រដ្ឋាភិបាលសម្រេចមោឃភាពលិខិតអនុញ្ញាតដឹកជញ្ជូនឈើនិងអាជីវកម្មឈើ ចាស់ចោល ប៉ុន្តែសម្រួលឱ្យមានការស្នើសុំថ្មី

រដ្ឋាភិបាលលោក ហ៊ុន សែន សម្រេចមោឃភាពលិខិតអនុញ្ញាតដឹកជញ្ជូនឈើ និងអាជីវកម្មឈើ នៅតំបន់ដីសម្បទានសេដ្ឋកិច្ចទាំង              ឡាយ។ រដ្ឋាភិបាលក៏បានអះអាងថា ការធ្វើបែបនេះ ដើម្បីងាយស្រួលគ្រប់គ្រង ហើយថានឹងមានការផ្តល់ឱ្យឡើងវិញសម្រាប់អ្នកស្នើសុំថ្មី។

ទីស្តីការគណៈរដ្ឋមន្ត្រីបានចេញលិខិតមួយនៅថ្ងៃនេះ ដោយបានសម្រេចតាមចំណាររបស់លោក ហ៊ុន សែន ដោយបញ្ជាដល់ក្រសួងកសិកម្ម និងគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសធម្មជាតិ ឱ្យលុបចោលលិខិតបើកផ្លូវឬ លិខិតអនុញ្ញាតដឹកឈើ និងអនុផលព្រៃឈើទាំងអស់ រួមទាំងឈើដែលដឹកចេញពីដីសម្បទានផងដែរ ដើម្បីរៀបចំលិខិតអនុញ្ញាតថ្មី។ បន្ថែមពីនេះទៀត រដ្ឋាភិបាលក៏សម្រេចដកសិទ្ធិពីក្រុមហ៊ុនដែលមិនគោរពច្បាប់ទៀតផង។

លិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ត្រីដដែល ក៏បានសម្រេចឱ្យអាជ្ញាធរមានវិធានការបង្កកទ្រព្យសម្បត្តិរបស់ជនល្មើសដែលពាក់ព័ន្ធបទលើ្មសព្រៃឈើ និងចារឈ្មោះឧក្រិដ្ឋជនលើផ្ទាំងថ្មនៅក្បែរកន្លែងដាក់គំនរបទល្មើស ដើម្បីចំណាំពួកគេតជំនាន់ទៀតផង។ 

យ៉ាងនេះក្តី សង្គមស៊ីវិលធ្វើការងាររឿងធនធានធម្មជាតិ ធ្លាប់លើកឡើងថា ដើម្បីឱ្យការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ មានប្រសិទ្ធភាព ពួកគេបានស្នើឱ្យរដ្ឋាភិបាលត្រូវបញ្ឈប់ការផ្តល់លិខិតអនុញ្ញាតឬ PC ដល់ការដឹកឈើ និងធ្វើអាជីវកម្មទាំងអស់ទាំងស្រុងតែម្តង។ 

លើសពីនេះទៅទៀត ត្រូវដកហូតដីសម្បទានសេដ្ឋកិច្ចទាំងអស់ ពិសេសក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចដែលមិនបានធ្វើអ្វីសោះ ក្រៅពីការកាប់ឈើលក់មកដាក់ជាសម្បត្តិរដ្ឋវិញ និងពិន័យក្រុមហ៊ុនទាំងនោះផងដែរ។ 

បន្ថែមពីនេះ ត្រូវអនុវត្តច្បាប់ទៅលើកក្រុមមន្ត្រី ឧកញ៉ា អាជ្ញាធរមូលដ្ឋាន ដែលពាក់ព័ន្ធបទល្មើសព្រៃឈើដោយគ្មានការលើកលែង ព្រោះបទល្មើសព្រៃឈើ ត្រូវបានគេធ្វើឡើងជាប្រព័ន្ធ៕

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.