ក្រុមសហជីពស្នើឲ្យអគ្គលេខាធិការ ITUC ជួយអ្នកបកប្រែភាពយន្ត«ម្តាយខ្ញុំលក់ខ្ញុំ»

ក្រុមសហជីពស្នើឲ្យអគ្គលេខាធិការនៃITUCធ្វើអន្តរាគមន៍ដោះលែងអ្នកបកប្រែភាពយន្តឯកសារ«ម្តាយខ្ញុំលក់ខ្ញុំ» ប្រធានសហភាពសហជីពកម្ពុជាលោករ៉ុង ឈុន កាលពីថ្ងៃទី១៣ ខែធ្នូ អំពាវនាវឲ្យអ្នកស្រីSharran Burrow អគ្គលេខាធិការនៃសហភាពសហជីពពាណិជ្ជកម្មក្នុងទីក្រុងហ្សឺណែវធ្វើអន្តរាគមន៍ទៅ រដ្ឋាភិបាលកម្ពុជាដើម្បីឲ្យមានការដោះលែងលោករ៉ាត់ រ័ត្នមុនី ប្រធានសហព័ន្ធសហជីពកម្មករសំណង់កម្ពុជា(CCTUF)និងជាសមាជិករបស់សហភាពសហជីពកម្ពុជា។

លោករ៉ាត់ រ័ត្នមុនីត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួន កាលពីថ្ងៃទី៧ធ្នូ ក្នុងទីក្រុងបាងកក ខណៈលោកនិងក្រុមគ្រួសារកំពុងព្យាយាមរត់ភៀសខ្លួនទៅកាន់ប្រទេសហូឡង់។

សមត្ថកិច្ចថៃអះអាងថា ការចាប់ខ្លួននេះធ្វើឡើងទៅតាមសំណើរបស់សមត្ថកិច្ចកម្ពុជាពីបទជាប់ទាក់ទងនឹងការថតខ្សែភាពយន្តឯកសារក្លែងក្លាយដែលមានចំណងជើងថា«ម៉ែខ្ញុំលក់ខ្ញុំ»របស់បណ្តាញព័ត៌មានRussia Today(RT)កាលពីខែតុលាដែលធ្វើឲ្យប៉ះពាល់ដល់មុខមាត់របស់កម្ពុជា។

រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ លោកស ខេង កាលពីថ្ងៃទី១២ ខែធ្នូ អះអាងថា សមត្ថកិច្ចពាក់ព័ន្ធកំពុងធ្វើការស្រាវជ្រាវករណីខ្សែវីដេអូមួយ ដែលមានចំណងជើងថា«ម្តាយខ្ញុំលក់ខ្ញុំ» ដើម្បីដឹងថា រឿងនេះជារឿងពិត ឬប្រតិដ្ឋ។

ទោះជាយ៉ាងណាក៏ដោយ លោករ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជាអះអាងថា រដ្ឋាភិបាលកម្ពុជាមិនគួរចាប់ខ្លួនប្រធានសហព័ន្ធសហជីពកម្មករសំណង់កម្ពុជារូបនេះ ដោយគ្រាន់តែជាអ្នកបកប្រែ និងអ្នកជួយកាន់ជើងកាមេរ៉ាឲ្យបណ្តាញសារព័តមា RT ដូច្នេះនោះឡើយ។

លោកបន្តថា ការចាប់ខ្លួន លោករ៉ាត់ រ័ត្នមុនី កាន់តែធ្វើឲ្យបាក់មុខមាត់កម្ពុជាក្នុងឆាកអន្តរជាតិថែមទៀត៕

© 2018, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.