កម្ពុជារកចំណូលបានជាង២រយលាន ដុល្លារអាមេរិកពីការនាំចេញជ័រកៅស៊ូទៅលក់នៅក្រៅប្រទេស

កម្ពុជាបាននាំចេញជ័រកៅស៊ូសរុបចំនួនជាង១៦ម៉ឺនតោន ទៅលក់នៅក្រៅប្រទេសក្នុងរយៈពេល១០ខែ ឆ្នាំ២០១៨នេះ ទទួលបានចំណូល២១៨លានដុល្លារអាមេរិក។

នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ ដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈកាលពីថ្ងៃទី២៦ ខែវិច្ឆិកា បង្ហាញថាចាប់ពីខែមករា ដល់តុលា ឆ្នាំ២០១៨ កម្ពុជាបាននាំចេញជ័រកៅស៊ូចំនួន១សែន៦ម៉ឺនតោន ដែលកើនឡើង២៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៧។

ជ័រកៅស៊ូរបស់កម្ពុជាបាននាំចេញទៅលក់ឲ្យបណ្តាប្រទេសមួយចំនួនក្នុងតំបន់អាស៊ី ដែលរួមមានប្រទេសវៀតណាម ម៉ាឡេស៊ី សិង្ហបុរី ចិន និងប្រទេសកូរ៉េខាងត្បូង។

របាយការណ៍ដដែលឲ្យដឹងទៀតថា ក្រុមហ៊ុនដែលកំពុងរកស៊ី និងដាំដុះកៅស៊ូនៅកម្ពុជាចំនួន១២៩ក្រុមហ៊ុន ក្នុងនោះមាន៣០ក្រុមហ៊ុនហើយដែលប្រមូលផល និងធ្វើការនាំចេញ។

រហូតមកទល់ពេលនេះកម្ពុជាមានផ្ទៃដីដាំដុះកៅស៊ូចំនួនជាង៤សែនម៉ឺនហិកតា ហើយផ្ទៃដីដែលអាចចៀរជ័រកៅស៊ូបានមានទំហំជាង ២សែនហិកតា ៕

© 2018, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.