TAG
paywall
ឪពុកម្តាយរបស់ឧត្តមសេនីយ៍ទោ ថោង សារ៉ាត់ ត្រូវបានដោះលែងឲ្យនៅក្រៅឃុំ
ឪពុកម្តាយឧត្តមសេនីយ៍ ថោង សារ៉ាត់ ដែលកំពុងតាមចាប់ខ្លួនពីបទសម្របសម្រួលឲ្យមានការសម្លាប់លោក អឹុង ម៉េងជឺ ពាណិជ្ជករម្នាក់កាលពីខែវិច្ឆិកានោះ ត្រូវបានដោះលែងឲ្យនៅក្រៅឃុំកាលពីព្រឹកថ្ងៃសៅរ៍ដែលពួកគាត់ត្រូវបានឃុំខ្លួនតាមការចោទប្រកាន់ពីបទមានអាវុធខុសច្បាប់ នេះបើយោងតាមមេធាវីរបស់ពួកគាត់។
លោក ថោង ចំរើន ឪពុករបស់ឧត្តមសេនីយ៍ទោ ថោង សារ៉ាត់ និងអ្នកស្រី កែវ សាវី ជាម្តាយរបស់គាត់ ត្រូវបានបញ្ជូនទៅពន្ធនាគារព្រៃសកាលពីថ្ងៃទី៧ ខែធ្នូ បន្ទាប់ពីការឆ្មក់ចូលរបស់នគរបាលជាច្រើនលើកនៅភូមិគ្រឹះរបស់ក្រុមគ្រួសារនេះក្នុងរាជធានីភ្នំពេញ ហើយបានរកឃើញអាវុធខុសច្បាប់មួយចំនួន។ ឧត្តមសេនីយ៍ទោ ថោង សារ៉ាត់ កំពុងរត់គេចខ្លួននៅឡើយ។
លោក ម៉ុន កែវស៊ីវីន មេធាវីតំណាងលោក ថោង ចំរើន និងអ្នកស្រី កែវ សាវី បានមានប្រសាសន៍ថា ឪពុកម្តាយរបស់ឧត្តមសេនីយ៍ទោ ថោង សារ៉ាត់ ត្រូវបានដោះលែងកាលពីថ្ងៃសៅរ៍ ពីព្រោះចៅក្រមស៊ើបសួរ លី សុខឡេង បានសម្រេចដោះលែងពួកគាត់ឲ្យនៅ ក្រៅឃុំដោយសារបញ្ហាសុខភាព ខណៈដែលសាកសួរពួកគាត់នៅសាលាដំបូងរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃព្រហស្បតិ៍។
លោក កែវស៊ីវីន បានមានប្រសាសន៍ថា "ចៅក្រមស៊ើបសួរ លី សុខឡេង បានកោះហៅពួកគាត់ឲ្យមកតុលាការដើម្បីសាកសួរបន្ត ហើយនៅថ្ងៃនោះលោកឃើញថា ពួកគាត់ទាំងពីរមានបញ្ហាសុខភាព"។
លោកបានបន្ថែមថា "ឪពុករបស់ឧត្តមសេនីយ៍ទោ ថោង សារ៉ាត់ មានបញ្ហាភ្នែក ជំងឺផ្លូវចិត្ត និងជំងឺទឹកនោមផ្អែម។ អ្នកស្រី កែវ សារី មានសម្ពាធឈាមខ្ពស់នៅពេលគាត់ខឹង។ នោះជាមូលហេតុដែលចៅក្រមសម្រេចដោះលែងពួកគាត់។ ចៅក្រម សុខឡេង មិនអាចទាក់ទងបានទេកាលពីម្សិលមិញ។
លោក កែវសីុវិន បានមានប្រសាសន៍ថា កូនក្តីរបស់លោកស្ថិតក្រោមការឃ្លាំមើលរបស់តុលាការដដែល ហើយនឹងត្រូវអនុញ្ញាតឲ្យធ្វើដំណើរទៅក្រៅប្រទេសបាន ប្រសិនបើពួកគាត់ទៅជាមួយមេធាវីរបស់ខ្លួន។
លោកបានមានប្រសាសន៍ ថា "ប្រសិនបើពួកគាត់ចង់ទៅក្រៅប្រទេស ពួកគាត់ត្រូវជម្រាបមេធាវីរបស់ខ្លួន ហើយមេធាវីរបស់ពួកគាត់នឹងជូនដំណឹងទៅតុលាការ។ មេធាវីទាំងនោះតែងតែទៅជាមួយពួកគាត់ជានិច្ច ហើយពួកគាត់នឹងបង្ហាញខ្លួន ប្រសិនបើតុលាការតម្រូវ"។
បើទោះជានគរបាលបានរកឃើញអាវុធយ៉ាងតិច១០ដើមក្នុងការឆែកឆេរផ្ទះរបស់ប្តីប្រពន្ធនេះក្នុងរាជធានីភ្នំពេញ រួមមានកាំភ្លើងអាកា-៤៧ បីដើម និងកាំភ្លើងខ្លីមួយដើម អំឡុងការឆ្មក់ចូលកាលពីខែមុនក៏ដោយ ក៏លោក កែវស៊ីវីន បានមានប្រសាសន៍ថា មានតែកាំភ្លើងបួនដើមប៉ុណ្ណោះជាកម្មសិទ្ធិរបស់កូនក្តីលោក។
លោកបានមានប្រសាសន៍ថា "ពួកគាត់ត្រូវបានចោទប្រកាន់ពីបទមានអាវុធខុសច្បាប់ប៉ុន្តែពួកគាត់ មានឯកសារស្របច្បាប់សម្រាប់អាវុធទាំងនោះ ដែលអនុញ្ញាតដោយក្រសួងការពារជាតិពីព្រោះម្តាយរបស់លោក ថោង សារ៉ាត់ ជាវរសេនីយ៍ទោ ហើយឪពុករបស់លោកវរសេនីយ៍ត្រី"។ លោក ជួន ណារិន ស្នងការរងនគរបាលរាជធានីភ្នំពេញបានបដិសេធមិនធ្វើអត្ថាធិប្បាយកាលពីម្សិលមិញ៕សារុន
មនុស្សបួននាក់ត្រូវចោទប្រកាន់់ក្នុងករណីព្រួតសម្លាប់មនុស្សនៅកំពង់ស្ពឺ
នគរបាលបាននិយាយកាលពីថ្ងៃសុក្រថា បុរសបួននាក់នឹងត្រូវចោទប្រកាន់នៅថ្ងៃសៅរ៍នេះជុំវិញការចូលរួមក្នុងសកម្មភាពព្រួតវាយបុរសមានសតិមិនគ្រប់ម្នាក់ និងដុតសម្លាប់ទាំងរស់យ៉ាងសាហាវនៅក្នុងខេត្តកំពង់ស្ពឺ។
លោក យឹម វ៉ន នាយបុ៉ស្តិ៍នគរបាលឃុំត្រពាំងគង បានមានប្រសាសន៍ថា អ្នកភូមិប្រហែល៥០នាក់នៅក្នុងឃុំរបស់លោក បានព្រួតវាយបុរសម្នាក់ឈ្មោះ ទួន ពុទ្រា អាយុ២៨ឆ្នាំ ដែលពួកគេសង្ស័យថាជាចោរ។
លោកបានមានប្រសាសន៍ថា "អ្នកភូមិបានចោទប្រកាន់ជនរងគ្រោះពីបទព្យាយាមលួចគោមួយក្បាល និងម៉ូតូមួយគ្រឿង នៅពេលអ្នកភូមិវាយដំជនរងគ្រោះរហូតដល់ជនរងគ្រោះរងរបួសធ្ងន់ ហើយអាជ្ញាធរប្រហែលល១០នាក់បានព្យាយាមរារាំងអ្នកភូមិ"។
លោកបានលើកឡើងទៀតថា ពេលនោះ ស្រាប់តែក្រុមអ្នកភូមិបានងាកទៅរកមន្ត្រីនគរបាលដែលបានព្យាយាមជួយអន្តរាគមន៍។ លោកបានបញ្ជាក់ថា "អ្នកភូមិទាំងនោះឆ្កួតហើយ សូម្បីយើងជានគរបាល ក៏ពួកគេនៅតែចង់សម្លាប់ជនរងគ្រោះ"។
លោកបានមានប្រសាសន៍ថា បន្ទាប់មក អ្នកភូមិទាំងនេះបានចាប់អូសបុរសនេះចម្ងាយ១៥០ម៉ែត្រចូលទៅវាលស្រែ ចងជនរងគ្រោះនឹងដើមត្នោត ហើយដុតទាំងរស់។ ជនសង្ស័យបីនាក់ដែលមានឈ្មោះ កង សាន អាយុ៣០ឆ្នាំ ឈ្មោះ អឿន សាត អាយុ២៦ឆ្នាំ និងឈ្មោះ ភឿន ភឿន អាយុ២៨ឆ្នាំ ត្រូវបានចាប់ខ្លួននៅក្នុងស្រុកសំរោងទងនៅវេលាម៉ោងប្រហែល៨ព្រឹកថ្ងៃព្រហស្បតិ៍។
លោក ចាន់ ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ថា មន្ត្រីរបស់លោកចាប់ខ្លួនបានជនសង្ស័យម្នាក់ទៀតឈ្មោះ អៀម សាហុន អាយុ៣០ឆ្នាំ នៅព្រឹកដដែលនោះ។
លោក ទួន ឆាយ ដែលត្រូវជាបងប្រុសរបស់ជនរងគ្រោះបាននិយាយថា ទួន ពុទ្រា បានបាត់ខ្លួនពីផ្ទះរបស់គាត់នៅក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីប្រហែលពីរសប្តាហ៍មុន ហើយទើបតែឈប់លេបថ្នាំសរសៃប្រសាទនាពេលថ្មីៗនេះប៉ុណ្ណោះ។
គាត់បាននិយាយទៀតថា "យើងបានបាត់វាប្រហែលពីរសប្តាហ៍មុន ហើយបន្ទាប់មកយើងក៏បានដឹងថា វាស្លាប់នៅក្នុងខេត្តកំពង់ស្ពឺ។ មុនពេលយើងបានបាត់វា វាមិនបានលេបថ្នាំសរសៃប្រសាទទេ។ អ្នកភូមិទាំងនោះ និងជនសង្ស័យដែលត្រូវបានចាប់ខ្លួនពិតជាសាហាវណាស់។ ទោះបីជាវាធ្វើអ្វីមិនល្អក៏ដោយ ក៏គួរតែបញ្ជូនវាទៅនគរបាល ពួកគេមិនគួរសម្លាប់វានោះទេ វាអយុត្តិធម៌សម្រាប់ប្អូនប្រុសខ្ញុំ"។
ជនសង្ស័យទាំងបួននាក់នឹងត្រូវបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តកំពង់ស្ពឺនៅព្រឹកថ្ងៃសៅរ៍ ដើម្បីធ្វើការចោទប្រកាន់ នេះបើយោងតាមលោក ចាន់ ឌី និងលោក សំ សាក់ នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌខេត្តដែលបានលើកឡើងថា មន្ត្រីមានសមត្ថកិច្ចកំពុងសើុបអង្កេតតាមស្វែងរកចាប់ខ្លួនអ្នកផ្សេងទៀតដែលចូលរួមជាមួយក្រុមជនល្មើសនេះ៕សុខុម
ព្រះសង្ឃវត្តសាមគ្គីរង្សីស្នើសុំឲ្យគណៈកម្មការបីនៃរដ្ឋសភាចូលរួមជាមួយសាលារាជធានីនៅក្នុងការចុះធ្វើអធិការកិច្ចវត្តនេះ
កាលពីថ្ងៃសុក្រ វត្តសាមគ្គីរង្សី ដែលស្ថិតក្រោមការឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ពីសាលារាជធានីជុំវិញ "សកម្មភាពប្រឆាំងរដ្ឋាភិបាល" បានស្នើសុំឲ្យគណៈកម្មការចំនួនបីនៃរដ្ឋសភាចូលរួមជាមួយមន្ត្រីសាលារាជធានីនៅក្នុងការចុះធ្វើអធិការកិច្ចវត្តនេះនៅរសៀលថ្ងៃអង្គារ។
ព្រះតេជគុណ ថាច់ ហាសំអាង ព្រះចៅអធិការស្តីទីវត្តសាមគ្គីរង្សី ដែលជឿថា ការចុះធ្វើអធិការកិច្ចនេះមានបំណងបំភិតបំភ័យ បានមានសង្ឃដីកាថា "អាត្មាបានផ្ញើលិខិតដើម្បីស្នើសុំឲ្យគណៈកម្មការទី១ គណៈកម្មការទី៧ និងគណៈកម្មការទី១០ ឲ្យចូលរួមការធ្វើអធិការកិច្ចនេះ។ អាត្មាគិតថា នេះគឺគ្រាន់តែជាលេស ដើម្បីគំរាមព្រះសង្ឃ និងអ្នករស់នៅក្នុងវត្តកុំឲ្យចូលរួមក្នុងសកម្មភាពសង្គមដូចជាបាតុកម្ម និងការតវ៉ាទាមទាររកយុត្តិធម៌ប៉ុណ្ណោះ"។
ក្រោយពីមានករណីសាមណេរចាក់សម្លាប់ភិក្ខុមួយអង្គនៅវត្តសាមគ្គីរង្សីកាលពីខែមុន សាលារាជធានីបានបង្កើតគណៈកម្មការមួយដើម្បីសើុបអង្កេតវត្តនេះ ដែលជាវត្តមួយក្នុងចំណោមវត្តចំនួនតូចនៅក្នុងរាជធានីដែលមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់គណបក្សប្រជាជនកម្ពុជា ហើយវត្តនេះល្បីខាងផ្តល់ជម្រកស្នាក់នៅដល់អ្នកតវ៉ាប្រឆាំងការបណ្តេញចេញដែលមកតាមបណ្តាខេត្ត។ មន្ត្រីបានចោទប្រកាន់ព្រះសង្ឃគង់នៅវត្តនេះថា បានរៀបចំផែនការអបគមន៍ ហើយបានគំរាមបិទវត្តនេះចោល៕សុខុម
សហព័ន្ធអ្នកនាំចេញអង្ករកម្ពុជាប្រហែលជាត្រូវការដើមទុនពីធនាគារ និងរដ្ឋាភិបាល
សហព័ន្ធអ្នកនាំចេញអង្ករកម្ពុជា មានគម្រោងខ្ចីដើមទុនយ៉ាងហោចណាស់៤០០.០០០ដុល្លារសម្រាប់យុទ្ធនាការទីផ្សារអន្តរជាតិ ប្រសិនបើខ្លួនប្រមូលប្រាក់មិនបានចំនួន៧៧៧.០០០ដុល្លារតាមការគ្រោងទុកសម្រាប់គម្រោងនេះតាមរយៈការដាក់តម្លៃនាំចេញលើសមាជិករបស់ខ្លួនទេនោះ នេះបើយោងតាមប្រធានសហព័ន្ធនេះបានលើកឡើងកាលពីថ្ងៃសុក្រ នៅក្នុងសន្និសីទប្រចាំឆ្នាំរបស់សហព័ន្ធអ្នកនាំចេញអង្ករកម្ពុជា។
កាលពីថ្ងៃច័ន្ទ សហព័ន្ធអ្នកនាំចេញអង្ករកម្ពុជា បានបោះឆ្នោតតម្រូវឲ្យសមាជិករបស់ខ្លួនបង់ថ្លៃនាំចេញ០,៥០ដុល្លារសម្រាប់អង្ករសគ្រាប់វែងមួយតោន និងមួយដុល្លារសម្រាប់អង្ករក្រអូបមួយតោនដើម្បីប្រមូលមូលនិធិសម្រាប់ណែនាំអប់រំដល់ប្រជាកសិករនៅក្នុងប្រទេស និងធ្វើយុទ្ធនាការទីផ្សារអង្ករកម្ពុជានៅបរទេស។
ប៉ុន្តែ កាលពីថ្ងៃសុក្រ លោក សុខ ពុទ្ធីវុធ ប្រធានសហព័ន្ធអ្នកនាំចេញអង្ករកម្ពុជា ហាក់ដូចជាមានមន្ទិលថា សហព័ន្ធនេះប្រហែលជាមិនអាចប្រមូលប្រាក់គ្រប់ទេតាមរយៈតម្លៃនាំចេញតែមួយមុខ។ លោកមានប្រសាសន៍ថា "ចំនួនប្រាក់ដែលយើងរំពឹងទទួលបានពីប្រភពនេះ មានត្រឹមប្រហែល៣០០.០០០ដុល្លារប៉ុណ្ណោះបើផ្អែកលើតួលេខនាំចេញអង្ករដែលយើងមាន"។
កាលពីឆ្នាំមុន ការនាំចេញអង្ករបានឡើងដល់៣៨៧.០៦១តោន។លោក សុខ ពុទ្ធីវុធ បានមានប្រសាសន៍ថា សហព័ន្ធប្រហែលជាត្រូវងាកទៅពឹងធនាគារពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា ឬរដ្ឋាភិបាល ដើម្បីចេញថ្លៃចំណាយនេះ ឬប្រហែលជាអាចងាកទៅពឹងបរទេសទៀតផង។
លោកបានលើកឡើងបន្តថា "យើងនឹងខ្ចីប្រាក់នេះ។ ខ្ញុំគិតថា មានប្រភពមូលនិធិបីរួមមានទី១ឥណទាននៅក្នុងប្រទេសដូចជាធនាគារពាណិជ្ជកម្ម ធនាគារ RDB និងក្រសួងហិរញ្ញវត្ថុ ហើយទី២ ឥណទានក្រៅប្រទេសរួមមានអង្គការធំៗជាដើម។ ទី៣គឺការវិនិយោគរួមរវាងក្រុមហ៊ុនក្នុងស្រុក និងបរទេស។ នេះក៏ជាប្រភពមូលនិធិមួយដែរ"។
នៅក្នុងសន្និសីទកាលពីថ្ងៃសុក្រដដែលនេះ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ក្រសួងហិរញ្ញវត្ថុ និងក្រសួងពាណិជ្ជកម្ម នឹងខ្ចីឥណទានចំនួន៣០០លានដុល្លារពីប្រទេសចិន ដើម្បីសាងសង់ឃ្លាំង និងឡចំនួន៤០សម្រាប់កសិករសម្ងួតស្រូវរបស់ពួកគាត់។
លោកបានមានប្រសាសន៍ថា "យើងនឹងចុះហត្ថលេខា ជាមួយធនាគារ China Exim Bank នៅពេលឆាប់ៗ ជាមួយថ្នាក់ដឹកនាំមកពីក្រសួងហិរញ្ញវត្ថុ"។ លោកបានមានប្រសាសន៍បន្ថែមទៀតថា ចំណាត់ការនេះនឹងជួយបញ្ចៀសរំហូរស្រូវចេញទៅប្រទេសជិតខាងដូចជា ថៃ និងវៀតណាមជាដើម។
កង្វះទុនឧស្សាហកម្មនៅក្នុងប្រទេសកម្ពុជាបានធ្វើឲ្យកសិករគ្មានលទ្ធភាពកែច្នៃអង្កររបស់ខ្លួននៅក្នុងប្រទេសសម្រាប់ការនាំចេញជាយូរមកហើយ មានន័យថា ពួកគាត់បាត់បង់តម្លៃបន្ថែមលើដំណាំស្រូវរបស់ពួកគាត់ ហើយជាញឹកញាប់ពួកគាត់បានរងសម្ពាធពីឈ្មួញបរទេសឲ្យទទួលយកតម្លៃថោក៕សុខុម
មន្ត្រីគណបក្សប្រឆាំងដែលត្រូវបានចាប់ខ្លួន តវ៉ាចំពោះការច្រានចោលសំណើសុំដោះលែងនៅក្រៅឃុំ
កាលពីថ្ងៃសុក្រ តុលាការកំពូលបានច្រានចោលសំណើសុំដោះលែងនៅក្រៅឃុំសម្រាប់មន្ត្រីក្រុមប្រឹក្សាខណ្ឌមួយរូបរបស់គណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ឃុំបណ្តោះអាសន្នជុំវិញការចោទថា គាត់មានជាប់ពាក់ព័ន្ធនៅក្្នុងហេតុការណ៍ប្រវាយប្រតប់គ្នារវាងបាតុករ និងក្រុមសន្តិសុខប្រដាប់ដោយដំបងអំឡុងការតវ៉ាមួយនៅទីលានប្រជាធិបតេយ្យកាលពីថ្ងៃទី១៥ ខែកក្កដា។
ចៅក្រម សាលី ធារ៉ា ក្នុងចំណោមចៅក្រមបួនរូបនៅតុលាការកំពូលបានពន្យល់ពីសេចក្តីសម្រេចេនះថា លោក ស៊ុំ វុទ្ធី បានដាក់សំណើសុំដោះលែងនៅក្រៅឃុំចំនួនពីរលើកមកហើយ កាលនៅតុលាការជាន់ទាប ហើយថា សវនាការនៅក្នុងសំណុំរឿងនេះនឹងបើកដំណើរការនៅចុងខែ។
នៅពេលគាត់ចាកចេញពីបន្ទប់សវនាការ លោក ស៊ុំ វុទ្ធី ដែលជាមន្ត្រីក្រុមប្រឹក្សាខណ្ឌច្បារអំពៅរាជធានីភ្នំពេញ បានមានប្រសាសន៍ថា លោក "សោកស្តាយ" ណាស់ចំពោះការសម្រេចនេះ។
លោក សំ សុគង់ មេធាវីការពារលោក ស៊ុំ វុទ្ធី បានមានប្រសាសន៍ថា សេចក្តីសម្រេចនេះគួរឲ្យព្រួយបារម្ភជាខ្លាំងដោយសារកូនក្តីរបស់លោកមានបញ្ហាសុខភាព។ លោកបានមានប្រសាសន៍ថា "គាត់កំពុងប្រឈមបញ្ហាសុខភាព គឺការលើសឈាម និងជំងឺទឹកនោមផ្អែម"។
លោក តាំង ស៊ុនឡាយ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ បានមានប្រសាសន៍ថា សវនាការជំនុំជម្រះលោក សុ៊ំ វុទ្ធី និងសកម្មជន១០រូបទៀតដែលជាប់ចោទពីបទចូលរួមកុបកម្មអំឡុងការចូលរួមបាតុកម្មកាលពីខែកក្កដា គ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៣ ខែកុម្ភៈ៕សុខុម
រដ្ឋាភិបាលកាត់បន្ថយតម្លៃប្រើប្រាស់ទឹកសម្រាប់ពលករចំណាកស្រុក
ក្រុមមន្ត្រីបាននិយាយថា បន្ទាប់ពីការផ្តួចផ្តើមគំនិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យបញ្ចុះតម្លៃអគ្គិសនីសម្រាប់ពលករចំណាកស្រុកមក រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញកាលពីថ្ងៃព្រហស្បតិ៍បានកំណត់អត្រាតម្លៃទឹកថ្មីសម្រាប់ពលករនិងនិស្សិតដែលរស់នៅក្នុងបន្ទប់ជួល។
ក្នុងកិច្ចប្រឹងប្រែងដើម្បីទប់ស្កាត់ម្ចាស់ផ្ទះជួលមិនឲ្យកេងចំណេញពីការលក់ទឹកបន្ត រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ.) និងសាលាក្រុងបានជួបប្រជុំគ្នាកាលពីថ្ងៃព្រហស្បតិ៍ដើម្បីដាក់កម្រិតថាម្ចាស់ផ្ទះជួលត្រូវបង់ថ្លៃប៉ុន្មានក្នុងទឹកមួយម៉ែត្រគូប និងអត្រាតម្លៃដែលពួលគេត្រូវលក់បន្តទៅឲ្យអ្នកជួលបន្ទប់ស្នាក់នៅ។
លោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញបានមានប្រសាសន៍ថា “ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនឹងលក់ទឹកក្នុងមួយម៉ែត្រគូបតម្លៃ១.០៣០រៀល ហើយម្ចាស់ផ្ទះជួលអាចលក់ទឹកឲ្យកម្មករកាត់ដេរក្នុងតម្លៃ១.២០០រៀល។ ក្នុងពេលកន្លងមក ម្ចាស់ផ្ទះជួលបានកំណត់តម្លៃដោយខ្លួនឯង ដល់ទៅ២.០០០ ឬ២.៥០០រៀល"។
លោកបានមានប្រសាសន៍ថា "យើងដឹងថា ម្ចាស់ផ្ទះជួលចង់លក់ក្នុងតម្លៃខ្ពស់ជាងនេះ ប៉ុន្តែឥឡូវនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានកំណត់តម្លៃសម្រាប់ពួកគេ...
តុលាការដោះលែងគ្រូពេទ្យម្នាក់ដែលត្រូវបានចាប់ខ្លួនពីបទធ្វើបាបកូនចិញ្ចឹម
នគរបាលបាននិយាយថា កាលពីម្សិលមិញ សាលាដំបូងខេត្តកំពតបានដោះលែងគ្រូពេទ្យម្នាក់ដែលត្រូវបានចាប់ខ្លួនក្នុងក្រុងកំពតកាលពីថ្ងៃពុធ បន្ទាប់ពីអ្នកជិតខាងបានរាយការណ៍ថា គាត់បានធ្វើបាបកូនស្រីចិញ្ចឹមរបស់ខ្លួនអាយុ១៥ឆ្នាំ។
លោក អេង វណ្ណា នាយប៉ុស្តិ៍សង្កាត់បានមានប្រសាសន៍ថា លោក ខែម ទិត្យ អាយុ៤២ឆ្នាំ ជាគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តក្នុងក្រុងកំពតត្រូវបានចាប់ខ្លួននៅផ្ទះរបស់គាត់ក្នុងសង្កាត់ក្រាំងអំពិល កាលពីរសៀលថ្ងៃពុធ។
លោក វណ្ណា បានមានប្រសាសន៍ថា "យើងបាននាំគាត់មកសាកសួរ ពីព្រោះអ្នកជិតខាងក៏បានរាយការណ៍ផងដែរថា គាត់បានធ្វើទារុណកម្មក្មេងស្រីរូបនេះ"។
លោកស្រី សេង សេរីរដ្ឋា ស្នងការរងនគរបាលខេត្តបានមានប្រសាសន៍ថា នៅពេលនគរបាលសាកសួរក្មេងជំទង់រូបនេះ បន្ទាប់ពីចាប់ខ្លួនលោក ខែម ទិត្យ នាងបាននិយាយថា ក្មួយប្រុសរបស់ឪពុកចិញ្ចឹមនាង ដែលក៏បានរស់នៅជាមួយគ្នាដែរនោះបានវាយដំនាង។
ស្នងការរងនគរបាលរូបេនះបានមានប្រសាសន៍ថា "ក្មួយប្រុសរបស់គ្រូពេទ្យនេះ បានវាយក្មេងស្រីនេះ ហើយវាយនាងដើម្បីប្រដៅ ពីព្រោះនាងបានលួចលុយ"។
លោកស្រីបានបន្ថែមថា ក្មេងស្រីរូបនេះបានសារភាពថា នាងបានលួចលុយពីផ្ទះនេះបួនលើកមកហើយ។
លោកស្រី សេរីរដ្ឋា បានមានប្រសាសន៍ថា សាលាដំបូងខេត្តបានសម្រេចដោះលែងលោក ខែម ទិត្យ កាលពីម្សិលមិញ ពីព្រោះពួកគេមិនមានភ័ស្តុតាងគ្រប់គ្រាន់ដើម្បី ចោទប្រកាន់គាត់ឡើយ។ លោកស្រីបានបន្ថែមថា ឥឡូវនេះ ក្មេងស្រីរូបនេះស្ថិតនៅក្រោមការមើលថែរបស់ជីដូននាង៕សារុន
ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ចូលនិវត្តចំពេលមាន ការផ្ទុះឡើងនូវមេរោគអេដស៍
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានមានប្រសាសន៍កាលពីម្សិលមិញថា បន្ទាប់ពីមើលឃើញការវិវឌ្ឍគួរឲ្យកត់សម្គាល់រយៈពេលជាងពីរទសវត្សរ៍ក្នុងការប្រយុទ្ធនឹងមេរោគអេដស៍/ជំងឺអេដស៍ ដែលផ្តល់មូលនិធិដោយប្រទេសផ្តល់ជំនួយ ប្រធានមជ្ឈ មណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ បានចូលនិវត្តចំពេលដែលមានការផ្ទុះឡើងនៃមេរោគនេះនៅក្នុងខេត្តបាត់ដំបងដែលមិនធ្លាប់មានពីមុនមក។
ទោះជាយ៉ាងណា លោក ម៉ម ប៊ុនហេង បានអះអាងថា ការចូលនិវត្តរបស់លោក មាន ឈីវុន ដែលជាប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ ចាប់តាំងពីឆ្នាំ១៩៩៨មក ដោយសារតែអាយុរបស់លោក ហើយមិនទាក់ទងនឹងការផ្ទុះឡើងនូវមេរោគអេសដ៍កាលពីពេលថ្មី ៗនេះឡើយ ដែលក្នុងនោះអ្នកភូមិ២៣០នាក់ក្នុងឃុំរកាត្រូវបានធ្វើតេស្តរកឃើញមានផ្ទុកមេរោគអេដស៍ចាប់តាំងពីចុងខែវិច្ឆិកាមក។
លោក ម៉ម ប៊ុនហេង បានមានប្រសាសន៍ថា "នៅពេលគាត់ចាស់ គាត់ត្រូវចូលនិវត្តអ៊ីចឹងហើយ"។ លោកវេជ្ជបណ្ឌិត ឈីវុន បានមានប្រសាសន៍ថា លោកបានលាឈប់១០ថ្ងៃ មកហើយ ដោយសារអាយុរបស់លោក ដែលលោកបានបដិសេធមិនប្រាប់អ្នកយកព័ត៌មានឡើយ។
លោកបានមានប្រសាសន៍ថា "ការចូលវិវត្តរបស់ខ្ញុំមិនពាក់ព័ន្ធនឹងការផ្ទុះឡើងនូវមេរោគ អេដស៍ឡើយ។ ៦០ឆ្នាំគឺជាអាយុចូលនិវត្ត។ ហេតុអ្វីបានជាអ្នកត្រូវសួរអាយុរបស់ខ្ញុំ? វាជាបញ្ហារបស់ខ្ញុំ"។
លោកវេជ្ជបណ្ឌិត មាន ឈីវុន នឹងត្រូវជំនួសដោយលោក លី ពេញស៊ុន ដែលជាអនុប្រធានរបស់លោកយូរមកហើយ ដែលលោកបានលើកឡើងថា អតីតប្រធានរូបនេះនឹងបន្តបម្រើការក្នុងតួនាទីជាទីប្រឹក្សា។
លោកវេជ្ជបណ្ឌិត លី ពេញស៊ុន បានមានប្រសាសន៍ថា "លោក ឈីវុន បានចូលនិវត្តប៉ុន្តែ គាត់នៅតែជាទីប្រឹក្សាក្រសួងសុខាភិបាលដដែល។ គាត់នៅតែចូលរួមក្នុងការសើុបអង្កេតជាមួយក្រសួងពាក់ព័ន្ធនឹងករណីក្នុងឃុំរកា"។
ចាប់តាំងពីផ្ទុះឡើង កាលពីខែធ្នូ លោកវេជ្ជបណ្ឌិត ឈីវុន បានដឹកនាំការប្រឹងប្រែងឆ្លើយតបរបស់រដ្ឋាភិបាលរួមទាំងការស្ទង់មតិដែលបានបញ្ចប់កាលពីខែមុន បានរកឃើញថា ភាគច្រើននៃមេរោគនេះទំនងជាឆ្លងតាមការចាក់ថ្នាំ ឬការព្យួរសេរ៉ូម។
ក្នុងរយៈពេលជាច្រើនឆ្នាំ ចាប់តាំងពីលោកវេជ្ជបណ្ឌិត ឈីវុន បានធ្វើជាប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ អត្រាឆ្លងមេរោគអេដស៍បានថយចុះជាលំដាប់ពីកម្រិតឆ្លងរាលដាលកាលពីចុងទសវត្សរ៍ឆ្នាំ១៩៩០ នៅពេលមេរោគអេដស៍ និងជំងឺអេដស៍បានឆ្លងដល់ប្រជាជនខ្មែរ១,៧ភាគរយ ចាប់ពីអាយុ១៥ឆ្នាំដល់៤៩ឆ្នាំ មកតិចជាង០,៧ភាគរយសព្វថ្ងៃនេះ។
ទោះជាយ៉ាងណា បន្ទាប់ពីពឹងផ្អែកលើការឧបត្ថម្ភពីអន្តរជាតិស្ទើរតែទាំងស្រុងរយៈពេលពីរទសវត្សរ៍មក រដ្ឋាភិបាលប្រឈមនឹងការកាត់មូលនិធិពីម្ចាស់ជំនួយមួយចំនួនក្នុងចំណោមម្ចាស់ជំនួយធំៗ រួមមានមូលនិធិសាកលប្រយុទ្ធនឹងជំងឺអេដស៍ របេង និងគ្រុនចាញ់ ដែលបានផ្តល់ប្រាក់២៥២ដុល្លារចំពោះការប្រយុទ្ធនឹងមេរោគអេដស៍/ជំងឺអេដស៍ក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ២០០៣មក៕សារុន
លោក ប៉ែន សុវណ្ណ ត្រឡប់មកពីព្យាបាលជំងឺដាច់សរសៃឈាមក្នុងខួរក្បាលវិញហើយ
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សប្រឆាំងបានមានប្រសាសន៍ថា លោក ប៉ែន សុវណ្ណ សមាជិកសភាគណបក្សសង្គ្រោះជាតិ និងជាអតីតនាយករដ្ឋមន្ត្រី កាលពីម្សិលមិញបានត្រឡប់ពីប្រទេសសិង្ហបុរីមកដល់ប្រទេសកម្ពុជាវិញហើយ ដែលលោកបានទៅព្យាបាលជំងឺដាច់សរសៃឈាមក្នុងខួរក្បាល។
អ្នកនាំពាក្យរូបនេះបានមានប្រសាសន៍ថា អតីតនាយករដ្ឋមន្ត្រីរូបនេះដែលឥឡូវនេះបានស្លាប់មួយចំហៀងខ្លួនផ្នែកខាងស្ដាំនោះ ទទួលការព្យាបាលបន្ថែមនៅក្នុងប្រទេសកម្ពុជា។
លោកបានមានប្រសាសន៍ថា "គាត់បានត្រឡប់មកដល់ប្រទេសកម្ពុជានៅព្រឹកនេះ ហើយបានទៅព្យាបាលបន្តនៅមន្ទីរពេទ្យឯកជន ហើយរយៈពេលប្រហែល១សប្ដាហ៍ គាត់នឹងត្រឡប់ទៅផ្ទះវិញ។ យើងអាចជួយសង្គ្រោះជីវិតគាត់បាន ប៉ុន្តែគាត់នៅតែមិនអាចដើរបាន ហើយគាត់នៅដេកនៅឡើយ"។
ដោយឡែកលោក ជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជា ដែលមានជំងឺដាច់សរសៃឈាមក្នុងខួរក្បាលកាលពីឆ្នាំ២០០០...
កម្មករនិយាយថា រោងចក្រចាក់សោកម្មករនៅខាងក្នុងរោងចក្រ
ក្រុមមន្ត្រីសហជីព និងអតីតកម្មករបាននិយាយកាលពីម្សិលមិញថា រោងចក្រកាត់ដេរដែលគ្រប់គ្រងដោយជនជាតិចិននៅក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានចាក់សោកម្មករប្រហែល៣០០នាក់រយៈពេលពីរម៉ោងកាលពីព្រឹកថ្ងៃពុធ ដើម្បីបង្ខំឲ្យពួកគេទទួលយកប្រាក់ខែដែលត្រូវកាត់បន្ថយ មុនពេលរោងចក្របិទដំណើរការដោយសារតែខាតបង់ហិរញ្ញវត្ថុ។
ក្រុមកម្មករបានឲ្យដឹងថា អ្នកគ្រប់គ្រងរោងចក្រ Kui Xing ដែលដេរសម្លៀកបំពាក់សម្រាប់ដេកយប់ បានចាក់សោកម្មករឲ្យនៅក្នុងរោងចក្រនៅម៉ោងប្រហែល៩ព្រឹក នៅពេលពួកគេមកបើកប្រាក់ខែរបស់ខ្លួន ហើយមិនអនុញ្ញាតឲ្យពួកគេចេញទេរហូតដល់ម៉ោង១១ព្រឹក នៅពេលកម្មករភាគច្រើនបានផ្ដិតមេដៃលើឯកសារ។ នគរបាលបានឈរជើងនៅខាងក្រៅរោងចក្រនេះពេញមួយព្រឹក។
លោក រី សិទ្ធីណែត មន្ត្រីសហជីពសេរីកម្មនៅរោងចក្រនេះបានមានប្រសាសន៍ថា "កម្មករប្រហែល៣០០នាក់ត្រូវបានរោងចក្រចាក់សោ ដើម្បីបង្ខំឲ្យពួកគេទទួលយកប្រាក់ខែ និងប្រាក់កម្រៃរបស់ខ្លួន ពីព្រោះពួកគេបាននិយាយថា ពួកគេមិនអាចបើកដំណើរការរោងចក្រេនះតទៅទៀតបានទេ"។
លោកបានមានប្រសាសន៍ថា "អាជ្ញាធរស្លៀកឯកសណ្ឋានជានគរបាល...
Latest news
© 2021, ដេលី. All rights reserved.

