើុបអង្កេតយឺតយ៉ាវ និងថ្កោលទោសចំពោះការផ្តល់សេរីភាពឲ្យលោកបណ្ឌិត។
សហព័ន្ធសិទ្ធិមនុស្សអន្តរជាតិបានលើកឡើងក្នុងលិខិតនេះថា “បើទោះជាលោកសខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងជាសាធារណៈថា លោក បណ្ឌិត គឺជាជនសង្ស័យតែម្នាក់គត់ក៏ដោយ ក៏សាលាដំបូងក្រោមការដឹកនាំរបស់លោកហឹុង ប៊ុនជាព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបានបដិសេធមិនព្រមចេញដីការចាប់ខ្លួនឡើយ”។
លិខិតនេះបានបន្ថែមថា “យើងសោកស្តាយបំផុតចំពោះការប្រើសិទ្ធិសេរីភាពក្នុងការប្រមូលផ្តុំគ្នាត្រូវបានរំលោភធ្ងន់ធ្ងរ ដោយការប្រើកម្លាំងហួសហេតុ ដែលបានបង្កឲ្យអ្នកចូលរួមធ្វើបាតុកម្មបីនាក់រងរបួសធ្ងន់ធ្ងរ"។ ដោយអត្ថាធិប្បាយអំពីសេរីភាពរបស់លោក បណ្ឌិត បន្ទាប់ពីសារភាពប្រាប់ព្រះរាជ
អាជ្ញាថា ខ្លួនបានប្រើកាំភ្លើងខ្លីមែននោះលោកស៊ីវេយ៉េ (Shiwei Ye) តំណាងរបស់សហព័ន្ធសិទ្ធិមនុស្សអន្តរជាតិនៅអាស៊ានបានថ្លែងថារឿងនេះបង្ហាញអំពីការខ្វះការគោរពច្បាប់ក្នុងនាមជាប្រទេសប្រកាន់នីតិរដ្ឋ។
លោកយ៉េបានថ្លែងថា “ បញ្ហានេះ បង្កឲ្យមានកង្វល់កាន់តែខ្លាំង អំពីដំណើរការសើុបអង្កេតចំពោះការប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរក៏ប៉ុន្តែជនល្មើសត្រូវបានអនុញ្ញាតឲ្យមានសេរីភាព...និងអាចបង្កគ្រោះថ្នាក់ ដល់ជនរងគ្រោះដោយសារការតាមយាយីក្រោយៗទៀត”។
សេចក្តីប្រកាសដាច់ដោយឡែកមួយទៀតចុះហត្ថលេខាដោយសមាជិក៣២រូប របស់អង្គការសង្គមស៊ីវិលកម្ពុជា រាប់ទាំងអង្គការសិទ្ធិមនុស្ស និងសហជីពកម្មករក្នុងស្រុក ក៏បានចេញសេចក្តីថ្លែងការណ៍រួមមួយ អំពាវនាវឲ្យរដ្ឋាភិបាលស្វែងរកយុត្តិធម៌ជូនស្ត្រីរងរបួស។
សេចក្តីប្រកាសនេះ លើកឡើងថា “ កម្មករក្មេងៗ នៅក្នុងឧស្សាហកម្មកាត់ដេរកម្ពុជារាប់ទាំងស្ត្រីបីនាក់ ដែលត្រូវបានបាញ់ប្រហារគឺជាគ្រឹះនៃវិស័យនាំចេញមួយក្នុងចំណោមវិស័យនាំចេញសំខាន់ៗរបស់កម្ពុជា។ពួកគេរែកពុនបន្ទុករបស់ប្រទេសកំពុងអភិវឌ្ឍន៍នេះ។ពួកគេសមនឹងទទួលបាននូវស្ថានភាពល្អប្រសើរជាងនេះ។ ពួកគេសមនឹងទទួលបាននូវសេចក្តីថ្លៃថ្នូរនិងយុត្តិធម៌”៕
ប្រែសម្រួលដោយ ចេវប៊ុននី
ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បដិសេធថា ក្រុមហ៊ុន ថុល ហូលឌីង មិនបានចាកចេញពីគម្រោងផ្លូវដែកទេ
កាលពីម្សិលមិញ លោក គិត ម៉េង អគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានបដិសេធរបាយការណ៍ដែលថា ក្រុមហ៊ុនអូស្ត្រាលីថុលហូលឌីង នឹងចាកចេញពីគម្រោងសហការ ស្តារប្រព័ន្ធផ្លូវដែកកម្ពុជាឡើងវិញដែលត្រូវចំណាយថវិកា១៤០លានដុល្លារ។
ក្រុមហ៊ុនថុលហូលឌីងដែលជាដៃគូពាណិជ្្ជកម្មរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបបានចុះហត្ថលេខារយៈពេល៣០ឆ្នាំ ជាមួយរាជរដ្ឋាភិបាល កាលពីខែមិថុនាឆ្នាំ២០០៩ដើម្បីអនុត្តការងារត្រួតពិនិត្យប្រតិបត្តិការក្នុងបណ្តាញផ្លូវដែកកម្ពុជា។ នៅក្នុងរបាយការណ៍ចេញផ្សាយកាលពីថ្ងៃអង្គារនោះសារព័ត៌មានស៊ីដនីម៉ណីងហ័ររ៉ាល់បានរាយការណ៍ដោយយោងតាមប្រភពគួរឲ្យទុកចិត្តមួថាក្រុមហ៊ុន ថុលហូលឌីងនឹងបោះបង់គម្រោងអាជីវកម្មនេះដោយដកខ្លួនចេញ។
មុនពេលបដិសេធ មិនធ្វើអត្ថាធិប្បាយបន្ថែមលោកគិតម៉េងបានមានប្រសាសន៍ថា"ទេមិនពិតទេ។វាគ្រាន់តែជាការប៉ាន់ស្មានប៉ុណ្ណោះ"។
ប៉ុន្តែលោកផៃស៊ីផានអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍ កាលពីម្សិលមិញថាក្រុមវិនិយោគិនបរទេសដទៃទៀត ដែលមកពីប្រទេសជាច្រើន រួមទាំងប្រទេសចិនផងដែរនោះបានត្រៀមខ្លួនរួចជាស្រេច ក្នុងក្តីសង្ឃឹមថានឹងបានកាន់កាប់គម្រោងផ្លូវដែកនេះបន្តប្រសិនបើក្រុមហ៊ុន ថុលហូលឌីង ដកខ្លួនចេញ។
លោកផៃស៊ីផានបានមានប្រសាសន៍ថា"ហេតុអ្វីបានជាគេគ្រប់គ្នាមិននិយាយអ្វីយ៉ាងនេះ? ខ្ញុំមិនយល់ទេ។ខ្ញុំដឹងថាមានវិនិយោគិនយ៉ាងច្រើន ដែលខ្ញុំឮថាពួកគេមកពីប្រទេសផ្សេងៗដូចជាប្រទេសចិនដែលចង់ដេញថ្លៃយកគម្រោងនោះ"។ លោកបានលើកជាសំណួរថា“អ៊ីចឹងសំណួរសំខាន់គឺថាប្រសិនបើក្រុមហ៊ុននោះទទួលបរាជ័យ តើវាមានបញ្ហាអ្វីទៅ?”។ លោកបានបន្ថែមទៀតថា"ខ្ញុំព្រួយបារម្ភ ហើយរដ្ឋាភិបាល ក៏ព្រួយបារម្ភអំពីមតិសាធារណៈមួយចំនួន"។
លោកដេវិដឃ័រ (David Kerr) ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន...
ក្រុមអ្នកភូមិបឹងកក់ប្រហែល១០០នាក់តវ៉ាសុំសិទ្ធិកាន់កាប់ដីធ្លីបន្ថែមនៅសាលារាជធានីភ្នំពេញ
កាលពីម្សិលមិញអ្នកភូមិបឹងកក់ប្រមាណ១០០នាក់ បានមកប្រមូលផ្តុំគ្នាតវ៉ា នៅមុខសាលារាជធានីភ្នំពេញ ដើម្បីទាមទារឲ្យរដ្ឋាភិបាលផ្តល់ប័ណ្ណកម្មសិទ្ធិកាន់កាប់លំនៅដ្ឋានដល់អ្នកភូមិបឹងកក់ចំនួន៥៨គ្រួសារទៀត ដែលត្រូវបានបណ្តេញចេញ។
កាលពីខែសីហា លោកនាយករដ្ឋមន្ត្រីហ៊ុនសែន បានបញ្ជាឲ្យកាត់ដីសហគមន៍នេះទំហំ ១២,៤៤ហិកតា ចេញពីគម្រោងអចលនទ្រព្យរបស់ក្រុមហ៊ុនលោក ឡៅ ម៉េងឃិនដែលជាសមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា និងបានបញ្ជាឲ្យអាជ្ញាធរ ប្រគល់ប័ណ្ណកម្មសិទ្វិដីឲ្យប្រជាជនរស់នៅក្នុងតំបន់នេះ។
នៅពេលមន្ត្រី ខណ្ឌដូនពេញ ប្រគល់ប័ណ្ណកម្មសិទ្ធិកាន់កាប់ដី ដល់អ្នកភូមិបឹងកក់ ចំនួន៦៣៨គ្រួសារ កាលពីសប្តាហ៍មុន ក្រុមមន្ត្រីទាំងនោះ បាននិយាយថា គ្រប់គ្រួសារដែលមានសិទ្ធិទទួលប័ណ្ណកម្មសិទ្ធិកាន់កាប់ដីធ្លី តាមបទបញ្ជា របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អាចរស់នៅទីនោះបាន។ ប៉ុន្តែអ្នកភូមិបឹងកក់ រួមទាំង អ្នកមានប័ណ្ណកម្មសិទ្ធិកាន់កាប់ដីធ្លីផងនោះ និយាយថា អ្នកភូមិចំនួន៥៨គ្រួសារ ត្រូវបានដកចេញដោយគ្មានហេតុផល។
អ្នកស្រី ហេង មុំ ដែលនៅក្នុងចំណោមអ្នកភូមិបឹងកក់ ដែលទាមទារសិទ្ធិ កាន់កាប់ដីធ្លីដែរនោះ បាននិយាយថា "យើងចង់ឲ្យរដ្ឋាភិបាលដាក់បញ្ចូលអ្នកភូមិទាំង៥៨គ្រួសារនេះ ចូលទៅ ក្នុងដីទំហំ ១២,៤៤ហិកតាដែរ ពីព្រោះក្រុមគ្រួសារទំាងនេះក៏ជាអ្នកភូមិបឹងកក់ដែរ។ ពួកគេមានសិទ្ធិ
ស្នើសុំប័ណ្ណកម្មសិទ្ធិដី"។
ប្រជាជនទាំងនេះកំពុងស្នើឲ្យរដ្ឋាភិបាលកំណត់ព្រំដីទំហំ១២,៤៤ហិកតានេះ ឲ្យបានច្បាស់លាស់ ព្រោះអាជ្ញាធរ មិនដែលបានកំណត់ព្រំដីនេះទ េ និងស្នើសុំឲ្យរដ្ឋាភិបាលសាងសង់ប្រព័ន្ធលូ ដើម្បីរំដោះទឹកជំនន់ ដែលធ្លាប់តែជន់លិចសហគមន៍នេះចាប់តាំងពី ក្រុមហ៊ុនរបស់លោក ឡៅ ម៉េងឃិន គឺក្រុមហ៊ុន ស៊ូកាគូ អីុន បានចាប់ផ្តើមបូមខ្សាច់លុបបឹងកក់នេះក្នុងឆ្នាំ២០០៨។
អ្នកស្រី មុំ បាននិយាយថា រូបគាត់ និងអ្នកតវ៉ាប្រមាណ៩នាក់ផ្សេងទៀត បានជួបជាមួយលោក លី សាវេត ប្រធានរដ្ឋបាលសាលារាជធានីភ្នំពេញ ដើម្បីពិភាក្សាអំពីអ្វីដែលពួកគាត់បានទាមទារ។
អ្នកស្រី មំុ បានមានប្រសាសន៍ថា "លោកលី សាវេត បានទទួលយកញត្តិរបស់យើងហើយលោកបានសន្យាថា នឹងឆ្លើយតបក្នុងរយៈ ពេលមួយសប្តាហ៍ក្រោយពេលលោកជូនដំណឹងទៅថ្នាក់លើ។ អ្នកស្រីបានមានប្រសាសន៍បន្តថា "ក្នុងរយៈពេលមួយសប្តាហ៍ ប្រសិនបើនៅមិនមានការឆ្លើយតបពីសាលារាជធានីទេនោះ យើងនឹងធ្វើការតវ៉ា រហូតទាល់តែទទួលបានដំណោះស្រាយ"។
អ្នកភូមិបឹងកក់ម្នាក់ទៀត ឈ្មោះ ទេពវណ្ណី ដែលបានទទួលប័ណ្ណកម្មសិទ្ធិ កាន់កាប់ដីធ្លីរួចហើយ តែបានមកចូលរួមជាមួយអ្នកតវ៉ាក្នុងកិច្ចពិភាក្សាកាលពីម្សិលមិញដែរ នោះ បាននិយាយថា បន្ទាប់មកអ្នកភូមិ បានធ្វើដំណើរទៅកាន់ស្ថានទូតអាមេរិក បារាំងនិងអង់គ្លេស ដើម្បីដាក់ញត្តិរបស់ខ្លួនស្វែងរកការគាំទ្រពីស្ថានទូតទាំងនេះ។
អ្នស្រីបានបន្តថា ពួកគាត់មានគម្រោងទៅកាន់ស្ថានទូតផ្សេងៗទៀតនៅរសៀលនេះ ប៉ុន្តែពួកគាត់បានទទួលទូរស័ព្ទពីលោកសាវេត អង្វរសុំឲ្យពួកគាត់ឈប់តវ៉ា និងទុកពេលឲ្យលោកដោះស្រាយសំណើរបស់ពួកគាត់ ហើយពួកគាត់ ក៏បានយល់ព្រមតាមលោកទៅ៕
ប្រែសម្រួលដោយ ស៊ា សុ៊យឈាង
សាលាឧទ្ធរណ៍តម្កល់សាលក្រមនៅក្នុងរឿងក្តីដំបូងរបស់អង្គភាពប្រឆាំងអំពើពុករលួយ
កាលពីម្សិលមិញសាលាឧទ្ធរណ៍បានតម្កល់សាលក្រមផ្តន្ទាទោសលោកតុបច័ន្ទសិរីវុធអតីតព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់និងអង្គរក្សរបស់លោកពីរនាក់ទៀតឲ្យជាប់ពន្ធនារគារចាប់ពី១៥ឆ្នាំដល់១៩ឆ្នាំពីបទទទួលសំណូកបង្ខាំងមនុស្សខុសច្បាប់និងជំរិតទារប្រាក់។
សាលាដំបូងខេត្តពោធិ៍សាត់បានផ្តន្ទាទោសលោកតុបច័ន្ទសិរីវុធ ឲ្យជាប់ពន្ធនាគារ១៩ឆ្នាំនិងអង្គរក្សរបស់លោកឈ្មោះរស់ សំណាងឲ្យជាប់ពន្ធនាគារ១៥ឆ្នាំហើយឈ្មោះឈិតវុទ្ធីឲ្យជាប់ពន្ធនាគារ១៦ឆ្នាំកាលពីខែឧសភាជារឿងក្តីដំបូងដែលអង្គភាពប្រឆាំងអំពើពុករលួយរបស់រដ្ឋាភិបាលបានប្តឹងទៅតុលាការ។
អ្នកទាំងបីត្រូវបានចាប់ខ្លួនកាលពីខែវិច្ឆិកា ឆ្នាំ២០១០បន្ទាប់ពីការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយបានរកឃើញថាអតីតព្រះរាជអាជ្ញារូបនេះនិងអង្គរក្សរបស់លោកបានបង្ខាំងមនុស្សខុសច្បាប់ និងប៉ុនប៉ងជំរិតទារប្រាក់ពីមនុស្សដែលខ្លួនបង្ខាំងទាំងនោះជាថ្នូរនឹងការដោះលែង។
អង្គរក្សទីបីម្នាក់ទៀតឈ្មោះពេជ្រគង់យូដែលត្រូវជាប្អូនថ្លៃរបស់លោកតុបច័ន្ទសិរីវុធនោះកំពុងរត់គេចខ្លួននៅឡើយ ប៉ុន្តែត្រូវបាន
កាត់ទោសកំបាំងមុខតាមការចោទប្រកាន់ពីបទល្មើសដូចគ្នានេះនិងត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល១៨ឆ្នាំ។ បន្ទាប់ពីតុលាការចេញសាលក្រមដើមអ្នកទាំងបួននាក់នេះត្រូវបានបង្គាប់ឲ្យសងប្រាក់សរុបចំនួនបួនលានរៀល (ប្រហែល១.០០០ដុល្លារ) ទៅឲ្យដើមចោទឈ្មោះឃុលសុខណា។
លោកឃុលសុខណាស្ថិតនៅក្នុងក្រុមភ្លេងដឹកឈើមួយក្រុម ដែលចុងចោទទាំងនេះបានឃាត់ខ្លួនមុនពេលប៉ុនប៉ងជំរិតទារប្រាក់ពីពួកគេកាលពីខែមិថុនាឆ្នាំ២០១០។
លោកប៉ុលសំអឿនជាចៅក្រមជំនុំជម្រះបានមានប្រសាសន៍នៅពេលអានសេចក្តីសម្រេចរបស់តុលាការកាលពីម្សិលមិញថា បើទោះណាជាចុងចោទទាំងនេះអះអាងថាពួកគេគ្មានពិរុទ្ធភាពក៏ដោយក៏តុលាការមិនជឿពួកគេដែរ។
លោក ប៉ុលសំអឿនបានថ្លែងថា“ពួកគេពិតជាមានពិរុទ្ធភាពពីបទបង្ខាំងមនុស្សខុសច្បាប់ ជំរិតទារប្រាក់និងទទួលសំណូកមែន។តុលាការឃើញថា សេចក្តីសម្រេចរបស់សាលាដំបូងខេត្តពោធិ៍សាត់គឺត្រឹមត្រូវហើយ”។
លោកម៉ុនកែវស៊ីវិនមេធាវីការពារដើមចោទឈ្មោះសុខណានោះបានមានប្រសាសន៍ថាសេចក្តីសម្រេចរបស់តុលាការគឺត្រឹមត្រូវ ពីព្រោះមានភស្តុតាងគ្រប់គ្រាន់ដើម្បីបង្ហាញថា អតីតចៅក្រមរូបនេះ និងអង្គរក្សរបស់គាត់ ពិតជាមានពិរុទ្ធភាព មែន។
លោកគាឆាយមេធាវីតំណាងលោកតុបច័ន្ទសិរីវុធបានច្រានចោលសាលក្រមនេះ។ លោកបាននិយាយថា“ខ្ញុំមិនអាចទទួលយកសាលក្រមរបស់តុលាការនេះបានទេពីព្រោះព្រះរាជអាជ្ញាមានសិទ្ធិឃុំខ្លួនជនសង្ស័យ។ខ្ញុំគិតថាកូនក្តីរបស់ខ្ញុំនឹងប្តឹងទៅតុលាការកំពូល។ខ្ញុំនឹងពិភាក្សារឿងនេះជាមួយកូនក្តីរបស់ខ្ញុំ”។
លោកគាឆាយបានសួរថាហេតុអ្វីបានជាមន្ត្រីរដ្ឋបាលព្រៃឈើគ្មានទោស ព្រោះពួកគេតែងតែចាប់ខ្លួននិងដោះលែងជនសង្ស័យជាប្រចាំនោះ។
លោកសែមចិន្តាមេធាវីតំណាងអង្គរក្សទាំងពីររូបនេះបានមានប្រសាសន៍ថា“ខ្ញុំមិនទាន់ប្រាកដថាតើកូនក្តីរបស់ខ្ញុំនឹងប្តឹងទៅតុលាការកំពូលឬក៏អត់នោះទេប៉ុន្តែខ្ញុំនឹងពិភាក្សាជាមួយពួកគាត់”៕
ប្រែសម្រួលដោយសោមសារុន
អ្នកភូមិជនជាតិដើមភាគតិចនាំគ្នាដើរល្បាត ដើម្បីការពារព្រៃ កុំឲ្យមានការកាប់ឈើខុសច្បាប់
ដោយប្រឈមមុខនឹងការបាត់បង់យ៉ាងឆាប់រហ័សនូវតំបន់ព្រៃដ៏ធំនៅទូទាំងប្រទេសកម្ពុជា សហគមន៍ក្នុងស្រុកបានចាប់ផ្ដើមនាំគ្នាទប់ស្កាត់ ហើយពេលនេះអ្នកភូមិកាន់តែច្រើនឡើងកំពុងនាំគ្នាដើរល្បាតការពារព្រៃរបស់ខ្លួនដើម្បីជួយសង្គ្រោះព្រៃឈើ សម្រាប់ទុកដល់អ្នកជំនាន់ក្រោយ។
សកម្មជនមូលដ្ឋាន និងបុគ្គលិកអង្គការក្រៅរដ្ឋាភិបាល បាននិយាយកាលពីម្សិលមិញថា អ្នកភូមិបាននិងកំពុងតែដើរល្បាត ចាប់តាំងពីឆ្នាំទៅ ដោយរឹបអូសបានឧបករណ៍កាប់ឈើ និងបានជួបពួកអ្នកកាប់ឈើ ហើយកំពុងបន្តល្បាតនៅក្នុងព្រៃឡង់ទៀត និងក្នុងខេត្តក្រចេះ ព្រមទាំងខេត្តមណ្ឌលគិរី ផងដែរ។ លោកសានស៊ីយ៉ាន់តំណាងឲ្យអ្នកភូមិបានឲ្យដឹងថា កាលពីថ្ងៃអង្គារ អ្នកភូមិជនជាតិដើមភាគតិចព្នង និងស្ទៀង មួយក្រុម មានគ្នាប្រហែល៦០ នាក់ នៅក្នុងស្រុកស្នួល ខេត្តក្រចេះ រឹបអូសបានរណារអារឈើចំនួនបីនិងឈើរាប់រយម៉ែត្រគូបដែលគេបានកាប់នៅក្នុងព្រៃសហគមន៍មួយ និងនៅក្នុងដែនជម្រកសត្វព្រៃស្នួល។
លោក ស៊ីយ៉ាន់ បានមានប្រសាសន៍ថា“យើងបានឃើញកម្មករជាច្រើនស៊ីឈ្នួលកាប់ឈើ...ប៉ុន្តែយើងអាចរឹបអូសបានត្រឹមតែរណារបី និងឃាត់ខ្លួនកម្មករប្រាំបីនាក់ ហើយឃុំខ្លួនពួកគេអស់រយៈពេលមួយម៉ោង រីឯអ្នកកាប់ឈើរាប់សិបនាក់ បានគេចខ្លួនរួច”។ លោកបានបន្ថែមថា អ្នកភូមិបានជូនដំណឹងដល់រដ្ឋបាលព្រៃឈើមូលដ្ឋាន អំពីការកាប់ឈើ ហើយបានដោះលែងអ្នកកាប់ឈើទាំងនោះ បន្ទាប់ពីធ្វើការព្រមានរួច។
លោក ស៊ិន សាន តំណាងឲ្យអង្គការបណ្ដាញប្រជាជនព្រៃឡង់ បាននិយាយថា អ្នកភូមិមួយក្រុមមានគ្នារាប់រយនាក់ នឹងដើរល្បាតក្នុងព្រៃរយៈពេល១៥ថ្ងៃម្តងទៀត ដោយចាប់ផ្តើមនៅថ្ងៃអង្គារ សប្តាហ៍ក្រោយ ដើម្បីការពារតំបន់ស្នូល ដែលមិនទាន់មានការបំផ្លិចបំផ្លាញទំហំ១៣៥.០០០ហិកតាដែលលោកបានលើកឡើងថា កំពុងទទួលរងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដោយសារ “ការកាប់ឈើខុសច្បាប់”។ ការដើរល្បាតនេះធ្វើឡើងបន្ទាប់ពីក្រុមនេះដើរល្បាតក្នុងព្រៃពីរលើកកាលពីខែមុន។
លោក ស៊ិន សាន បាននិយាយថា “សហគមន៍នេះ កំពុងតែពង្រីកសកម្មភាពរបស់ខ្លួន ក្នុងការដើរល្បាតការពារព្រៃ ដោយសារអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់មិនអាចបញ្ឈប់ការកាប់ឈើនៅក្នុងព្រៃឡង់បាន”។ លោកបន្ថែមថា អ្នកស្រុកបានដើរល្បាតជាទ្រង់ទ្រាយតូចជាងនេះកាលពីខែមុន។
ក្រុមនេះមានសមាជិក ក្នុងខេត្តស្ទឹងត្រែងកំពង់ធំ ព្រះវិហារ និងខេត្តក្រចេះ ដែលគ្របដណ្ដប់ដោយព្រៃឈើខៀវខ្ចី នៅក្នុងតំបន់ដីទំនាបមានទំហំប្រមាណជាង៦៥០.០០០ហិកតា ហើយក្រុមនេះបានធ្វើយុទ្ធនាការដល់មហាជន ដែលរូបភាពប្រហាក់ប្រហែលគ្នានេះដែរ កាលពីខែវិច្ឆិកា ដែលពេលនោះអ្នកភូមិប្រហែល៣០០នាក់ បានដើរល្បាតរយៈពេល១០ថ្ងៃ រហូតទាល់តែអាជ្ញាធរមូលដ្ឋានបានបំបែកការដើរល្បាតនេះ។
ក្រុមអ្នកធ្វើយុទ្ធនាការ ទទួលបានជោគជ័យបន្តិចបន្តួចប៉ុណ្ណោះពីព្រោះរដ្ឋបាលព្រៃឈើថ្មីៗនេះ បានព្រាងសំណើបណ្ដោះអាសន្នមួយ ដើម្បីរក្សាទុកព្រៃឡង់ជាឧទ្យានជាតិ។
អ្នកភូមិជនជាតិដើមភាគតិចបាននិយាយថា សកម្មភាពការពារព្រៃសហគមន៍បែបនេះកាន់តែកើនឡើង ពីព្រោះសហគមន៍ដឹងថាអាជ្ញាធរមិនបានការពារព្រៃទេ ឬពេលខ្លះចូលរួមជាមួយក្រុមកាប់ឈើខុសច្បាប់ថែមទៀតផង។
លោក ហួន ជា អ្នកភូមិជនជាតិភាគតិចព្នង អាយុ៤៩ឆ្នាំ មកពីស្រុកស្នួល បាននិយាយថា “ប្រជាពលរដ្ឋកម្ពុជា ដែលបានរៀនសូត្រខ្ពង់ខ្ពស់ នឹងមិនទទួលរងផលប៉ះពាល់ដោយសារការបាត់បង់ព្រៃនោះទេ ក៏ប៉ុន្តែអ្នកស្រុកជនជាតិដើមភាគតិចគ្មានការងារធ្វើ ដែលនេះជាមូលេហតុយើងត្រូវក្រោកឈរឡើងដើម្បីការពារព្រៃ”។
ឈ្មោះ ខាន់ចាន់នី អ្នកភូមិព្នងម្នាក់ផ្សេងទៀត នៅក្នុងឃុំប៊ូស្រាខេត្តមណ្ឌលគិរីបាននិយាយថា អ្នកភូមិនៅទីនោះ បានព្យាយាម
ដើរល្បាតការពារព្រៃ ក៏ប៉ុន្តែមិនអាចចូលទៅជ្រៅដល់តំបន់ព្រៃក្រាស់បានទេ ពីព្រោះអាជ្ញាធរមូលដ្ឋាន និងទាហានកងយោធពលខេមរភូមិន្ទឈរជើងនៅក្បែរនោះ រារាំងយើងមិនឲ្យចូលព្រៃ។
បើទោះជា អ្នកភូមិជាច្រើន មានមន្ទិលអំពីការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការការពារព្រៃឈើក៏ដោយ ក៏រដ្ឋបាលព្រៃឈើបានលើកឡើងថា ខ្លួនស្វាគមន៍ចំពោះការដើរល្បាតការពារព្រៃរបស់អ្នកភូមិដែលជាមធ្យោបាយមួយ ដើម្បីជួយដល់ការងារការពារព្រៃឈើរបស់ខ្លួនផ្ទាល់ដែរ។ លោក ទាប គន់ពិដោរ ប្រធានរដ្ឋបាលព្រៃឈើឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះបានមានប្រសាសន៍ថា “ពិតមែនហើយ យើង ត្រូវការពួកគាត់ ដើម្បីជួយដើរល្បាត ដើម្បីជួយទប់ស្កាត់ និងបង្ក្រាបការកាប់ឈើខុសច្បាប់ និងការបំផ្លាញព្រៃឈើ”។...
ទាហានថៃបានបាញ់បុរសម្នាក់ និងឃុំខ្លួនបុរសជាង២០នាក់ផ្សេងទៀត នៅក្នុងឧប្បត្តិហេតុកាប់ឈើ
ក្រុមមន្ត្រីបាននិយាយកាលពីម្សិលមិញថា បុរសម្នាក់ត្រូវបានបាញ់ចំស្មា និងម្នាក់ទៀតត្រូវបានចាប់ខ្លួន បន្ទាប់ពីទាហានថៃបានធ្វើការបាញ់ប្រហារទៅលើអ្នកកាប់ឈើខុសច្បាប់កម្ពុជាមួយក្រុមដែលបានឆ្លងចូលទៅក្នុងទឹកដីថៃតាមខេត្តឧត្តរមានជ័យ ។
លោក ម៉ៅ សំណាង នាយប៉ុស្តិ៍នគរបាលឃុំកូនគ្រៀល ក្នុងស្រុកសំរោង បានមានប្រសាសន៍ថា“បុរសប្រាំពីរនាក់បានលួចចូលទៅក្នុងព្រៃក្នុងទឹកដីថៃចម្ងាយប្រហែលពីរគីឡូម៉ែត្រពីបង្គោលព្រំដែនកម្ពុជា-ថៃ លេខ១៨ប៉ុន្តែពួកគេបានវង្វេងផ្លូវនៅក្នុងព្រៃ។នៅពេលដែលពួកគេត្រឡប់មកផ្ទះវិញពួកគេបានជួបនឹងទាហានថៃដែលកំពុងដើរល្បាតក្នុងព្រៃនោះ ហើយទាហានថៃក៏បានបាញ់រះមកលើពួកគេតែម្តងដោយធ្វើឲ្យបុរសម្នាក់រងរបួសនិងម្នាក់ទៀតបាត់ខ្លួន។ ក៏ប៉ុន្តែកាលពីម្សិលមិញ យើងបានឮថាបុរសដែលបានបាត់ខ្លួននោះ ត្រូវបានទាហានថៃចាប់ខ្លួន”។
លោក លីឡាដាប្រធានផ្នែកព័ត៌មាននៃកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យបានមានប្រសាសន៍ថាបុរសឈ្មោះរីថៃរាបអាយុ២០ឆ្នាំបានរងរបួសត្រង់ស្មាជាទម្ងន់និងត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យស្រុកមង្គលបុរី។
លោក សំណាង បានមានប្រសាសន៍ថាបុរស ឈ្មោះ រៀម រាប អាយុ២៧ឆ្នាំ ត្រូវបានទាហានថៃចាប់ខ្លួន។លោកបានបន្ថែមថាបុរសប្រាំនាក់ទៀតបានត្រឡប់ទៅឃុំកូនគ្រៀលវិញដោយសុវត្ថិភាព។ រហូតមកដល់ពេលនេះក្នុងឆ្នាំនេះ ប្រជាពលរដ្ឋកម្ពុជា១១នាក់ហើយ ត្រូវបានទាហានថៃបាញ់សម្លាប់ខណៈដែលពួកគេកំពុងកាប់ព្រៃខុសច្បាប់នៅតាមព្រំដែនកម្ពុជា-ថៃហើយមន្ត្រីកម្ពុជាបានសុំឲ្យសមភាគីថៃឈប់បាញ់អ្នកកាប់ឈើ។
កាលពីថ្ងៃអាទិត្យកន្លងទៅនេះដែរ នគរបាលខេត្តឧត្តរមានជ័យក៏បានចាប់ខ្លួនអ្នកកាប់ឈើគ្រញូង២៤នាក់ មកពីខេត្តសៀមរាបដែលប៉ុនប៉ងឆ្លងព្រំដែនកម្ពុជា-ថៃនៅក្នុងស្រុកត្រពាំងប្រាសាទ។
លោក មែ៉នលីស្នងការនគរបាលខេត្តឧត្តរមានជ័យបានមានប្រសាសន៍ថា“នគរបាលបានឃាត់ខ្លួនពួកគេ៤៨ម៉ោង ដើម្បីអប់រំពកគេឡើងវិញ”។ លោកបានបន្ថែមថា នគរបាលបានណែនាំប្រាប់ពួកគេថាការរកសីុកាប់ឈើបែបនេះគឺជាអំពើខុសច្បាប់និងមានគ្រោះថ្នាក់ដោយសារទាហានការពារព្រំដែនថៃបាញ់ទៀតផង។
លោក ម៉ែន លី បានមានប្រសាសន៍ថា “ យើងបានបង្ហាញពួកគេនូវរូបភាពរបស់អ្នកកាប់ឈើគ្រញូងដែលត្រូវបានទាហានថៃបាញ់សម្លាប់ ដើម្បីឲ្យពួកគេឈប់ឆ្លងព្រំដែនខុសច្បាប់ទៀត”។
លោកម៉ែនលី ឲ្យដឹងថាឆ្នាំនេះគ្រាន់តែនៅក្នុងខេត្តឧត្តរមានជ័យមួយ...
បុរសពិការត្រូវគេវាយធ្វើបាបក្នុងជម្លោះដីធ្លីនៅឧត្តរមានជ័យ
ឧត្តមសេនីយ៍យោធាផ្កាយ២ម្នាក់នៅខេត្តឧត្តរមានជ័យ និងប្រធានភូមិម្នាក់មកពីគណបក្សប្រជាជនកម្ពុជាត្រូវបានអ្នកភូមិចោទថាបានវាយបុរសពិការពីរនាក់ឲ្យសន្លប់ នៅពេលមានការប្រឈមមុខគ្នារឿងជម្លោះដីធ្លី នៅព្រំប្រទល់ខេត្តព្រះវិហារ និងឧត្តរមានជ័យហើយកាលពីម្សិលមិញ ឧត្តមសេនីយ៍ និងប្រធានភូមិរូបនេះបានបដិសេធយ៉ាងដាច់អហង្ការចំពោះការអះអាងនេះ។
លោកជាតិពេញ ប្រធានសាខាសមាគមអភិវឌ្ឍន៍ជនពិការខេត្តព្រះវិហារ ដែលជាក្រុមតស៊ូមតិសម្រាប់អតីតយុទ្ធជននិងជនពិការ បានចោទ លោកឧត្តមសេនីយ៍ទោយូវ៉ាន់ថនហៅខ្លាបីជានាយរងមេបញ្ជាការកងពលធំលេខបីនិងលោកមោកឃានប្រធានភូមិតាំងពោធិ៍ក្នុងឃុំព្រះប្រឡាយស្រុកត្រពាំងប្រាសាទថាបានវាយបុរសពិការពីរនាក់ឲ្យសន្លប់ កាលពីថ្ងៃអាទិត្យនៅពេលអ្នកទាំងពីរព្យាយាមរារាំងពួកគេមិនឲ្យរុះរើផ្ទះអ្នកភូមិ។
លោកជាតិពេញបានអះអាងថា“ឧត្តមសេនីយ៍និងប្រធានភូមិរូបនេះបានដឹកនាំកូនចៅរបស់ខ្លួនមួយក្រុមមក ប្រព្រឹត្តអំពើហិង្សាលើជនពិការនិងអ្នកភូមិក្រីក្រ”។
លោកគង់កើលអាយុ៥០ឆ្នាំជាជនពិការដៃឆ្វេងដោយសារការដោះមីននៅក្នុងឆ្នាំ១៩៨៨ដែលជាជនរងគ្រោះមួយរូបបាននិយាយថា លោកឧត្តមសេនីយ៍វ៉ាន់ថនបានយកដំបង និងកាំភ្លើងខ្លីវាយគាត់។លោកបន្តថា“នៅពេលខ្ញុំអង្វរពួកគេកុំឲ្យចាប់ខ្លួនប្រជាជននិងរារាំងពួកគេមិនឲ្យរុះរើផ្ទះសម្បែងរបស់អ្នកភូមិស្រាប់តែពួកគេដើរសំដៅមករកខ្ញុំហើយវាយខ្ញុំរហូតដល់សន្លប់តែម្តង”។
នៅពេលទាក់ទងកាលពីម្សិលមិញលោក ឧត្តមសេនីយ៍ វ៉ាន់ថនបានបដិសេធមិនព្រមនិយាយជាមួយអ្នកយកព័ត៌មានទេដោយគ្រាន់តែប្រាប់ថាគាត់ពិបាកនិយាយពីព្រោះគាត់មានជំងឺទឹកនោមផ្អែមនិងលើសឈាម។
យោងតាមអង្គការសិទ្ធិមនុស្សអាដហុកបានឲ្យដឹងថាលោកឧត្តមសេនីយ៍ វ៉ាន់ថនបានបដិសេធថា លោកមិនបានវាយធ្វើបាបនរណាម្នាក់ទេដោយនិយាយថាអ្នកភូមិដែលមានកំហឹងនោះទេដែលបានវាយជនពិការទំាងពីរនាក់នោះឲ្យរងរបួស។ចំណែកលោកប្រធានភូមិ ឃានក៏បានបដិសេធការចោទប្រកាន់នេះដែរ៕
ប្រែសម្រួលដោយស៊ាស៊ុយឈាង
កម្ពុជា និងម៉ាឡេស៊ី ផ្លាស់ប្តូរសំណើស្តីពីកិច្ចព្រមព្រៀងសម្រាប់ពលករចំណាកស្រុក
ការចរចារវាងប្រទេសកម្ពុជានិងប្រទេសម៉ាឡេស៊ីជុំវិញកិច្ចព្រមព្រៀងទ្វេភាគីស្តីអំពីការកែលម្អលក្ខខណ្ឌការងារសម្រាប់ពលករចំណាកស្រុកនោះកំពុងវិវឌ្ឍសន្សឹមៗ ខណៈដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរកំពុងតែផ្លាស់ប្តូរសេចក្តីព្រាងកិច្ចព្រមព្រៀងនេះបើយោងតាមក្រុមមន្ត្រីនៃប្រទេសទាំងពីរ។
លោកអូស្មាន់ហាស្សាន់រដ្ឋលេខាធិការក្រសួងការងារបានមានប្រសាសន៍ថា កម្ពុជាទទួលបានសំណើតបពីប្រទេសម៉ាឡេស៊ីនាពេលថ្មីៗនេះ។ លោកបានមានប្រសាសន៍កាលពីថ្ងៃច័ន្ទថា“យើងទទួលបានសេចក្តីព្រាងកិច្ចព្រមព្រៀងនេះហើយនាពេលនេះ”ហើយក្រុមមន្ត្រីកំពុងពិនិត្យកិច្ចព្រមព្រៀងនេះ។
លោករ៉ាចាសៃហ៊្វូលរីដហ៊្សូវ៉ានអនុប្រធានបេសកកម្មប្រចាំស្ថានទូតម៉ាឡេស៊ីបានថ្លែងថាប្រទេសម៉ាឡេស៊ីបានធ្វើការសិក្សានិងបានធ្វើការកែប្រែសំណើកិច្ចព្រមព្រៀងនេះដែលប្រទេសកម្ពុជាបានបញ្ជូនមកកាលពីចុងឆ្នាំមុនហើយ “ថ្មីៗនេះ”បានបញ្ជូនសំណើកិច្ចព្រមព្រៀងកែប្រែរួចទៅឲ្យរដ្ឋាភិបាលកម្ពុជាវិញដើម្បីធ្វើការពិចារណា។
លោករីដហ៊្សូវ៉ានបានមានប្រសាសន៍ថា“ក្រោយពីបានធ្វើការកែប្រែរួចយើងបានបញ្ជូនសេចក្តីព្រាងនេះត្រឡប់ទៅវិញដើម្បីឲ្យភាគីកម្ពុជាអនុម័ត។ដូច្នេះហើយយើងកំពុងរង់ចាំភាគីកម្ពុជា។យើងមិនរំពឹងថានឹងមានប្រតិកម្មភ្លាមៗនោះទេ ពីព្រោះវាជាកិច្ចការសំខាន់ណាស់”។
ពេលស្នើសុំការអត្ថាធិប្បាយអំពីការកែប្រែរបស់ភាគីម៉ាឡេស៊ីនោះលោករីដហ៊្សូវ៉ានបានមានប្រសាសន៍ថា“ទោះយើងធ្វើការកែប្រែយ៉ាងណាក៏ដោយក៏វាដើម្បីផលប្រយោជន៍របស់ម៉ាឡេស៊ីនិងកម្ពុជាដែរ”។
ប្រទេសកម្ពុជាបានបញ្ជូនស្ត្រីជំនួយការមេផ្ទះយ៉ាងហោចណាស់៣០.០០០នាក់ទៅបម្រើការនៅប្រទេសម៉ាឡេស៊ីក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះប៉ុន្តែករណីរំលោភបំពាន និងការកេងប្រវ័ញ្ចជាច្រើនពីសំណាក់ទីភ្នាក់ងារជ្រើសរើសពលករកម្ពុជានិងនិយោជកម៉ាឡេស៊ីបានបណ្តាលឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុនសែនចេញបម្រាមហាមមិនឲ្យបញ្ជូនស្ត្រីជំនួយការមេផ្ទះទៅទៀតទេកាលពីខែតុលា។
កាលពីថ្ងៃទី២៨ខែកុម្ភៈអង្គការសិទ្ធិមនុស្សកម្ពុជានិងអន្តរជាតិ និងសហជីពចំនួន៦០បានស្នើឲ្យប្រទេសទាំងពីរនេះមានកិច្ចព្រមព្រៀងមួយ ដែលនឹងធានាឲ្យមានសិទ្ធិការងាររឹងមាំសម្រាប់ស្ត្រីជំនួយការមេផ្ទះកម្ពុជាដែលទៅបម្រើការងារក្នុងប្រទេសម៉ាឡេស៊ី។
បច្ចុប្បន្ននេះការងារជាស្ត្រីជំនួយការមេផ្ទះមិនត្រូវបានទទួលស្គាល់ជាផ្លូវការថាជាការងារផ្លូវការនៅក្នុងប្រទេសភាគច្រើននៅតំបន់អាស៊ីអាគ្នេយ៍នេះទេមានន័យថាម៉ោងធ្វើការ ប្រាក់ខែអប្បបរមានិងលក្ខខណ្ឌ
ការងារផ្សេងៗទៀតមិនទាន់រៀបរយនៅឡើយទេខណៈដែលពលករចំណាកស្រុកមានការការពារផ្លូវច្បាប់តិចតួចក្នុងប្រទេសម៉ាឡេស៊ី។
ក្រុមបុគ្គលិកសិទ្ធិមនុស្សកំពុងជំរុញឲ្យរដ្ឋាភិបាលបើកចំហអំពីការចរចារបស់ខ្លួននិងពិគ្រោះយោបល់ជាមួយអង្គការតស៊ូមតិផ្នែកការងារ។
លោកមឿនតុលាប្រធានមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍បានថ្លែងថា“ដើម្បីធ្វើឲ្យមានតម្លាភាពនិងមានការទទួលខុសត្រូវរដ្ឋាភិបាលមិនគួរលាក់បាំង នេះឡើយ”។
លោកមឿនតុលាបានមានប្រសាសន៍ថា“ដើម្បីធ្វើឲ្យ នេះ មានប្រសិទ្ធភាពនិងគាំទ្រដល់ស្ត្រីនោះគួរបើកទូលាយឲ្យមានការពិភាក្សាជាមួយអង្គការនានាដែលចូលរួមផ្តល់ការគាំទ្រផ្នែកច្បាប់ដល់ជនរងគ្រោះពីការរំលោភបំពាន”។
លោកបានបន្ថែមថាកិច្ចព្រមព្រៀងនេះគួរធានាឲ្យប្រាកដថាស្ត្រីជំនួយការមេផ្ទះត្រូវមានថ្ងៃឈប់សម្រាកប្រចាំសប្តាហ៍ធ្វើការប្រាំបីម៉ោងក្នុងមួយថ្ងៃនិងមានការពិនិត្យឲ្យបានទៀងទាត់ពីលក្ខខណ្ឌការងារ៕
ប្រែសម្រួលដោយសោមសារុន
ជំរឿនសហគ្រាសបង្ហាញថា កម្ពុជាមានសហគ្រាសកន្លះលាន
យោងតាមជំរឿនសហគ្រាសថ្នាក់ជាតិមួយ ដែលក្រសួងផែនការបានចេញកាលពីម្សិលមិញបានឲ្យដឹងថា ប្រទេសកម្ពុជាមានសហគ្រាសសរុបចំនួន៥០៥.១៣៤ ដែលទ្រទ្រង់ដោយកម្លាំងពលកម្មចំនួន១.៦៧៦.២៦៣នាក់ គឺស្មើនឹង១១,៥៦ភាគរយប៉ុណ្ណោះនៃចំនួនប្រជាជនសរុប។
ជំរឿនសហគ្រាសឆ្នាំ២០១១កន្លងទៅនេះបានរកឃើញថា ក្នុងចំណោមចំនួនមនុស្សសរុបមានការងារធ្វើនៅក្នុងប្រទេសចំនួន១.០២៦.០៨៤នាក់ឬស្មើនឹង៦១,២ភាគរយ គឺជាស្ត្រី ដែលភាគច្រើនបម្រើការងារផ្នែកសេវាកម្មចំណីអាហារ ផ្នែកលក់រាយ និងវិស័យកាត់ដេរដែលទទួលបានប្រាក់ខែទាប។
យោងតាមជំរឿននេះបង្ហាញថា ៩៧,៧ភាគរយនៃសហគ្រាសទាំងអស់ក្នុងប្រទេសកម្ពុជា ត្រូវបានបែងចែកជាសហគ្រាសខ្នាតតូច ដែលមានកម្មករតិចជាង១០នាក់ រីឯ៧៩ភាគរយ នៃសហគ្រាសទាំងអស់មានកម្មករតិចជាងបីនាក់។ចំណែកឯសហគ្រាសខ្នាតធំ ដែលត្រូវបានចាត់ថាមានកម្មករលើសពី១០០នាក់នោះ មានតែ០,២ភាគរយប៉ុណ្ណោះ នៃចំនួនសហគ្រាសទាំងអស់ ឬស្មើនឹង៧៨៧សហគ្រាស។ ទោះជាយ៉ាងណា បើនិយាយពីសកម្មភាព
ធ្វើអាជីវកម្មវិញសហគ្រាសខ្នាតធំទាំងនេះ មានចំណែកជិតពាក់កណ្តាលនៃសកម្មភាពធ្វើអាជីវកម្មដែលមានទឹកប្រាក់ចំនួន១២០ពាន់លានដុល្លារប្រចាំឆ្នាំរបស់កម្ពុជា គឺស្មើនឹង៥៨,៥ពាន់លានដុល្លារក្នុងមួយឆ្នាំ រីឯសហគ្រាសដែលមានកម្មករតិចជាងបីនាក់ មានចំណែកត្រឹមតែ៣,៩ពាន់លានដុល្លារប៉ុណ្ណោះនៅក្នុងការធ្វើអាជីវកម្ម។
ដោយត្រូវបានធ្វើឡើងក្នុងខែមីនា ឆ្នាំ២០១១ ជំរឿនដែលចុះធ្វើពីសហគ្រាសមួយទៅសហគ្រាសមួយ និងដែលចំណាយអស់ទឹកប្រាក់ចំនួន៣,២៦លានដុល្លារនេះទទួលបានមូលនិធិភាគច្រើនពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ហៅកាត់ថា JICA ហើយមានភារកិច្ចប្រមូលតួលេខសហគ្រាសក្នុងប្រទេសកម្ពុជា ព្រមទាំងប្រមូលទិន្នន័យសេដ្ឋកិច្ចស្តីពីសហគ្រាសទាំងនោះផង។
លោកឆាយថនរដ្ឋមន្ត្រីក្រសួងផែនការ បានមានប្រសាសន៍កាលពីព្រឹកម្សិលមិញនៅពេលប្រកាសពីជំរឿននេះថា “ជំរឿនសហគ្រាសឆ្នាំ២០១១ នេះត្រូវបានធ្វើឡើងនៅតាមភូមិ ឬកន្លែងធ្វើជំរឿននីមួយៗ និងតាមទីផ្សារក្នុងស្រុក ខណ្ឌឃុំ និងសង្កាត់ទាំងអស់ទូទាំងព្រះរាជាណាចក្រកម្ពុជា”។
ជំរឿននេះក៏បង្ហាញដែរថា សហគ្រាសលក់ដុំ លក់រាយ និងជួសជុលយានយន្តមាន៥៧,២ភាគរយនៃសហគ្រាសទាំងអស់ក្នុងប្រទេសកម្ពុជា គឺស្មើនឹង២៨៩.១៣០សហគ្រាស រីឯសហគ្រាសផលិតកម្មមាន១៤,៩ភាគរយ ហើយសេវាកម្មសណ្ឋាគារផ្ទះសំណាក់និងចំណីអាហារមាន១៣,៨ភាគរយនៃតួលេខសរុប។
យោងតាមលទ្ធផលនៃជំរឿនេនះ សេវាផលិតកម្ម សេវាកម្មសណ្ឋាគារ ផ្ទះសំណាក់ និងចំណីអាហារមាន៨៦,៧ភាគរយនៃសហគ្រាសថ្មីចំនួន១៨១.០៣៥ ដែលត្រូវបានបង្កើតឡើងក្នុងប្រទេសកម្ពុជា ចាប់តាំងពីដើមឆ្នាំ២០០៩មក។ ក្នុងរយៈពេលដូចគ្នានេះសហគ្រាសនានា ដែលផ្តោតលើសេវាព័ត៌មាននិងទំនាក់ទំនង ដូចជាទូរស័ព្ទចល័តនិងអីុនធើណិតជាដើមនោះ បានកើនឡើង៥២,៤ភាគរយ មកដល់៤.៧០៨សហគ្រាស។
ខណៈដែលជំរឿននេះបានរកឃើញថាស្ត្រីដែលធ្វើការនៅតាមសហគ្រាសនានាមានចំនួនច្រើនជាងបុរសនោះជំរឿននេះក៏បានរកឃើញដែរថា សហគ្រាសគ្រប់គ្រងដោយស្ត្រីមានច្រើនជាង ដោយស្ត្រីគ្រប់គ្រងចំនួន៦៥ភាគរយ ឬស្មើនឹង ៣២៦.០០៦នៃសហគ្រាសទាំងអស់។ជាង៦៤ភាគរយ នៃសហគ្រាសទាំងអស់ ត្រូវបានគ្រប់គ្រងនៅតាមលំនៅដ្ឋានតែម្តង។
លោក ចាន់ សុផល ប្រធានសមាគមសេដ្ឋកិច្ចកម្ពុជា បានមានប្រសាសន៍ថាដោយសារតែសហគ្រាសខ្នាតតូចមានចំនួនច្រើននៅក្នុងប្រទេសកម្ពុជានោះ រាជរដ្ឋាភិបាលគួរតែផ្តោតលើការអភិវឌ្ឍសហគ្រាសខ្នាតតូចទាំងនោះ។ទោះជាយ៉ាងណា យោងតាមជំរឿននេះមានសហគ្រាសតែ១៧.៣៦៩ឬស្មើនឹង៣,៤ភាគរយនៃសហគ្រាសទាំងអស់ប៉ុណ្ណោះដែលបានចុះបញ្ជីជាមួយរដ្ឋាភិបាលនាពេលបច្ចុប្បន្ន៕
ប្រែសម្រួលដោយ តែមសុខុម
អាមេរិកថា ការលាងលុយកខ្វក់ និងគ្រឿងញៀននៅតែជាបញ្ហាប្រឈមដ៏ធំមួយនៅកម្ពុជា
យោងតាមរបាយការណ៍ថ្មីមួយដែលចេញដោយក្រសួងការបរទេសអាមេរិកបានឲ្យដឹងថា ការលាងលុយកង្វក់ និងឧក្រិដ្ឋកម្មទាក់ទងនឹងគ្រឿងញៀន នៅតែជាបញ្ហាប្រឈមដ៏ធំមួយក្នុងប្រទេសកម្ពុជានៅឡើយ ដោយសារតែកង្វះច្បាប់ដែលអាចអនុវត្តបាន អំពើពុករលួយ ព្រមទាំងធនធាននៅមានកម្រិត។
យោងតាមរបាយការណ៍យុទ្ធសាស្ត្រគ្រឿងញៀនអន្តរជាតិឆ្នាំ២០១២ បានឲ្យដឹងថា ប្រទេសកម្ពុជា នៅតែ “ ប្រឈមខ្លាំង” នឹងបញ្ហាលាងលុយកខ្វក់ ដោយសារតែបញ្ហាមួយចំនួន ក្នុងនោះរួមមានទាំងទីផ្សារងងឹតដ៏ធំ និងការត្រួតពិនិត្យនៅមានកម្រិតរបស់រដ្ឋាភិបាលលើទីកន្លែងមិនចេញមុខមួយចំនួនដូចជាកាស៊ីណូជាដើមផង។
របាយការណ៍នេះមានខ្លឹមសារថា “ មិនថាវាមានទំហំបុ៉ណ្ណាទេ ទាំងការធ្វើឲ្យចរន្តប្រាក់ស្របច្បាប់ និងមិនស្របច្បាប់ ច្រើនតែធ្វើឡើងក្រៅស្ថាប័នហិរញ្ញវត្ថុស្របច្បាប់ ហើយពិបាកក្នុងការពិនិត្យតាមដានណាស់”។ “ទឹកប្រាក់ដែលបានមកពីអំពើខុសច្បាប់ផ្សេងៗត្រូវបានគេយកទៅវិនិយោគភ្លាមៗលើដីធ្លី
ផ្ទះ វត្ថុមានតម្លៃ ឬអចលនទ្រព្យ ក្នុងទម្រង់ផ្សេងៗទៀត ដោយមិនបានឆ្លងកាត់ធនាគារស្របច្បាប់”។ របាយការណ៍នេះក៏បានឲ្យដឹងផងដែរថា ក្រមព្រហ្មទណ្ឌបច្ចុប្បន្ន មិនអាចកំណត់ការលាងលុយកខ្វក់ថាជាអំពើឧក្រិដ្ឋកម្មបានទេ ដោយសារតែកង្វះបទបញ្ញត្តិសម្រាប់ត្រួតពិនិត្យចរន្តសាច់ប្រាក់ដែលគួរឲ្យសង្ស័យ ខណៈដែលភាពមិនស៊ីសង្វាក់គ្នាខាងផ្នែកច្បាប់ ធ្វើឲ្យមានភាពមិនច្បាស់លាស់ មិនដឹងថា តើអង្គភាពមួយណាដែលមានសមត្ថកិច្ចក្នុងការបង្កកហិរញ្ញវត្ថុដែលគ្រប់គ្រងដោយឧក្រិដ្ឋជន ក្នុងនោះមានទាំងជនសង្ស័យជាភេរវករផងដែរ។
របាយការណ៍ដដែលនេះមានខ្លឹមសារបន្តថា “កង្វះភាពច្បាស់លាស់ និងសុក្រឹតភាពក្នុងសេចក្តីរាយការណ៍ ព្រមទាំងកង្វះរចនាសម្ព័ន្ធច្បាប់ ជាការរាំងស្ទះដល់ឯករាជភាពរបស់ FIU (អង្គភាពសើុបអង្កេតហិរញ្ញវត្ថុ) និងសកម្មភាពប្រឆាំងការលាងលុយកខ្វក់ព្រមទាំងការផ្តល់ហិរញ្ញប្បទានដល់ភេរវករ “។
ភាពស្មុគស្មាញនៃច្បាប់ និងព្រំដែនធូរលុងរបស់កម្ពុជា ក៏បានបន្ទុចបង្អាក់លទ្ធភាពរបស់ប្រទេសនេះ ក្នុងការដោះស្រាយបញ្ហាឧក្រិដ្ឋកម្មទាក់ទងនឹងគ្រឿងញៀន និងការរត់ពន្ធឆ្លងកាត់ព្រំដែនក្នុងទម្រង់ផ្សេងទៀតផងដែរ។
របាយការណ៍នេះមានខ្លឹមសារបន្តថា “ មន្ត្រីនគរបាលព្រំដែនត្រូវបានស្នើឲ្យប្រើប្រាស់ប្រព័ន្ធត្រួតពិនិត្យព្រំដែនទំនើបដែរ ប៉ុន្តែនៅតែត្រូវប្រឈមនឹងបញ្ហាមួយចំនួនដូចជាកង្វះការហ្វឹកហ្វឺន និងថវិកាមានកម្រិត ដែលបានផ្តល់ឱកាសដល់បណ្តាញឧក្រិដ្ឋជនក្នុងការកេងចំណេញពីកម្សោយទាំងនេះ ដើម្បីរត់ពន្ធគ្រឿងញៀន សារធាតុគីមីដែលបង្កគ្រោះថ្នាក់ ព្រមទាំងការជួញដូរមនុស្ស និងសត្វព្រៃ”។
ឧត្តមសេនីយ៍ឯក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ការពង្រឹងសមត្ថភាពផ្នែកព៌តមានវិទ្យាអាចជួយដោះស្រាយបញ្ហាលាងលុយកខ្វក់នេះបាន។
លោកបានមានប្រសាសន៍ថា “យើងមានភាពកម្សោយខាងការត្រួតពិនិត្យការធ្វើចរាចរលុយកខ្វក់ ក៏ប៉ុន្តែក្នុងករណីនេះ យើងនឹងស្នើសំុឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុអភិវឌ្ឍប្រព័ន្ធធនាគារឲ្យកាន់តែប្រសើរឡើង ដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាថ្មីៗដែលអាចមានដំណើរការកាន់តែល្អ"៕
(រាយការណ៍បន្ថែមដោយ សាំង សុឥន្ទរិទ្ធ)
ប្រែសម្រួលដោយ ហួង កុកទៀន
Latest news
© 2021, ដេលី. All rights reserved.

