សមត្ថកិច្ចកម្ពុជារកឃើញភ្លុកដំរីជាង១០០០ដុំនៅកំពង់ផែភ្នំពេញ

សមត្ថ​កិច្ច​កម្ពុជា​កាលពី​ថ្ងៃ​ទី​១៤​ខែ​ធ្នូ​បាន​រក​ឃើញ​ភ្លុក​ដំរី​ជាង​១​ពាន់​ដុំ​នៅ​ក្នុង​ទូ​ container​ក្នុង​កំពង់ផែ​ស្វយ័ត​ភ្នំពេញ។​

សារ​ព័ត៌មាន​វីអូឌី​បាន​ដក​ស្រង់​សម្តី​លោក​គុណញឹម​អគ្គ​នាយក​នៃ​អគ្គ​នាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ចុះ​ផ្សាយ​ថា​គណៈ​កម្មការ​ចម្រុះ​បាន​ចុះ​ត្រួត​ពិនិត្យ​ទូ​ដាក់​ទំនិញ(​container)​ ដែល​ម្ចាស់​ទុក​ចោល​រាប់​ឆ្នាំ​មក​ហើយ​​ហើយ​បាន​រក​ឃើញ​ភ្លុក​ដំរី​ចំនួន​១០២៦​ដុំ​ទម្ងន់​ជាង​៣​តោន។​

លោក​បន្ត​ថា​ម្ចាស់​ទំនិញ​ឬ​អ្នក​រត់​ពន្ធ​ទំនង​ជា​ដឹង​ខ្លួន​ថា​ សមត្ថ​កិច្ច​រង់ចាំ​ចាប់​ទើប​ពួក​គេ​ទុក​ភ្លុក​ដំរី​ទាំង​នោះ​ចោល​តែ​ម្តង។​

ទោះ​ជាយ៉ាង​ណា​ក៏ដោយ​ មន្រ្តី​គយ​រូប​នេះ​នៅ​មិន​ទាន់​ប្រាប់​បាន​នៅ​ឡើយ​ទេ​ថា ​តើ​ភ្លុក​ដំរី​ជាង​១​ពាន់​ដុំ​ទាំង​នេះមាន​ប្រភព​ពី​ណា​មក​នោះ។​ ប៉ុន្តែ​លោក​អះអាង​ថាសមត្ថ​កិច្ច​របស់​លោក​កសាង​សំណុំ​រឿង​ករណី​នេះ​បញ្ជូន​ទៅ​តុលាការ​តាម​នីតិ​វិធី​ច្បាប់​ហើយ។​

កាលពី​ខែ​សីហា​ឆ្នាំ​២០១៦​មន្រ្តី​គយ​ក្នុង​ខេត្ត​​ព្រះ​សីហនុ​ក៏​ធ្លាប់​ចាប់​បាន​ភ្លុក​ដំរី​ទម្ងន់​៦០០​គីឡូ​ក្រាម​ដែល​នាំចូល​មក​ពី​ទ្វីប​អាហ្វ្រិក​ហើយ​នៅ​ឆ្នាំ​ដដែល​សមត្ថ​កិច្ច​បាន​រក​ឃើញ​ភ្លុក​ដំរី​ទម្ងន់​រាប់រយ​គីឡូក្រាម​នៅ​ក្នុង​ក្រុម​ហ៊ុន​អយស្ម័យ​យាន​រ៉ូយ៉ាល់​ផែ​ស្ងួត​ភ្នំពេញ​ដែល​ឈ្មួញ​គ្រោង​នាំយក​ទៅ​លក់​នៅ​ប្រទេស​ចិន​ថែម​ទៀត។​ទោះជាយ៉ាង​ណាក៏​ដោយ​រហូត​មក​ទល់​ពេល​នេះ​គេនៅ​មិន​ទាន់​ឃើញ​សមត្ថ​កិច្ច​អាច​នាំខ្លួន​ជន​ល្មើស​ពី​ការ​រក​ស៊ី​លក់​ស្នែង​សត្វ​ព្រៃ​ឬ​ភ្លុក​ដំរី​ដែល​ខុស​ច្បាប់​ជាតិ​និង​អន្តរជាតិ​ទាំង​នោះ​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវ​ច្បាប់​នៅ​ឡើយ​ទេ៕

© 2018, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.