ក្រុមអ្នកជំនាញខាងផ្លូវចិត្តទាមទារឲ្យក្រសួងសុខាភិបាលយកចិត្តទុកដាក់អំពីបញ្ហានេះ

ក្រុមអ្នកជំនាញខាងផ្លូវចិត្តទាមទារឲ្យក្រសួងសុខាភិបាលយកចិត្តទុកដាក់អំពីបញ្ហាផ្លូវអារម្មណ៍នៅតាមកន្លែងធ្វើការ អ្នកឯកទេសខាងបញ្ហាផ្លូវចិត្តនៃសាកលវិទ្យាភូមិន្ទភ្នំពេញស្នើឲ្យក្រសួងសុខាភិបាលយកចិត្តទុកដាក់ឲ្យបានខ្លាំងដល់ផលវិបាកនានានៅកន្លែងធ្វើការ ដែលបណ្ដាលមកពីបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ។

អ្នកឯកទេសខាងផ្លូវចិត្តអះអាងថា ជំងឺនេះកំពុងកើនឡើងនៅកម្ពុជា។

សាស្ត្រាចារ្យខាងផ្នែកចិត្តវិទ្យានៃសាកលវិទ្យាភូមិន្ទភ្នំពេញ លោកកៅ សុវណ្ណតារ៉ា បានប្រាប់ក្រុមអ្នកសារព័ត៌មានថា បញ្ហាផ្លូវចិត្តនៅកន្លែងធ្វើការនេះ គឺជារឿងសំខាន់ដែលស្ថាប័នពាក់ព័ន្ធត្រូវស្វែងរកវិធីដោះស្រាយ។

អ្នកជំនាញផ្លូវចិត្តរូបនេះ អះអាងថា បុគ្គលម្នាក់មានសុខភាពល្អ លុះត្រាតែមានកត្តាសំខាន់ៗ៣គឺកត្តាសុខភាពផ្លូវកាយល្អ សុខភាពផ្លូវចិត្តល្អ និងសុខុមាលភាពសង្គមល្អ។

លោកបន្តថា បញ្ហាសុខភាពផ្លូវចិត្តគឺជាបន្ទុកធ្ងន់ធ្ងរដល់សង្គមកម្ពុជា ដែលកំពុងកើនឡើងទ្វេដងក្នុងចំណោមអ្នកក្រីក្រ ហើយថា រដ្ឋាភិបាលកម្ពុជា នៅមានបញ្ហាខ្វះខាតជាខ្លាំងក្នុងការផ្ដល់សេវានានា នៅមជ្ឈមណ្ឌលសុខភាពផ្លូវចិត្ត និងគ្រូពេទ្យជំនាញចិត្តសាស្ត្រដើម្បីព្យាបាល និងផ្ដល់ដំបូន្មានដល់អ្នកជំងឺផ្លូវចិត្តនៅកម្ពុជា។

អង្គការសុខភាពពិភពលោក(WHO) រកឃើញថា ប្រសិនបើមនុស្សម្នាក់ៗមិនបានថែរក្សាសុខភាពផ្លូវកាយរបស់ខ្លួនឲ្យបានល្អប្រសើរទេ នោះបញ្ហាផ្លូវចិត្តក៏កើតមានច្រើនដែរ ដូចជាមានអារម្មណ៍ខឹង ឆេវឆាវ ភ័យខ្លាច ពិបាកចិត្តច្រើន គេងមិនលក់ អស់កម្លាំង និងមានបញ្ហាដល់ការផ្ចង់អារម្មណ៍ និងការចងចាំផងដែរ៕

© 2018, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.