មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃអះអាងថា លោកកឹម សុខា នឹងត្រូវដោះលែងនៅចុងខែមករាខាងមុខ

មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃអះអាងថា លោកកឹម សុខា នឹងត្រូវដោះលែងនៅចុងខែមករាខាងមុខ មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃកាលពីថ្ងៃទី២០ខែធ្នូ បានបង្ហើបឲ្យដឹងថា លោកកឹម សុខាប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងជាប់ឃុំក្នុងផ្ទះក្រោមការឃ្លាំមើលយ៉ាងតឹងតែងនៃសមត្ថកិច្ចរបស់លោកហ៊ុន សែនអាចនឹងត្រូវដោះលែងយ៉ាងយូរនៅដំណាច់ខែមករាឆ្នាំ២០១៩ ខាងមុខនេះ។

ការអះអាងរបស់មន្រ្តីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃរូបនេះធ្វើឡើងក្រោយពីអនុប្រធានរដ្ឋសភាបារាំងលោកSylvain WAERMANបានជួបជាមួយលោកស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកាលពីដើមសប្តាហ៍នេះ។

អនុប្រធានរដ្ឋសភាបារាំងរូបនេះបានប្រាប់លោកស ខេង ថា ប្រសិនបើរដ្ឋាភិបាលកម្ពុជាមិនព្រមស្តារស្ថានការណ៍នយោបាយឲ្យវិលមករកភាពប្រក្រតីវិញទេ នោះរដ្ឋាភិបាលបារាំងបារម្ភជាខ្លាំងចំពោះវាសនាសេដ្ឋកិច្ចរបស់កម្ពុជាដែលនឹងអាចបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធលើទំនិញគ្រប់ប្រភេទរបស់កម្ពុជាទៅកាន់ទីផ្សារអឺរ៉ុប ឬហៅថា EBA។

ជាងនេះទៅទៀតលោកSylvain Waermanបានស្នើឲ្យកម្ពុជាកែប្រែច្បាប់មួយចំនួនដើម្បីធានាឲ្យមានដំណើរការប្រជាធិបតេយ្យនៅកម្ពុជាតបតាមលក្ខខណ្ឌដែលសហភាពអឺរ៉ុបចង់បាន។

ប្រភពដដែលឲ្យដឹងទៀតថា នៅក្នុងកិច្ចពិភាក្សារវាងរដ្ឋាភិបាលបារាំង ជាមួយលោកស ខេង ភាគី ទាំងពីរបានយល់ព្រមនឹងដំណោះស្រាយនយោបាយដែលភាគីទាំងពីរអាចទទួលយកបានទាំងសងខាង ដោយគ្មាននរណាម្នាក់បាក់មុខគឺដោះលែងលោកកឹម សុខា ដោយគ្មានការកាត់ទោស ឬទម្លាក់បទចោទ ដែលភាគីទាំងសងខាងអាចទទួលយកបាន។

មន្រ្តីជាន់ខ្ពស់រូបនេះបានឲ្យ The Cambodia Daily ដឹងទៀតថា ក្រោយពីលោកកឹម សុខាត្រូវបានដោះលែង និងស្តានីតិសម្បទាគណបក្សសង្គ្រោះជាតិឲ្យរស់ឡើងវិញហើយនោះ ពេលនោះប្រព័ន្ធអនុគ្រោះពន្ធលើផលិតផលគ្រប់ប្រភេទ ឬហៅថា EBA នឹងមិនត្រូវបានដកពីកម្ពុជា នោះឡើយ។

លោកកឹម សុខាត្រូវបានសមត្ថកិច្ចនៃរបបលោកហ៊ុន សែន សម្រុកចូលចាប់ខ្លួនទាំងកណ្តាលយប់កាលពីដើមខែកញ្ញា ឆ្នាំ២០១៧ ពីបទក្បត់ជាតិ ដោយមានការសមគំនិតជាមួយសហរដ្ឋអាមេរិកក្នុងបំណង ផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។

បន្ទាប់មកនៅចុងឆ្នាំ២០១៧ តុលាការកំពូលនៃរបបលោកហ៊ុន សែន បានសម្រេចរំលាយគណបក្សសង្គ្រោះជាតិដ៏ធំដែលមានអាសនៈចំនួន៥៥ នៅរដ្ឋសភាហើយ ហាមមន្ត្រីរបស់បក្សនេះចំនួន១១៨នាក់មិនឲ្យធ្វើនយោបាយ និងយកអាសនៈរបស់ក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សនេះចំនួន៥០០៧ ទៅចែកឲ្យគណបក្សប្រជាជនកម្ពុជាស្ទើរតែទាំងអស់៕

© 2018, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.