មេធាវីរបស់លោកកឹម សុខាអះអាងថាអតីតអគ្គរដ្ឋទូតអាមេរិក មិនបានជួបជាមួយកូនក្តីរបស់ពួកគេឡើយ

មេធាវីរបស់លោកកឹម សុខាគឺលោកផែង ហេងបានសរសេរនៅលើហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកដោយបដិសេធថា លោក​William Heidt អតីតអគ្គរដ្ឋទូតអាមេរិកមិនបានជួបជាមួយកូនក្តីរបស់លោកទេ នៅមុនពេលលោកធ្វើដំណើរចាកចេញពីកម្ពុជា។

ការបដិសេធរបស់សហមេធាវីការពារក្តីរបស់លោកកឹម សុខាធ្វើឡើង បន្ទាប់ពីមានព័ត៌មានមួយចំនួនរាយការណ៍ថា ឯកអគ្គរដ្ឋទូតអាមេរិកចប់អាណត្តិបានចូលជួបលោកកឹម សុខាមុនចាកចេញពីកម្ពុជា។ ប៉ុន្តែលោកWilliam Heidt ធ្លាប់អះអាងថា លោកសូមកោតសរសើរដល់ភាពក្លាហានរបស់លោកកឹម សុខា។

មុនពេលចាកចេញពីកម្ពុជា លោក William Heidt បានចេញវីដេអូឃ្លីបនិយាយថា លោកសូមកោតសរសើរដល់ភាពឆ្លាតវៃរបស់យុវជនខ្មែរ ហើយថា សេចក្តីសង្ឃឹមរបស់លោកទៅថ្ងៃមុខគឺពលរដ្ឋខ្មែរគ្រប់ជំនាន់នឹងនាំគ្នាការពារបរិស្ថាន ការពារវប្បធម៌ និងប្រវត្តិសាស្រ្តរបស់ខ្មែរ ហើយសហការគា្នកសាងលទ្ធិប្រជាធិបតេយ្យ និងសេដ្ឋកិច្ចឲ្យកាន់តែរឹងមាំ។

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សលោកសឹង សែនករុណាធ្លាប់អះអាងថា អាណត្តិរបស់លោក William Heidt នៅកម្ពុជាមានភាពសកម្មជាខ្លាំងក្នុងការជួយស្តារលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជា។ លោកបន្តថា លោក William Heidt តែងប្រឹងប្រែងក្នុងការជួយអន្តរាគមន៍ស្នើដល់រដ្ឋាភិបាលកម្ពុជាឲ្យមានការបន្ធូរបន្ថយភាពតានតឹងនៃស្ថានការណ៍សិទ្ធិមនុស្សនៅកម្ពុជា។ លោកបន្តថា ឯកអគ្គរដ្ឋទូតអាមេរិកនេះ ក៏បានអន្តរាគមន៍ឲ្យមានការដោះលែងមន្រ្តីសមាគម អាដហុកទាំងប្រាំនាក់ មន្រ្តីបក្សប្រឆាំងជាច្រើនរូប និងស្នើជាច្រើនលើកដែរឲ្យដោះលែងលោកកឹម សុខាប្រធានគណបក្សសង្គ្រោះជាតិ៕

© 2018, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.