កងទ័ពកម្ពុជា និងឡាវ ប្រឈមមុខដាក់គ្នានៅតំបន់មុំបីក្នុងខេត្តព្រះវិហារ

កងទ័ពកម្ពុជា និងឡាវ កំពុងប្រឈមមុខដាក់គ្នានៅព្រំដែននៅចំនុចទន្លេរពៅក្នុងតំបន់មុំបីនៃ ស្រុកឆែប ខេត្តព្រះវិហារ។ ប៉ុន្តែសម្រាប់អ្នកនាំពាក្យកងទ័ពជើងគោក លោក ម៉ៅ ផល្លា បានប្រាប់សារព័ត៌មានសំឡេងប្រជាធិបតេយ្យ VOD នៅថ្ងៃនេះថា កងទ័ពនៃប្រទេសទាំងពីរ កំពុងចរចាគ្នាដោះស្រាយបញ្ហាព្រំដែននេះ ដោយថាស្ថានភាពអាចគ្រប់គ្រងបាន មិនមែនជាការប្រឈមមុខដាក់គ្នានោះឡើយ។

ប្រភពដដែលអះអាងថា កងទ័ពឡាវបានលើកគ្នាចូលមកកាន់កាប់ទឹកដីខ្មែរក្នុងចំនុចទន្លេរពៅនេះ តាំងពីថ្ងៃទី១៤ ខែសីហាមកម្ល៉េះ ដោយឡាវសំអាងថានេះជាទឹកដីរបស់គេ។ លោកបន្តថា កម្ពុជាមានជំហរដាច់ខាតមិនអនុញ្ញាតឱ្យទ័ពឡាវធ្វើបែបនេះឡើយ។ យ៉ាងណាកម្ពុជា ព្យាយាមបញ្ចៀសការប៉ះទង្គិចទាំងសងខាង ប៉ុន្តែកម្ពុជាក៏រង់ចាំមើលសភាពការណ៍ជាក់ស្ដែងបន្តទៀត។

អ្នកនាំពាក្យកងទ័ពជើងគោករូបនេះ បញ្ជាក់ថាតំបន់ដែលជម្លោះនោះមិនមានប្រជាពលរដ្ឋរស់នៅនោះឡើយ ដោយមានតែទាហានឈរជើងប៉ុណ្ណោះ។

ទោះបីជាយ៉ាងនេះក្តីនៅថ្ងៃនេះដែរ អតីតអ្នកនាំពាក្យរដ្ឋាភិបាល និងជារដ្ឋមន្ត្រីក្រសួងព័ត៌មានបច្ចុប្បន្ន លោក ខៀវ កញ្ញារិទ្ធិ បានលើកឡើងនៅគណនេយ្យហ្វេសប៊ុករបស់ខ្លួនថា សភាពការណ៍ព្រំដែនកម្ពុជា-ឡាវ មានភាពតានតឹង ដោយសារសកម្មភាពយោធាឡាវបន្តឈរជើងកាលពីមុននោះ មានកម្លាំងកើនឡើងច្រើន។

លើសពីនេះ លោកថា មេបញ្ជាការកងពលធំ លោក ស្រី ឌឹក បានប្រជុំផ្សព្វផ្សាយដល់ថ្នាក់ដឹកនាំ និងសមត្ថកិច្ចឱ្យត្រៀមលក្ខណៈជម្លៀសប្រជាជនចេញពីភូមិចំនួន៦ ក្នុងឃុំចំនួនពីរនៅស្រុកជាំក្សាន្ត ដើម្បីការពារក្នុងដំណាក់ការដែលអាចឈានដល់ការផ្ទុះអាវុធកើតឡើង៕

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.