តុលាការ​ក្រុង​ភ្នំពេញ​សម្រេច​ឃុំខ្លួន​អ្នក​បកប្រែ​ឯកសារ​«ម្តាយខ្ញុំ​លក់ខ្ញុំ»

ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​លោក​សេងប្ញទ្ធី​បាន​ចេញ​ដីកា​បង្គាប់​ឱ្យឃុំ​ខ្លួន​បុគ្គល​ឈ្មោះ​រ៉ាត់រ័ត្នមុនី​ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់​កម្ពុជា​ដែល​សមត្ថ​កិច្ច​ថៃ​ទើប​បញ្ជូន​មក​ឲ្យ​អាជ្ញាធរ​កម្ពុជា​វិញ​កាលពី​ថ្ងៃ​ទី​១២​ខែ​ធ្នូ​កន្លង​ទៅ។​

លោក​សេងប្ញទ្ធី​បាន​សម្រេច​បង្គាប់​ឱ្យ​នាំខ្លួន​លោក​រ៉ាត់រ័ត្នមុនី​ទៅឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃស​បណ្តោះ​អាសន្ន​ដើម្បី​រង់ចាំ​ការ​ជំនុំ​ជម្រះ​ទោស​នៅ​ពេល​ក្រោយ។​

សមត្ថ​កិច្ច​ថៃ​បាន​ចាប់ខ្លួន​លោក​រ៉ាត់រ័ត្នមុនី​ក្នុង​ទីក្រុង​បាងកក​ប្រទេស​ថៃ​ខណៈលោក​និង​ភរិយា​របស់​លោក​កំពុង​សុំទិដ្ឋាការ​ទៅ​ប្រទេស​ហូឡង់។​ការចាប់​ខ្លួន​នេះធ្វើ​ឡើង​ទៅតាម​សំណើ​របស់​រដ្ឋាភិបាល​កម្ពុជា​ពី​បទ​ពាក់ព័ន្ធ​នឹង​ការ​ផលិត​ខ្សែ​វីដេអូ​ឯកសារ​ដែល​មាន​ចំណង​ជើង​ថា​«ម្តាយខ្ញុំលក់ខ្ញុំ»​របស់​បណ្តាញ​ព័ត៌មាន​Russia Today​របស់​រុស្ស៊ី​ឬ​ហៅ​កាត់ថា​RT។​រដ្ឋាភិបាល​កម្ពុជា​ចាត់​ទុក​ថា​ ខ្សែ​ភាពយន្ត​អំពី​ការ​ជួញដូរ​ផ្លូវភេទ​លើ​កុមារ​មួយ​នេះ​កំពុង​ធ្វើ​ឲ្យ​អាប់​ឱនដល់​កិត្តិយស​របស់​កម្ពុជា។​

ប្រធាន​សហភាព​សហជីព​កម្ពុជា​លោក​រ៉ុងឈុន​កាលពី​ថ្ងៃ​ទី​១៣​ខែធ្នូ​អំពាវនាវ​ឲ្យ​អ្នកស្រី​SharranBurrow​អគ្គ​លេខាធិការ​នៃ​សហភាព​សហជីព​ពាណិជ្ជ​កម្ម​ក្នុង​ទីក្រុង​ហ្សឺណែវ​ធ្វើ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​ឲ្យ​មាន​ការ​ដោះលែង​លោក​រ៉ាត់រ័ត្នមុនី​ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់​កម្ពុជា​(CCTUF)​និង​ជា​សមាជិក​របស់​សហភាព​សហជីព​កម្ពុជា។​

លោក​បន្ត​ថា​ រដ្ឋាភិបាល​កម្ពុជា​មិនគួរ​ចាប់​ខ្លួន​ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់​កម្ពុជា​រូបនេះ​ដោយ​គ្រាន់តែ​ជា​អ្នក​បកប្រែ​និង​ជាអ្នក​ជួយកាន់​ជើង​កាមេរ៉ា​ឲ្យ​បណ្តាញ​​ព័តមាន​RT​ដូច្នេះនោះ​ឡើយ។​លោក​បន្តថា​ ការចាប់​ខ្លួន​លោក​រ៉ាត់រ័ត្នមុនី​កាន់តែ​ធ្វើ​ឲ្យបាក់​មុខមាត់​កម្ពុជា​ក្នុង​ឆាក​អន្តរជាតិ​ថែម​ទៀត៕​

 

© 2018, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.