ក្រុមសហជីពទាមទារឱ្យតុលាការនៃរបបលោកហ៊ុន សែនទម្លាក់ចោលបទចោទប្រកាន់លើពួកគេ

ក្រុមសហជីពទាមទារឱ្យតុលាការនៃរបបលោកហ៊ុន សែនទម្លាក់ចោលបទចោទប្រកាន់លើពួកគេ ក្រុមសហជីពជំរុញឱ្យតុលាការនៃរបបលោកហ៊ុន សែនទម្លាក់ចោលបទចោទប្រកាន់ទាំងឡាយប្រឆាំងថ្នាក់ដឹកនាំសហជីព។

ប្រធានសហភាពសហជីពកម្ពុជា លោករ៉ុង ឈុន អះអាងថា លោកមិនទាន់ដឹងអំពីការពន្លឿនលើនីតិវិធីទម្លាក់ចោលបទចោទប្រកាន់ទាំងឡាយប្រឆាំងនឹងថ្នាក់ដឹកនាំសហជីពនៅឡើយទេ ក្រោយពេលលោកហ៊ុន សែនបានបញ្ជាឱ្យក្រសួងពាក់ព័ន្ធពិនិត្យមើលករណីនេះ។

លោក រ៉ុង ឈុនបានសរសេរនៅគណនីហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី១៣ខែវិច្ឆិកាថា លោកទាមទារឱ្យរដ្ឋាភិបាលកម្ពុជា ធ្វើអន្តរាគមន៍ឱ្យមានការទម្លាក់ចោលសំណុំរឿងទាំងឡាយប្រឆាំងថ្នាក់ដឹកនាំសហជីព ដើម្បីឱ្យពួកគេបំពេញការងារបានដោយពេញលេញក្នុងការលើកកម្ពស់សិទ្ធិការងារជូនកម្មករ-កម្មការិនី ដោយគ្មានការភ័យខ្លាច។

កាលពីថ្ងៃទី៧វិច្ឆិកា កន្លងទៅ លោកហ៊ុន សែនបានបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងរដ្ឋមន្ត្រីក្រសួងការងារ ពិនិត្យលើសំណុំរឿងទាំងឡាយពាក់ព័ន្ធនឹងថ្នាក់ដឹកនាំសហជីព។

លោកបញ្ជាក់ថា សំណុំរឿងណាអាចទម្លាក់ចោលបានគឺត្រូវទម្លាក់ចោល ហើយរឿងណាដែលចាំបាច់ត្រូវចាត់ការ។

ការអះអាងរបស់លោកហ៊ុន សែនធ្វើឡើងក្រោយពេល សហភាពអឺរ៉ុបគំរាមដកប្រព័ន្ធអនុគ្រោះពន្ធលើទំនិញគ្រប់មុខលើកលែងគ្រឿងសព្វាវុធ ឬ EBA ប្រសិនបើរបបលោកហ៊ុន សែននៅតែរឹងទទឹងមិន ព្រមស្តារប្រជាធិបតេយ្យ និងដោះស្រាយវិបត្តិនយោបាយឡើងវិញ៕

© 2018, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.