កម្ពុជា និងចិនគ្រោងធ្វើសមយុទ្ធយោធារួមគ្នាដ៏ធំមួយនៅសប្តាហ៍ក្រោយ

ក្រសួងការពារជាតិកម្ពុជាប្រកាសថា យោធាកម្ពុជា និងយោធានៃប្រទេសកុម្មុយនីស្តចិននឹងធ្វើលំហាត់យោធារួមគ្នាមួយដែលមានឈ្មោះថា នាគមាសឆ្នាំ២០១៨ ក្នុងខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៥ខែមីនា ខាងមុខ។

ប្រធានគណៈកម្មការដឹកនាំធ្វើលំហាត់យោធារួមគ្នានៃក្រសួងការពារជាតិគឺលោក ឥត សារ៉ាត់ បានចេញលិខិតជូនដំណឹងមួយកាលពីថ្ងៃទី ៧ មីនា បញ្ជាក់ថា លំហាត់យោធាដែលមានឈ្មោះ នាគមាសឆ្នាំ២០១៨ នេះ ធ្វើឡើងក្រោមប្រធានបទការងារមនុស្សធម៌និងការ ប្រឆាំងភេរវកម្ម ។

សមយុទ្ធយោធានេះនឹងធ្វើឡើងនៅ ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ រយៈពេល១៥ថ្ងៃ គឺចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី៣០មីនា។

លោក ឥត សារ៉ាត់ បានស្នើឱ្យមន្ត្រីរាជការ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋទាំងអស់កុំភ្ញាក់ផ្អើលចំពោះសំឡេងស្នូរផ្ទុះគ្រាប់ និងការចល័តអាវុធយុទ្ធភណ្ឌយោធានៅទីតាំងរៀបចំកម្មវិធីនោះ។

លោកសំណូមពរឱ្យអាជ្ញាធរពាក់ព័ន្ធជួយផ្សព្វផ្សាយអំពីលំហាត់យោធាបាញ់គ្រាប់ពិតមួយនេះឱ្យបានទូលំទូលាយ។

លើសពីនេះត្រូវហាមឃាត់ប្រជាពលរដ្ឋមិនឱ្យចូលទៅតំបន់ធ្វើសមយុទ្ធ ព្រមទាំងហាមឃាត់មិនឱ្យមានការហោះហើរឆ្លងកាត់តំបន់មួយនេះឡើយ។

ក្រុមអ្នកឃ្លាំមើលសង្គមបារម្ភថា ប្រទេសចិនកំពុងព្យាយាមត្រួតត្រាកម្ពុជាតាមរយៈឥទ្ធិពលសេដ្ឋកិច្ច និងយោធា ខណៈរដ្ឋាភិបាលក្រុងភ្នំពេញងាកចេញពីបណ្តាប្រទេសលោកសេរី ដូចជាសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប តាមរយៈការបំផ្លាញមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕

© 2018, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.