គណបក្សកាន់អំណាចទាមទារឲ្យបិទហ្វេសប៊ុកមេធាវីដែលតែងការពារក្តីឲ្យគណបក្សប្រឆាំង

គណបក្សកាន់អំណាចទាមទារឲ្យបិទហ្វេសប៊ុកមេធាវីដែលតែងការពារក្តីឲ្យគណបក្សប្រឆាំង គណបក្សប្រជាជនកម្ពុជាបានស្នើទៅគ.ជ.ប. ឲ្យបិទហ្វេសប៊ុកលោកមេធាវី ជូង ជូងី និង ចាត់វិធានការច្បាប់ផ្សេងទៀតទៅលើអតីតមេធាវីរបស់គណបក្សសង្គ្រោះជាតិរូបនេះ។

សេចក្ដីប្រកាសរបស់គ.ជ.ប. ដែលចេញផ្សាយជាសាធារណៈកាលពីថ្ងៃព្រហស្បតិ៍ ទី២៦ ខែកក្កដា ម្សិលមិញបានបញ្ជាក់ថា គ.ជ.ប. បានទទួលលិខិតស្នើសុំរបស់គណបក្សប្រជាជនកម្ពុជាហើយ ដើម្បីឲ្យចាត់វិធានការលើលោកមេធាវីជូង ជូងីពីបទប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ប្រព្រឹត្តអំពើទុច្ចរិតបំពានច្បាប់ក្នុងបំណងរារាំង ពលរដ្ឋមិនឲ្យទៅបោះឆ្នោត។

គ.ជ.ប.បានយល់ព្រមចំពោះការស្នើសុំនេះ ហើយគ.ជ.ប.ក៏បាន ស្នើសុំបន្តទៅក្រសួងពាក់ព័ន្ធមួយចំនួនទៀត ដូចជាក្រសួងមហាផ្ទៃ ក្រសួងប្រៃសណីយ៍ ក្រសួងព័ត៌មាន គណៈមេធាវី និងក្រសួងយុត្តិធម៌ ឲ្យចាត់វិធានការលើលោកជូង ជូងី ក្នុងការបិទបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោក។

កាលពីដើមសប្តាហ៍នេះលោកជូង ជូងីបានបកស្រាយលើគណនី ហ្វេសប៊ុករបស់លោកថា ការបញ្ចុះបញ្ចូលពលរដ្ឋមិនឲ្យបោះឆ្នោត មិនមែនជាបទល្មើសព្រហ្មទណ្ឌ ដែលត្រូវដាក់ទោសទណ្ឌនោះឡើយ ប៉ុន្តែវាជាសិទ្ធិក្នុងការបញ្ចេញមតិរបស់ពលរដ្ឋប៉ុណ្ណោះ៕

© 2018, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.