34 C
Phnom Penh

TAG

ppaywall

ព្រឹទ្ធ​សភា​អនុម័ត​ច្បាប់​ស្តី​ពី​ប្រព័ន្ធតុលា​ការ​ដោយ​គ្មាន​ការ​ពិភាក្សា​ដេញដោល​

ដោយសមាជិក​​​ព្រឹទ្ធ​​​សភា​​​ទាំង​​​១១​​​រូប​​​មក​​​ពី​​​គណបក្ស​​​ប្រឆាំង​​​ធ្វើ​​​ពហិការ​​​មិន​​​ទទួល​​​យក​​​អាសនៈ​​​របស់​​​ខ្លួន​​​ កាល​​​ពីម្សិលមិញ​ព្រឹទ្ធ​​​សភា​​​បាន​​​អនុម័ត​​​ច្បាប់​​​ស្តី​​​ពី​ប្រព័ន្ធ​​​តុលាការ​​​ដ៏​​​ចម្រូង​​​ចម្រាស​​​ចំនួន​​​បី​​​ដែល​​​អ្នក​​​រិះ​​​គន់​​​លើក​​​ឡើង​​​ថា នឹង​​​ពង្រឹង​​​ការ​​​ត្រួតត្រា​​​របស់​​​រដ្ឋាភិបាល​​​ទៅ​​លើ​​​ស្ថាប័នតុលាការ​​។ ​​​លោក ម៉ម ប៊ុន​​​នាង សមាជិក​​​ព្រឹទ្ធ​​​សភា​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា និង​​​ជា​​​អ្នក​​​នាំ​​​ពាក្យ​​​ព្រឹទ្ធ​​​សភា​​​​បាន​​​មា​​​ន​​​ប្រសាសន៍​​​ថា សមាជិក​​ព្រឹទ្ធ​​​សភា​​​៤៤​​​រូប​​​របស់​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​បាន​​​អនុម័ត​​​ច្បាប់​​​ទាំង​​​នេះ​​​ដោយ​​​មិន​​​​​​មាន​​​ការ​​​ពិភាក្សា​​​ដេញ​​​ដោល​​​​​​ឡើយ។​ លោក​​​ ម៉ម ប៊ុន​​​នាង​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា " ច្បាប់​​​ទាំង​​​បី​​​នេះ​​​សំខាន់​​​ណាស់​​​សម្រាប់​​​តុលាការក្នុងការ​​​អនុវត្ត​​​ច្បាប់​​​"។ លោក​​​បាន​​​ច្រាន​​​ចោល​​​ការ​​​រិះ​​​គន់​​ចំពោះ​​​ច្បាប់​​​ទាំង​​​នេះ​​​។ លោក​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា " នៅ​​​ពេល​​​ច្បាប់​​​ទាំង​​​នេះ​​​ត្រូវ​​​បាន​​​អនុម័ត​​​ វា​​​អាច​​​ធ្វើ​​​ឲ្យតុលាការ​​​​​​មាន​​​ភាព​​​ឯករាជ្យ​​​ជាង​​​​​​មុន​​​"។ ច្បាប់​​​ស្តី​​​ពី​​​ការ​​​រៀប​​​ចំ​​​និង​ការ​ប្រព្រឹត្តទៅនៃស្ថាប័ន​​​តុលាការ​​​ ច្បាប់​​​ស្តី​​​​​​ពី​​​លក្ខ​​​ន្តិ​​​កៈ​​​ចៅ​​​ក្រម​​​និង​​​ព្រះ​​​រាជ​​​អាជ្ញានិង​​​ច្បាប់​​​ស្តី​​​ពីការ​​​រៀប​​​ចំ​​​ និង​​​​​​ការ​​​ប្រព្រឹត្ត​​​ទៅ​​​នៃ​​​ឧត្តម​​​ក្រុម​​​ប្រឹក្សា​​​នៃ​​​អង្គ​​​ចៅ​​​ក្រម​​ត្រូវ​បាន​ព្រាង​​​រយៈ​​​ពេល​​​ជិត​​​មួយ​​​ទសវត្សរ៍​​​ ហើយ​​​មាន​​​បំណង​​​​​ត្រួត​​​ពិនិត្យឲ្យ​បាន​ល្អ​ប្រសើរ​​នៃ​​​ប្រព័ន្ធ​​​តុលា​​​ការ​​​ និង​​​លើកកម្ពស់​​​ប្រសិទ្ធ​​​ភាព​​​ និង​​​ឯករាជ្យ​​​ភាព​​​របស់តុលាការ​​​។ ផ្ទុយ​​​ទៅ​​​វិញ​​​ច្បាប់​​​ទាំង​​​បី​​​នេះ​​​ទំនង​​​ជា​​​ពង្រឹង​​​ការ​​​គ្រប់​​​គ្រង​​ប្រព័ន្ធ​​​តុលាការ​​​តាម​​​រយៈ​​​ការ​​​​​​ដាក់​​​ឲ្យ​​​រដ្ឋ​​​មន្ត្រី​​​ក្រសួ​​​ងយុត្តិ​​​ធម៌​​​ទទួល​​​បន្ទុក​​​កិច្ច​​​ការ​​​រដ្ឋបាល​​​សំខាន់​​​ៗ​​​មួយ​​​ចំនួន​​ ហើយ​រង​ការ​​​រិះ​​​គន់​​​យ៉ាង​​​ខ្លាំង​​​ពី​​​សំណាក់​​​ក្រុម​​​អ្នក​​​ជំនាញ​​​ផ្នែក​​​ច្បាប់​​​ និ​​​ងអង្គការ​​​សិទ្ធិ​​​មនុស្ស​​​។ ច្បាប់​​​ទាំង​​​នេះ​​​​បាន​​​ឆ្លងកាត់​​រដ្ឋ​​​សភារួចហើយ​​​កាល​​​ពី​​​ខែ​​​មុន​​​ ហើយ​​​គណបក្ស​​​ប្រឆាំង​​​នៅ​​​តែ​​​បន្ត​​​ធ្វើ​​​ពហិការ​​​ជា​​​ហេតុ​​​ធ្វើ​​​ឲ្យមានការ​អនុម័ត​​​ច្បាប់​​​នេះ​​​ដោយ​​​មិន​​​មាន​​​ការ​​​ពិភាក្សា​​​ដេញ​​​ដោល​​​ឡើយ​​​។ លោក យូ ស៊ាង​​​ហេង សមាជិក​​​ព្រឹទ្ធ​​​សភា​​​មួយ​​​រូប​​​​​​ក្នុង​​​ចំណោម​​​សមាជិក​​​ព្រឹទ្ធ​​​សភា​​​គណបក្ស​​​សម រង្ស៊ី ដែល​​​បាន​​​ធ្វើ​​​ពហិការ​​​មិន​​​​​បោះ​​​ឆ្នោត​​​កាល​​​​​​ពីម្សិល​​​មិញ បាន​​​មាន​​​ប្រសាសន៍​​​ថា វា​​​​​​មិន​​​អាច​​​ទៅ​​​រួច​​​ទេ សូម្បី​​​តែ​​​ការ​​​ពិចារណា​​​ពី​​​ច្បាប់​​​ទាំង​​​នេះ​​​ បន្ទាប់​​​ពី​​បាន​ឆ្លងកា​ត់​​​សភា​​​ដោយ​​​មិន​​​មាន​​​វត្ត​​​មាន​​​​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​។ លោក ស៊ាង​​​ហេង បាន​​​មាន​​​ប្រសាសន៍​​​ថា " យើង​​​មិន​​​អាច​​​ទទួល​​​ស្គាល​​​់​​​ច្បាប់​​​ទាំង​​​នេះ​​​បាន​​​ទេ​​​ ពី​​​ព្រោះ​​​ច្បាប់​​​ទាំង​​​នេះ​​​ត្រូវ​​​បាន​​​អនុម័ត​​​ដោយ​​​គណបក្ស​​​តែ​​​មួយ​​​ ដូច្នេះ​​​ច្បាប់​​​ទាំ​​​ងនេះ​​​មិន​​​​​​ឯករាជ្យ​​​ឡើយ​​​"។ លោក​​​បានមាន​​​ប្រសាសន៍​​​ថា "ខ្ញុំគិត​​​ថា ច្បាប់​​​ទាំង​​​​​​នេ​​​ះ​​​ផ្តល់​​​អំណាច​​​ដល់​​​រដ្ឋ​​​មន្ត្រី​​​ក្រសួ​​​ង​​​យុត្តិធម៌​​​។ ប្រទេស​​​ដែល​​​មាន​​​ដំណើរ​​​ការ​​​ល្អ​​​គឺអាស្រ័យ​​​លើ​​​អំណាច​​បី​​​ គឺ​​​​​នីតិ​​​បញ្ញត្តិ​​​ នីតិ​​​ប្រតិបត្តិ​​​ និង​​​តុលាការ​​​។ប៉ុន្តែ ស្ថាប័ន​​​នីតិ​​​បញ្ញត្តិ​​​ និង​​​តុលាការ​​​ស្ថិត​​​នៅ​​​ក្រោម​​​ស្ថាប័ន​​​នីតិ​​​ប្រតិ​​​បត្តិ ដូច្នេះ​​​វា​​​មិន​​​ឯករាជ្យ​​​ទេ​​​"។ លោក សុក​​​ សំអឿន នាយក​​​ប្រតិបត្តិ​​​ក្រុម​​​អ្នក​​​ច្បាប់​​​ការ​​​ពារ​​​សិទ្ធិ​​​កម្ពុជា​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ច្បាប់​​ដែល​​​ត្រូវ​​​បាន​​​អនុម័ត​​​ដោយ​​​គណបក្ស​​​តែ​​​មួយ​​​​​គឺ​​​មិន​​ត្រឹមត្រូវ​​ឡើយ​​​។ លោក​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា " ខ្ញុំ​​​គិត​​​ថា ការ​​​អនុម័​​​ត​​​​​​ច្បាប់នេះ​​​​​​មិន​​​ស្រប​​​តាម​​​រដ្ឋ​​​ធម្មនុញ្ញ​​​ឡើយ​​​"។​​​សារុន​​​​​​​​​​​​  

សំណើ​​​របស់​​ សម រង្ស៊ី សុំ​​​ចូល​​​ស្រុក​​​ដោយ​​​​គ្មាន​ការ​ចាប់​ខ្លួ​ន ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​វិញ​​​ជាលើក​​​ទី៣

សំណើ​របស់​​​លោក សម រង្ស៊ី មេ​ដឹក​នាំ​គណ​បក្ស​ប្រ​ឆាំង​ ផ្ញើ​ជូន​រដ្ឋាភិបាល​ សុំ​ចូល​ស្រុក​ខ្មែរ​វិញ​ដោយ​សុ​វត្ថិ​ភាព ពោល​​​គឺ​​​ដោយ​គ្មាន​​​ការ​​​ចាប់​​​ខ្លួន​​​លោក​​​​ ដើម្បី​​គោរព​វិញ្ញាណក្ខន្ធ​​ព្រះ​បរម​សព​សម្តេចឪ នរោត្តម សីហនុ នោះ​ត្រូវបាន​បញ្ជូន​ត្រឡប់ទៅ​ទីស្នាក់​កណ្តាល​គណ​បក្ស​​​ប្រ​ឆាំង​មួយ​នេះវិញ​​​ជា​លើក​ទី​៣​កាល​ពី​​ម្សិល​មិញ។ ដោយ​​​ផ្ញើ​​​ជូន​​​​​​តាំង​​​ពី​​​ដំបូង​​​ទៅ​​​កាន់​​​ខុទ្ទ​​​កា​ល័យ​​​លោក​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន ​​​សែន និង​​​​ព្រះ​​​បរម​​​រាជ​​​វាំង​​​ កាល​​​ពី​​​ថ្ងៃ​​​ព្រ​​​ហស្បត៍​​​សប្តាហ៍​​​​មុន ​​​លិខិត​​​នេះ​​​ត្រូវបានរាជ​រដ្ឋាភិបាល​​​បញ្ជូន​​​​​​ត្រឡប់​​​មក​​​វិញ​​​ជា​​​លើក​​​ទី​១​​​កាល​​​ពី​​​​ថ្ងៃ​​​សៅរ៍​ព្រោះ​​​លិខិត​នោះ គ្មាន​​​​​អាសយដ្ឋានរបស់​​​​លោក​​ សម រង្ស៊ី។ បន្ទាប់​​​មក ​​លោក សម រង្ស៊ី ក៏បានដាក់​បញ្ចូល​​​អាសយ​ដ្ឋាន​​​របស់​​​លោក​​​​​ក្នុង​​​ប្រទេស​​​កម្ពុជា និង​​​នៅ​​​ទី​​​ក្រុង​​​ប៉ារីស ប្រទេស​​​បារាំង ​ហើយ​​​បញ្ជូន​​​ត្រឡប់​​​ទៅ​​​រដ្ឋា​ភិបាល​​វិញ​​​កាល​ពី​​​ថ្ងៃ​​​ច័ន្ទ​​​ ហើយ​​​ក៏​​​ត្រូវបាន​​​បញ្ជូន​​​ត្រឡប់​​​មក​​​វិញ​​​ជាថ្មី​​​ម្តង​​​ទៀត​​​​នៅ​​​ថ្ងៃ​​​បន្ទាប់ ដោយ​​​ស្នើ​​​សុំ​​​ឲ្យ​​​លោក សម រង្ស៊ី ដាក់​​​អាស​​​យដ្ឋាន​​​ក្នុង​​​លិខិត​​​​ផ្ញើ​​​ជូន​​​លោក​​​ ជា ស៊ីម ប្រ​​​ធាន​​​ព្រឹទ្ធ​​​សភា ​និង​លោក ហេង សំរិន ប្រធាន​​​រដ្ឋ​​​សភា។​លោក ​ជា ​ស៊ីម និង​លោក ហេង សំរិន គឺ​​​ជា​​​ប្រធាន​​​ និង​​​អនុ​​​ប្រធាន​​​គណៈ​​​កម្មាធិការ​​​ជាតិ​​​រៀប​​​ចំ​ព្រះ​​​រាជពិធី​​​បុណ្យ​​​សព​​​។​​​បន្ទាប់​​​ពី​​​​​មានការ​​​ណែ​​​​នាំ​​​ពី​​​រដ្ឋាភិបាល លិខិត​​​នោះ​​​ក៏​​​ត្រូវ​​​បាន​​​បញ្ជូន​​​​​​ត្រឡប់​​​ទៅ​​​ទីស្នាក់​​​ការ​​​គណ​​​បក្ស​​​ សម ​រង្ស៊ី ជា​​​ថ្មី​​​ម្តង​​​ទៀត​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ ប៉ុន្តែ​​​លើក​​​​នេះ​​​គ្មាន​​​ការ​​​ណែ​​​នាំ​​​អ្វី​​​ទេ។ លោក យឹម សុវណ្ណ អ្នក​​​នាំពាក្យ​​​គណ​​​បក្សសម រង្ស៊ី ​​​បាន​មាន​ប្រ​​​សាសន៍​​​ថា “ គ្មាន​​ការ​​​ផ្តល់​​​​ហេតុ​​​ផល  គ្មាន​​​ការ​​​ណែ​​​នាំ​​​ និង​​​គ្មាន​​​ព័ត៌​​​មាន​​អ្វី​ទេ​ទាក់​​​ទិន​​​នឹង​​​លិខិត​​​នេះ”។ លោក សម រង្ស៊ី បាន​​​រស់​​​នៅ​​​ដោយ​​​និរ​ទេស​​​ខ្លួន​​​នៅ​​​ឯ​​​បរទេស​​​ចាប់​​​តាំង​​​ពី​​​ឆ្នាំ​​​២០០៩​​​មក​​​ដើម្បី​​​គេច​​​វេះ​​​ពី​​​ទោស​​​ជាប់​​​ពន្ធ​​​នាគារ​​​រយៈ​​​ពេល​​​១១​​​ឆ្នាំ​​​ពី​​​បទ​​​ញុះ​​​ញង់ ផ្សព្វ​​​ផ្សាយ​​​ព័ត៌​​​មាន​​​​មិន​​​ពិត​​​ បរិហារ​កេរ្តិ៍​​​ និង​ពី​បទ​​​បំផ្លិច​​​បំផ្លាញ​​​ទ្រព្យ​​​សម្បត្តិ​​​សាធារណៈ។ លោក យឹម លាង អនុ​​​ប្រធាន​​​ខុទ្ទកា​ល័យ​​​លោក ជា ស៊ីម បាន​​​សុំ​​​មិន​​​ធ្វើ​​​ការ​​​បំភ្លឺ​​​ទេ។លោក​​ សឺន ស៊ូបែរ្ត៍ ទី​​​ប្រឹក្សា​​​ព្រះ​​​មហា​​​ក្សត្រ​​​ នរោត្តម សីហមុនី បាន​​​មាន​​​ប្រ​​​សាសន៍​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា លទ្ធ​​​ផល​​​បាន​​​ស្តែង​​​ឲ្យ​​​ឃើញ​​​ថា លោក សម រង្ស៊ី កំពុង​​​ជួប​​​ការ​​​លំបាក​​ក្នុង​​​ការ​​​ដាក់​​​សំណើ​​​របស់​​​លោក។ លោក​​​​​​បាន​បន្ថែម​ថា “ ជាក់ស្តែង​​​វា​​​បង្ហាញ​​​​ឲ្យ​​​ឃើញ​​​ថា ពួកគេ​​​គ្មាន​​​ឆន្ទៈ​​ធ្វើ​​​តាម​​​សំណើ​​​នេះ​​​។ព្រះ​​​មហា​​​ក្សត្រ​​​សព្វ​​​ព្រះ​​​ទ័យអនុញ្ញាត​​ឲ្យ​​​លោក​​​វិល​ត្រឡប​់​​​មក​​​វិញ ប៉ុន្តែចាំ​​​បាច់​​​ត្រូវមាន​​​ការ​​​សម្រេច​​​ពី​​​នាយក​​​រដ្ឋ​​​មន្ត្រី”។ លោក​​​បន្ត​​​ថា “ យ៉ាង​​​ហោច​​​ណាស់ ពួកគេ​​​គួរ​​​តែអនុញ្ញាត​​​ឲ្យ​​​គាត់​​​មក​​​គោរព​​​វិញ្ញា​​​ណក្ខន្ធ​​​សម្តេច​​​ឪ។ក្នុង​​​ឱកាស​​​បែប​​​នេះ​​​ មិន​​​មែន​​​សម្រាប់​​​​ តែ​​គាត់​​​ប៉ុណ្ណោះ​​​ទេ ថែម​​​ទាំង​​​សម្រាប់​​​អ្នក​​​ទោស​​ផ្សេងៗ​​​ទៀត​ដូចជា លោក​​​ ម៉ម សូណង់ដូ ជា​​​ដើមផងដែរ”។ គួរ​​​រំឭក​​​ថា លោក ម៉ម សូណង់ដូ ម្ចាស់​​​ស្ថានីយ​​​វិទ្យុសម្បុក​​​ឃ្មុំ ដែល​​​ជា​​​ស្ថានីយ​​​វិទ្យុ​​​ឯក​​​រាជ្យ​​ ត្រូវបាន​​សាលា​​​ដំបូង​​​រាជធានីផ្តន្ទា​​​ទោស​ កាល​​​ពី​​​ដើម​​​ខែ​​​នេះ​​​ឲ្យ​​​ជាប់​​​ពន្ធ​​​នាគារ​​​រហូត​​​ដល់​​​ទៅ​​​២០​​​ឆ្នាំ ពី​​​បទជំរុញ​​​ឲ្យ​​​មាន​​​ចលនា​​​​អបគមន៍​​​​​​ក្នុង​​​ខេត្ត​​​ក្រ​​​ចេះ​​​។​​​ ការ​​​ផ្តន្ទា​​​ទោស​​​លោក​​​បាន​​​បណ្តាល​​​ឲ្យ​​​មាន​​​​ការ​​​រិះ​​​គន់​ជា​​​អន្តរ​ជាតិ​​​ពី​​​បណ្តា​​​អង្គ​​​ការ​​​សិទ្ធិ​​​មនុស្ស​​​នានា​​​ ដែល​​​បាន​​​លើក​​​ឡើង​​​ថា ​រឿង​​​ក្តី​​​នេះ​​​បង្កើតឡើង ដោយហេតុ​​​ផល​​​នយោ​​​បាយ​​​ និងក្នុង​​​បំណង​​​ដើម្បីបំបិទ​​​មាត់​​​អ្នក​​​រិះ​​​គន់​​​រដ្ឋាភិបាល៕ ប្រែ​​​សម្រួល​​​ដោយ​​​ តែម សុខុម​​​​​​​​​​​​​​​​​​

នៅ​ពេល​យុវជន​ត្រៀម​បោះ​ឆ្នោត​ នោះ​ពួកគេ​នឹង​មាន​ការ​ជាប់​ពាក់​ព័ន្ធ​ក្នុង​នយោបាយ​

នៅ​ថ្ងៃ​អាទិត្យនេះយុវជន​រាប់​មុឺន​នាក់នឹង​​មាន​ឱកាស​បោះ​ឆ្នោត​ជាលើក​ដំបូង​នៅ​ក្នុង​ជីវិត​របស់​ខ្លួន​។ យុវជន​ដែល​ត្រូវ​បោះ​ឆ្នោត​ទាំង​នោះ ទើបគ្រប់អាយុបោះ​ឆ្នោត​  ហើយ​ពួកគេ​មាន​សារៈសំខាន់​ក្នុង​ការផ្លាស់​ប្ដូរ​។ ពួកគេ​ទំនងជា​មិន​ធ្វើ​តាម​អ្នក​ជំនាន់​មុន​​ទេ ដោយ​សារតែ​ពួកគេភាគ​ច្រើន​ចង់​លុប​បំបាត់​​ខ្សែ​បក្ស​របស់​គ្រួសារ​។ ប៉ុន្ដែប្រសិន​បើ​ទ្រឹស្ដី​នយោបាយ​ខុស​នោះតើវានឹង​ក្លាយ​ជា​អ្វី​ទៅ​?នៅពេល​អ្នក​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​មក​ពី​គណ​បក្ស​ទាំង​អស់​ប្រមូល​ផ្ដុំ​យុវជន ​ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត​មុន​ការ​បោះ​ឆ្នោត​ឃុំ​-សង្កាត់​នៅ​ថ្ងៃ​អាទិត្យ​នេះអ្នក​សង្កេត​ការណ៍​នយោបាយ​មាន​ចម្ងល់​ថា តើ​វាមាន​ភាព​ខុស​ប្លែក​គ្នា​ច្រើន​ ឬយ៉ាងណា​។ លោក​ អ៊ា សុផល ជំនាញការសេដ្នកិច្ច​នយោ​បាយបាន​មាន​ប្រសាសន៍ថា “ ខណៈ​ដែល​ប្រជាពល​រដ្ឋ​ជាច្រើន​នាក់សង្ឃឹមថា​ ការ​ផ្លាស់​ប្ដូរ​ផ្នែក​ប្រជា​សាស្ត្រ​នឹង​នាំ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ក្នុង​ការបោះ​ឆ្នោត​នោះ ក្ដី​សង្ឃឹម​នេះ​មិន​អាច​ទៅ​រួច​ឡើយ”។ លោក​ សុផល ដែល​ទទួល​សញ្ញា​បត្រ​ថ្នាក់​បណ្ឌិត​ពី​សាកល​វិទ្យាល័យប៊ើឃើៃលី (Berkeley) ក្នុងរដ្ឋកាលីហ្វ័រញ៉ និង​បាន​ចំណាយពេល​ច្រើន​ឆ្នាំ​ក្នុង​ការ​ស្រាវ​ជ្រាវ​ផ្នែក​នយោ​បាយ​កម្ពុជាបាន​មាន​ប្រសាសន៍ថា “ ប្រជា​សាស្ត្រ​ នគរូបនីយកម្ម​ ការ​ចាប់​យក​ដី​ និង​វិវាទ​ និង​ការ​បង្ក្រាប​ តើមាន​អ្វី​ថ្មី​ទៅ​?។ លោក​បាន​មាន​ប្រសាសន៍ថា “មែន​ហើយ ​មាន​អ្នក​បោះ​ឆ្នោត​ច្រើន​ជាង​មុនមែន ក៏ប៉ុន្ដែ​​ពួកគេ​កំពុង​តែ​ប្រែ​ក្លាយ​ទៅ​ជា​ប្រព័ន្ធ​មួយ​ ដែលក្នុង​រយៈ​ពេល​២៧​ឆ្នាំ​មកនេះអ្វីៗពាក់​ព័ន្ធនឹងនយោបាយ​ដូចគ្នាដដែល​”។ លោក​បន្ថែម​ថា “ ប្រសិន​បើ​​ខ្ញុំ​អាយុ​១៨​ឆ្នាំខ្ញុំ​បារម្ភ​អំពី​ការ​ប្រកួត​ប្រជែង​កាន់​តែ​ខ្លាំងឡើង នៅ ក្នុង​ទី​ផ្សារ​ការងារ ដើម្បីរកចំណូលជួយ​ក្រុម​គ្រួសារ​​របស់​ខ្ញុំ​ និង​រក​ជំនាញ​ឲ្យសមស្របទៅ​តាម​សេដ្ឋ​កិច្ច​ពិភពលោក​។ ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់​ មិន​សំខាន់​នៅ​ក្នុង​គំនិត​របស់​ខ្ញុំ​ទេ”។ប្រជា​ពល​រដ្ឋ​ជាង​ពីរភាគ​បី​អាយុក្រោម​​៣០​ឆ្នាំ​ ក៏ប៉ុន្ដែ​ ការពាក់​ព័ន្ធ​នឹង​នយោ​បាយ​ស្ថិត​នៅឆ្ងាយ​ពី​អាទិភាព​សម្រាប់​ពួកគេ​ក្នុង​ប៉ុន្មាន​ឆ្នាំ​នេះ។ ក្នុងការ​ស្ទង់​មតិ​របស់​អង្គការ​ UNDP ដែល​​ចេញផ្សាយ ​កាលពីពេលថ្មីៗនេះ​ឲ្យដឹង​ថា៦០ភាគ​រយ​នៃ​អ្នក​មាន​អាយុ​ពី​១៥​ឆ្នាំ​ទៅ​២៤​ឆ្នាំ បានលើក​ឡើង​ថា ពួក​គេ​មិន​យល់​ស្របអំពី​អ្នក​ទាំង​ឡាយ​ណា​ ដែល​បាន​សាក​សួរ​អំពី​ការ​ដឹកនាំ​នៅ​ក្នុង​ប្រទេស​ រីឯ​ជាង​៤០​ភាគ​រយ​នៃ​បុរស​ និង​៣៥​​ភាគរយ​នៃ​ស្ត្រី​គិត​ថា ខ្លួន​មិន​ចាប់​អារម្មណ៍​ក្នុង​រឿង​នយោបាយ​ឡើយ​។ ហេតុផល​ទាំង​នេះ គឺ​ផ្សេង​ៗគ្នា​។ ការ​បញ្ចេញ​ទស្សននយោបាយ ​ត្រូវ​បាន​ហាម​ប្រា​ម​នៅ​តាម​សាលារៀន​ រីឯ​យន្ដការ​នយោ​បាយ​តឹង​រុឹង​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​ ដែល​គ្រប់​គ្រង​អំណាច​យូរ​មក​ហើយ​នោះ មាន​ន័យ​ថា យុវជន​ត្រូវ​បាន​ណែនាំ​ឲ្យ​ស្គាល់អំពី​ចំណុច​ជា​ច្រើន​របស់​គណ​បក្ស​គ្រប់​គ្រង​ក្នុង​វ័យ​យុវជន តាមរយៈសមាគមយុវជន​កាយរិទ្ធ​និងយុវជន​កាក​បាទ​ក្រហមជា​ដើម។អ្នកស្រីឡូរ៉ាថនតុន (Laura Thornton) នាយិកា​ ​វិទ្យាស្ថាន​ជាតិ​ប្រជា​ធិបតេយ្យប្រចាំ​ប្រទេស​កម្ពុជា បានលើក​ឡើង​នៅ​ក្នុង​អុីម៉េល​មួយ​កាលពី​ម្សិល​មិញ​ថា “ ខ្ញុំ​គិត​ថា ក្នុង​ប្រទេស​កម្ពុជាយុវជន​ទាំង​ឡាយ​ទំនង​ជា​មិន​សូវ​ចាប់​អារម្មណ៍​នឹង​នយោ​បាយ​ទេ ដូច្នេះ ក្នុង​នោះ​ដែរ ដោយសារមាន​ការ​ហាម​ប្រាម​មិនឲ្យធ្វើ​សកម្ម​ភាព​នយោបាយ​នៅ​តាម​សាលា​រៀន​។ល។”។ យុវជន​ជាច្រើន​នាក់ ដែល​ត្រូវ​បាន​សម្ភាស​​នៅ​សប្ដាហ៍នេះចាប់​អារម្មណ៍​នឹង​រឿង​នយោ​បាយខ្លះដែរ។ចាប់​ពី​កម្ម​ករ​កាត់​ដេររហូត​ដល់​និស្សិត​សាកល​វិទ្យា​ល័យ ភាគ​ច្រើន​និយាយ​ថាពួកគេ​​មាន​បំណង​ទៅ​បោះ​ឆ្នោត​ ប៉ុន្ដែ គ្មាន​នរណា​ម្នាក់​ពិភាក្សា​អំពីរឿង​គណ​បក្សឬនយោបាយ​ឡើយ។ពួកគេ​ជជែកតែ​អំពី​ការងារ​ និង​ការ​ប្រកប​របរ​រក​ស៊ី​ចិញ្ចឹម​ជីវិតប៉ុណ្ណោះ។ លោកវង់សុវណ្ណនីជា​អាជីវករ​អាយុ​២៤ឆ្នាំ​ នៅ​ក​្នុង​រាជ​ធានី​ភ្នំ​ពេញ​បាន​លើក​ឡើង​ថា"ខ្ញុំ​ចង់​បាន​ចៅ​សង្កាត់​ថ្មី​ម្នាក់​ ដែល​អាច​បញ្ចុះ​តម្លៃ​ផលិត​ផល​ និង​បញ្ចុះ​ពន្ធ​”។ លោក​បាន​លើក​ឡើង​ថា លោក​មាន​បំណង​ត្រឡប់​ទៅ​ខេត្ត​កណ្ដាល​ជា​ស្រុក​កំណើត​របស់លោកដើម្បី​បោះ​ឆ្នោត​នៅ​ថ្ងៃ​អាទិត្យ​នេះ។លោក​ សុវណ្ណនីបាន​បន្ថែម​ថា “ បច្ចុប្បន្ននេះខ្ញុំ​មាន​ប្រាក់ចំណូល​ទាប។ វាពិបាក​ណាស់​សម្រាប់​ខ្ញុំ​ក្នុង​ការ​រស់​នៅ​ ពី​ព្រោះ​ទំនិញ​ថ្លៃ​ណាស់”។អ្នក​ផ្សេង​ទៀត​បាន​​បន្ទរ​ចំពោះ​ការ​បារម្ភ​ដូច​គ្នា​នេះ​ដែរ។ យុវជនបា៉ងដារិទ្ធអាយុ​២១​ឆ្នាំជានិស្សិត​​ផ្នែក​វិស្វកម្ម​នៅ​សាកល​វិទ្យា​ល័យ​ន័រតុន និង​មានស្រុកកំណើតនៅខេត្ត​កំពង់ចាម ​លើក​ឡើង​ថា “ បច្ចុប្បន្ននេះខ្ញុំ​បារម្ភថានៅ​ពេល​​ខ្ញុំ​​បញ្ចប់​ការ​សិក្សារបស់​ខ្ញុំ​ ខ្ញុំមិន​អាច​ស្វែង​រក​ការងារ​បាន ពីព្រោះពួកគេ​រើស​យក​តែ​សាច់​ញាតិ​របស់​ពួកគេ និង​សមា​ជិក​ក្រុម​របស់​ពួកគេ​”។ យុវជន​ ដែល​មាន​សិទ្ធិ​បោះ​​ឆ្នោត​ទំនង​ជា​ពេញ​ចិត្ត​ចំពោះ​អ្នក​ទាំង​ឡាយ​ណា​ ដែល​អាច​ជួយពួកគេ​ឲ្យទទួលបាន​អនា​គត​ល្អ​ប្រសើរ​មួយ។ ដូច្នេះ គណ​បក្ស​ទាំង​ឡាយ​កំពុង​តែ​ផ្ដោត​ទៅ​លើ​យុវជន​ ដែល​មាន​​សិទ្ធិ​បោះ​ឆ្នោត​។ គណ​បក្ស​ប្រជា​ជន​កម្ពុជា បាន​ទទួល​ស្វាគមន៍​អ្នក​ផ្ដាច់​ខ្លួន​ជាច្រើន​នៅ​ក្នុង​ពិធី​របស់​គណ​បក្ស​ ចំណែក​ឯ​គណ​បក្ស​សម រង្ស៊ី បានសន្យា​​ក្នុងពេល​ធ្វើយុទ្ធនាការ​ឃោសនាបោះឆ្នោតនេះថា​ នឹងស្វែង​រក​ការ​ងារ​ឲ្យ​យុវជន។ គណ​បក្ស​សិទ្ធិមនុស្ស គណ​បក្ស​ហ្វុ៊ន​ស៊ិ​ន​បុិច និង​គណ​បក្ស​ នរោត្តមរណឫទ្ធិ បាន​ផ្ដួច​ផ្ដើម​អំឡុង​ឆ្នាំ​មុន​ៗ ដើម្បី​ទាក់​ទាញ​ការ​គាំ​ទ្រ​នៅ​ក្នុង​ចំណោម​យុវជន​ហើយ​បាន​លើក​ឡើង​ថា ពួកគេ​បាន​រាប់បញ្ចូល​យុវជន​នៅ​ក្នុង​ចំណោម​ក្រុម​អ្នក​បោះ​ឆ្នោត​ដ៏សំខាន់​បំផុត។ លោក​ស្រីជា​ វណ្ណាតអ្នក​វិភាគ​នយោ​បាយ​​បាន​មាន​ប្រសាសន៍ថា “ ដោយ​សារ​តែ​​ចំនួន​ភាគ​ច្រើន​នៃយុវជន​ គ្រប់​គណ​បក្ស​ទាំង​អស់បាន​ព្យាយាម​ទាក់ទាញអ្នក​បោះ​ឆ្នោត​ថ្មី​ជា​លើក​ដំបូង​”។លោក​ស្រី​បាន​លើក​ឡើង​ថា “ វាជា​ការ​គួរឲ្យ​ចាប់​អារម្មណ៍ ​និងរង់ចាំមើលលទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់​ ដើម្បីឲ្យដឹងថាតើ​អ្នក​បោះ​ឆ្នោត​ពេញ​ចិត្ត​នឹង​សេវា​សាធា​រណៈ​របស់​អាជ្ញា​ធរ​មូល​ដ្ឋាន​ ឱកាស​ស្វែង​រក​ការ​ងារ​ធ្វើ ទស្សន​វិស័យ​សម្រាប់​អនា​គត​របស់​ខ្លួន​យ៉ាងណានោះ”៕ ប្រែសម្រួល​ដោយ ចេវប៊ុននី  

Latest news