យ៉ាងហោច​ណាស់​មាន​សិស្ស​វិទ្យាល័យ​កោះធំ​ប្រហែល​៣០​នាក់​ដួល​សន្លប់

សិស្ស​ថ្នាក់​ទី​១០​និង​ទី​១១​ជិត​៣០​នាក់​នៅ​វិទ្យាល័យ​កោះ​ធំ​ស្ថិត​ក្នុង​ស្រុក​កោះធំ​ខេត្ត​កណ្តាល​មាន​អាការៈ​ទន់​ដៃ​ទន់ជើ​ងថប់​ដង្ហើម​ដួល​សន្លប់​ជាបន្ត​បន្ទាប់​កាល​​ពីថ្ងៃ​សុក្រ​ម្សិលម៉ិញ។​រហូត​មក​ទល់​ពេល​នេះ​ក្រុម​អាជ្ញាធរ​ខេត្ត​កំពុង​ធ្វើការ​ស្រាវជ្រាវ​រក​មូលហេតុ​ពិត។​

ក្រុម​សមត្ថ​កិច្ច​ខេត្ត​កណ្តាល​ឲ្យ​ដឹង​ថា​ សិស្ស​វិទ្យាល័យ​កោះធំ​ចំនួន​២៨​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ខេត្ត​ដើម្បី​សង្គ្រោះ​បន្ទាន់។​

រហូត​មក​ទល់​ពេល​នេះ​សមត្ថ​កិច្ច​នៅ​មិន​ទាន់​អាច​ធ្វើការ​សន្និដ្ឋាន​បឋម​ថា​ តើការ​ដួល​សន្លប់​នោះ​បណ្តាល​មក​ពី​បរិយាកាស​ឬ​បណ្តាល​មកពី​ការ​ពុល​អាហារ​​នៅ​ឡើយ​ទេ។​

ទោះជាយ៉ាង​ណាក៏ដោយ​ សិស្ស​សាលាមួយ​ចំនួន​អះអាង​ថា​ ការ​ដួល​សន្លប់​នោះ​អាចមក​ពី​បញ្ហា​បាក់​ទឹកចិត្ត​ដោយសារ​ឪពុក​ម្តាយ​របស់​ពួកគេ​បង្ខំ​ឲ្យពួក​គេ​ឈប់​រៀន​ដើម្បី​ទៅ​ធ្វើការ​នៅ​ប៉ោយប៉ែត។​ក្រោយ​ពេល​សិស្ស​ស្រីរូប​នោះ​ប្រាប់​ព័ត៌មាន​នេះ​ដល់​គ្រូ​របស់គេ​ហើយ​ស្រាប់តែ​នាង​មាន​អាការៈ​ទន់ដៃ​ទន់ជើង​ដួល​សន្លប់​តែ​ម្តង​ហើយក៏​មានមិត្ត​រួមថ្នាក់​ជាច្រើន​ទៀត​ស្រាប់តែ​ដួល​សន្លប់​តាម​គ្នាតែ​ម្តង។​

ករណី​ដួល​សន្លប់​នេះ​កន្លង​មក​មិន​សូវ​កើត​មាន​ឡើង​ក្នុង​ចំណោម​សិស្ស​សាលា​នោះ​ទេ​ភាគ​ច្រើន​គេ​ឃើញ​កើត​ឡើង​ក្នុង​ចំណោម​កម្មករ​រោងចក្រ​កាត់​ដេរ។​​

ក្រុម​សហជីព​មួយ​ចំនួន​ធ្លាប់​រកឃើញ​ថា​ បញ្ហា​កម្មករ​ដួល​សន្លប់​ដែល​តែងកើត​ឡើង​ជាញឹង​ញាប់​នៅតាម​រោងចក្រ​នោះគឺ​ដោយ​សារ​បញ្ហា​រោងចក្រ​មួយ​ចំនួន​មិនបាន​បំពាក់​ប្រព័ន្ធ​ខ្យល់​ឬប្រព័ន្ធ​អុកស៊ីស៊ែន​ឲ្យបាន​ត្រឹមត្រូវ​រោងចក្រ​ខ្លះបាន​សាយភាយ​ថ្នាំ​គីមី​ហើយ​កត្តា​ចម្បង​បំផុត​ទៅ​ទៀត​នោះ​គឺ​កម្មករ​ត្រូវ​ធ្វើការ​ច្រើន​ម៉ោង​ពេក​ដើម្បី​បំពេញ​តម្រូវ​ការ​ផលិត​កម្ម​ដែល​ថៅកែ​ចង់​បាន៕​

 

© 2018, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.