កម្ពុជា សម្រេចបញ្ចូនកាកសំណល់ថង់ប្លាស្ទិកទៅប្រទេសដើមវិញបានមួយចំនួន ហើយខ្លះទៀតត្រូវពន្យាពេល

កម្ពុជា សម្រេចឱ្យក្រុមហ៊ុន ជុងយៀន ដែលជាក្រុមហ៊ុននាំកាកសំណល់ថង់ប្លាស្ទិកចូលមកកម្ពុជានោះ ត្រូវនាំកាកសំណល់ទាំងនោះត្រឡប់ទៅប្រទេសដើមវិញជាបណ្តើរៗ ដោយក្នុងចំណោមកាកសំណល់ប្លាស្ទិករចំនួន៨៣ កុងទឺន័រ ក្រុមហ៊ុននេះបាននាំទៅកាន់ប្រទេសដើមបានចំនួន១៤កុងទឺន័រហើយ ចាប់តាំងពីថ្ងៃទី២០ ខែសីហា មកនេះ។ 

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាកាលពីថ្ងៃសុក្រសប្តាហ៍មុនចេញសេចក្ដីប្រកាសព័ត៌មានមួយ ហើយដែល The Cambodia Daily ទើបទទួលបានឲ្យដឹងថា ក្រុមហ៊ុន ជុងយៀន ដែលមានម្ចាស់ឈ្មោះ             សួន ឡុក ជនជាតិខ្មែរបាននាំកាកសំណល់នោះចំនួន១៤កុងតឺន័រ ទៅប្រទេសដើមវិញ និងបានបង់ប្រាក់ពិន័យដល់រាជរដ្ឋាភិបាលរួចរាល់ហើយ។ ក្រុមហ៊ុននេះ ក៏បានសុំពន្យារពេលក្នុងការដឹកសំរាមដែលនៅសេសសល់ផ្សេងទៀតរហូតដល់ខែតុលាផងដែរ។

សេចក្តីប្រកាសនោះបានបញ្ជាក់ថា ថង់ប្លាស្ទិកដែលនៅសល់ គឺត្រូវបានពន្យារពេល ដោយសារក្រុមហ៊ុនកប៉ាល់ដឹកជញ្ចូនតាមផ្លូវសមុទ្របានជួបបញ្ហាមួយចំនួនរួមមាន អាកាសធាតុ មិនអំណោយផលធ្វើឲ្យខកខានជើងកប៉ាល់ និងទំនិញ កកស្ទះជាច្រើនដែលទទួលកក់ពីអតិថិជនផ្សេងៗទៀត។ 

ក្រុមហ៊ុន ជុងយៀន ក៏បានស្នើសុំពន្យារពេលការដឹកជញ្ជូនកាកសំណល់ប្លាស្ទិកដែលនៅសល់ចំនួន ៦៩ កុងតឺន័រទៀតតាមតារាងពេលវេលាដែលក្រុមហ៊ុនកប៉ាល់បានផ្តល់ជូន គិតចាប់ពីថ្ងៃទី២៤ ខែសីហាដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០១៩។

រដ្ឋាភិបាលកាលពីចុងខែកក្កដា បានដាក់កំហិតឲ្យក្រុមហ៊ុននេះត្រូវដឹកសំរាមទាំង ៨៣ កុងតឺន័រទៅសហរដ្ឋអាមេរិក និងកាណាដាវិញឲ្យអស់ឲ្យបានមុនថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០១៩ ព្រមទាំងតម្រូវឲ្យបង់ប្រាក់ពិន័យចូលថវិកាជាតិជាង ១ ពាន់លានរៀល បន្ទាប់ពីក្រុមហ៊ុននេះបាននាំចូលកាកសំណល់ប្លាស្ទិកដែលមានទម្ងន់ ជិត១ពាន់៦រយតោន(១ ៥៦២) មកកម្ពុជាសរុបចំនួន ២៧ លើកចាប់ពីខែកញ្ញា ឆ្នាំ ២០១៨ និងខែមករា ឆ្នាំ ២០១៩ ដោយអាជ្ញាធរកម្ពុជាអះអាងថាសំរាមទាំងនោះមានប្រភពមកពីប្រទេសសហរដ្ឋអាមេរិក និងកាណាដា។

កាកសំណល់ប្លាស្ទិកទាំងនេះ ត្រូវបានមន្ត្រីជំនាញកម្ពុជាពិនិត្យឃើញកាលពីថ្ងៃទី ១៦កក្កដា ក្នុងកំពង់ផែខេត្តព្រះសីហនុ។ 

កន្លងមក ប្រទេសកាណាដា និង ទូតអាមេរិកបានអះអាថាខ្លួននឹងចូលរួមកិច្ចការនេះ ដោយត្រូវស៊ើបអង្កេតឱ្យបានច្បាស់ ប៉ុន្តែមកទល់ពេលនេះ សហរដ្ឋអាមេរិក និងកាណាដា នៅមិនទាន់បង្ហាញលទ្ធផលនៃការចូលរួមស៊ើបអង្កេតនោះនៅឡើយទេ៕

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.