ពលរដ្ឋសូដង់សាទរ តុលាការ នាំខ្លួនអតីតមេដឹកនាំផ្ដាច់ការមកកាត់ក្ដីករណីពុករលួយនិងក្បត់ជាតិ

ប្រជាជនសូដង់កាន់តែច្រើនឡើង សាទរប្រព័ន្ធតុលាការថ្មីនៃប្រទេសសូដង់ដែលបាននាំខ្លួន អតីតមេដឹកនាំ ផ្ដាច់ការ Omar al-Bashir មកអង្គុយក្នុងរង្វង់ក្រចកសេះ ស្ដាប់កំហុសរបស់ខ្លួនដែលបានព្រឹត្តពេលខ្លួនកាន់អំណាច រយៈពេល៣០ឆ្នាំ។ 

លោក  Omar al-Bashir ត្រូវបានប្រជាជន និងកងទ័ពទាញទំម្លាក់ពីអំណាចកាលពី ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ ខណៈបុរសខ្លាំងរូបនេះប្រកាសក្រាញអំណាច ប្រាំឆ្នាំទៅមុខទៀត ទោះជាខ្លួន មានកំហុស ក្នុងការដឹកនាំប្រទេសក៏ដោយ។ 

បុរសរូបនេះ កំពុងរងដីកាកោះហៅអោយនាំខ្លួនទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ នៅក្នុងសង្រ្គាមកាលពីដើមទសវត្សឆ្នាំ២០០០ ក្នុងតំបន់ដាហ្វ័រ ដែលគ្រានោះជនស៊ីវិលរាប់ពាន់ត្រូវបានកងទ័ពរបស់លោកបាញ់សម្លាប់ ធ្វើទារុណកម្ម ការចាប់ពអង្រត់ និងការចាប់រំលោភផ្លូវភេទសាហាវព្រៃផ្សៃបំផុត។

បណ្ដាញផ្សាយព័ត៌មានរបស់ Aljazeera កាលពីសប្ដាហ៍មុននេះ អតីតជនផ្ដាច់ការរូបនេះ ត្រូវបានកង សន្តិសុខ ពន្ធនាគារនាំខ្លួនមកអង្គុយក្នុងរង្វង់ក្រចកសេះ នៅក្នុងការជំនុំជំម្រះក្ដី ពីបទពុករលួយ លួចកឹបកេងទ្រព្យសម្បត្តិជាតិ និងថវិកាជំនួយ ប្រមាណ៨០លានដុលា្លរ ដែលជាជំនួយរបស់ប្រទេស អារ៉ាប់ ប៊ីសាវអូឌិត។ 

តាមគណៈកម្មការប្រឆាំងអំពើពុករលួយ លោក al-Bashir មានទ្រព្យសម្បត្តិ ដល់ទៅ ១១៣លានដុល្លារ ដែលលោកមានបានមកដោយសារការប្រើអំណាចជាប្រធានាធិបតី។ ក្រុមមេធាវីរបស់លោក សង្ឃឹមថា បទចោទប្រឆាំងនឹងលោកOmar al-Bashir អាចនឹងត្រូវទម្លាក់ចោល។ ពួកគេអះអាងថា លោកal-Bashir មិនបានប្រព្រឹត្តដូចការចោទប្រកាន់របស់ក្រុមបក្សប្រឆាំងនោះទេ ។ 

កាលពីពេលដែលកងទ័ពចូលឆេកឆេរ និងចាប់ខ្លួនលោក al-Bashir គេបានរកឃើញប្រាក់ដុល្លាររាប់ម៉ឺនដុល្លារនៅក្នុងផ្ទះរបស់បុរសវ័យ៧៥ឆ្នាំរូបនេះ ដែលករណីនេះ នាំអោយ កងទ័ពនាំខ្លួនលោកជាបន្ទាន់ទៅឃុំខ្លួនដើម្បីជំរុំជំម្រះក្ដី។

នេះជាលើកដំបូងហើយ ដែលអតីតមេដឹកនាំផ្ដាច់ការម្នាក់នៃប្រទេស ក្រីក្រមួយនៅទ្វីបអាហ្វ្រិក ត្រូវបាននាំខ្លួន មកស្ដាប់ការនិយាយពីកំហុសរបស់ខ្លួន ចំពោះការបំពានអំណាចរដ្ឋ និងការប្រព្រឹត្តអំពើក្បត់ជាតិ។ 

នៅពេល សវនាការកំពុងប្រព្រឹត្តទៅ ប្រជាជនច្រើនពាន់ បានសម្ដែងការសាទរ ដោយពួកគេចោទលោក  al-Bashir ថាជាជនក្បត់ជាតិ និងជាឧក្រិដ្ឋជនប្រឆាំងមនុស្សជាតិ។ ពលរដ្ឋបានទាមទារឱ្យតុលាការផ្តន្ទាទោស ជនផ្ដាច់ការនេះ អោយយធ្ងន់ធ្ងរបំផុត ហើយពួកគេ ក៏បានទាមទារអោយ តុលាការបន្ថែម ការចោទប្រកាន់ច្រើនទៀត ដូចជា ករណីបាញ់សម្លាប់បាតុករ ជាច្រើនរយនាក់ នៅអំឡុង បាតុកម្ម ជាង៣ខែ មុនទំលាក់លោក កាលពីដើមខែមេសា ឆ្នាំ២០១៩។ 

មិនតែប៉ុណ្ណោះ ពលរដ្ឋនិងក្រុមគណបក្សប្រឆាំងបានទាមទារថា ក្រោយពី កាត់ទោស បុរសខ្លាំងរូបនេះហើយ គឺត្រូវអោយរដ្ឋអាជ្ញា តុលាការឧក្រិដ្ឋកម្មអន្តរជាតិមកនាំខ្លួន ជនផ្ដាច់ការរូបនេះ ទៅកាត់ទោស នៅតុលាការក្រុងឡាអេ ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរក្នុងអំឡុងពេលលោកកាន់អំណាចរយៈពេល៣០ឆ្នាំ កន្លងមកនេះ។ 

លោក al-Bashir ត្រូវបានតុលាការ ICC ចេញដីកា នាំខ្លួនចំនួនបីលើកមកហើយចាប់តាំងពីឆ្នាំ ២០០៩មក។ 

យ៉ាងណាក៏ដោយ តុលាការរបស់ប្រទេសសូដង់ អះអាងថា លោកOmar al-Bashir ត្រូវបានកាត់ទោសក្នុងប្រទេសនេះ ពីព្រោះបុរសរូបនេះ បានប្រព្រឹត្តបទឧក្រិដ្ឋកម្មទាំងឡាយ នៅក្នុងប្រទេសសូដង់។

មិនត្រឹមតែ អតីតជនផ្ដាច់ការម្នាក់នេះទេ ដែលពលរដ្ឋសូដង់ចង់ឃើញនាំខ្លួនយកមកអង្គុយក្នុងរង្វង់ក្រចកសេះ ប៉ុន្តែពួកគេក៏បានទាមទារ អោយនាំខ្លួន អតីតរដ្ឋមន្ត្រីរបស់លោក al-Bashir ជាច្រើនអ្នកទៀត យកមកជំនុំជម្រះក្ដី ដូចលោក  al-Bashir អញ្ចឹងដែរ។

នៅក្នុងការទាញទម្លាក់លោក  al-Bashir យ៉ាងហោចណាស់មានមន្ត្រីជិតស្និទនឹងលោក ទាំងថ្នាក់រដ្ឋមន្ត្រីផង ត្រូវបានកងទ័ពចាប់ខ្លួនពាក់ព័ន្ធនឹងការដឹកនាំប្រកបដោយការរំលោភសិទ្ធិមនុស្ស និងប្រព្រឹអំពើពុករលួយធ្ងន់ធ្ងរ។ 

អ្នកស្រាវជ្រាវកិច្ចការសង្គមលោក Quscondy Abdulshafi,  បានប្រាប់បណ្ដាញផ្សាយព័ត៌មាន Aljazeera ថាការជំនុំជម្រះក្ដី លោក al-Bashir នៅពេលនេះ ទោះជាធ្វើឡើងដោយតុលាការក្នុងប្រទេសក្ដី គឺជាការបោះជំហ៊ានទៅរកយុត្តិធម៌ និងការទទួលខុសត្រូវរបស់បុរសរូបនេះ។

ប៉ុន្តែលោកនៅតែចោទសួរថា តើពួកចៅក្រមដែល ដឹកនាំការជំនុំជម្រះក្ដីប្រឆាំងនឹងលោក  al-Bashir មានភាពឯករាជ្យកម្រិតណា ព្រោះពួកគាត់ ធ្លាប់ជាចៅក្រមរស់ក្រោមឥទ្ធិពលរបស់បុរសខ្លាំងរូបនេះដែរ។

លោកថាប្រជាជន និងជនរងគ្រោះ កំពុងឃ្លាំមើលយ៉ាងប្រុងប្រយ័ត្នថាតើទំងន់ទោស ប្រឆាំងនឹងបុរសខ្លាំងម្នាក់នេះអាចសមនឹងកំហុសដែលមេដឹកនាំរូបនេះ បានប្រព្រឹត្តដែរឬទេ ៕

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.