មេធាវីរបស់មេដឹកនាំបក្សសង្គ្រោះជាតិប្រកាសថាកូនក្តីរបស់ខ្លួនមិនគាំទ្រគំរោងប្រជុំរបស់ក្រុមចលនាសង្គ្រោះជាតិឡើយ

មេធាវីការរបស់លោក កឹម សុខា អះអាងថា កូនក្ដីរបស់លោកមិនទទួលស្គាល់ក្រុមចលនាសង្គ្រោះជាតិ និងគម្រោងធ្វើសន្និសីទរបស់ក្រុមនេះក្នុងសហរដ្ឋអាមេរិក នៅដើមខែធ្នូ ខាងមុខនេះឡើយ។

លោកមេធាវី ចាន់ ចេន បានប្រាប់ក្រុមអ្នកសាព័ត៌មានកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ថា កូនក្តីរបស់លោកមិនបានដឹងឮ ឬទទួលស្គាល់ ចលនាសង្គ្រោះជាតិរបស់លោក សមរង្ស៊ី នោះឡើយ។

លោកបន្តថា លោក កឹម សុខា មិនគាំទ្រអ្វីដែលបង្កើតថ្មីសំរាប់ គណបក្សសង្គ្រោះជាតិនោះទេ ពីព្រោះបក្សប្រឆាំងមួយនេះ មានរចនាសម្ព័ន្ធគ្រប់គ្រាន់ហើយ។

ទោះបីជាយ៉ាងណាក៏ដោយលោក អេង ឆៃអ៊ាង អនុប្រធានបក្សសង្គ្រោះជាតិ និងជាសមាជិករបស់ចលនាសង្គ្រោះជាតិបានប្រាប់កាសែត The Cambodia Daily ថា លោកមិនទទួលស្គាល់ការអះអាង របស់ លោក ចាន់ ចេន មេធាវីរបស់ លោក កឹម សុខា នោះឡើយ។

លោកបន្តថាលោក កឹម សុខា បច្ចុប្បន្នគឺជាចំណាប់ខ្មាំងរបស់លោក ហ៊ុន សែន ហើយលោកមិនជឿថាលោក កឹម សុខា មានការអះអាង ដូច្នេះដោយផ្ទាល់មាត់នោះឡើយ។

ប៉ុន្តែក្រុមអ្នក កឹម សុខា និយមអះអាងថា គម្រោងធ្វើសន្និសីទរបស់ ចលនាសង្គ្រោះជាតិ ធ្វើឡើងផ្ទុយពីគោលការណ៍របស់គណបក្សសង្គ្រោះជាតិ និងគ្មានការទទួលស្គាល់។

សេចក្ដីប្រកាសព័ត៌មានរបស់ចលនាសង្គ្រោះជាតិប្រកាសថា ក្រុមនេះនឹងរៀបចំសន្និសីទធំមួយ ពីថ្ងៃទី១ ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨ នៅទីក្រុងអាត្លង់តា (Alanta) នៃរដ្ឋជចារ (Georgia) សហរដ្ឋអាមេរិក ដើម្បីពិភាក្សាអំពីយុទ្ធសាស្ដ្ររបស់គណបក្សសង្គ្រោះជាតិក្នុងការតស៊ូ ដើម្បីលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា៕

© 2018, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.