គណបក្សប្រជាធិបតេយ្យមូលដ្ឋានសុំឲ្យលោក ហ៊ុន សែន ឈប់ធ្វើទុក្ខបុកម្នេញអ្នកសង្កេតការណ៍ការបោះឆ្នោត

គណបក្សប្រជាធិបតេយ្យមូលដ្ឋានទាមទារឲ្យរបបលោក ហ៊ុន សែន បញ្ឈប់ការធ្វើទុក្ខបុកម្នេញដល់ក្រុមអ្នកសង្កេតការណ៍ការបោះឆ្នោត គណបក្សប្រជាធិបតេយ្យមូលដ្ឋានកាលពីថ្ងៃសុក្រ ទី១៨ ខែឧសភា បានស្នើឲ្យរដ្ឋាភិបាលទីក្រុងភ្នំពេញបញ្ឈប់ការលាបពណ៌ ឬការបំភិតបំភ័យដល់ក្រុមអ្នកសង្កេតការណ៍បោះឆ្នោត និងភាគីពាក់ព័ន្ធដែលមានបទពិសោធន៍ឃ្លាំមើលការបោះឆ្នោតដោយឯករាជ្យ។

លោកយ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានប្រាប់ អ្នកសារព័ត៌មានកាលពីថ្ងៃសុក្រថា គណបក្សរបស់លោកនៅមិនទាន់សម្រេចថា តើលោកត្រូវបន្ដចូលរួមការបោះឆ្នោត ឬត្រូវធ្វើពហិការនៅឡើយទេ ខណៈភាគីពាក់ព័ន្ធកំពុងរងការគំរាមកំហែងផ្សេងៗបែបនេះ។

លោកជំរុញឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន បង្កលក្ខណៈងាយស្រួលដល់អ្នកសង្កេតការណ៍ ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងភាគីពាក់ព័ន្ធនានា អាចចូលរួមឃ្លាំមើលដំណើរការបោះឆ្នោត ដោយសេរី និង ឯករាជ្យបាន។

រហូតមកទល់ពេលនេះ អង្គការនិកហ្វិច និងខុមហ្វ្រែល បានប្រកាសថា ខ្លួននឹងមិនចូលរួមឃ្លាំមើលដំណើរការបោះឆ្នោតក្នុងការិយាល័យ ដូចការបោះឆ្នោតលើកៗមុនទៀតនោះទេ ប៉ុន្តែចូលរួមសង្កេតការណ៍បោះឆ្នោតនៅក្រៅការិយាល័យវិញ ដោយសារពួកគេ បារម្ភពីការធ្វើទុក្ខបុកម្នេញរបស់គណបក្សកាន់អំណាច ដែលកន្លងមកលោក ហ៊ុន សែន ធ្លាប់ចោទពួកគេថា កំពុងគាំទ្រដល់សកម្មភាពបដិវត្តន៍ពណ៌នៅកម្ពុជា។

ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកឃ្លាំមើលនិយាយថា ប្រសិនបើការ បោះឆ្នោតនៅកម្ពុជាធ្វើឡើងដោយគ្មានអ្នកសង្កេតការណ៍ឯករាជ្យ និងគ្មានការចូលរួមពីគណបក្សប្រឆាំងពិតប្រាកដទេ នោះការបោះឆ្នោតគ្រាន់តែធ្វើឡើងដើម្បីបង្គ្រប់កិច្ច ឬជាការបោះឆ្នោតបែបបោកប្រាស់ឆន្ទៈរបស់រាស្រ្តប៉ុណ្ណោះ៕

© 2018, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.