ក្រសួងសាធារណការ និងដឹកជញ្ជូនលើកទឹកចិត្តឲ្យពលរដ្ឋរាយការណ៍អំពីបញ្ហាផ្លូវខូច

ក្រសួងសាធារណការ និងដឹកជញ្ជូនលើកទឹកចិត្តឲ្យពលរដ្ឋរាយការណ៍អំពីបញ្ហាផ្លូវខូច រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនលោកស៊ុន ចាន់ថុល កាលពីថ្ងៃទី១៣ខែធ្នូបានស្នើឱ្យពលរដ្ឋទាំងអស់ចូលរួមផ្តល់ព័ត៌មានអំពីផ្លូវខូច ដោយថតយកផ្លូវណាដែលខូច រួចផ្ញើចូលក្នុងកម្មវិធីថែទាំផ្លូវដែលមានឈ្មោះថា «ROAD CARE»ដើម្បីឱ្យរដ្ឋាភិបាលបានដឹងនិងអាចចាត់វិធានការជួសជុលបានទាន់ពេលវេលា។

ការអះអាងរបស់លោកស៊ុន ចាន់ថុល ធ្វើឡើងក្នុងពេលដែលលោកបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធីថែទាំផ្លូវ«ROAD CARE mobile app» នៅទីស្ដីការក្រសួងសាធារណការនិងដឹកជញ្ជូនកាលពីម្សិលមិញ។

រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនរូបនេះឲ្យដឹងថា ផលប្រយោជន៍នៃកម្មវិធីថែទាំផ្លូវ«ROAD CARE mobile app» នេះនឹងអាចផ្តល់ព័ត៌មានដល់ក្រសួងរបស់លោកអំពីផ្លូវខូចដើម្បីអាចឲ្យសមត្ថកិច្ចរបស់ក្រសួងចុះជួសជុល ដោយអាចថតរូបហើយផ្ញើមកក្រសួងសាធារណការផ្ទាល់ ឱ្យក្រសួងបានចាត់វិធានការជាបន្ទាន់ដើម្បីជួសជុលផ្លូវនោះទាន់ពេលវេលា តាមរយៈការទទួលបានព័ត៌មានពីប្រព័ន្ធ«ROAD CARE mobile»នេះ។

លោកបន្តថា ប្រព័ន្ធ មួយនេះគឺវាអាចបង្ហាញទីតាំងបានពិតប្រាកដ ដែលធ្វើឱ្យក្រសួងមានភាពងាយស្រួល ក្នុងការជួសជុលផ្លូវដែលខូចទាំងនោះបាន។

ប៉ុន្តែក្រុមអ្នកឃ្លាំមើលសង្គមបានស្នើដល់រដ្ឋាភិបាលត្រូវបើកការស៊ើបអង្កេត ឲ្យបានស៊ីជម្រៅ និងចាត់វិធានការតាមផ្លូវច្បាប់លើជនល្មើសទាំងឡាយណា ដែលបានប្រព្រឹត្តអំពើពុករលួយក្នុងការកេងប្រវ័ញ្ចលុយធ្វើផ្លូវ ដែលនាំឲ្យផ្លូវនៅកម្ពុជាភាគច្រើនគ្មានគុណភាព និងគ្មានប្រសិទ្ធភាព៕

© 2018, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.