តំណាងរាស្ត្របានចូលសួរសុខទុក្ខសកម្មជនគណបក្សសង្គ្រោះជាតិចំនួន១៥នាក់ ដែលកំពុងជាប់ពន្ធនាគារព្រៃស

តំណាងរាស្ត្របានចូលសួរសុខទុក្ខសកម្មជនគណបក្សសង្គ្រោះជាតិចំនួន១៥នាក់ ដែលកំពុងជាប់ពន្ធនាគារព្រៃស តំណាងរាស្ត្រមណ្ឌលខេត្តតាកែវពីខាងគណបក្សសង្គ្រោះជាតិលោក អ៊ូ ច័ន្ទរ័ត្ន ដែលបានដឹកនាំក្រុមអ្នកតំណាងរាស្ត្ររបស់គណបក្សប្រឆាំងចូលជួបសកម្មជន និង លោក អ៊ុំ សំអាន នោះបានប្រាប់ក្រុមអ្នកសារព័ត៌មានថា ស្ថានភាពការរស់នៅរបស់សកម្មជនគណបក្សប្រឆាំងទាំង១៥នាក់ក្នុងពន្ធនាគារកំពុងរងការរឹតត្បិតខ្លាំងពីឆ្មាំពន្ធនាគារក្រោយពេលលោកហ៊ុន សែនខឹងសម្បារនឹងលោកមាជ សុវណ្ណារ៉ា ករណីកែច្នៃឧបករណ៍អេឡិចត្រូនិចដើម្បីតាមដានព័ត៌មានពីក្នុងពន្ធនាគារ។

លោកអ៊ូ ច័ន្ទរ័ត្នអះអាងថា ឆ្មាំពន្ធនាគារបានបំបែកសកម្មជនទាំង១៥នាក់នោះ មិនឲ្យជាប់ឃុំក្នុងបន្ទប់តែមួយ ហើយហាមមិនឲ្យស្ដាប់វិទ្យុ ប៉ុន្ដែអាចអានកាសែតបានខ្លះៗ។

លោកបន្តថា ស្មារតីរបស់អ្នកទាំង១៥នាក់នៅតែរឹងមាំដដែល។

តំណាងរាស្រ្តគណបក្សប្រឆាំងរូបនេះឲ្យដឹងថា អ្នកទាំង១៥នោះ សង្ឃឹមថា ពួកគេនឹងទទួលបានការដោះលែងឲ្យមានសេរីភាពឡើងវិញ នៅក្រោយការបោះឆ្នោតជាតិ បន្ទាប់ពីមានការដោះស្រាយវិបត្តិនយោបាយរួច។

ក្រុមអ្នកឃ្លាំមើលនិយាយថា ការបន្ដឃុំខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិទាំង១៥នាក់នេះ គឺកាន់តែធ្វើឲ្យកេរ្តិ៍ឈ្មោះនៃការដឹកនាំរបស់លោកហ៊ុន សែនអាក្រក់ក្នុងឆាកអន្តរជាតិ ហើយអាចរងការដាក់សម្ពាធធ្ងន់ធ្ងរផ្នែកពាណិជ្ជកម្ម និងផ្នែកនយោបាយពីសហគមន៍អន្តរជាតិថែមទៀត៕

© 2018, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.