លោក សម រង្ស៊ី ថាអំណាចលោកហ៊ុន សែន នឹងបញ្ចប់ត្រឹមថ្ងៃទី ៩ វិច្ឆិកា ខណៈលោកហ៊ុនសែន ត្រៀមចាត់វិធានការ

អតីតប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងរស់នៅក្រៅប្រទេសលោក សម រង្ស៊ី បានគំរាមពីប្រទេសអូស្ត្រាលីថា អំណាចលោកហ៊ុន សែន ដែលលោកហៅថាជាអំណាចផ្តាច់ការនោះនឹងត្រូវបញ្ចប់នៅពេលដែលលោកវិលត្រឡប់ចូលប្រទេសកម្ពុជាវិញ នៅថ្ងៃទី៩ ខែ                វិច្ឆិកា ខាងមុខនេះ។ 

ថ្លែងក្នុងវីដេអូមួយ ដែលបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃនេះ លោក សម រង្ស៊ី អះអាងថា នៅពេលណាពលរដ្ឋយល់ដឹង ហើយនាំគ្នាក្រោកឡើងព្រមគ្នានោះ អំណាចផ្តាច់ការនឹងត្រូវរលាយជាមិនខាន។ លោកថ្លែងដោយមានជំនឿចិត្តខ្ពស់ថា ថ្ងៃទី៩ ខែវិច្ឆិកា គឺជាថ្ងៃដែលលោក និងក្រុមមន្ត្រីជាន់ខ្ពស់របស់លោក វិលចូលស្រុកខ្មែរដើម្បីបញ្ចប់អំណាចរបស់លោក ហ៊ុន សែន។ អតីតមេបក្សប្រឆាំងរូបនេះ ក៏មិនភ្លេចដែរ ក្នុងការប្រាប់ទៅកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ថាមិនត្រូវប្រើកាណុងអាវុធរបស់ខ្លួនសម្លាប់ពលរដ្ឋស្លូតត្រង់ និងស្រែកឃ្លានការផ្លាស់ប្តូរនោះឡើយ ប៉ុន្តែកងកម្លាំងទាំងអស់ត្រូវបង្វែរចុងកាណុងរបស់ខ្លួនតម្រង់ទៅរកក្រុមជនផ្តាច់ការ ពិសេសសំដៅទៅរកលោកហ៊ុន សែន ដើម្បីបញ្ចប់អំណាចរបស់លោកតែម្តង។ 

យ៉ាងនេះក្តី លោក សម រង្ស៊ីថា ពេលលោកមកដល់ស្រុកគឺមិនចង់ចងកម្មចងពារនឹងលោក ហ៊ុន សែន ឡើយ ដោយឱ្យមេដឹកនាំក្រាញអំណាចរូបនេះ ចុះចេញពីអំណាច ហើយដើរចេញពីកម្ពុជាដោយខ្លួនឯង។

ទោះបីជាយ៉ាងនេះក្តី លោក ហ៊ុន សែន បានលើកឡើងតាមរយៈទំនុកច្រៀងទទាយំឆ្លងបែបឌឺដងទៅកាន់ដៃគូរប្រកួតនយោបាយរបស់លោក គឺលោក សម រង្ស៊ីនោះថា ប្រសិនបើអតីតមេបក្សប្រឆាំងរូបនេះហ៊ានចូលស្រុកនៅថ្ងៃទី៩ ខែវិច្ឆិកាមែន គុកនឹងរង់ចាំជានិច្ច។ 

បន្ថែមពីនេះ លោកក៏បានជំរុញឱ្យលោក សម រង្ស៊ី កុំក្បត់ពាក្យសន្យារបស់ខ្លួនដូចពេលមុនៗទៀត ដែលអតីតមេបក្សជំទាស់រូបនេះតែងសន្យាថាចូលសុ្រក ប៉ុន្តែប្រែក្រឡាស់ពាក្យសម្តីជានិច្ចដោយយកលេសថាជាសង្គ្រាមចិត្តសាស្រ្ត ឬជាយុទ្ធសាស្រ្ត ហើយដែលធ្វើឱ្យអ្នករង់ចាំខកចិត្តរហូតមក។ 

ចម្រៀងបែបឌឺដងនេះ ក៏ត្រូវបានក្រុមអ្នកចម្រៀងស្និតនឹងលោក ហ៊ុន សែន យកទៅច្រៀងលេបខាយតាមការចង់បានរបស់លោកហ៊ុន សែន ថែមទៀតផង។ 

កាលពីថ្ងៃម្សិលមិញអ្នកវិភាគនយោបាយលោក គឹម សុខ លើកឡើងថា ការចូលស្រុកថ្ងៃទី៩ ខែវិច្ឆិកា របស់លោក សម រង្ស៊ី បានឬមិនបាន គឺជាការវាស់ស្ទង់សមត្ថភាពបណ្ដាញសន្តិសុខរបស់គាត់ និងកម្លាំងការពារអំណាចរបស់លោក ហ៊ុន សែន។

លោកថា ប្រសិនបើសមត្ថភាពកម្លាំងបណ្ដាញសន្តិសុខរបស់លោក សម រង្ស៊ី ខ្លាំង រឹងមាំ ស្មោះត្រង់ និងយល់អំពីការរៀបចំដំណើរត្រឡប់ទៅកម្ពុជាជាក់ស្ដែងមែន នោះលោក សម រង្ស៊ី នឹងអាចបង្ហាញមុខនៅកម្ពុជា ឬចំកណ្ដាលទីក្រុងភ្នំពេញ ហើយក្រុមលោក ហ៊ុន សែន មិនអាចរកឃើញគន្លឹះទប់ស្កាត់បានឡើយ។ ចំណុចនេះ លោកគឹម សុខអះអាងថា ចៀសមិនផុតពីតម្រូវការនៃការហ៊ានធ្វើពលិកម្មរបស់លោក សម រង្ស៊ី នោះឡើយ។ 

ប៉ុន្តែ ប្រសិន បើលោក សម រង្ស៊ី មិនអាចចូលបានទេ នោះអតីតមេដឹកនាំគណបក្សប្រឆាំងរូបនេះ ត្រូវត្រួតពិនិត្យឲ្យបានហ្មត់ចត់ឡើងវិញ នូវបណ្ដាញការងារមិនគ្រប់លក្ខណៈផ្នែកសន្តិសុខនយោបាយរបស់ខ្លួន និងពិនិត្យទាំងរបៀបបញ្ចេញសារនយោបាយបែបនេះផងដែរ។

អ្នកវិភាគរូបនេះថា ក្នុងករណីលោក សម រង្ស៊ី ចូលស្រុកមិនរួច វិធីបន្ទាប់ គឺបក្សប្រឆាំងត្រូវប្ដូរយុទ្ធវិធីដឹកនាំសព្វថ្ងៃទៅតាមគោលការណ៍ “មិនឈ្លោះ” ជាមួយក្រុមរបស់លោក កឹម សុខា ហើយយកតាមគំរូស្មារតី”សម រង្ស៊ី-កឹម សុខា តែមួយ” ដើម្បីគូសប្លង់ពង្រឹងខ្លួនតាមស្ថានការណ៍វិវត្តន៍។ 

លោកថាធ្វើបែបនេះ ទើបបណ្ដាមិត្តប្រជាធិបតេយ្យអាចធ្វើជាស្ពានជួយទម្លុះទម្លាយភាពទ័លច្រកនយោបាយបាន និងជ្រោមជ្រែងក្រុមអ្នកនិយមប្រជាធិបតេយ្យខ្មែរឲ្យកាន់តែរឹងមាំ ជាបង្អែកនាំការផ្លាស់ប្ដូរនៅអនាគត៕

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.