សមត្ថកិច្ចចាប់ខ្លួនជនជាតិចិនជាង២រយនាក់ពីបទជនល្មើសតាមប្រព័ន្ធអ៊ិនធឺណែត

សមត្ថកិច្ចខ្មែរកាលពីថ្ងៃទី២៦ខែវិច្ឆិកា បានចាប់ខ្លួនឧក្រិដ្ឋជនចិនដែលប្រព្រឹត្តបទល្មើសតាមប្រព័ន្ធអ៊ិនធឺណែតជាង២រយនាក់។

កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន សហការជាមួយកម្លាំងនគរបាលខេត្តតាកែវ បានចុះបង្ក្រាប និងចាប់ខ្លួនជនជាតិចិនចំនួន២៣៥នាក់ ក្នុងនោះមានស្រីចំនួនស្រី៣៦នាក់ ពីបទជំរិតទារប្រាក់តាមប្រព័ន្ធវ៉យ(Voip)នៅស្រុកត្រាំកក់ និងស្រុកបាទី ខេត្តតាកែវ។

ក្រុមសមត្ថកិច្ចឲ្យដឹងថា ពួកគេបានរឹបអូសភស្តុតាងជាច្រើន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់។

រហូតមកទល់ពេលនេះគេនៅមិនទាន់ដឹងនៅឡើយទេថា តើសមត្ថកិច្ចកម្ពុជានឹងបញ្ជូនក្រុមជនជាតិចិនទាំងនោះទៅកាន់ប្រទេសចិនវិញនៅពេលណាជាក់លាក់នោះទេ។

នេះមិនមែនជាលើកទីមួយទេ ដែលសមត្ថកិច្ចខ្មែរចាប់ខ្លួនឧក្រិដ្ឋជនចិនជំរិតទារលុយតាមប្រព័ន្ធអ៊ិនធឺណែត។

កាលពីពាក់កណ្តាលខែតុលាកន្លងទៅ សមត្ថកិច្ចកម្ពុជាបានបញ្ជូនក្រុមជំរិតទារប្រាក់ជនជាតិចិន តាមប្រព័ន្ធទូរគមនាគមន៍វ៉យ(Voip)ចំនួន៩១នាក់ ទៅកាន់ប្រទេសចិនវិញ។

របាយការណ៍នាយកដ្ឋានអន្តោប្រវេសន៍ឲ្យដឹងថា ចាប់តាំងពីឆ្នាំ ២០១៤មកសមត្ថកិច្ចបានឃាត់ខ្លួន និងបណ្ដេញជនបរទេសទៅប្រទេសកំណើតវិញសរុបចំនួនជិត១ម៉ឺន៥ពាន់នាក់ក្នុងនោះមានស្រីជាង២ពាន់៥រយនាក់ ហើយពួកគេភាគច្រើនជាជនជាតិចិន។

ក្រុមអ្នកឃ្លាំមើលនិយាយថា ការកើនឡើងបទល្មើសតាមប្រព័ន្ធអ៊ិនធឺណែតដែលភាគច្រើនប្រព្រឹត្តឡើងដោយជនជាតិចិននោះគឺដោយសារការអនុវត្តច្បាប់អន្តោប្រវេសន៍របស់កម្ពុជាមានភាពធូររលុង និងការប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងររបស់មន្រ្តីមានសមត្ថកិច្ច៕

© 2018, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.