មេបក្សប្រឆាំងវេណេហ្សូអេឡាទទូចឱ្យចិននិងរុស្ស៊ីបោះបង់របបលោកម៉ាឌូរ៉ូហើយគាំទ្រគោលនយោបាយរបស់លោកវិញ

មេដឹកនាំបក្សប្រឆាំងនៃប្រទេសវេណេហ្សូអេឡា ដែលកំពុង ដឹកនាំការទាញទម្លាក់ប្រធានាធិបតីលោកម៉ាឌូរ៉ូ៏ពីអំណាច បានទទូចសុំអោយ ប្រទេសចិន និងរុស្ស៊ី គាំទ្រគោលនយោបាយរបស់លោកវិញ។

នៅក្នុងបទសម្ភាសជាមួយ សារព័ត៌ជប៉ុន Nikkei Review  លោកវ័នកៃដូ ប្រធានសភាមកពីគណបក្សប្រឆាំង ដែលត្រូវបានសមាជិកសភា ក្រុមរបស់លោកលើកអោយធ្វើជាប្រធានាធិបតីបណ្ដោះអាសន្ននៃ ប្រទេសវេណេហ្សូអេឡា និយាយថា រដ្ឋាភិបាល របស់លោក នឹងមានភាពលទ្ធភាពស្ដារសេដ្ឋកិច្ចឲ្យរស់ឡើងវិញ ហើយមានលទ្ធភាពសងបំណុលរបស់ប្រទេសចិន និងរុស្ស៊ីទៀតផង។ ប្រទេសចិន ជាម្ចាស់បំណុល ៧០ពាន់លានដុល្លារ និងរុស្ស៊ី ៣០ពាន់លានដុល្លារ នៃរបបលោកម៉ាឌូរ៉ូ។

លោកកៃដូបន្តថា សេដ្ឋកិច្ច វេណេហ្សូអេឡា ក្រោមរបបអត្តាធិបតេយ្យ របស់លោកម៉ាឌូរ៉ូ កំពុងក្រឡាប់ដាំដូងហើយ។ លោកកៃដូ បច្ចុប្បន្ន ជាប្រធានាធិបតីស្ដីទី នៃប្រទេសវេណេហ្សូអេឡា ដែលមានប្រទេសជាង៥០ គាំទ្រ ក្នុងនោះសុទ្ធសឹងជាប្រទេសសេដ្ឋកិច្ចធំៗ និងប្រជាធិបតេយ្យជឿនលឿន មានដូចជាសហរដ្ឋអាមេរិក កាណាដា អង់គ្លេស ជប៉ុន និងសហភាពអឺរ៉ុប។

ចំណែកឯលោកម៉ាឌូរ៉ូជាប្រធានាធិបតី ដែលពួកលោកខាងលិចចាត់ទុកជាមេដឹកនាំមិនស្របច្បាប់ នឹងឆន្ទៈរបស់ប្រជាជន មានការគាំទ្រតិចតួច ដូចជា ចិន រុស្ស៊ី គុយបា អ៊ីរ៉ង់ តួកគី កូរ៉េខាងជើង និងកម្ពុជា ជាដើម។

លោកកៃដូ កំពុងស្វែងការគាំទ្រពីចិននិងរុស្ស៊ី ដោយបានប្រាប់ប្រទេសពីរនេះថា ផលប្រយោជន៍របស់ពួកគេកំពុងប្រឈមនឹងគ្រោះថ្នាក់ ពីព្រោះសហរដ្ឋអាមេរិក មានផែនការដាក់ទណ្ឌកម្ម ធ្ងន់ធ្ងរ ថែមទៀត នៅចុងខែតុលានេះ ដែលនឹងនាំអោយមានគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរសំរាប់សេដ្ឋកិច្ចនៃរបបលោកម៉ាឌូរ៉ូ។ លោកបានព្រមានចិន និងរុស្ស៊ីថា ប្រសិនបើនៅតែបន្តគាំទ្រ របបរបស់លោកម៉ាឌូរ៉ូ គឺចិននិងរុស្ស៊ី នឹងមិនអាចបន្តពង្រីងការដាក់វិនយោគរបស់ខ្លួន បានទៀតឡើយ ហើយប្រាក់កម្ចីរាប់ពាន់លានដុល្លារនោះ ក៏នឹងអាចគ្រោះថ្នាក់ទៀតផង។

បច្ចុប្បន្ន ប្រទេសវេណេហ្សូអេឡា មាន ប្រធានាធិបតីចំនួន២រូប។ ប្រទេសដែលគាំទ្រ ក្រុមប្រឆាំង បានសម្រេចផ្ទេរជំនួយមនុស្សធម៌ ទៅអោយលោកកៃដូ ។ លោកកៃដូ បានប្រាប់Nikkei Review  ទៀតថាលោកបានសម្រេចបញ្ឈប់ការចរចាជាមួយ ក្រុមលោកម៉ាឌូរ៉ូហើយ នៅពេលនេះ ព្រោះតែការចរចាពុំបានទទួលលទ្ធផល អ្វីដែលនាំទៅរកការបញ្ចប់តំណែងលោកម៉ាឌូរ៉ូ នោះទេ។

លោកកៃដូ បាន បញ្ជាក់ថា លោកនឹងមិនចរចានោះទេ បើលោកម៉ាឌូរ៉ូមិនចុះចេញពីអំណាច ហើយមិនព្រមអោយមានការបោះឆ្នោតប្រធានាធិកបតីឡើងវិញ។

ការប្រកាន់ជំហររបស់លោកកៃដូ ដែលសុំអោយចិននិងរុស្ស៊ី គាំទ្រគោលនោបាយរបស់លោក គឺបន្ទាប់ពី របបលោកម៉ាឌូរ៉ូ បាក់មុខយ៉ាងខ្លាំង នៅលើកឆាកអន្តរជាតិ។

នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៤ ដែលទើបបិទបញ្ចប់ កាលពីថ្ងៃទី៣០ ខែកញ្ញា  សុន្ទរករបស់អនុប្រធានាធិបតី ដែល តំណាង អោយលោកម៉ាឌ៉រ៉ូ មិនត្រូវបានស្វាគមន៍ឡើយ ពីគណៈប្រតិភូនៃបណ្តាប្រទេសផ្សេងជុំវិញពិភពលោក ដូចជាកម្ពុជាដែរ។

គេសង្កេតឃើញ នៅពេលអ្នកស្រី Delcy Rodríguez ឡើងថ្លែងសុន្ទរកថា គឺគណៈប្រតិភូ ប្រទេសជាច្រើនបានដើរចេញពីសាលប្រជុំ ដែលនាំអោយសាលប្រជុំ មានភាពស្ងប់ស្ងាត់។ ប៉ុន្តែនៅពេលនោះអ្នកស្រីបានថ្លែងអំពីទុក្ខវេទនា របស់ប្រជាជនវេណេហ្សូអេឡា ច្រើនលាននាក់ រងគ្រោះដោយសារការដាក់ទណ្ឌកម្មពីសំណាក់សហរដ្ឋអាមេរិក។ លោកស្រីបានអំពាវនាវសុំអោយសហគមន៍អន្តរជាតិថ្កោលទោសសហរដ្ឋអាមេរិក ជាពិសេស រដ្ឋការរបស់លោកប្រធានាធិបតីត្រាំ។ ប៉ុន្តែពុំមានការឆ្លើយតបឡើយ។

របបលោកម៉ាឌូរ៉ូបាននាំស្នាមមេដៃរបស់ពលរដ្ឋវេណេហ្សូអេឡា ប្រមាណជា៣លាននាក់ ទៅកាន់មហាសន្និបាតនេះ ដើម្បី ទាមទារអោយសហគមន៍អន្តរជាតិ ជួយបញ្ចប់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ក៏ប៉ុន្តែមិនបានលទ្ធផលអ្វីឡើយ ដោយសារក្រុមប្រឹក្សាសិទ្ធិមនុស្សបានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោស របបលោកម៉ាឌ៉រ៉ូដែលកំពុងបំបិទសេរីភាពក្រុមបក្សប្រឆាំង ហើយមិនតែប៉ុណ្ណោះក្រុមប្រឹក្សាមួយនេះក៏បានព្រមានក្នុងការនាំយករបបរបស់ជនផ្ដាច់ការមួយនេះ ទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ទៀតផង ស្របពេលដែលអង្គការសហប្រជាជាតិ បានសម្រេចជាឯកច្ឆ័នក្នុងការបញ្ជូនអ្នកស៊ើបអង្កេត ទៅស្រាវជ្រាវការករណីសម្លាប់មនុស្ស និងការធ្វើទារុណកម្មទៅលើក្រុមបក្សប្រឆាំងនៅប្រទេស Venezuela៕

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.