ជប៉ុននឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាខាងផ្នែកបរិស្ថាន

លោក យ៉ាស៊ូ តាកាហាស៊ី អនុរដ្ឋមន្រ្តីជប៉ុនទទួលបន្ទុកការងារបរិស្ថាន ពិភពលោកនៃក្រសួងបរិស្ថានរបស់ប្រទេសជប៉ុនកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញបានបញ្ជាក់ថា រដ្ឋាភិបាលជប៉ុន ត្រៀមខ្លួនជាស្រេចដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបរិស្ថាន តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិរបស់ជប៉ុនដែលមានឈ្មោះថា ចៃកា (JICA)។

ការអះអាងរបស់មន្រ្តីជាន់ខ្ពស់ខាងផ្នែកបរិស្ថានរបស់ជប៉ុនរូបនេះ ធ្វើឡើងកាលពីម្សិលមិញ នៅក្នុងជំនួបជាមួយលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួង បរិស្ថាន នៅក្នុងសិក្ខាសាលាជាន់ខ្ពស់ស្តីពីនិរន្តរភាពទីក្រុង នៅក្រោមក្របខណ្ឌកិច្ចប្រជុំកំពូលរបស់រដ្ឋមន្រ្តីបរិស្ថានអាស៊ីបូព៌ា ក្នុងខេត្តសៀមរាប។

មន្រ្តីជាន់ខ្ពស់ខាងផ្នែកបរិស្ថានរបស់ជប៉ុនរូបនេះ បញ្ជាក់ថា កន្លងមក ជប៉ុនបានជួយស្តារ និងកសាងហេដ្ឋារចនាសម្ព័ន្ធ និងការចូលរួមកាត់បន្ថយការលំបាករបស់ពលរដ្ឋខាងផ្នែកសេដ្ឋកិច្ច ព្រមទាំងបានលើកកម្ពស់សុខភាពរបស់ពលរដ្ឋ ដូចជាការផ្គត់ផ្គង់ទឹកស្អាតនៅរាជធានីភ្នំពេញផងដែរ។

លោកបន្តថា ជប៉ុនគ្រោងនឹងសម្របសម្រួលសហប្រតិបត្តិការបរិស្ថាន ដូចជាបញ្ហាកាកសំណល់ ការប្រើប្រាស់សំណល់ឡើងវិញ ការប្រែប្រួលអាកាសធាតុ ជីវៈចម្រុះ និងនិរន្តរភាពទីក្រុង៕

© 2018, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.